ដោយ យន់ សាមៀន | RFA
សហព័ន្ធខ្មែរកម្ពុជាក្រោម និងជនភៀសខ្លួនខ្មែរក្រោម ដែលជាប់ផុងនៅប្រទេសថៃជាច្រើនឆ្នាំមកហើយនោះ ស្វាគមន៍គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថៃ ដែលបានអនុម័តយន្តការពិនិត្យស្វែងរកជនភៀសខ្លួនពិតប្រាកដ ដើម្បីញែកឱ្យដាច់ពីគ្នារវាងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ផ្នែកសេដ្ឋកិច្ច ។ ពួកគេលើកឡើងថា យន្តការនេះ ជាជំហានដំបូងមួយរបស់ថៃ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ជនភៀសខ្លួនទូទៅ ដែលសព្វថ្ងៃកំពុងព្រួយបារម្ភ ពីការចាប់បញ្ជូនទៅស្រុកកំណើត ដែលពួកគេអាចប្រឈមមុខ នឹងការធ្វើទុក្ខបុកម្នេញ ។

ជនភៀសខ្លួនខ្មែរក្រោម ដែលមកសំងំលាក់ខ្លួននៅទីក្រុងបាងកក អស់រយៈពេល ៦ ឆ្នាំ មកហើយនោះ ឱ្យដឹងថា លោកសង្ឃឹមថា យន្តការថ្មីរបស់អាជ្ញាធរនេះ អាចអនុញ្ញាតឱ្យពួកគេស្នាក់នៅ និងស្វែងរកការងារធ្វើនៅថៃ ដោយស្របច្បាប់ ។ លោក លី ឈូន ដែលបានរត់មកសុំសិទ្ធិជ្រកកោននៅថៃ បន្ទាប់ពីអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារតែបង្រៀនអក្សរខ្មែរ មានប្រសាសន៍ សេចក្ដីសម្រេចរបស់រដ្ឋាភិបាលថៃ នឹងធ្វើឱ្យលោក ស្ងប់ចិត្តបន្តិចដើម្បីអាចបន្តរស់នៅស្រុកថៃបាន៖ «បញ្ហាដែលរដ្ឋាភិបាលថៃបាន សម្រេចចេញច្បាប់ដើម្បីសម្រួលដល់ជនភៀសខ្លួនឱ្យរស់នៅដោយស្របច្បាប់នេះវាល្អហើយពីព្រោះថា ជនភៀសខ្លួនសព្វថ្ងៃហ្នឹងថៃ គេចាត់ទុកថា ជាជនអន្តោប្រវេសន៍ខុសច្បាប់» ។
ទោះបីជាយ៉ាងណា លោកថា លោកនៅតែព្រួយបារម្ភថា ថៃនៅតែអាចបន្តចាប់បញ្ជូនពលរដ្ឋខ្មែរទៅកម្ពុជា ប្រសិនបើមានសំណើពីរដ្ឋាភិបាលកម្ពុជា ។ លោកស្នើឱ្យថៃត្រូវលុបកិច្ចព្រមព្រៀង ចាប់បញ្ជូនពលរដ្ឋខ្មែរទៅស្រុកកំណើតវិញ ទើបជនភៀសខ្លួន មានសុវត្ថិភាព៖ «ច្បាប់ដែលរដ្ឋាភិបាលថៃបានចេញហើយណា ធ្វើម្ដេចកុំឱ្យចាប់បញ្ជូនជនភៀសខ្លួនទៅស្រុកកំណើត ។ ទីពីរមួយមើលសំណុំរឿងខ្មែរក្រោម ពីព្រោះគាត់មិនអាចនៅក្រោមបានទេ ពីព្រោះគាត់នៅតែប្រឆាំងរដ្ឋាភិបាលវៀតណាម» ។
ចំណែក ជនភៀសខ្លួនខ្មែរក្រោម អ្នកនាង ជី ឃុល ធ្លាប់ប្រាប់អាស៊ីសេរីថា ទោះបីនាងបានទទួលឋានៈជាជនភៀសខ្លួន ពីអង្គការប្រសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏ដោយ ក៏អ្នកនាងរស់យ៉ាងលំបាក ដោយសារតែនាងធ្វើការងា រនិងស្នាក់នៅមិនស្របច្បាប់ ។ អ្នកនាងថា អ្នកនាងរស់នៅដោយលួចលាក់ ដើម្បីប្រាក់ដោយខុសច្បាប់ រង់ចាំការសម្រេចរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដើម្បីអាចទៅរស់នៅប្រទេសទីបីបាន ។
