ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​លើក​ទី​ ​១​១​០​

ដោយ លី​ ​ឈូ​ន

​បើ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ព្រួយបារម្ភ​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្ដី​ ​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀងអាហារ​ប្រចាំថ្ងៃ​ក្ដី​ ​ក៏​ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​បាន​ពុះពារ​ជំនះ​ការលំបាក​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មិនា​ ​លើក​ទី​ ​១​១​០​ ​ដោយ​រលូន​ ​។​ ​ស្ត្រី​ជនភៀសខ្លួន​ ​វ័យ​ចំណាស់​ភាគច្រើន​ពួកគាត់​មិន​ចេះ​អក្សរ​ជាតិ​នោះ​ទេ​ ​ហើយ​អ្នកខ្លះ​ទៀត​ថែមទាំង​មិន​ចេះ​អក្សរ​វៀតណាម​ទៀត​ផង​ ​។​ ​តែ​ពួកគាត់​មាន​បេះដូង​ ​ពោរពេញ​ដោយ​ភក្តីភាព​ក្នុង​សង្គម​គ្រួសារ​ ​និង​ភក្តីភាព​ ​ចំពោះ​មាតុភូមិ​កម្ពុជាក្រោម​ ​។​ ​ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​ទាំងនោះ​សង្ឃឹម​ថា​ ​សារ​​​ដែល​ពួកគាត់​ ​ថ្លែង​អំពី​ទុក្ខវេទនា​ ​ដែល​ពួកគាត់​ទទួលរង​នៅ​កម្ពុជាក្រោម​ ​និង​ពន្លឺ​សេរីភាព​ ​ដែល​ពួកគាត់​កំពុង​ទទួល​បាន​នេះ​ ​នឹង​ជ្រួតជ្រាប​ទៅដល់​សហគមន៍​ជាតិ​ ​សហគមន៍​អន្តរជាតិ​ ​ពិសេស​គឺ​បងប្អូន​ស្ត្រី​ខ្មែរក្រោម​ ​នៅ​ឯ​ស្រុកកំណើត​កម្ពុជាក្រោម​ ​។​ ​សហគមន៍​ជាតិ​សាទរ​ ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​បញ្ជូន​សារ​របស់​ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​ដោយ​លើកឡើង​ថា​ ​ការបញ្ជូនសារ​នេះ​ ​មិនមែន​បាន​ផលប្រយោជន៍​សម្រាប់​តែ​ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​ប៉ុណ្ណោះ​ទេ​ ​តែ​ជាតិ​កម្ពុជាក្រោម​ទាំងមូល​ ​ក៏​ទទួល​បាន​នូវ​ផលប្រយោជន៍​នេះ​ដែរ​ ​។​

ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​លើក​ទី​ ​១​១​០​
ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​លើក​ទី​ ​១​១​០​

អម្បាញ់មិញ នេះ គឺ​ជា​សូរ​សៀង​នៃ​បទ​គោរព​ដួង​វិញ្ញាណក្ខន្ធ​វីរបុរស​ខ្មែរ​ក្រោម​ដែល​លាន់​ឮ​ឡើង​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​នា​ជាយ​ទី​ក្រុង​បាងកក​ កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី ៨ មិនា​កន្លង​ទៅ​ ។ ក្នុង​បន្ទប់​ដ៏​តូច​ចង្អៀត​ដែល​ក្រុម​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ចាត់​ទុក​ថា​ជា​ទីស្នាក់ការ​របស់​ពួកគេ ​និង​ជា​មណ្ឌល​អប់រំ​សិក្សា​អក្សរសាស្ត្រខ្មែរ ដល់​ក្មេង ៗ ជន​ភៀស​ខ្លួន​ និង​ក្មេង​ ៗ ចំណាក​ស្រុក​នោះ គេ​ឃើញ​មាន​ស្ត្រី​ជន​ភៀស​ខ្លួន​ប្រមាណ​ជា ​៣០ រូប​អង្គុយ​ជា​ពីរ​ជួរ ​នៅ​សង្ខាង​តុ​ទាប​ ដែល​នៅ​លើ​តុ​មាន​រៀប​ចំ​ នំ​ ចំណី​ និង​ថូ​ផ្កា​លម្អ​ផង​ ។

