ដោយ យន់ សាមៀន | RFA Khmer
និពន្ធនាយកសារព័ត៌មានព្រៃនគរ និងជាព្រះសង្ឃខ្មែរក្រោម បានតែងកំណាព្យ និងបោះពុម្ធសៀវភៅកំណាព្យ បង្ហាញពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាម ទៅលើពលរដ្ឋខ្មែរក្រោម ដើម្បីចែកចាយឲ្យកូនខ្មែរជំនាន់ក្រោយយកទៅសិក្សា និងទុកជាឯកសារប្រវត្តិសាស្ត្រ ។ ព្រះអង្គ ធ្លាប់រងការដេញចាប់ដាក់ពន្ធនាគារ ពីសំណាក់អាជ្ញាធរនៅវៀតណាម និងកម្ពុជា ដោយសារតែព្រះអង្គ សរសេរព័ត៌មានបង្ហាញពីការពិត ចំពោះការធ្វើទុក្ខបុកម្នេញរបស់វៀតណាម មកលើពលរដ្ឋខ្មែរក្រោម ។

សៀវភៅកំណាព្យនេះ មានចំណងជើងថា “ខ្លួនទីពឹងខ្លួន” រួមមាន ៣៦ កំណាព្យ ជាស្នាដៃរបស់ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ដែលសព្វថ្ងៃគង់នៅវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ។ កំណាព្យទាំងនោះរួមមាន កំណាព្យ ទង់ជាតិខ្មែរកម្ពុជាក្រោម ជីវិតខ្មែរក្រោម ក្រោមរបបផ្តាច់ការយួន ពន្លឺសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ជាដើម ។
ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធនាយកសារព័ត៌មានព្រៃនគរ និងជាអនុប្រធាននាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ព្រះអង្គនិពន្ធកំណាព្យ និងបោះពុម្ពសៀវភៅកំណាព្យនេះឡើង ដើម្បីផ្សព្ធផ្សាយ ការពិតផ្សេងៗ ស្តីពី ការរំលោភសិទ្ធិមនុស្សខ្មែរក្រោម បង្កឡើងដោយរដ្ឋាភិបាលវៀតណាម ។ ព្រះអង្គ ចាប់ផ្ដើមតែងកំណាព្យទាំងនេះ តាំងពីឆ្នាំ ២០០៤ មក ។ ជំហានដំបូង ព្រះអង្គបានបោះពុម្ពសៀវភៅកំណាព្យនេះ ចំនួន ១០០ ក្បាល ហើយគ្រោង នឹងបោះបន្ថែមនៅកម្ពុជាទៀត នៅពេលក្រោយ ដើម្បីចែកចាយជូនពលរដ្ឋខ្មែរក្រោម ។
ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បន្តថា កន្លងមក ព្រះអង្គបានសរសេរកំណាព្យទាំងនេះ ហើយយកទៅផ្សព្វផ្សាយ តាមនៅសារព័ត៌មាន ព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម (VOKK)។ ព្រះអង្គបន្តថា ដោយសារតែ កំណាព្យទាំងអស់នោះ នៅរាត់រាយ ទើបព្រះអង្គសម្រេចប្រមូលកងចក្រជាសៀវភៅបោះពុម្ពជាសៀវភៅ ដើម្បីងាយស្រួល អ្នកចូលអាន និងទុកជាឯកសារ ។ ព្រះអង្គមានថេរដីកាថា កំណាព្យទាំងនោះ បានឆ្លុះបញ្ចាំងពីទស្សនៈ និងគំនិតរបស់ព្រះអង្គចំពោះជីវភាពរបស់ប្រជាជនខ្មែរក្រោម ជាម្ចាស់នៃស្រុកកំណើត ដែលកំពុងរស់នៅក្នុងគុកងងឹតឥតជញ្ជាំង ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម៖ «ស្នាដៃហ្នឹងទៅឲ្យប្រជាពលរដ្ឋខ្មែរក្រោមបានដឹងពី ការពិតផ្សេងៗ ដែលរដ្ឋាភិបាលវៀតណាមហ្នឹង បានធ្វើទុក្ខបុកម្នេញ ។ ម៉្យាងទៀត នៅដែនដីកម្ពុជាក្រោម ខ្មែរក្រោមគ្មានសិទ្ធិបោះពុម្ពជាសៀវភៅ»។