ជនភៀសខ្លួនជនជាតិខ្មែរក្រោមជាង ២០០ នាក់ បន្តជាប់ផុងនៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទីបី មិនទាន់បានសម្រេច ។ ជនភៀសខ្លួនមួយចំនួនអះអាងថា ពួកគេភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅថៃ ដោយសារតែពួកគេរងការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរវៀតណាមទាំងសិទ្ធិ ដីធ្លី ការបញ្ចេញមតិ ការប្រើប្រាស់បណ្ដាញសង្គម និងសាសនាជាដើម ។ អង្គការសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ការរង់ចាំការផ្ដល់សិទ្ធិជាជនភៀសខ្លួនទៅរស់នៅប្រទេសទីបីរបស់ខ្មែរក្រោម បណ្ដាលឱ្យពួកគេរងការកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
កាលពីថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០១៩ គណៈរដ្ឋមន្ត្រីបានអនុម័ត យន្តការស្វែងរកជនភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងញែកចេញពីជនភៀសខ្លួន ដើម្បីសេដ្ឋកិច្ច ។ ថៃមិនមែនជាហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន ឆ្នាំ ១៩៥១ នោះទេ ហើយក៏គ្មានច្បាប់ស្ដីពីការស្វែងរកសិទ្ធិជ្រកកោនឱ្យបានច្បាស់លាស់ដែរ ។ ដូច្នោះប្រសិនបើគ្មានយន្តការថ្មីនេះ ជនភៀសខ្លួនទាំងអស់ត្រូវបានរដ្ឋាភិបាលថៃ ចាត់ទុកថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ។ យន្តការថ្មីនេះ នឹងអនុញ្ញាតឱ្យជនភៀសខ្លួន អាចស្នាក់នៅថៃ ដើម្បីទៅសុំសិទ្ធិជ្រកកោន នៅប្រទេសទីបីបានទៅថ្ងៃអនាគត ។
ចំពោះការសម្រេចនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកភៀសខ្លួន (UNHCR) ចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុក ការសម្រេចរបស់ថៃថា ជាជំហានគ្រឹះមួយ ដើម្បីធានាការ ការពារដល់ជនជៀសខ្លួន នៅលើទឹកដីថៃ ហើយយន្តការនេះ ស្របទៅ នឹងស្តង់ការអន្តរជាតិស្ដីពីការស្នើសុំសិទ្ធិជ្រកកោន ។ អង្គការសហប្រជាជាតិ នឹងជួយជំរុញឱ្យសម្រេចនូវយន្តការនេះ ។ របាយការណ៍ (UNHCR) ឱ្យដឹងថា យ៉ាងហោចណាស់ក៏មានជនភៀសខ្លួនចំនួនមួយសែន មួយពាន់នាក់កំពុងរស់នៅប្រទេសថៃ ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ៤ មករាថា លោកក៏ស្វាគមន៍សេចក្ដីសម្រេចរបស់រដ្ឋាភិបាលថៃដែរ ពីព្រោះករណី នឹងជួយសម្រួលដល់ខ្មែក្រោម ដែលបានភៀសខ្លួនពីប្រទេសវៀតណាម ហើយមិនអាចរស់នៅកម្ពុជាបាន៖ «ខ្ញុំត្រេកអរដោយសារតែគេទទួលស្គាល់បានសេចក្ដីសុខ យ៉ាងហោចណាស់ ទោះបីមិនទាន់បានទៅក្រៅ នៅប្រទេសថៃក៏យើងមានលទ្ធភាពចេញចូលរកការងារធ្វើដោយស្របច្បាប់» ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោម និងជនភៀសខ្លួនខ្មែរក្រោម មិនសូវទទួលបានបានចាប់អារម្មណ៍នោះទេ នៅប្រទេសថៃ ។ លោកថា មានប្រទេសតែមួយចំនួនតូចតែប៉ុណ្ណោះ បានពិចារណាផ្ដល់សិទ្ធិជ្រកកោនដល់ពួកគេ ដែលជាហេតុបណ្ដាលឱ្យពួកគេជួបប្រទះបញ្ហាមិនចេះចប់មិនចេះហើយ ហើយក៏រងការធ្វើទុក្ខបុកម្នេញពីសំណាក់មន្ត្រីពុករលួយខ្លះ និង ការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែថៃ ទទួលបានប្រាក់ខែតិច ជាងប្រាក់ខែគោល ។ លោកក៏ស្នើឱ្យអាជ្ញាធរថៃផ្ដល់ការការពារ ដល់ជនភៀសខ្លួនខ្មែរក្រោម នៅថៃទាំងនោះ ជាជាងចាត់ទុកពួកគេជាពលករឥតស្របច្បាប់ ដែលងាយ នឹងត្រូវអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួននៅស្រុកកំណើត នៅពេលណាមួយនោះ ។ លោកបន្ថែមទៀតថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានខំប្រឹងប្រែងជួយជនភៀសខ្លួនខ្មែរក្រោមដែរ ប៉ុន្តែអាជ្ញាធរថៃ បានបង្កការលំបាកដល់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនមួយចំនួនដែរ ។
ខ្មែរក្រោម ធ្លាប់អះអាងថា ពួកគេចាកចេញពីសុំសិទ្ធិជ្រកកោននៅថៃនេះ ដោយសារតែមានករណីធ្វើទុក្ខបុកម្នេញជាច្រើនករណីពីសំណាក់អាជ្ញាធរវៀតណាម ហើយពួកគេក៏មិនអាចស្នាក់នៅកម្ពុជាដែរ ដោយសារតែឥទ្ធិពលវៀតណាមនៅកម្ពុជា ។
របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកផ្សាយ កាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៩ រកឃើញថា ការរំលោភសិទ្ធិមនុស្សនៅវៀតណាម នៅតែបន្តកើតមានឡើង ។ របាយការណ៍បន្តថា ការរំលោភសិទ្ធិមនុស្សទាំងនោះ រួមមាន ការឃុំឃាំងទាំងខុសច្បាប់ និងសម្លាប់ដោយអនាធិបតេយ្យ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនតាមបណ្ដាញសង្គម និងអ៊ីនធឺណិតជាដើម ។
ពាក់ព័ន្ធទៅ នឹងការធ្វើទុក្ខខ្មែរក្រោម នៅវៀតណាម មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ករណីរំលោភសិទ្ធិមនុស្សលើខ្មែរក្រោម នៅវៀតណាម រដ្ឋាភិបាលកម្ពុជាមិនធ្វើអន្តរាគមន៍នោះទេ ។ លោកបន្ថែមទៀតថា ខ្មែរក្រោម គ្រាន់តែជាពូជពង្សរបស់ខ្មែរ ពីដើមដូចគ្នាតែប៉ុណ្ណោះ ប៉ុន្តែពួកគេមានសញ្ជាតិផ្សេង ហើយពេលបច្ចុប្បន្ ន។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ ២០២០នេះ សហព័ន្ ធនឹងបន្តធ្វើការងារ នឹងប្រទេសលោកខាងលិចមួយចំនួន ដើម្បីសុំឱ្យប្រទេសទាំងនោះ ទទួលយកជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងជាប់ផុង នៅប្រទេសថៃ ៕