ជីវិតជោគ​ជ័យ​ក្នុង​ការ​សិក្សា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ នៅ​ក្រៅ​ស្រុក​អាស្រ័យ​ដោយ​បច្ច័យ​ ចង្ហាន់​បិណ្ឌបាត​ និង​កម្លាំង​ចិត្ត​

ដោយ លី ​ឈូន​

ក្នុង​មួយ​ឆ្នាំ​ៗ មាន​ព្រះសង្ឃ​ខ្មែរក្រោម មិន​តិច​ជាង ១0 អង្គ នោះ​ទេ ដែល​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ពី​មហាវិទ្យាល័យ​នានា ។ ព្រះសង្ឃ​ដែល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​នោះ ដោយសារ​មានការ​ឧបត្ថម្ភ និង​ទំនុកបម្រុង​ប្រាក់ ឬបច្ច័យ និង​ចង្ហាន់​បិណ្ឌបាត​ពី​ញាតិញោម នៅ​តាម​ចំណុះជើងវត្ត ដែល​ព្រះអង្គ​ស្នាក់នៅ ។

ព្រះសង្ឃ​ខ្មែរក្រោម ដែល​ទទួល​បាន​សញ្ញាបត្រថ្នាក់បរិញ្ញា​ត្រី ​ សញ្ញា​ប័ត្រ​អនុបណ្ឌិត​ និង​បណ្ឌិត​ ពី​មហា​វិទ្យាល័យ​នានា​ នៃ​ប្រទេស​ថៃ ។ រូបៈ Khmer Theravada Buddhist Studies Foundation in Thailand
ព្រះសង្ឃ​ខ្មែរក្រោម ដែល​ទទួល​បាន​សញ្ញាបត្រថ្នាក់បរិញ្ញា​ត្រី ​ សញ្ញា​ប័ត្រ​អនុបណ្ឌិត​ និង​បណ្ឌិត​ ពី​មហា​វិទ្យាល័យ​នានា​ នៃ​ប្រទេស​ថៃ ។ រូបៈ Khmer Theravada Buddhist Studies Foundation in Thailand

​ឈរ​កណ្ដាល​ហ្វូង​ភ្ញៀវ និង សម​ណនិស្សិត​និ​ស្សិត​ចម្រុះ​ជាតិ​សាសន៍​ រាប់​ពាន់​នាក់​ កំពុង​ត្រេក​អរ ថ្ងៃ​ទទួល​សញ្ញា​ប័ត្រ​ របស់​ខ្លួន​និង​សាច់​ញាតិ​នោះ ​។ សមណនិស្សិត​ខ្មែរ ក្រោម​មួយ​ព្រះ​អង្គ​ និមន្ត​មក​ពី​ខេត្ត​ព្រះ​ត្រពាំង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ ថា​ ត្រា វិញ​ (Tra Vinh)  ព្រះ​នាម​ គឹម​ វណ្ឌឿន ដែលដៃ​ទាំង​ពីរ​ឱប​បាច់​ផ្កា​ រួម​និង​វត្ថុ​អនុស្សាវ​រីយ៍​ ព្រមទាំង​សញ្ញាប័ត្រ​ពណ៌​ខៀវ​មួយ​ច្បាប់​ផង​ ងាក​មក​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ និង​សារព័ត៌មាន​ព្រៃនគរ​ថា ​ថ្ងៃ​នេះ​ព្រះ​អង្គ​មក​ទទួល​បរិញ្ញា​ប័ត្រ​ ជំនាញ​ព្រះ​ពុទ្ធសាសនា​ ឯក​ទេស​ភាសា​អង់គ្លេស​ ។

