ពលរដ្ឋខ្មែរ​ក្រោម​ ត្រូវ​អាជ្ញាធរ​យួន​កោះហៅ​ទៅ​សួរចម្លើយ​ និង​ដកហូត​ទូរសព្ទ​ ព្រោះ​ចែករំលែក​ បង្ហោះ​ និង​រក្សាទុក​ខ្លឹមសារ​ទាក់ទង​ប្រវត្តិ​សាស្រ្ត​កម្ពុជាក្រោម​

ដោយ ស៊ឺន ចែងចើន
អាជ្ញា​ខេត្ត​ឃ្លាំង​ នៃ​រដ្ឋាភិបាល​វៀតណាម​ បាន​កោះហៅ​ពលរដ្ឋ​ក្រោម​ម្នាក់​ ទៅ​សាកសួរ​ ជុំវិញ​ការប្រើ​ប្រាស់​បណ្ដាញ​សង្គម​ និង​ពាក់អាវ​យឺត​មាន​ទង់ជាតិ​កម្ពុជាក្រោម​ ដោយ​អាជ្ញាធរ​វៀតណាម​ ចាត់ទុកថា​ ជា​ករណី​ខុសច្បាប់​ ។

នៅ​ថ្ងៃទី​ ៦ ខែមករា​ សប្តាហ៍​នេះ​ នគរបាល​ខេត្ត​ឃ្លាំង​ បាន​កោះហៅ​ យុវជន​ យឿង​ ខាយ​ (Dương​ Khải​) នៅ​ភូមិ​ដាយ​តា​ប៉ាយ​ ឃុំ​ឡាក​ហ្វា​ (Lạc​ Hòa​) ស្រុក​ជ្រោយ​ ញ ខេត្ត​ឃ្លាំង​ ទៅ​សួរចម្លើយ​ បន្ទាប់ពី​យុវជន​រូប​នោះ​ ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដើម្បី​ធ្វើការ​បញ្ចេញមតិ​ទាក់ទង​ នឹង​ប្រវត្តិ​សាស្រ្ត​នៃ​ទឹកដី​កម្ពុជាក្រោម​ និង​ចែកចាយ​ព័ត៌មាន​ ពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​ នៅ​ក្រៅប្រទេស​ ។

​លិខិត​កំណត់ហេតុ​ នៃការប្រគល់​ និង​ទទួល​សម្ភារៈ​វត្ថុ​តាង​ ។ រូបៈ​ផ្តល់ឲ្យ
​លិខិត​កំណត់ហេតុ​ នៃការប្រគល់​ និង​ទទួល​សម្ភារៈ​វត្ថុ​តាង​ ។ រូបៈ​ផ្តល់ឲ្យ

យោង​តាម​លិខិត​ប្រគល់​ និង​ទទួល​សម្ភារៈ​វត្ថុ​តាង​មួយ​ច្បាប់​ ដែល​ការិយាល័យ​នគរបាល​យួន​ នៃ​ខេត្ត​ឃ្លាំង​ សរសេរ​រៀបរាប់​នៅក្នុង​កំណត់ហេតុ​ថា​ លោក​ ង្វៀង​ វ៉ាំ​ងត្វឹង​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ នៃ​ស្នងការ​នគរបាល​ ខេត្ត​សុក​ត្រាំង​ (ខេត្ត​ឃ្លាំង​) បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ជា​សម្ភារៈ​អេ​ឡិច​ត្រូ​និច​មួយចំនួន​ ពី​លោក​ យឿង​ ខាយ​ រួមមាន​ ទូរសព្ទ​ដៃ​ម៉ាក​ Samsung​ Galaxy​ A8​ ១ គ្រឿង​ និង​លេខ​ស៊ី​មកា​ត ១ ។ នៅក្នុង​កំណត់ហេតុ​ដដែល​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ ការ​ដកហូត​នូវ​វត្ថុ​តាង​ពាក់ព័ន្ធ​ ដែល​ប្រើ​សម្រាប់​ទទួល​ព័ត៌មាន​ ចែករំលែក​ បង្ហោះ​ និង​រក្សាទុក​ខ្លឹមសារ​ទាក់ទង​ នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ គឺជា​ការ​ស្ម័គ្រចិត្ត​ប្រគល់​ជូន​ដល់​សមត្ថកិច្ច​នគរបាល​ ពី​លោក​ យឿង​ ខាយ​ ។

វិទ្យុ​សំឡេង​កម្ពុជាក្រោម​ បាន​ព្យាយាម​ទាក់ទង​យុវជន​ យឿង​ ខាយ​ ដើម្បី​ចង់​ដឹង​ព័ត៌មាន​ម្អិ​ត ជុំវិញ​នៃ​ការសាកសួរ​ពី​អាជ្ញាធរ​យួន​នេះ​ដែរ​ ។ ប៉ុន្តែ​ នៅ​មិនទាន់​ទទួល​បានការ​ឆ្លើយតប​ នៅឡើយ​ទេ​ ។

យ៉ាងនេះ​ក្តី​ បើ​យោង​តាម​សារ​អេឡិចត្រូនិក​ ដែល​យុវជន​ យឿង​ ខាយ​ ផ្ញើ​ទៅកាន់សាច់ញាតិ​របស់​លោក​ នៅ​ពេល​ថ្មី​ៗ នេះ​ ថា​ នគរបាល​ខេត្ត​ឃ្លាំង​ នឹង​ធ្វើការ​ស៊ើបសួរ​លោក​បន្ថែម​ទៀត​ ហើយ​បង្គាប់​ឲ្យ​លោក​ទៅ​ជួប​មន្រ្តី​នគរបាល​សន្តិសុខ​ឈ្មោះ​ ឡឹង​ នៅ​វេលា​ម៉ោង​ ៨ នាទី​ព្រឹក​ ថ្ងៃទី​ ៣០​ មករា​ ២០២០​ នៅ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង​ ។