តាម​សុន្ទរកថា​បើក​អង្គ​ពិធី​របស់​អ្នក​ស្រី​ប្រធាន​ក្រុម​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ អ្នកស្រី ឡឹម ធី ថៃ ដែល​ទើប​តែ​ចេះ​អក្សរជាតិ​តិច​ ៗ នៅ​ពេល​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​នោះ​ រៀប​រាប់​ឲ្យ​ដឹង​ថា​​ កម្មវិធី​អប់​អរ​សាទរ​ទិវា​សិទ្ធិ​នារី ​អន្តរជាតិ​លើក​ទី ១១០ ដែល​ពួក​គាត់​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ កំពុង​រង​សំពៀត​ដោយ​ជំងឺ​កូវីដ​ ១៩ ជុំ​ទិស​ និង​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​នោះ  គឺ​ក្នុង​គោល​បំណង​បញ្ជូន​សារ​ទៅ​ដល់​ស្ត្រី​ខ្មែរ​ក្រោម​ នៅ​ឯ​កម្ពុជាក្រោម ឲ្យ​ដឹង​អំពី​សិទ្ធិ​ស្រ្តី​បច្ចុប្បន្ន​ ៖ «ដូច្នេះ​ថ្ងៃ​នេះ ​យើង​មក​ដល់​នេះ​ហើយ​ យើង​មាន​សិទ្ធិ​សេរីភាព​ យើង​ធ្វើ​ទៅ​ដើម្បី​បង្ហាញ​ឱ្យ​បង​ប្អូន​ស្រ្តី​យើង​ក្នុង​ស្រុក​ ឲ្យ​ស្គាល់​ពាក្យ​ថា​សិទ្ធិ​នារី​ នឹង​គេ​» ។

ចំណែក​ស្ត្រី​ជន​ភៀស​ខ្លួន​ម្នាក់​ទៀត​មក​ពី​ខេត្ត​ព្រះ​ត្រពាំង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ត្រា វិញ (Tra Vinh) គឺ លោកស្រី​សឺន  សុ​គន្ធា​ លោក​ស្រី​មាន​រូប​រាង​ស្គម​ល្មម ​ហើយ​ថ្ងៃ​នេះ​ លោក​ស្រីមាន​អាការៈ​ហេវ​ហត់​ជាង​ថ្ងៃ​ធម្មតា​ ដោយ​សារ​លោក​ស្រី​និង​ស្ត្រី​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ទៀត​ បាន​ក្រោក​តាំង​ពី​ព្រលឹម​រៀប​ចំណី​អាហារ​ត្រៀម​សម្រាប់​ពិធី​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​នេះ ។

ទោះ​ជា​ហេវ​ហត់​យ៉ាង​ណា​ក្ដី​លោក​ស្រី​នៅតែ​ខំ​ឡើង​បញ្ចេញ​នូវ​គំនិត​របស់​ខ្លួន ​រំឭក​ទៅ​ដល់​ស្ត្រី​មួយ​ចំនួន​​ដែល​​យល់​​ថា​​ខ្លួន​​មិន​​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​ ដាំ​ស្ល​មើល​​ថែ​កូន​​នោះ​​ ថា​មិន​មែន​ជា​គំនិត​ទាន់​សម័យ​ទេ ៖ «សូម​ខន្តី​ អភ័យ​ទោស​ផង​អម្បាញ់មិញ​ស្រពន់​ជើង​ពេក​ដួល​ចា៎ ។ ខ្ញុំ​ចង់​និយាយ​ថា​តែង​តែ​ឮ​ពាក្យ​រឿយ ៗ​ ថា ពី​ដើម​មក​បុរស ៗ ច្រើន​តែង​និយាយ​ឲ្យ​នារី​ ៗ ថា នោម​មិន​ផុត​ពី​កែង​ បង្វិល​ឆ្នាំង​បាយ​មិន​ជុំ ​អីចឹង​ហើយ​ខ្ញុំ​ក៏​សូម​ផ្ដាំ​ទៅ​បុរស​ ៗ មួយ​ចំនួន​ ព្រោះ​បុរស​មួយ​ចំនួន​ក៏​គាត់​លើក​តម្កើង​សិទ្ធិ​នារី​ដែរ​ តែ​មាន​បុរស​មួយ​ចំនួន​គាត់​បន្ថោក​នារី​ អីចឹង​ហើយ​ខ្ញុំ​សូម​ផ្ដាំ​ទៅ​បុរស​មួយ​ចំនួន​ គួរ​ផ្ដល់​សិទ្ធិ​និង​គោរព​សិទ្ធិ​ដល់​នារី​ផង» ។​