សមណនិស្សិត​បញ្ចប់​បរិញ្ញា​អង្គ​នេះ​ ​បន្ត​ថា​  ​ព្រះ​អង្គ​និមន្ត​មក​រៀន​នៅ​ប្រទេស​ថៃ​នេះ​ មាន​រយៈ​ពេល​ ​៤​ ឆ្នាំ​ហើយ​ៗ ព្រះ​អង្គ​មិន​បាន​នៅ​បន្ត​ការ​សិក្សា​ទៀត​ទេ​ ព្រោះ​ខ្វះ​ថវិកា​បង់​ថ្លៃ​សាលា ។

ព្រះ​ភិក្ខុ​ គឹម​ វណ្ឌឿន​ ​បន្ត​ទៀត​ថា ទោះ​ជា​យ៉ាងណា ​នៅ​ប្រទេស​ថៃ​នេះ​ងាយ​នឹង​និមន្ត​បិណ្ឌ​បាត​ស្វែង​រក​ចង្ហាន់​ និង​ បច្ច័យ​សម្រាប់​សិក្សា​រៀន​សូត្រ​ដែរ ​ព្រោះ​ប្រជាពលរដ្ឋ​ថៃ​មាន​ជំនឿ​មុត​មាំ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ណាស់ ។

​ព្រះ​ភិក្ខុ​ គឹម​ វណ្ឌឿន៖ «លោក​ខ្មែរ​ក្រោម​យើង​ ភាគ​ច្រើន​និមន្ត​មក​ពឹង​អាស្រ័យ​វត្ត​ហ្នឹង​ឯង​ ដើម្បី​បាន​ទៅ​បិណ្ឌ​បាត​បាន​ចង្ហាន់​ បាន​បច្ច័យ​សន្សំ​បន្តិច​បន្តួច​ទៅ​ ហើយ​មាន​បុណ្យ​ មាន​ទាន​អី កាល​ណា​គេ​ខ្វះ​ខាត​ គេ​និមន្ត​យើង​ទៅ​ ដល់​ចឹង​យើង​បាន​បច្ច័យ​សម្រាប​រៀន​សូត្រ​បន្ត​អី​ចឹង​»

សមណ​និស្សិត​ខ្មែរ​ក្រោម​ព្រះ​អង្គ​នេះ​បន្ត​ថា​ ព្រះ​អង្គ​មាន​សំណាង​ណាស់​ដែល​កាន់​សញ្ញាប័ត្រ​មក​ពី​កម្ពុជា​ក្រោម​ ហើយ​បាន​មហា​វិទ្យាល័យ​កម្រិត​អន្តរ​ជាតិ​នៅ​ប្រទេស​ថៃអនុញ្ញាតិ​ឲ្យចូល​​រៀន​   ខុស​ពី​ប្រទេស​កម្ពុជា​ដែល​មិន​ទទួល​ស្គាល់​សញ្ញា​ប័ត្រ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​ មក​ពី​កម្ពុជា​ក្រោម​ឡើយ​ ។

ព្រះ​ភិក្ខុ​គឹម​វណ្ឌឿន«​មិននឹកស្មានថាយើងយកសញ្ញាប័ត្រយើងមករៀនបន្ត មហាវិទ្យាល័យ បាន អីចឹងទេ នេះ​ប្រហែល​ជាបុណ្យកុសលដែលយើងបានបួសរៀនបានល្អអីចឹង ឯរឿងវិលទៅស្រុកវិញ គឺត្រូវតែជួយវត្តអីចឹងហើយ ពីព្រោះ នៅវត្តបើកសាលាច្រើនដែរ បើកដល់ បីសាលាឯណោះ»

ចំណែក​យុវតីនិស្សិត​ខ្មែរ​ក្រោម ១ នាក់​ គ្មាន​ពីរ​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​វិញ គឺ​កញ្ញា​ សឺន​ សូនី កញ្ញា​មក​ពី​ស្រុក​កំពង់​ស្ពាន​ខេត្ត​ព្រះ​ត្រពាំង​ ដែន​ដី​កម្ពុជា​ក្រោម​ ។ កញ្ញា​ សឺន​ សូនី​ជា​និស្សិត​កំរិត​បរិញ្ញា​ឆ្នាំ​ទី​ ៤   ឯក​ទេស​ព្រះ​ពុទ្ធ​សាសនា​ ជំនាញ​ភាសា​អង់គ្លេស​ នៃ​មហា​វិទ្យា​ល័យ​ចូឡា​ឡុង​កន​ខេត្ត​អាយុ​ធ្យា​ ។

