ដោយ មួង ណារ៉េត | RFA
ពលរដ្ឋខ្មែរក្រោម អះអាងថា អាជ្ញាធរ និងសមត្ថកិច្ចក្រុងភ្នំពេញ នៅតែបន្តឃ្លាំមើល ការរំលឹកខួប គម្រប់ ៧០ ឆ្នាំ នៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដូចរាល់ៗ ឆ្នាំដែរ ។ ខ្មែរក្រោម ចាត់ទុកថា សកម្មភាពឃ្លាំមើលនេះ បានធ្វើឲ្យអ្នកចូលរួម ភ័យខ្លាច និងជារឹតត្បិតសេរីភាពសម្ដែងមតិរបស់ពួកគេ ។

ខ្មែរក្រោមអះអាងថា ការប្រារព្ធកម្មវិធីរំលឹកខួបបាត់បង់ទឹកដី ខេត្តចំនួន ២១ និងកោះ ២ នៅកម្ពុជាក្រោម គម្រប់ខួប ៧០ ឆ្នាំ នៅឆ្នាំនេះ រងការរឹតត្បិត ទាំងទីតាំងប្រារព្ធពិធី និងសេរីភាពសម្ដែងមតិ ពីរបបក្រុងភ្នំពេញ ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់ថា មានសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាន បានមកឈរឃ្លាំមើល ការប្រារព្ធពិធីនៅពេលព្រឹក ។ ប៉ុន្តែសមត្ថកិច្ចទាំងនោះ មិនបានលួចថតរូប ឬលួចថតសំឡេង ដូចរាល់ឆ្នាំទេ ។ យ៉ាងណាក្ដី លោកនៅតែចាត់ទុកថា នេះជាសកម្មភាពរឹតត្បិតសេរីភាពបញ្ចេញមតិ ព្រោះការឃ្លាំមើលបែបនេះ បានធ្វើឲ្យអ្នកចូលរួមខ្លះ មិនហ៊ានបញ្ចេញមតិជាសាធារណៈ ដោយសារបារម្ភពីសុវត្ថិភាព ។ លោក សឺន ជុំជួន អះអាងថា ក្នុងខួបទី ៧០ ឆ្នាំ នៃការបាត់បង់ដែនដីកម្ពុជាក្រោមនេះ មានអ្នកចូលរួម ទាំងគ្រហស្ថ និងព្រះសង្ឃ ជាង ១ ពាន់ ៧ រយ (១.៧០០) នាក់ និងមានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ គឺ សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដូចរាល់ឆ្នាំ ។ ចំណែកទីតាំងប្រារព្ធកម្មវិធី គឺអាជ្ញាធរ តម្រូវឲ្យធ្វើនៅស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម នៅខណ្ឌសែនសុខ ដែលមានសភាពតូចចង្អៀត ។
ពេលព្រឹក ជាកម្មវិធីរំលឹកខួបទី ៧០ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ចំណែកពេលរសៀល ជាវេទិកាសំណួរចម្លើយ ពាក់ព័ន្ធនឹងការបាត់បង់ទឹកដីកម្ពុជាក្រោម ។ ត្បិតកម្មវិធីនៅឆ្នាំនេះ ធំជាងរាល់ឆ្នាំ ប៉ុន្តែ សហគមន៍ខ្មែរកម្ពុជាក្រោម មិនបានអញ្ជើញតំណាងគណបក្សនយោបាយចូលរួមទេ ដោយសារ រាល់ឆ្នាំគណបក្សកាន់អំណាចមិនបានបញ្ចូលតំណាងរបស់ខ្លួនទៅចូលរួម ។ ទោះមិនបានអញ្ជើញ តែមានសកម្មជនគណបក្សនយោបាយ ២ ទៅចូលរួម គឺសកម្មជនគណបក្ស សង្គ្រោះជាតិ និងសកម្មជនគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ។ ក្រៅពីចូលរួម គណបក្សនយោបាយទាំងពីរនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រការរំលឹកខួបទី ៧០ ឆ្នាំ នៃការបង់ទឹកដីកម្ពុជាក្រោម និងទាមទារឲ្យរបបក្រុងភ្នំពេញ ផ្ដល់សិទ្ធិពេញលេញឲ្យខ្មែរក្រោមបានប្រារព្ធខួបនេះ នៅទីសាធារណៈ ។
ចំណែកគណបក្សប្រជាជនកម្ពុជា មិនបានចេញសេចក្ដីថ្លែងការណ៍អ្វីទេ គ្រាន់តែប៉ុន្មានថ្ងៃមុនការប្រារព្ធខួបទី ៧០ ឆ្នាំ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានចំអកថា ទឹកដីកម្ពុជាក្រោម ជារបស់ខ្មែរ តែក្នុងក្ដីស្រមៃប៉ុណ្ណោះ ។
តំណាងយុវជនខ្មែរសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឿន វីរ៉ាត់ ទាមទារឲ្យអាជ្ញាធរក្រុងភ្នំពេញ និងគណបក្សកាន់អំណាច កែប្រែពាក្យសំដី ហើយត្រូវផ្ដល់សិទ្ធិឲ្យពលរដ្ឋខ្មែរទូទៅ បានចូលរួមប្រារព្ធកម្មវិធីរំលឹកខួបឈឺចាប់បាត់បង់ទឹកដី ជាឱឡារិក និងត្រូវជំរុញទៅអាជ្ញាធរវៀតណាម បញ្ឈប់ការធ្វើទុកបុកម្នេញលើពលរដ្ឋខ្មែរ កំពុងរស់នៅកម្ពុជាក្រោម៖ «អត់ឲ្យទីលានប្រជាធិបតេយ្យយើងធ្វើ ។ កន្លែងនេះហើយ គឺយើងតូចចិត្ត ។ ដល់យួន ហែអ្នកតា សមាគមយួនទៅធ្វើគ្រប់ខេត្ត ផ្ដល់ឱកាសឲ្យគេធ្វើ វាបំពានទៅលើស្មារតីជាតិនិយមរបស់សមាគមខ្មែរកម្ពុជាក្រោម រួមទាំងយុវជនខ្មែរ បងប្អូន ។ សូមផ្ដាំផ្ញើទៅសាលារាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាល បើកខួរក្បាលពិចារណាឡើងវិញ ហើយខ្មែរក្រោមធ្វើពិធីនេះ មិនបានប្រយុទ្ធប្រឆាំងជាមួយយួនទេ ។ ឧទាហរណ៍អស់លោក ចេះធ្វើខួបគោរពដល់ជីដូនជីតាអស់លោក ហើយអស់លោក ជាខ្មែរដូចគ្នានេះ គ្រាន់តែផ្ដល់ទីតាំងដើម្បីរំលឹកខួបថា យួនយកដីខ្មែរ បារាំងកាត់ឲ្យរឿងអ្វីអស់លោក មិនផ្ដល់(ទីតាំង) ឲ្យ ។ ខ្ញុំលឺអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច… ដីកម្ពុជាក្រោម ស្ថិតក្នុងអារម្មណ៍ឬក៏ដីកម្ពុជាក្រោមជារបស់ខ្មែរ។ បើសិនជាដីកម្ពុជាក្រោម ជារបស់ខ្មែរ សូមក្រោកឈរ ដើម្បីប្រាប់ទៅអ្នកនាំពាក្យរបស់គណបក្សប្រជាជន» ។