 រីឯ​ស្ត្រី​​តវ៉ា​ដីធ្លី​នៅ​ឯ​ខេត្ត​មាត់​ជ្រូក ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​អាង យ៉ាង (An Giang)​ ដ៏​សកម្ម​ម្នាក់​គឺ​លោក​ស្រី​នាង ហែម​លោក​ស្រី​លើក​ឡើង​ថា​ លោក​ស្រី​ឡើង​ថ្លែង​លើ​វេទិកា​នេះ​ គឺ​ដើម្បី​ឲ្យ​អ្នក​ស្រុក​ អ្នក​​ភូមិ​លោក​ស្រី​ មើល​ឃើញ​ថា ​មក​ដល់​ទី​នេះ​ លោក​ស្រី​មាន​សិទ្ធិ​សេរី​ភាព​និយាយ​ មិន​មែន​ដូច​កាល​នៅ​កម្ពុជាក្រោម​ គ្មាន​សិទ្ធិ​​ ហា​ស្ដី​​​នោះ​ទេ​ ៖ «មិន​ដែល​ដឹង​ថា​មក​ប្រទេស​ថៃ​នេះ​ មាន​សិទ្ធិ​នារី​មាន​សិទ្ធិ​អី​ទេ​ ។ ខ្ញុំ​នៅ​ខេត្ត​មាត់​ជ្រូក​នេះ ​ខ្ញុំ​អក្សរ​មួយ​តួ​ក៏​មិន​ចេះ​អ្វី​ក៏​ខ្ញុំ​មិន​ចេះ​ ខ្ញុំ​ចេះ​តែ​យក​កម្លាំង​ពលកម្ម​ ឥឡូវ​មក​នេះ​បាន​បង​ប្អូន​កូន​ក្មួយ​បង​ប្អូន​ជីដូន​ជីតា​ ទាំង​អស់ ដែល​នៅ​ជិត​នៅ​ឆ្ងាយ​ដែល​ជួយ​ដឹកនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ថា​អ្វី​ទៅ​ជា​សិទ្ធិ​នារី​តែ​ប៉ុណ្ណេះ ឯង​ក៏​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​»។