មាន​រាង​ស្ដើង​ល្អិត​ សម្បុរ​ស្រ​ឯម​​ នៅ​ដៃ​មាន​កាន់​បាច់​ផ្កា​ សម្រាប់​ចូល​រួម​សាទរ​ទិវាសមណនិស្សិត​ខ្មែរ​ក្រោម​ទទួល​សញ្ញា​ប័ត្រ​ ។ កញ្ញា​សូនី ប្រាប់​ថា​ការ​ដែល​មក​រៀន​នៅប្រទេស​ថៃ​នេះ ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​កញ្ញា​ និង​ជា​ទម្លាប់​របស់​ក្រុម​គ្រួសារ​កញ្ញា​ផង​ដែរ ។

​​សម្រាប់​ការ​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​ នៅ​ឆ្នាំ​ដល់​នេះ​ កញ្ញា​ សូ នី ប្រាប់​ថា កញ្ញា​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ ព្រោះ​ថា​សព្វ​ថ្ងៃ​នេះ  ជួន​កាល​បាយព្រឹក​ បាយ​ល្ងាច គឺ​អាស្រ័យ​ដោយ​ចង្ហាន់​បិណ្ឌបាត​របស់​ព្រះ​សង្ឃ​ទេ ហើយ​កញ្ញា​ចាយ​ប្រិត​ប្រៀន​បំផុត​ ក៏​ដោយ​ក៏​ខ្ទង់​ចំណាយ​ក្នុង​មួយ​ឆ្នាំ​ ៗ​ អស់​មិន​តិច​ជាង​ ៦.០០០០ ( ប្រាំ​មួយ​ម៉ឺន​) បាត​ស្មើនឹងប្រមាណ ២.០០០ (ពីរពាន់) ដុល្លា​ ឯណោះ ។

និស្សិត​ស្រី​ខ្មែរ​ក្រោម​ មាន​តែ​ ១​ គ្មាន​ ២​ នៅ​ក្នុង​ប្រទេស​ថៃ​បន្ត​ថា​ ខ្ទង់​ចំណាយ​ច្រើន​បែប​នេះ ​មិន​ដឹង​ថា​តើ ​​ឪពុក​ម្ដាយ ​និង ​បង​ប្អូន​របស់​កញ្ញា​មាន​លទ្ធភាព​ជួយ​ទំនុក​បំរុង​ឲ្យ​កញ្ញា​រៀន​បន្ត​ ឬ ​ក៏អត់​នោះ​ទេ ​។

កញ្ញា​សូ នី៖ «ម៉ែ​ ឪ​ កូន​ចូល​ចិត្ត​ឲ្យ​កូន​ចៅ​រៀន​អក្សរ​ខ្មែរ​អី​ចឹង​ ហើយ​បង​ ៗ ​របស់​កូន​ក៏​រៀន​អក្សរ​ខ្មែរ​អី​ចឹង​ដែរ​ ។ មិន​ទាន់​ដឹង​មេច​ទេ​ការ​រៀន​បន្ត​នោះ​ ព្រោះ​មិន​ទាន់​ដឹង​ខ្លួន​ថា​តើ ​បង​ប្អូន​អាច​ជួយ​បាន​ទៀត​ឬ​ ទេ​ ​កន្លង​មក​បាន​ខាងព្រះសង្ឃ​ជួយ​ខ្លះ​ នៅ​ឯ​ផ្ទះ​ផ្ញើ​មក​ខ្លះ​។ ចំពោះ​ឪពុក​ម្ដាយ​គាត់​ចាស់​ៗ អស់​ហើយ​ សង្ឃឹម​តែ​បង​ ៗ​ ទេ​»

