អាជ្ញាធរ​វៀតណាម​ ខេត្ត​ក្រមួន​ស​ ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​​ខ្មែរ​ក្រោម​ម្នាក់ រឿង​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​នេះ

ដោយ យន់ សាមៀន | RFA Khmer

ខ្មែរ​ក្រោម​ក្នុង​ និង​ក្រៅ​ប្រទេស​ទាមទារ​ទៅ​អាជ្ញាធរ​វៀតណាម ​ខេត្ត​ក្រមួនស ឱ្យ​​ដោះ​លែង​ពលរដ្ឋ​​ខ្មែរ​ក្រោម​ម្នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​អាជ្ញាធរ​វៀតណាម បាន​ចាប់ និង​ឃុំខ្លួន​មិន​ទាន់​ដោះលែង​ពាក់ព័ន្ធ​ករណី​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​នេះ ។ ប្រធាន​អន្តរ​សាសនា​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​មាន​​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​ថា អង្គការ​លោក​ នឹង​ប្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​បើ​វៀតណាម​មិន​ព្រម​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ក្រោម ​រូប​នោះ​ទេ ។

នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ សាច់ញាតិ និងអ្នកភូមិផ្សេងទៀត នាំគ្នាទៅតវ៉ាទាមទារឱ្យដោះលែងបុរសឈ្មោះ ហ្វិ​ន យ៉ាង​ដៀប ករណីដែលអាជ្ញាធរចោទថា ឈូសឆាយលើដីរដ្ឋ ។ (ផ្ដល់ឱ្យ)
នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ សាច់ញាតិ និងអ្នកភូមិផ្សេងទៀត នាំគ្នាទៅតវ៉ាទាមទារឱ្យដោះលែងបុរសឈ្មោះ ហ្វិ​ន យ៉ាង​ដៀប ករណីដែលអាជ្ញាធរចោទថា ឈូសឆាយលើដីរដ្ឋ ។ (ផ្ដល់ឱ្យ)

សាច់ញាតិ​បុរស​ខ្មែរ​ក្រោម​ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ​ចាប់​ខ្លួន​ និង​សមាគម​ខ្មែរ​កម្ពុជាក្រោម ​មួយ​ចំនួន​កំពុង​រៀបចំ​ធ្វើ​ញត្តិ​ដាក់​ទៅ​អាជ្ញាធរ​ និង​រដ្ឋាភិបាល​វៀតណាម ស្នើ​ឱ្យ​ដោះ​លែង​លោក​ លោក ហ្វិន យ៉ាងដៀប ដែល​កំពុង​ជាប់ឃុំ​នោះ​មកវិញ ។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​ស្វះស្វែង​រក​អ្នក​ច្បាប់ ឬ​មេធាវី ​​ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​ ។

លោកស្រី ហ្វិន ធី ហូវ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ ចាប់ខ្លួន ប៉ុន្តែ​ត្រូវ​ដោះ​លែង​មក​វិញ​ និង​ជា​ប្អូនស្រី​លោក វិន វ៉ាងដៀប ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី ៩ ខែ​មិថុនា​ថា អាជ្ញាធរ​វៀតណាម ​បាន​វាយ​ និង​ប្រើ​ដំបង ឆក់​ពួក​លោកស្រី ​ឱ្យ​ដួល​​ទៅ​ នឹង​ដី​រួច​​ទើប​វាយ​ខ្នោះ​​​​​​បញ្ជូន​ឡើង​ឡាន​​ យក​ទៅ​​សាលា​ឃុំ​ប៉​ប្រក់ នៃ​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​ហៅ​ថា កៀង យ៉ាង (Kien Giang)​។​ លោកស្រី​បន្ត​ថា​ បើ​ទោះ​លោកស្រី​ យំ​អង្វរ​សុំ​កុំ​ចាប់ខ្លួន​លោកស្រី​ ​ដែល​មាន​កូន​ខ្ចី​ ក៏​អាជ្ញាធរ​មិន​ស្ដាប់​ដែរ៖ «ប្ដី​ខ្ញុំ​​​ហ្នឹង​គេ​ដាក់​ស្លាប​សេក​​ ​ហើយ​ជាន់​នៅ​ហ្នឹង​ថ្នល់​ គេ​ដំបង​ឆក​​គេ​​គ្នា​គេ​ប្រាំ​នាក់​​​សង្កត់​​​​​ប្ដី​ខ្ញុំ​​ រូប​ខ្ញុំ​ទើប​សម្រាល​កូន​បាន​មួយ​ខែ​កន្លះ​​​​គេ​ប្រាំ​នាក់​​មក​សង្កត់​ខ្ញុំ​ ហើយ​ខ្ញុំ​សូម​អង្វរ​ទៀត​ថា​ កុំ​ចាប់​ខ្ញុំ​អី​ព្រោះ​អី​ខ្ញុំ​កូន​ខ្ចី» ។