គួរ​ជម្រាប​ជូន​ថា​ ករណី​ដូចគ្នា​នេះ​ដែរ​ កាលពី​ថ្ងៃទី​ ១៥​ ខែតុលា​ និង​ថ្ងៃទី​ ៣១​ តុលា​ ២០១៩​ អាជ្ញាធរ​វៀតណាម​ ក៏បាន​កោះហៅ​ ស្ត្រី​ខ្មែរក្រោម​ម្នាក់​ទៅ​សួរចម្លើយ​ និង​ចោទប្រកាន់​នាង​ ពី​បទ​ចែកចាយ​ព័ត៌មាន​ ស្តី​ពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ក្រៅប្រទេស​ ។ អាជ្ញាធរ​វៀតណាម​ ក៏បាន​រឹបអូស​យក​ទូ​រស័​ព្ធ​ និង​ព្រមាន​ស្ត្រី​ខ្មែរក្រោម​រូប​នោះ​ មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រៅ​ស្រុក​បន្ត​ទៀត​ ។ ជាមួយគ្នា​នេះ​ នៅក្នុង​កំលុង​ខែមិថុនា​ ឆ្នាំ​ ២០១៩​ យុវជន​ខ្មែរក្រោម​មួយចំនួន​ ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ កោះហៅ​ទៅ​ព្រមាន​កុំ​ឲ្យ​ពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» និង​មិន​ឲ្យ​ផ្សព្វផ្សាយ​ ឬចែករំលែក​ព័ត៌មាន​ ស្ដីពី​ការ​ប្រារព្ធ​ធ្វើ​ខួប​ ៧០​ នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ដែរ​ ។ កន្លងមក​ រដ្ឋាភិបាល​វៀតណាម​ ក៏បាន​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ជាច្រើន​អង្គ​ ដាក់​ពន្ធនាគារ​ ដោយសារតែ​ព្រះអង្គ​បាន​ផ្ដល់​ព័ត៌មាន​ ពី​ស្ថានភាព​ខ្មែរក្រោម​ ទៅ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។

ជា​រឿយ​ៗ ព្រះសង្ឃ​ និង​ពលរដ្ឋខ្មែរ​ក្រោម​ តែងតែ​ត្រូវ​អាជ្ញាធរ​នៃ​អាណានិគម​យួន​ កោះហៅ​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់​ ចោទ​ពី​បទ​ ប្រឆាំង​ នឹង​រដ្ឋ​ភិបាល​ ឬមាន​ទំនាក់ទំនង​ នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​ នៅ​ក្រៅប្រទេស​ ។

ក្នុងរយៈពេល​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​វៀតណាម​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ធ្វើការ​រឹតត្បិត​យ៉ាង​ខ្លាំង​ ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ការ​ធ្វើទុក្ខ​បុកម្នេញ​ និង​ការ​គំរាមកំហែង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ចំពោះ​ពលរដ្ឋខ្មែរ​ក្រោម​ រូប​ណា​ដែល​ហ៊ាន​បញ្ចេញមតិ​ពាក​ព័ន្ធ​ នឹង​រឿង​ខ្មែរក្រោម​ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ។ វិធានការ​របស់​រដ្ឋាភិបាល​យួន​ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ។ ជាពិសេស​ ការ​ទទួល​ព័ត៌មាន​ ពី​វិទ្យុ​ “សំឡេង​កម្ពុជាក្រោម​” និង​ទូរទស្សន៍​ ព្រៃនគរ​ មាន​មូលដ្ឋាន​ នៅ​សហរដ្ឋអាមេរិក​ ដែល​ជា​វិទ្យុ​ និង​សារព័ត៌មាន​ ដើរតួ​នាទី​សំខាន់​ ក្នុង​ការ​ពាំនាំ​ដំណឹង​ជូន​ដល់​ប្រជាជាតិ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ នៃ​ដែនដី​កម្ពុជាក្រោម​ ដែល​ពួកគេ​មិន​មាន​ស្ថាន​ប័ន​ព័ត៌មាន​ឯករាជ្យ​របស់​ខ្លួន និង​មិនដែល​បាន​ទទួល​ព័ត៌មាន​ពិត​គ្រប់ជ្រុងជ្រោយ​ឡើយ​ ។ ព្រោះ​ប្រជាជាតិ​ខ្មែរក្រោម​ សព្វថ្ងៃ​ កំពុង​រស់នៅ​ក្រោម​ការត្រួតត្រា​បែប​អាណានិគម​ពី​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ។ សព្វថ្ងៃ​ វៀតណាម​ជា​ប្រទេស​ប្រកាន់យក​របប​កុម្មុយនិស្ត​ រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​របស់​រដ្ឋ​ ហើយ​មិន​មាន​ស្ថាប័ន​ព័ត៌មាន​ឯកជន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ឡើយ​ ។ ការ​រឹ​ត្បិត​បែបនេះ​ ដោយសារតែ​រដ្ឋាភិបាល​យួន​ព្រួយបារម្ភ​ខ្លាច​ពលរដ្ឋខ្មែរ​ នៅ​កម្ពុជាក្រោម​ ដឹងពី​ការពិត​ថា​ កម្ពុជាក្រោម​ ជា​ទឹកដី​របស់​ខ្មែរ​ ហើយ​ត្រូវ​រដ្ឋាភិបាល​អាណានិគម​យួន​យក​ទៅ​គ្រប់គ្រង​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ៕