វិល​មក​ជួប​ស្ត្រី​នៅ​ខេត្ត​ព្រះ​ត្រពាំង​ថែម​មួយ​រូប​ទៀ ដែល​ធ្លាប់​រង​ការ​ជិះ​ជាន់​សង្កត់​សង្កិន​ ពី​សំណាក់​របប​កុម្មុយនិស្តុ​វៀតណាម​ គឺ​លោក​ស្រី​គីម ធី​ឡើយ ។​ លោក​ស្រី​មាន​ជំនឿ​ថា​ ឱ្យ​តែ​ស្ត្រី​ខ្មែរ​ក្រោម​​ពុះ​ពារ​តស៊ូ​នោះ​ ​នឹង​បាន​ទទួល​នូវ​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដូច​ជា​ស្ត្រី​នៅ​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត​អីចឹង​ដែរ​ ៖ «សូម​បង​ប្អូន​ទាំង​អស់​គ្នា​យើង​ជា​ស្ត្រី​យើង​ត្រូវ​តែ​តស៊ូ ទី​មួយ​យើង​តស៊ូ​បើ​មេម៉ាយ​យើង​ត្រូវ​ចិញ្ចឹម​កូន ពី​រ​យើង​ត្រូវ​តែ​តស៊ូ​បី​យើង​អត់​ឃ្លាន​យ៉ាង​ណា​ក៏ដោយ ​យើង​ត្រូវ​តែ​ឈាន​ទៅ​មុខ​តស៊ូ​ជានិច្ច​ដើម្បី​ស្វែង​រក​សិទ្ធិ​សេរីភាព​ ។ ស្ត្រី​​​ទោះបី​មនុស្ស​មេម៉ាយ​ក៏​ដោយ​ មនុស្សចាស់​ក៏​ដោយ​ មនុស្ស​ក្មេង​ក៏​ដោយ  ឲ្យ​តែ​យើង​មាន​សតិ​បញ្ញា​ ស៊ូ​ តស៊ូ​ គង់​តែ​សម្រេច​បាន​នូវ​អ្វី ៗ តាម​ចិត្ត​ប្រាថ្នា​ »។

មាន​គំនិត​និង​មិន​ខុស​ពី​ស្ត្រី​មុន ៗ ប៉ុន្មាន​ទេ​ ស្ត្រី​មេ​ម៉ាយ កូន​បី ​មួយ​រូប​​ ដែល​ធ្លាប់​តតាំង​ប្រឆាំង​នឹង​របប​កុម្មនីស្តុ​ក្នុង​ព្រឹត្តិការណ៍​ព័ទ្ធ​វត្ត​ព្រែ​ជាប់​ ​ក្នុង​ស្រុក​ជ្រោយ​ញរ​ខេត្ត​ឃ្លាំង​ ចាប់​ភិក្ខុ​សង្ឃ​អ្នក​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ ប្រវត្តិសាស្ត្រ​ខ្មែរ ​មួយ​ព្រះអង្គ​ផ្សឹក​ កាល​ពី​ឆ្នាំ​ ២០១៣  គឺ​លោក​ស្រី លី ធី​សា​វ៉ូន ។ លោក​ស្រី​លើក​ឡើង​ថា ​​ការ​តស៊ូ​មតិ ​គឺ​គេ​ធ្វើ​ទៅ​តាម​ចំណេះ​របស់​គេ​ ​អ្នក​មាន​ចំណេះ​ប៉ុណ្ណា​ធ្វើ​ប៉ុណ្ណឹង​ ដើម្បី​សិទ្ធិ​សេរី​ភាព​ទាំង​អស់​គ្នា​ គង់​តែ​បាន​សម្រេច​តាម​ការ​ព្យាយាម​មិន​ខាន​ ៖ «ស្រុក​ខ្ញុំ​នៅ​ព្រៃ​ជាប់​ យួន​ក៏​បាន​ធ្វើ​បាប​ខ្ញុំ​កៀប​សង្កត់​ខ្ញុំ បាន​ជា​ខ្ញុំ​ភៀសខ្លួន​ដល់​ប្រទេស​ថៃ ។ មក​ដល់​ប្រទេស​ថៃ​ឥឡូវ​បាន​បង​ប្អូន​យើង​ជួយ​អប​អរ​សាទរ​ទាំង​អស់​គ្នា​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​ចេះ​និយាយ​ទេ​ តែ​ខ្ញុំ​អាច​តស៊ូ​បាន​ខ្ញុំ​អាច​តស៊ូ​បាន​ចា៎​ »។

