អត្ថបទ និងរូបថតផ្ដល់ដោយពលរដ្ឋ ពីកម្ពុជាក្រោម
នំអន្សមជ្រូក ជានំដែលប្រជាពលរដ្ឋខ្មែរក្រោមស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ និងរដូវបុណ្យសែនដូនតា ឬបុណ្យភ្ជុំបិណ្ឌ ។ ជាទូទៅឲ្យតែជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថ្ងៃភ្ជុំបិណ្ឌ មុនមួយ ឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរក្រោម តែងញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសនៃពិធីបុណ្យទាំងនោះ ។
បើនិយាយពីមុខរបរវេចនំវិញ មានពលរដ្ឋខ្មែរក្រោម ជាច្រើនគ្រួសារ នៅភូមិរាជមល្ល ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង នៃដែនដីកម្ពុជាក្រោម បានប្រកបមុខរបរវេចនំអន្សមជ្រូកមួយនេះ ជិត ៤០ ឆ្នាំមកហើយ ។ ផលិតផលនំអន្សមជ្រូក ឬនំជ្រូក ដែលពលរដ្ឋខ្មែរក្រោម និយមហៅ គឺមានឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅខេត្ត នាពេលបច្ចុប្បន្ន ។
នំអន្សមជ្រូករបស់អ្នកភូមិរាជមល្ល ក្រៅពីមានឱជារសឆ្ងាញ់ដ៏អស្ចារ្យនោះ គេអាចរក្សាទុកបានរហូតដល់ជាងមួយសប្តាហ៍ ឬលើសពីនេះ ។ ជាពិសេស ដើម្បីធ្វើបាននំអន្សមជ្រូក ដែលមានរសជាតិឆ្ងាញ់ គឺត្រូវបានឆ្លងកាត់ជាច្រើនដំណាក់កាល ដោយពួកគាត់ត្រូវស្វែងរកវត្ថុធាតុដើមយកមកធ្វើឲ្យទៅជានំអន្សមជ្រូក មានជាអាទិ៍ ស្លឹកចេកស្រស់ល្អ យកទៅហាលថ្ងៃឲ្យទន់ល្អ ការធ្វើអនាម័យ និងជ្រើសយកអង្ករដំណើប ដែលមានគុណភាពខ្ពស់ រួចយកអង្ករទៅលាងជាច្រើនលើក ហើយអ្វីដែលមិនអាចខ្វះបាននោះ គឺទឹកស្លឹកងប់ ដែលមានពណ៌ខៀវស្រស់ល្អ មើលទៅគួរឲ្យជាប់ចិត្ត ។ នេះហើយ គឺជាលក្ខណៈពិសេសនៃនំអន្សមជ្រូករបស់ពលរដ្ឋខ្មែរក្រោម នៅភូមិរាជមល្ល ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ។
បើនិយាយ អំពីគ្រឿងផ្សំ ដែលយកមកធ្វើជានំអន្សមជ្រូកនោះ មានដូចជា សាច់ជ្រូក ខ្លាញ់ជ្រូក (ភាគច្រើនគេយកសាច់ជ្រូកបីជាន់ ដោយសារវាមានជាតិខ្លាញ់តិចៗ) ពងទាប្រៃ និងសណ្តែកខៀវ ហើយលាយបញ្ចូលគ្នាជាមួយស្លឹកខ្ទឹម ម្រេច អំបិល មើមខ្ទឹមស និងស្ករស ជាដើម ដើម្បីធ្វើឲ្យនំអន្សមមានរសជាតិឆ្ងាញ់។
នៅក្នុងដំណាក់កាលវេចនំអន្សមជ្រូក គឺពួកគាត់វេចដោយផ្ចិតផ្ចង់ គឺចងយ៉ាងណាឲ្យនំអន្សមជ្រូកមានរូបរាងស្អាត ការចងនេះ ក៏មិនមែនជាការងាយនោះដែរ ពោល គឺយើងត្រូវចងឲ្យណែនល្អ ដើម្បីយកទៅស្ងោរ ទឹកមិនអាចជ្រាបចូលទៅខាងក្នុងនំអន្សមបាន ឬមិនធ្វើឲ្យអង្កររលាយចេញ ។ ការណ៍នេះ ធ្វើឲ្យនំអាចរក្សាទុកបានយូរថ្ងៃ ហើយពេលដែលហូបទៅ គឺនៅតែមានរសជាតិឈ្ងុយឆ្ងាញ់ធម្មតា ដូចនំអន្សមទើបវេចថ្មីៗ ។ អ្វីដែលពិសេសនោះ គឺពួកគាត់មិនប្រើជាតិគីមី ដើម្បីរក្សានំអន្សមទុកអោយបានយូរថ្ងៃឡើយ ។