អាជ្ញាធរ​វៀតណាម​ជាង ៥០ នាក់ កាលពី​យប់​ទី ៧ មិថុនា បាន​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ មួយ​គ្រួសារ ដែល​មាន​សមាជិក ៦ នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ទើប​សម្រាល​កូន​ជាងមួយ​ខែ​ផង​ ដោយ​ចោទ​ប្រកាន់​ថា​ ពួក​គេ​ដឹកនាំ​បះបោរ​ធ្វើការ​ទន្ទ្រាន​យក​ដី​ ដែល​កំពុង​មាន​ជម្លោះ​ទំហំ​ជាង ៣.០០០​ ហិកតារ ។

លោកស្រី ហ្វិន ធី ហូវ រៀបរាប់​ទៀត​ថា ពេល​បញ្ជូន​ដល់​សាលា​ឃុំ ​​ក្រោយ​ការសាកសួរ​ជាង ២ ម៉ោង អាជ្ញាធរវៀតណាម បាន​ដោះ​លែង លោកស្រី​​​ ប្ដី​លោកស្រី ​ សាច់ញាតិ​ទាំងអស់​ ៥ នាក់​ឱ្យ​មក​ផ្ទះ​វិញ​ ដោយ​ឡែក​ចំពោះ​​បង​ប្រុស​របស់​លោកស្រី​ គឺ​ លោក វិន វ៉ាងដៀប អាជ្ញាធរ​ វៀតណាម​ មិន​​ដោះ​លែង​ទេ ។ ស្ត្រី​ខ្មែរ​ក្រោម​រូប​នេះ​បន្ត​ទៀត​ថា ក្រោយ​ការ​ចាប់​ខ្លួន​បង​ប្រុស​លោកស្រី​ និង​សាច់​ញាតិ​លោក​ស្រី​បាន​ព្យាយាម​ទៅ​សួរ​ដំណឹង​​ ប៉ុន្តែ​ អាជ្ញាធរ​វៀតណាម​ព្យាយាម​លាក់បាំង​ទីកន្លែង​​ឃុំ​ដោយ​ដោយ​ម្ដង​ប្រាប់​ថា​ ឃុំ​ខ្លួន​នៅ​សាលាស្រុក​​ ម្ដង​ថា​ ឃុំខ្លួន​នៅ​សា​លា​ខេត្ត៖ «ពួក​ឃុំ​ពួក​ស្រុក​គេ​ចោទ​​គាត់ (លោក វិន វ៉ាងឌៀប) ដឹក​នាំ​ប្រជា​រាស្ត្រ​ទៅ​យក​​ដី​ហ្នឹង​ ប៉ុន្តែ​​គាត់​ជា​អ្នក​ស៊ី​ឈ្នួល​ទេ​​ គាត់​មិន​មែន​ជា​ម្ចាស់​ដី​ទេ​ ម្ចាស់​ដី​គេ​ជួល​គាត់​ សង​សេរីភាព​ឱ្យ​បង​​ខ្ញុំ​​​​​នឹក​ឃើញ​តូច​ចិត្ត​អស់​ទាស់​ដែរ» ។