 ចំណែក​អតីត​ប្រធាន​ក្រុម​ជន​ភៀស​ខ្លួន​ខ្លួន​ខ្មែរ​ក្រោម​ ពីរ​អាណត្តិ​ ក្នុង​សម័យ​កូវិដ កន្លង លោកស្រី យឿង ធី កង  លោក​ស្រី​រំឭក​ថា​សព្វ​ថ្ងៃ​នេះ ​ខ្មែរ​ក្រោម​មាន​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ជា​បង្អែក​និង​មាន​អង្គការ​ជាតិ​ អង្គការ​អន្តរជាតិ​ច្រើន​ទៀត​គាំ​ទ្រ​ដល់​ការ​តស៊ូ​មតិ របស់​ខ្មែរ​ក្រោម​ ដូច្នេះ​សូម​ខ្មែរ​ក្រោម​ដែល​មាន​ទុក្ខ​វេទនា​ព្រោះ​ការ​បំបិទ​សិទ្ធិ​សេរី​ភាព ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ ត្រូវតែ​ក្រោក​ឡើង​តស៊ូ   បើ​មិន​ក្រោក​ឡើង​តស៊ូ​ទេ​ ជីវិត​ខ្មែរ​ក្រោម​ នឹង​ត្រូវ​បាត់​បង់​សិទ្ធិ​សេរីភាព​ជា​រៀង​រហូត​ ៖ «នាងខ្ញុំ​សូម​សំណូម​ពរ ​ទៅ​ដល់​ឪ​ពុក​ម្ដាយ​យុវជន​ខ្មែរ​ក្រោម​យើង​គ្រប់​ជំនាន់​ ត្រូវ​គេ​ធ្វើ​បាប​នោះ​ឥឡូវ​មក​ដល់​ពេល​នេះ​ហើយ​ យើង​ត្រូវ​តែ​ក្រោក​ឡើង​ទាម​ទារ​  អា​ហ្នឹង​យើង​មាន​សិទ្ធិ​សេរី​ភាព​ទាម​ទារ​។ ឥឡូវ​នេះ​ ប្រសិន​​បើ​យើង​ធ្វើ​មិន​បាន​ប៉ុណ្ណឹង​ទេ រហូត​ដល់​ត​កូន​ត​ចៅ​យើង​ របប​កុម្មុយនិស្តុ​យួន​វា​នៅ​តែ​ធ្វើ​បាប​ជា​និច្ច​ មិន​ឈប់​ឡើយ​»។

បែក​ទៅ​ឯ​លោក​អធិបតី​នៃ​អង្គ​ពិ​ធី លោក​គឹម គិន ​ឯ​នោះ​វិញ​ លោក​ជា​ជន​ភៀស​ខ្លួន​មក​ពី​ខេត្ត​ព្រះ​ត្រពាំង​ លោក​គ្មាន​អ្វី​ក្រៅ​ពី​ការ​ពោល​ពាក្យ​សរសើរ​ដល់​ទឹក​ចិត្ត​របស់​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ ដែល​មិន​លះ​បង់​ការ​តស៊ូ​របស់​ខ្លួន តាំងពី​នៅ​ដែន​ដី​កម្ពុជាក្រោម​រហូត​ដល់​ទីនេះ ៖ «កម្មវិធី​រៀប​ចំ​ឡើង​យ៉ាង​អធិក​អធម្ម​នេះ​ ខ្ញុំ​បាទ​នៅ​ទីនេះ​ដែល​ជា​ព្រឹទ្ធាចារ្យ​ពិនិត្យ​មើល​ទៅ​​ទ្រឹស្ដី​របស់​បង​ប្អូន​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​យើង​ មាន​ភាព​ក្លាហាន​ មោះ​មុត​​តស៊ូ​ក្នុង​ឆាក​ជីវិត​។ ខ្ញុំ​ក៏​សូម​អរ​គុណ​ដល់​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​យើង​ដែល​រៀបចំ​កម្មវិធី​នេះ​ឡើង​» ។

