ដោយ គឹម សាវតា
រយៈពេលជិត ១ ឆ្នាំទៅហើយដែលជំងឺកូវីដ-១៩ បានរាតត្បាត នៅដែនដីកម្ពុជាក្រោម ធ្វើឲ្យពលរដ្ឋខ្មែរក្រោម និងវៀតណា មួយចំនួន បានឆ្លង និងស្លាប់ជាបន្តបន្ទាប់ ក្រៅពីនេះ រោងចក្រសហគ្រាសមួយចំនួនធំ បានបិទដំណើរការធ្វើឲ្យពលរដ្ឋខ្មែរក្រោម មិនមានការងារធ្វើ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ។ ដើម្បីទប់ស្កាត់ការរីករាលដាននៃជំងឺនេះ រដ្ឋាភិបាលវៀតណាម ចេញវិធានការបិទខ្ទប់ ហើយបានផ្ដល់ប្រាក់ឧបត្ថម្ភ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ ។ ថ្មីៗ នេះ កូវីត-១៩ បានផ្ទុះឡើងជាថ្មី នៅដែនដីកម្ពុជាក្រោម ហើយអាជ្ញាធរក៏ចាត់វិធានការរិតបន្ដឹងជាថ្មី តែពលរដ្ឋខ្មែរក្រោមមួយចំនួនអះអាងថា អាជ្ញាធរវៀតណាម អនុវត្តន៍វិធានការនេះ មានភាពលំអៀង ដោយគាបសង្តត់លើពលរដ្ឋខ្មែរក្រោម ដូចជាបិទខ្ទប់ទាំង ដែលដឹងថាភូមិដែលពលរដ្ឋខ្មែរក្រោម រស់នៅមិនមានកើតកូវីដក៏ដោយ ខណៈដែលភូមិ ដែលមានប្រជាជនវៀតណាមរស់នៅបើកធម្មតា និងករណីបិទខ្ទប់ហើយមិនផ្ដល់ជំនួយឧត្ថម្ភដល់ខ្មែរក្រោម ខណៈពលរដ្ឋវៀតណាម ទទួលបានជាដើម ។

យោងតាមរបាយការណ៍ ការធ្វើបច្ចុប្បន្នភាពជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នៅតាមបណ្តាប្រទេសជាប់កម្ពុជា គិតត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានឲ្យដឹងថា ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៥៥៩ នាក់ ប្រទេសវៀតណាម ចំនួន ១៣១០៩ នាក់ ប្រទេសកម្ពុជា ចំនួន ២៩ នាក់ ប្រទេសឡាវ ចំនួន ១៥១០ នាក់ ។
ចំនួននេះ បង្ហាញថា អ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នៅប្រទេសវៀតណាម បានកើនឡើងច្រើនជាងគេ ដែលចំនួននេះ បានកើនឡើងក្នុងប្រទេសវៀតណាមជាថ្មី នៅរយៈពេលចុងក្រោយ ដោយតម្រូវឲ្យវៀតណាម រឹតបន្តឹងវិធានការណ៍ ដើម្បីទប់ស្កាត់ ។
ស្របពេលដែលអាជ្ញាធរវៀតណាម បានដាក់វិធានការណ៍បណ្ដឹងវិធានការណ៍ ដើម្បីទប់ស្កាត់ ពលរដ្ឋខ្មែរក្រោមមួយចំនួន អះអាងថា អាជ្ញាធរហាក់អនុវត្តមិនស្មើភាពគ្នារវាងពលរដ្ឋខ្មែរក្រោម និងវៀតណាម ។
លោក តោ ហ្វាង ចឿង រស់នៅក្នុងខេត្តព្រះត្រពាំង បានឲ្យវិទ្យុសំឡេងកម្ពុជាក្រោម ដឹងថា នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា នៅខេត្តព្រះត្រពាំងក្នុងនិគមថ្កូវ ឬហៅថាស្រុកត្រាកូ គឺមានអ្នកឆ្លងជំងឺកូវីតច្រើនជាងមុន ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ គឺគ្រួសារផ្ទះណា ដែលអាជ្ញាធររសង្ស័យថា មានសមាជិកកើតកូវីដ-១៩ អាជ្ញាធរនឹងបិទខ្ទប់ បើទោះជារកឃើញថា គ្មានអ្នកកើតក្តី ។ លោកបន្តថា អាជ្ញាធរវៀតណាម បានបង្ខំពលរដ្ឋខ្មែរដែលខ្លួនសង្ស័យថា មានជំងឺកូវីដ-១៩ ឲ្យធ្វើចត្តាឡីស័កតែម្ដង គឺមិនបានពិនិត្យឲ្យឃើញច្បាស់នោះទេ ។