លោក ហ្វិ​ន យ៉ាង​ដៀប
លោក ហ្វិ​ន យ៉ាង​ដៀប

ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​រងគ្រោះ​ដោយសារ​តែ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី លោក សឺន ចាំង ប្រាប់​ថា មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ ចាប់ លោក ហ្វិន វ៉ាងដៀប ដោយសារ​លោក បាន​បើក​ត្រាក់ទ័រ​ឈូស​ឆាយ​លើ​ដី​របស់​លោក មុន​អាជ្ញាធរ​វៀតណាម​រឹប​អូស​យក ។ លោក​ឱ្យ​ដឹង​ទៀត​ថា​ លោក វិន វ៉ាងដៀប គ្រាន់តែ​ជា​អ្នក​ស៊ីឈ្នួល ​ឈូស​ឆាយ​ដី​ធ្វើ​ភ្លឺស្រែ​​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ប៉ុណ្ណោះ ​។​ ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​នេះ ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម​ដោះលែង ​លោក វិន វ៉ាងឌៀប ​ហើយ​បើ​ចង់​ដាក់​ទោស​គឺ ​ដាក់​ទោស​ពលរដ្ឋ​ខ្មែរ​ក្រោម​​ជាង ១០០ គ្រួសារ​ ដែល​ជា​អ្នក​ជួល​ លោក វិន វ៉ាងដៀប ឱ្យ​ឈូស​ឆាយ​ដី​នេះ៖ «ម្នាក់​គេ​ចាប់​ទៅ​ហ្នឹង​​អត់​មាន​ដី​នៅ​ក្នុង​ទេ​ ប៉ុន្តែ​ ​គ្នា​ក្រ​ហើយ​ម៉ែ​ឈឺ​​ទៀត​ ហើយ​គ្នា​ស៊ី​ឈ្នួល​កន​ខ្ញុំ​​ទាំង​អស់​គ្នា​មួយ​ភូមិ​ស្រុក​ហ្នឹង​ណា​ បើ​មាន​ទោស​អី​ឱ្យ​រដ្ឋាភិបាល​គេ​ដោះស្រាយ​ជាមួយ​កន​ខ្ញុំ​ទៅ» ។

ពលរដ្ឋ​ខ្មែរ​ក្រោម កាល​ពី​ថ្ងៃ​ទី ៨ ខែ​មិថុនា​​ ក៏បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ឃុំ​ប៉ប្រក់​ទាមទារ​ឲ្យ​ដោះលែង​ លោក វិន វ៉ាងដៀប ប៉ុន្តែ​ សមត្ថកិច្ច​វៀតណាម មិន​បាន​ស្ដាប់​តាម​ការ​ទាមទារ​នោះ​ទេ ។​

លោក សឺន ចាំង ​ឱ្យ​ដឹង​ថា ពេល​នេះ​ក្រុម​ពលរដ្ឋ​ក្នុង​ឃុំ​កំពុង​ប្រមូល​ស្នាម​មេដៃ​ធ្វើ​ញត្តិ​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត​ក្រមួនស​ ទាមទារ​ឱ្យ​ដោះលែង​ លោក​ វិន វ៉ាងដៀប ​។​ លោក​ថា​ ក្រៅ​ពី​ការ​ដាក់​ញត្តិ​ពលរដ្ឋ​កំពុង​ស្វះស្វែង​រក​មេធាវី​ ឬ​អ្នកច្បាប់​​ដើម្បី​ជួយ​តតាំង​​ផ្លូវ​​ច្បាប់​ផង​ដែរ​ ។​ ​

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ ដោយសារតែ កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​ អាជ្ញាធរ​វៀតណាម​បាន​ចុះ​ទៅ​រឹប​អូស​យក​ដី​ជាង ៣.០០០ ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​​ចំនួន ១៤៥ ​គ្រួសារ​កំពុង​ប្រើប្រាស់ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០ នាក់​រង​បួស​ធ្ងន់​និង​ស្រាល ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​តាំង​ពី​អំឡុង​ឆ្នាំ ១៩៧៣ មក​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ ។​