ការ​លើក​ឡើង​ទាំង​នេះ​ ធ្វើ​ស្រប​​ក្នុង​ឱកាស​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ក្នុង​ប្រទេស​ថៃ​ប្រារព្ធ​ពិធី​អប់​អរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ​ ៨ មិនា លើក​ទី ១១0 (ឆ្នាំ១៩១១- ២០២១) ដែល​ធ្វើ​នៅ​ទី​ស្នាក់​ការ​ក្រុម​ជន​ភៀស​ខ្លួន​ក្រោម​​ នា​ជាយ​ក្រុង​បាង​កក កាល​ពី​ថ្ងៃ​ទី ​៨ មីនា​កន្លង​ទៅ​នេះ​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​នេះ​កញ្ញា​យ៉ាង ធី​នឿន  ដែល​ជា​អ្នក​គ្រូ​បង្ហាត់​សិល្បៈ​នៅ​ក្នុង​សហគមន៍​ក្រុម​ជន​​ភៀស​ខ្លួន​ក្រោម​ ។​ កញ្ញា​លើក​ឡើង​ថា​ ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ បញ្ជូន​សារ​ទៅ​ដល់​ស្ត្រី​ខ្មែរ​ក្រោម​ ព្រោះ​ថា ភាគ​ច្រើន​ស្ត្រី​ខ្មែរ​ក្រោម ​នៅ​ឯ​កម្ពុជា​ក្រោម​ មិន​បាន​សិក្សា​រៀន​សូត្រ​ ជ្រៅ​ជ្រះ​ដូច​ស្ត្រី​ជន​ជាតិ​ ដទៃ​នៅ​ទី​ក្រុង​នោះ​ទេ ហេតុ​ហ្នឹង​ហើយ​ស្ត្រី​ខ្មែរ​ក្រោម​ទាំង​នោះ​ ច្រើន​តែ​ពឹង​ផ្អែក​​វាសនា​ចំពោះ​ចំពោះ​ស្វាមី ​ឬ ​អ្នក​ដទៃ​ ។

អ្នក​គ្រូ​​សិល្បៈ​រូប​នេះ​បន្ត​ទៀត​ថា ការ​ពឹង​ផ្អែក​អ្នក​ដទៃ​បែប​នេះ​ គឺ​ខុស​ហើយ​បច្ចុប្បន្ន​ស្ត្រី ក៏​មាន​សិទ្ធិ​ស្មើ​នឹង​បុរស​ ហើយ​អាច​ធ្វើ​អ្វី​ ៗ ​បាន​គ្រប់​យ៉ាង​តាម​លទ្ធភាព​ និង​សមត្ថភាព​របស់​ខ្លួន​ តែ​ក៏​មិន​ត្រូវ​ធ្វើ​ឱ្យ​ហួស​ដែន​កំណត់​ខ្លួន​ជា​ស្ត្រី​ខ្មែរ​នោះ​ដែរ៖«ស្ត្រី​ខ្មែរ​ក្រោម​យើង​ភាគ​ច្រើន​ពួក​គាត់​គិត​ថា​មិន​មាន​សិទ្ធិ​គ្រប់​គ្រាន់​ទេ ព្រោះ​ថា​តាំង​តែ​ពី​ដើម​មក​តាំង​ពី​ជំនាន់​ចាស់ ៗ មក​ពួក​គាត់​តែង​តែ​គិត​ថា​កូន​ជា​ស្រី​ធំ​ឡើង​គាត់​នឹង​រៀប​ការ​ទៅ​រស់​នៅ​ជា​មួយ​ខាង​ប្ដី​ហើយ​ខាង​ប្ដី​ជា​អ្នក​ធ្វើ​ការ​ចិញ្ចឹម​។ ​តែ​បច្ចុប្បន្ន​នេះ​ ទស្សនៈ​បែប​ហ្នឹង​គឺ​បាន​ផ្លាស់​ប្ដូរ​អស់​ហើយ​ ស្ត្រី​យើង​មាន​សិទ្ធិ​ស្មើ​គ្នា​ដូច​នឹង​បុរស​ដែរ» ។