ការ​លើក​ឡើង​នេះ​ក្នុ​ងឱកាស​ដែល​សាលា​មហា​វិទ្យាល័យ​ចូឡា​ឡុង​កន​ខេត្តអាយុធ្យា​ប្រគល់​សញ្ញាប័ត្រ ពី​ថ្នាក់​​បរិញ្ញាប័ត្រ​ ដល់​ថ្នាក់​បណ្ឌិត​ ដល់​សមណនិស្សិត​និង​និស្សិត​ចម្រុះ​ជាតិ​សាសន៍ ប្រមាណ​ជាង​ ៣.០០០ (បីពាន់) រូប​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី ​១៣​ ខែធ្នូ​ កន្លង​ទៅ​នេះ​ ។

ក្នុង​ចំនោម​សមណនិស្សិត​និង​និស្សិត​ទាំង​ជាង ៣.០០០ (បីពាន់) រូប​នេះ​ ក៏​មាន​សមណ​និស្សិតខ្មែរ​ក្រោម​ចំនួន​ ៥ ព្រះ​អង្គ​ផង​ដែរ ​ដែល​ទទួល​សញ្ញា​ប័ត្រ​ថ្នាក់​អនុបណ្ឌិត​ចំនួន​ ៣​ ព្រះ​អង្គ​ និង​បរិញ្ញាបត្រ​ចំនួន​ពីរ​ព្រះអង្គ ។ សមណ​និស្សិត​ខ្មែរ​ក្រោម​ទាំង ៥ ព្រះ​អង្គ​នេះ​ និមន្ត​មក​ពី​ខេត្ត​ព្រះ​ត្រពាំង​ចំនួន​ ៤​ ព្រះ​អង្គ​ និង​និមន្ត​មក​ពី​ខេត្ត​ឃ្លាំង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ សុក​ ត្រាំង​ (Soc Trang) ចំនួន​ ១​ ព្រះអង្គ​ ។

ពី​កណ្ដាល​ចំណោម​ពុទ្ធបរិស័ទ​ជនភៀស​ខ្លួន​ខ្មែរ​​ក្រោម​ជាង​ ២០ នាក់​ និង​សមណនិស្សិត​ខ្មែរ​ក្រោម​ជា​ច្រើន​អង្គ​ទៀត ​ដែល​​មក​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សមណនិស្សិត​ខ្មែរ​ក្រោម​ទាំង​ ៥​ ព្រះអង្គ​ដែល​ទទួល​សញ្ញាប​ត្រ  ​ហើយ​ និង ​អម​ដោយ  ​របាំ​បាច់​ផ្កា​របស់​សិស្សា​នុសិស្ស​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ​នៅ​ប្រទេស​ថៃនោះ​ផង​​ សមណ​និស្សិត​ខ្មែរ​ក្រោម​ថ្នាក់​អនុបណ្ឌិត​មួយព្រះអង្គ ដែល​ជា​ទី​ប្រឹក្សា នៃ​អង្គភាព​ មូល​និធិ​ពុទ្ធិក​សិក្សា​ខ្មែរថេ​រវាទ​ ព្រះ​នាម​ សឺន​ ចាំង​ ។ ​ព្រះអង្គ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​សមណនិស្សិត​និស្សិត​ខ្មែរ​ក្រោម​ ថា​ ការ​ដែល​សមណ​និស្សិត​ ​និស្សិត​ខ្មែរ​ក្រោម​សិក្សា​ នៅ​ក្រៅ​ប្រទេស​មិន​អាច​តស៊ូ​រៀន​ឲ្យ​ចប់​ចុង​ចប់​ដើម​បាន​ ដោយ​មាន​មូល​ហេតុ​បី​យ៉ាង​ជា​ចំបង​ ប្រការ​ទីមួយ​ គឺ​ការ​ខ្វះ​ខាត​ថវិកា​ ។ ទី ២ គឺ ដោយ​សារ​បញ្ហា​សុខ​ភាព​ និង​ទី​ ៣ គឺ ដោយ​សារ​បញ្ហា​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​​និស្សិត​ម្នាក់ៗ នោះ ឯង ។