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ ​លោក សឺន ជុំជួន ​ដែល​តាមដាន​ដំណើរ​រឿង​នេះ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​លោក​កំពុង​ជជែក​រក​វិធី​សាស្ត្រ​​​ទាមទារ​​ទៅ​រដ្ឋាភិបាលវៀតណាម​ ឱ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ក្រោម ​កំពុង​ជាប់​ឃុំ និង​ទាមទារ​ឱ្យ​ទៅ​រដ្ឋាភិបាល​វៀតណាម​​ ប្រគល់​ដី​មាន​ជម្លោះ​មក​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​គ្រប់គ្រង និង​អាស្រ័យ​ផល៖ «ផែនការ​ហ្នឹង​អាច​ចេញ​ជា​សេចក្ដី​ថ្លែងការណ៍​ផង ​អាច​មាន​ជា​ញត្តិ​ស្នើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ផង យើង​រៀបចំ​ជា​​របាយការណ៍​សង្ខេប​មួយ​​​​ ដែល​ទាក់ទង​ នឹង​ស្ថានភាព​បច្ចុប្បន្ន» ។

រីឯ​ប្រធាន​អន្តរ​សាសនា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ព្រះចៅ​អធិការ​វត្ត​ខ្មែរ​ក្រោម ប្រទេស​កាណាដា​ ព្រះតេជព្រះគុណ ធីធី ធម្មោ ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ដែល​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​​​បែបនេះ​ ។ ព្រះតេជព្រះគុណ​ ជំរុញ​ទៅ​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​ក្រមួនស​ និង​ទឹកដី​កម្ពុជា​ក្រោម គួរ​ធ្វើ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម ​ឱ្យ​ដោះលែង​​ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​នោះ​ ដោយ​ព្រះអង្គ​យល់​ថា មន្ត្រី​សង្ឃ​មាន​ឥទ្ធិពល​ក្នុង​ជជែក​ជាមួយ​អាជ្ញាធរ​វៀតណាម៖ «គណៈ​សង្ឃ ឬ​មន្ត្រី​សង្ឃ​ប្រចាំ​ខេត្ត​មាន​អំណាច​សមគួរ​ណាស់​​បើ​យើង​គិត​ទៅ​អំណាច​ហ្នឹង​ អាច​ជួយ​សម្រួល​ក្នុង​ករណី​អី​ម៉្យាង​ ឬ​អាច​អន្តរាគមន៍​បាន​ទៀត​នៅ​ក្នុង​រឿង​ហ្នឹង» ។

ទាក់ទង​ករណី​បណ្ដេញ​ចេញ​នេះ ​ស្ថាន​ទូត​វៀតណាម​ ប្រចាំ​ទី​ក្រុង​ភ្នំពេញ​​ ​មិន​ទាន់​ឆ្លើយ​តប​សំណួរ អាស៊ី​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ៩ មិថុនា​នេះ ។

ព្រះតេជព្រះគុណ ធីធី ធម្មោ ព្រមាន​ថា បើ​អាជ្ញាធរ​វៀតណាម​ មិន​ដោះ​លែង​លោក វិន វ៉ាងដៀប នោះ​ទេ​ អង្គការ​ព្រះអង្គ ​នឹង​ប្ដឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឱ្យ​ដឹង​លឺ ​​ឬ​​ធ្វើ​អន្តរាគមន៍​ពី​ករណី​នេះ ។ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ សង្កេត​ឃើញ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ​អាជ្ញាធរ​វៀតណាម​ បាន​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​កម្ពុជាក្រោម​ជា​បន្តបន្ទាប់ ​ដូចជា​ការ​ចោទប្រកាន់​ថា​ ករណី​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ និង​ការ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ចេញ​ពី​ដីធ្លី​ដោយ​ហិង្សា ​ដែល​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ជា​ជន​ជាតិ​ដើម​ ផ្ទុយ​ទៅ ​នឹង​គោល​ការណ៍​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ៕