ព្ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជាកូនកសិករខ្មែរក្រោម ប្រសូតនៅឆ្នាំ ១៩៨១ នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ ព្រះអង្គចាប់ផ្ដើមបួសជាសង្ឃ កាលពីឆ្នាំ ១៩៩៨ រហូតក្លាយជាគ្រូបង្រៀនភាសាបាលី នៅសាលាពុទ្ធិកសិក្សា ក្នុងវត្តចម្ប៉ាបុរី នៅឆ្នាំ ២០០៤ ។ ព្រះអង្គ បានភៀសព្រះកាយពីស្រុកកំណើត ដោយសារតែអាជ្ញាធរវៀតណាម តាមចាប់ព្រះអង្គ ដោយចោទប្រកាន់ពីបទឃោសនាប្រឆាំងរដ្ឋកុម្មុយនិសវៀតណាម ។ ព្រះអង្គបន្តថា កាលនៅកម្ពុជាក្រោម ព្រះអង្គ បាននាំព្រះសង្ឃខ្មែរក្រោម អានព័ត៌មានតាមប្រព័ន្ធអ៊ិនធឹណិតរបស់សហព័ន្ធខ្មែរក្រោម និងផ្ញើព័ត៌មាន និងរូបភាពពីកម្ពុជាក្រោម ទៅសហព័ន្ធខ្មែរក្រោមនៅអាមេរិក ។ ព្រះអង្គបន្តថា អាជ្ញាធរវៀតណាម បានចាប់ផ្តើមស្វែងរកចាប់ខ្លួនព្រះអង្គ ក្រោយពេលព្រះអង្គចែកចាយសៀវភៅមានចំណងជើងថា ទុក្ខរបស់ខ្មែរក្រោម ឲ្យខ្មែរក្រោមអាន ។ ដោយសារតែ បញ្ហានេះហើយទើបបានព្រះអង្គនិមន្តមកកម្ពុជា ។ ពេលមកដល់កម្ពុជា កាលពីឆ្នាំ ២០០៥ ព្រះក៏បានចូលរួមបង្កើត សារព័ត៌មាន ព្រៃនគរ ។ ប៉ុន្តែ អាជ្ញាធរវៀតណាម មិនបានទុកឲ្យព្រះអង្គបានសុខឡើយ ។ វៀតណាមបានសហការ នឹងក្រសួងមហាផ្ទៃខ្មែរ ធ្វើទុក្ខបុកម្នេញព្រះអង្គបន្តទៀត ក្រោយពេលព្រះអង្គបានផ្សាយអត្ថបទរិះគន់វៀតណាម ករណីរំលោភសិទ្ធិមនុស្សខ្មែរក្រោម ។ ក្រោយទ្រាំនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ អាជ្ញាធរខ្មែរ មិនបាន ព្រះអង្គក៏សម្រេចព្រះទ័យចាកចេញមកសុំសិទ្ធិជ្រកកោននៅប្រទេសថៃ អស់រយៈពេលបីឆ្នាំ ទើបបានផ្លាស់ប្ដូរទីកន្លែងរស់នៅមកសហរដ្ឋអាមេរិក ។
មកដល់អាមេរិក ព្រះអង្គនៅតែបន្តធ្វើការបំរើវិស័យព័ត៌មានដល់ពលរដ្ឋខ្មែរក្រោម តាមរយៈការផ្សព្វផ្សាយព័ត៌មាន នៅតាមសារព័ត៌មានព្រៃនគរ និងកម្មវិធីសំឡេងខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅទីក្រុងសានហូហ្សេ (San Jose) ។ ព្រះអង្គ ថាច់ ប្រីជា គឿន មិនសូវបញ្ចេញព្រះភ័ក្ត្រ នៅតាមបណ្ដាញសារព័ត៌មាននោះទេ ព្រោះធ្វើការងារនៅពីក្រៅឆាក និងចេះកាត់តវីដេអូ កិច្ចសម្ភាសន៍សម្រាប់កម្មវិធីព័ត៌មានសំឡេងខ្មែរក្រោម បានយ៉ាងស្ទាត់ជំនាញ ។
ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន មានថេរដីកាទៀតថា ការតស៊ូសរសេរសៀវភៅ និងព័ត៌មានសម្រាប់ពលរដ្ឋខ្មែរក្រោមនេះ ព្រះអង្គមានមានទិសដៅតែមួយគត់គឺ ឲ្យខ្មែរក្រោមទទួលបានសិទ្ធិជាជនជាតិដើមកំណើតនៅកម្ពុជា៖ «រាល់ថ្ងៃធ្វើព័ត៌មាន សរសេរអត្ថបទគ្រប់បែបយ៉ាងបោះពុម្ព ។ យើងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរក្រោមគ្រប់រូប បានយល់សិទ្ធិរបស់ខ្លួន» ។
ព្ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន មិនទាន់បញ្ចប់ការសរសេររបស់ព្រះអង្គនៅឡើយទេ ។ ព្រះអង្គកំពុងសរសេរសៀវភៅមួយចំនួនទៀត ដូចជា សៀវភៅមានចំណងជើងថា សិទ្ធិសម្រេចវាសនាដោយខ្លួនឯង សៀវភៅ តម្រាជីវិត និងប្រវត្តិផ្ទាល់ខ្លួនជាដើម៕