សម​ណនិស្សិត​អនុបណ្ឌិត​ឯក​ទេស​ ទស្សនៈ​ព្រះ​ពុទ្ធសានា​ ជំនាញ​ភាសា​ថៃ​ ព្រះ​អង្គ​ សឹន​ ចាំង ​បញ្ជាក់​បន្ថែម​ថា​  ចំពោះ​រូប​ព្រះ​អង្គ​ផ្ទាល់​ ក៏​ព្រះ​អង្ករ​មិន​បាន​បន្ត​ការសិក្សា​ទៅ​ថ្នាក់​បណ្ឌិត​នោះ​ដែរ​ ក៏​ព្រោះ​តែ​បញ្ហា​ទាំង​ ៣ ​ប្រការ​ខាង​ដើម​នោះ​ឯង​ ។

ព្រះភិក្ខុ សឹន​ ចាំង ៖ «អាត្មាមករៀនទាំងពីបរិញ្ញារហូតមកដល់ពេលនេះ ១០ ឆ្នាំហើយ​​ មើលមកពីឆ្នាំ ២០១០  រៀនបរិញ្ញា ៥ ឆ្នាំ ហើយន្តចូលអនុបណ្ឌិត ៥ ឆ្នាំទៀត  ឥឡូវឈប់បន្តហើយ»

សព្វ​ថ្ងៃ​មាន​សមណនិស្សិត​ខ្មែរ​ក្រោម​ ដែល​កំពុង​បំពេញ​ការ​សិក្សា​តាម​មហា​វិទ្យា​ល័យ​នានា ​ក្នុង​ប្រទេស​ថៃ​​ប្រមាណ​ជាង​ ១០០​ (មួយ​រយ​) អង្គ ។​ ចំពោះ​ថវិកា​សម្រាប់​ទ្រ​ទ្រង់​ការ​សិក្សារបស់ សមណនិស្សិត​ខ្មែរ​ក្រោម​ទាំង​នេះវិញ ​បាន​មក​ពី​ការ​ឧបត្ថម្ភ​ពី​ឪពុក​ម្ដាយ​ សាច់​ញាតិ​ផ្ទាល់​ខ្លួន​និស្សិត​មួយ​អង្គ​ៗ ផង​ និង​ពី​សប្បុរសជន​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ជា​ពិសេស​គឺ​បច្ច័យ​បាន​ពី​ការ​និមន្ត​គោចរ​បិណ្ឌបាត​តាម​ភូមិ​ស្រុក​នៃ​ប្រជា​ពលរដ្ឋ​ថៃ​ផង ​។

ទន្ទឹម​នឹង​នេះ ​ដើម្បី​ទ្រ​ទ្រង់​បន្ថែម​ដល់​ការ​សិក្សារ​បស់​សមណនិស្សិត​ខ្មែរ​ក្រោម​ក្រៅ​ស្រុក​នេះ ​សាលា​គណ​ខេត្ត​ព្រះ​ត្រពាំង ​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​មូល​ធិពុទ្ធិក​សិក្សា​ខ្មែរ​ថេរ​វាទ​ ក្នុង​មួយ​ឆ្នាំ​ចំនួន​ ១.០០០ (មួយពាន់) ​ដុល្លារ​  ហើយ​ថវិកា​ ១.០០០​ (មួយ​ពាន់) ​ដុល្លារ ​នេះ ​ជា​ថវិកា​មួយចំណែក នៃ​ថវិកា​ វិភាគ​ទាន​ សម្រាប់​វិស័យសិក្សា​អប់រំ​ ដែល​ផ្ដល់​ដោយ​ ​វត្តខ្មែរ​ទូ​ទាំង​ខេត្ត​ព្រះ​ត្រពាំង ឧបត្ថម្ភ​ដល់​សាលា​គណ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​ចំនួន​ ១.០០០​.០០០ (មួយ​លាន​) ដុង ស្មើ​នឹង​ប្រមាណ ​៤០​ ដុល្លារ ​។