លោក តោ ហ្វាងចឿង «អ្វីដែលរដ្ឋាភិបាលគេសង្ស័យហ្នឹង គឺថាទោះបីយើងគ្មានក៏ដោយ គឺក្នុងការសង្ស័យគឺគេបិទខ្ទប់ ផ្ទះហ្នឹងហើយបងគេមិនឲ្យសេរីភាពទេ គេមិនលើកលែងទេបង» ។
លោក យ័ញ ម៉ិញក្វាង រស់នៅក្នុងស្រុកបាយឆៅខេត្តឃ្លាំងបានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ក្រោយពីជំងឺកូវីដបានផ្ទុះឡើងខ្លាំងម្ដងទៀត អាជ្ញាធរបានបិទខ្ទប់ភូមិ ដែលលោករស់នៅ ដោយសន្យាថា និងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៨ ម៉ឺនដុងក្នុងមួយថ្ងៃ តែរហូតមកដល់ពេលនេះរយៈពេល ១៤ ថ្ងៃហើយ មិនទាន់ទទួលបានប្រាក់អ្វីនោះទេ ។
លោក យ័ញ ម៉ិញក្វាង «បើគិតនៅក្នុងភូមិខ្ញុំនេះ អត់មានការចែកអំណោយអីទេ លុយកាក់អីវាគ្មានឲ្យអីទេ គេកុហកទទេហ្នឹង ដូចកនខ្ញុំអីហ្នឹងនៅក្នុងភូមិខ្មែរអីហ្នឹងគេគ្មានទេ ចាំបាត់ចាំបាត់» ។
លោកបន្តថា ក្រៅមិនផ្ដល់ប្រាក់ឧបត្ថម្ភហើយនោះ អាជ្ញាធរវៀតណាម បានគំរាមលោកមិនឲ្យផ្សាយព័ត៌មាន អំពីខ្មែរក្រោមនោះទេ ហើយបើផ្សាយគឺអាចនឹងត្រូវចាប់ខ្លួន ។
អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម គឺលោក ចៅ សេរី មានប្រសាសន៍ថា ក្រោយពីរោងចក្រ សហគ្រាស ដែលពលរដ្ឋខ្មែរក្រោមធ្វើការបានបិទហើយនោះ ពលរដ្ឋខ្មែរក្រោម ដែលជាកម្មករ បានវិលត្រឡប់មកភូមិកំណើត ។ លោកបន្តថា នៅពេលដែលអាជ្ញាធរវៀតណាម សង្ស័យថា ពលរដ្ឋខ្មែរក្រោមណាមានជំងឺកូវីដ-១៩ នោះ អាជ្ញាធរនឹងយកពួកគេទៅឃុំ ហើយឲ្យពលរដ្ឋខ្មែរក្រោមទាំងនោះ បង់លុយទៀតផង ។ ករណីនេះ លោកថា ប្រសិនបើអាជ្ញាធរវៀតណាម មិនបានជួយអ្វីដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងបិទខ្ទប់ទេ សូមកុំធ្វើបាបខ្មែរក្រោមបន្ថែម ។
លោក ចៅ សេរី «យើងឃើញថា អារឿងរដ្ឋាភិបាលយួនធ្វើដាក់ខ្មែរក្រោម យើងមិនយុត្តិធម៌ទេ ព្រោះថាបើមិនជួយទេ ព្រោះថា រដូវកូវីដហ្នឹងកម្មករយើងកំពុងរងទុក្ខ មកស្រុកវិញគ្មានលុយ ហើយប្រឈមមុខនឹងពិន័យពីមួយថ្ងៃទៅមួយថ្ងៃត្រូ វបង់ប៉ុន្មាន ដែលយួនគេយកទៅដាក់ក្នុងសាលារៀនហ្នឹង ឬកន្លែងណាមួយអញ្ចឹងគេនៅយកលុយយើងដដែលហ្នឹង» ។
យ៉ាងនេះក្តី សម្រាប់ទីក្រុងព្រៃនគរគឺជំងឺកូវីដហាក់ធូស្បើយច្រើន ដោយក្នុងនោះ ប្រជាពលរដ្ឋអាចប្រកបរបរបានធម្មតា ជាមួយវិធានការការពារប៉ុណ្ណោះ ៕