តំណាងយុវជនរូបនេះ ក៏ទាមទារឲ្យរបបក្រុងភ្នំពេញ បញ្ឈប់សកម្មភាពជំរុញឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាម ព្រោះ វៀតណាមគ្មានបានជួយអ្វីដល់កម្ពុជាទេ គឺមានតែជិះជាន់ ធ្វើអាណានិគម និងរំលោភសិទ្ធិខ្មែរក្រោមធ្ងន់ធ្ងរ ។ លោក ខឿន វីរ៉ាត់ ក៏សង្ឃឹមដែរថា ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ហ៊ានជំរុញឲ្យវៀតណាម យកចិត្តទុកដាក់ ផ្ដល់ឱកាសឲ្យខ្មែរនៅកម្ពុជាក្រោម អាចបើកសាលារៀន ដូចមេដឹកនាំវៀតណាម ដែលតែងជំរុញឲ្យរបបក្រុងភ្នំពេញ យកចិត្តទុកដាក់មើលថែ បើកសាលារៀនវៀតណាម និងឆាប់ផ្ដល់សញ្ជាតិឲ្យជនអន្តោប្រវេសន៍វៀតណាមជាដើម ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ចង់ឃើញរដ្ឋាភិបាល ជំរុញឲ្យមានផ្សះផ្សាជាតិខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសសិនទើបអាចរកក្ដីសុខឲ្យខ្មែរក្រោម និងខ្មែរនៅកម្ពុជាបាន ។ លោក ថាច់ សេដ្ឋា យល់ថា រដ្ឋាភិបាល គួរជំរុញឲ្យពលរដ្ឋខ្មែរ ដឹងគុណវីរបុរសខ្មែរក្រោម និងជំរុញឲ្យរដ្ឋាភិបាលវៀតណាម ដឹងគុណពលរដ្ឋខ្មែរទាំងអស់ ជាជាងជំរុញឲ្យពលរដ្ឋខ្មែរ ដឹងគុណវៀតណាម ព្រោះវៀតណាម ជំពាក់គុណខ្មែរច្រើនណាស់ ដោយពួកគេមិនដែលបានសងគុណខ្មែរទេ តែបានកាប់សម្លាប់បញ្ញាវន្ត អ្នកតស៊ូ និងវីរបុរសខ្មែរក្រោម យ៉ាងសាហាវយង់ឃ្នង៖ «ដោយសារយើងធ្លាប់បែកបាក់សាមគ្គីជាតិហ្នឹងហើយ បានវាអស់ទឹកអស់ដី ។ អ៊ីចឹង បើកាលណា យើងផ្សះផ្សាជាតិ រួបរួមគ្នា ក៏ជាបំណងមួយរបស់សម្ដេចព្រះករុណា បរមរតនកោដ្ឋដែរ ហើយក៏ជាបំណងប្រាថ្នារបស់ប្រជារាស្ត្រចង់ឲ្យមានការរួបរួមការផ្សះផ្សាជាតិយើងដែរ។ ដូច្នេះហើយ ខ្ញុំសូមឆ្លៀតឱកាសយកកម្មវិធីនេះ គាំទ្រថា ធ្វើម្ដេចឲ្យមានការផ្សះផ្សាជាតិ រួបរួមជាតិទៅ បង្ហាញពីមហិទ្ធិឫទ្ធិ ហើយនឹងបង្ហាញពីការសាមគ្គីជាតិយើង ដែលនៅប៉ុនបាតដៃ។ មិនអ៊ីចឹងទេ រកកន្លែងធ្វើបុណ្យអត់បាន ដូចខ្មែរក្រោម អ៊ីចឹង»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៤ មិថុនា ដោយសារមិនទទួលទូរស័ព្ទ។
តំណាងខ្មែរក្រោម នៅតែទទូចឲ្យរបបក្រុងភ្នំពេញ ដាក់បញ្ចូលថ្ងៃទី ៤ ខែមិថុនា ជាទិវាកាន់ទុក្ខជាតិ ដើម្បីផ្ដល់ឱកាសឲ្យមន្ត្រីរាជការ បុគ្គលិកឯកជន បានឈប់សម្រាក ចូលរួមកាន់ទុក្ខបាត់បង់ទឹកដីកម្ពុជាមួយផ្នែកទៅប្រទេសវៀតណាម ដល់សព្វថ្ងៃ ៕