 ចំណែក​សាលាគណខ្មែរ ​នៅ​ខេត្ត​ឃ្លាំង​ និង​ខេត្ត​ដទៃ​ទៀត​មិន​ឮ​មាន​ការ​ឧបត្ថម្ភ​ ដល់​សមណនិស្សិត​ខ្មែរក្រោម ដែល​សិក្សា​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ​មាន​តែ​ការ​ឧបត្ថម្ភ​ជា​លក្ខណៈ​ឯកជន ​ពី​ព្រះ​ចៅ​អធិការ​ នៃ​វត្ត​និមួយ​ៗ តែ​ប៉ុណ្ណោះ​ ។

ចំ​ពោះ​ការ​ឧបត្ថម្ភ​ដល់​និស្សិត​ខ្មែរ​ក្រោម​ រៀន​នៅ​ក្រៅប្រទេស​នេះ​ ដែរ​គេឃើញ​អង្គភាព​សម្ព័ន្ធ​សមណនិស្សិត-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​មាន​ទីតាំង​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ តែង​តែ​ឧបត្ថម្ភ​ដល់​សមណនិស្សិត​និស្សិត​ខ្មែរ​​ក្រោម ទំាង​នៅ​កម្ពុជា ​និង ​នៅ​ក្រៅ​ប្រទេស​ តាម​តិច​តាម​ច្រើន​ជា​ហូរ​ហែ ។​ ​​​​​​​​​​​​​​​ហើយ​ថវិកា​ទាំង​នេះ​ បាន​មក​ដោយ​ការ​ឧបត្ថម្ ភ​ពី​សប្បុរស​ជន​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ។

ចំពោះ​ខ្ទង់​ចំណាយ​របស់​សមណ​និស្សិត​ខ្មែរក្រោម​សិក្សា​ នៅ​ក្រៅ​ប្រទេស​ ដោយ​ឡែក​សម្រាប់​ប្រទេស​ថៃ ​គឺថ្នាក់បរិញ្ញាបត្រ ចំណាយក្នុង ១ វគ្គ ( ៤) ខែ​ចាប់ពី ១១.០០០ (មួយម៉ឺនមួយពាន់) បាត ទៅ ១២.០០០ ( មួយ​ម៉ឺនពីរពាន់) បាត ស្មើនឹងប្រមាណ​ជា​ ៣០០ (បីរយ ទៅបួនរយ) ដុល្លា ។

ចំណែក​ខ្ទង់​ចំណាយ​ថ្នាក់​អនុបណ្ឌិត​វិញក្នុង ១ វគ្គ ( ៤) ខែ​ចាប់ពី ២៥.០០០ (ពីរ​ម៉ឺន​ប្រាំ​ពាន់​) បាត​ ស្មើនឹងប្រមាណ​ជា​ ៨០០ (ប្រាំបីរយ) ដុល្លា ទៅ​ ៣០.០០០ ( បី​ម៉ឺន) បាត ស្មើនឹងប្រមាណ​(មួយពាន់) ។

រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​ឃើញមាន​​ស្ថាប័ន​ខ្មែរ​ក្រោម​ ណា​មួយ​ឧបត្ថម្ភៈឲ្យពេញលេញ ​លើក​ទឹក​ចិត្ត​ដល់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​សិក្សា​នៅ​ក្រៅ​ស្រុក ដើម្បី កាត់​បន្ថយ​ការ​បោះ​បង់​ចោល​ការ​សិក្សា​កណ្ដាលទី​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​សិក្សា​នៅ​ក្រៅ​ស្រុក​នោះឡើយ ៕