ទាក់​ទិន​នឹង​ការ​ប្រារព្ធ​ពិធី​ទិ​វា​សិទ្ធិ​នា​រី​អន្តរ​ជាតិ​លើក​ទី​ ១១០ ​របស់​ស្ត្រី​ក្រុម​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​នេះ​ ប្រធាន​កិច្ចការ​ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ អ្នក​ស្រី​សឺង​ ធី​និត​ ​លើក​ឡើង​ថា ការ​ប្រារព្ធ​ពិធី​នេះ​មិន​ត្រឹម​តែ​បាន​ផល​ប្រយោជន៍​ចំពោះ​តែ​ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​ផល​ប្រយោជន៍​សម្រាប់​ស្ត្រី​ខ្មែរ​ក្រោម​ និង​ជាតិ​ខ្មែរ​ក្រោម​ទាំង​មូល​ផង​ដែរ ៖ «ពួក​គាត់​ទាំង​អស់​គ្នា​ដែល​នាំ​គ្នា​ខំ​ធ្វើ​នេះ​ គឺ​ជា​សារ​មួយ​បញ្ជូន​ទៅ​ឱ្យ​បង​ប្អូន​ស្ត្រី​ខ្មែរ​យើង​នៅ​កម្ពុជា​ក្រោម​យើង​ហ្នឹង​ឲ្យ​ដឹង​ខ្លួន​ថា​យើង​មាន​សិទ្ធិ​ប៉ុណ្ណា​ ត្បិត​អី​នៅ​ស្រុក​យើង​ហ្នឹង​គេ​គាប​សង្កត់​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំង​អស់​យើង​មិន​អាច​រេ​ខ្លួន​រួច​ទេ​ ។  អីចឹង​ហើយ​បើ​ពួក​យើង​នៅ​ខាង​ក្រៅ​នេះ​ មិន​ជួយ​ទេ​ណា ពួក​គាត់​នៅ​ខាង​ក្នុង​នោះ​នឹង​មិន​ដឹង​ផ្លូវ​អ្វី​ទេ​។ អីចឹង​វា​ជា​ពិធី​មួយ​សំខាន់​ណាស់​សម្រាប់​ជួយ​ដល់​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម​យើង​ចា៎»​។

បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ថៃ​ មាន​ស្ត្រី​ជន​ភៀស​ខ្លួន​ក្រោម​ និង​ក្រុម​គ្រួសារ​ទៅ​ពី​គ្រប់​ខេត្ត​ខណ្ឌ​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ​មាន​ខេត្ត​ព្រះ​ត្រពាំង​ ឃ្លាំង​ ពល​លាវ​ ក្រមួនស និង​ខេត្ត មាត់ជ្រូក ជាដើម មាន​មនុស្ស​ប្រមាណ​ជា​ជាង ២០០ នាក់ កំពុង​សុំ​សិទ្ធិ​ជ្រកកោន ជា​មួយ​ហ្នឹង​ឧត្ដម​ស្នង​ការ​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ដែល​ហៅ​កាត់​ថា​  UNHCR  ។ ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ទាំង​នោះ​ ចំនួន  ៧០% ត្រូវ​បាន UNHCR ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​ ឯ​ចំនួន​ ២០% ទៀត​UNHCR ​កំពុង​ពិចារណា​ថា​តើ ត្រូវ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន   ឬ មិន​ផ្ដល់​នោះ​  រីឯ​ចំនួន​ ១០% ទៀត​នោះ​ពួក​គាត់​ត្រូវ​បាន UNHCR បដិសេធ​មិន​ផ្ដល់​សិទ្ធិ​​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​ឲ្យ​ឡើយ​  ព្រោះ​មិន​ភស្តុតាង​​គ្រប់​គ្រាន់​ បញ្ជាក់​ថា​ពួក​គាត់​ត្រូវ​រង​ការ​ជិះ​ជាន់​ បំបិទ​សិទ្ធ​សេរីភាព​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម​៕ លី ឈូន ៕