ក្រោយពីវេចនំអន្សមទាំងនោះរួចរាល់ហើយ ដំណាក់កាលលចុងក្រោយ គឺចំណាយពេលប្រមាណពី ៥ ទៅ ៦ ម៉ោង ក្នុងការស្ងោរ ទម្រាំតែឆ្អិនល្អ ។ ការស្ងោរនេះ គឺត្រូវនៅចាំមើលជាប់ជានិច្ច យើងត្រូវមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវប្រែនំទៅម្ខាងទៀត ដើម្បីឲ្យនំឆ្អិនបានល្អ ។ បន្ទាប់ពីនំឆ្អិនហើយ យើងស្រង់យកចេញពីឆ្នាំងមកព្យួរឲ្យស្ងួតទឹក ទើបយកទៅប្រគល់ឲ្យអតិថិជន និងអាជីវករតូចធំ នៅតាមទីផ្សារក្នុងខេត្តព្រះត្រពាំង និងនៅបណ្តាខេត្តនានា នៅដែនដីកម្ពុជាក្រោម ។
ពរដ្ឋខ្មែរក្រោមម្នាក់ ដែលជាអ្នកប្រកបមុខរបរវេចនំអន្សមជ្រូកលក់ ឲ្យដឹងថា ពីមុនគ្រឿងផ្សំសម្រាប់វេចនំអន្សមជ្រូក មានអង្ករដំណើបជាដើម គឺទិញតែនៅភូមិស្រុកជិតខាងយកមកធ្វើ ។ ប៉ុន្តែ ដោយពេលបច្ចប្បន្ននេះ មានជនជាតិចិន និងយួន ជាច្រើន ក៏បានប្រកបមុខរបរមួយផងដែរ ។ ម្ល៉ោះហើយ អ្នកភូមិក្បែរៗ នោះ ក៏មិនអាចផ្គត់ផ្គង់នូវអង្ករដំណើប និងវត្ថុធាតុដើមផ្សេងទៀត ដែលមានគុណភាពខ្ពស់ ដល់អាជីវករអ្នកប្រកបរបរធ្វើនំអន្សមជ្រូក នៅក្នុងភូមិរាជមល្លបានគ្រប់គ្រាន់ឡើយ ។ ដូច្នេះហើយ ម្តងម្កាលពួកគាត់ ក៏បានទៅទិញអង្ករដំណើបរបស់ថៃ ដើម្បីយកមកបង្រ្គប់ទៅតាមតម្រូវការរបស់គាត់ ។
គួរកត់សម្គាល់ផងដែរថា យីហោនំអន្សមជ្រូករបស់ពលរដ្ឋខ្មែរក្រោម នៅភូមិរាជមល្ល ឈ្មោះ ជិន យ៉ី នាពេលបច្ចប្បន្ននេះ មិនត្រឹមតែផ្គត់ផ្គង់សម្រាប់អតិថិជន នៅក្នុង និងក្រៅខេត្តព្រះត្រពាំង ប៉ុណ្ណោះទេ គឺផលិតផលនំអន្សមជ្រូកនេះ បានផ្គត់ផ្គង់នៅគ្រប់តំបន់ ទូទាំងដែនដីកម្ពុជាក្រោម ។ ក្រៅពីនេះ ក៏មានភ្ងៀវទេសចរណ៍ នៅខេត្តឆ្ងាយៗ ដូចទីក្រុងព្រៃនគរ ខេត្តចង្វាត្រពាំង និងខេត្តទួលតាមោក កោះត្រល ក៏បានមកទិញនំអន្សមជ្រូកនេះ ជាដុំ ដើម្បីយកទៅលក់បន្តផងដែរ ។ ម្ចាស់ហាងនំអន្សមជ្រូក ជិន យ៉ី ដដែលនេះ បានឲ្យដឹងទៀតថា មុនពេលចូលឆ្នាំចិនចូលមកដល់ម្តងៗ គឺក្នុងមួយថ្ងៃ គាត់អាចធ្វើនំអន្សមជ្រូក ចាប់ពីបួនពាន់ ទៅប្រាំពាន់នំ ដើម្បីផ្កត់ផ្គង់នៅលើទីផ្សារ ។ ចំណែកបុគ្គលិកកំពុងបំពេញការងារក្នុងហាងរបស់គាត់ គឺមានរហូតដល់ទៅ ៥០ នាក់ ។
សូមបញ្ជាក់ថា តម្លៃនំអន្សមជ្រូកមួយ បើលក់រាយនៅតាមទីផ្សារ គឺមានតម្លៃចន្លោះពីបាំ្រពីរម៉ឺន ទៅបាំ្របីម៉ឺនដុង ។ ចំណែកតម្លៃ លក់ជាដុំទៅឲ្យអាជីវកលក់បន្តវិញ គឺមានតម្លៃចាប់ពីបាំ្រម៉ឺន ទៅបាំ្រមួយម៉ឺនដុង ក្នុងមួយនំអន្សមជ្រូក ។
ការប្រកបមុខរបរវេចនំអន្សមជ្រូករបស់ពលរដ្ឋខ្មែរក្រោម នៅភូមិរាជមល្ល ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កំពុងតែពេញនិយមខ្លាំងរបស់អ្នកភូមិនៅទីនេះ ។ មុខរបរនេះ ក្រៅតែពីជួយដល់ក្រុមគ្រួសារបស់អ្នកភូមិ ឲ្យមានជីវភាពធូរធារនោះ ។ អាជីវកម្មអន្សមជ្រូករបស់ពួកគាត់ ក៏កំពុងតែពង្រីកឲ្យមានលក្ខណៈជាទ្រង់ទ្រាយធំឡើងពីមួយថ្ងៃទៅមួយថ្ងៃផង ។ ដោយសារតែមុខរបរមួយនេះ បានជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋខ្មែរក្រោម ជាច្រើនគ្រួសារ នៅក្នុងភូមិរាជមល្លនេះ ហើយពួកគាត់ក៏បានបេ្តជ្ញាចិត្ត នឹងថែរក្សារបរប្រពៃណីខ្មែរមួយនេះ ឲ្យបានគង់វង់ជារៀងរហូត ៕