អត្ថបទ​ប្រវត្តិសាស្ត្រ ស្តីពី «​ខ្មែរ​កម្ពុជា​ក្រោម នៅ​ស្រុក​ជ្រោ​យញ ក្រោក​ឡើង​ប៉ះ​បោរ​ប្រឆាំង​និង​រដ្ឋអំណាច​យួន​កុ​ម្មុយ​និ​ស្ត​»

ដោយ គឹម សាវតា

​ថ្ងៃ ៣០ ខែមិថុនា ឆ្នាំ ២០២៣ នេះ​  ជា​ថ្ងៃ​គម្រប់​ខួប ៤៨ ឆ្នាំ ថ្ងៃ​ដែល​ខ្មែរក្រោម ក្រោក​ឡើង​បះបោរ​ប្រឆាំង និង​រដ្ឋអំណាច​យួន​កុ​ម្មុយ​និ​ស្ត នៅក្នុង​ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង ដែល​កើតឡើង នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៧៥ ។​

ពលរដ្ឋខ្មែរក្រោម នៅស្រុកជ្រោយញ ខេត្តឃ្លាំង ពិការភ្នែក ដោយសារឥទ្ធិពលខ្ទឹមក្រហម ដែលពួកគាត់ដាំ។ រូបៈ​ Internet
ពលរដ្ឋខ្មែរក្រោម នៅស្រុកជ្រោយញ ខេត្តឃ្លាំង ពិការភ្នែក ដោយសារឥទ្ធិពលខ្ទឹមក្រហម ដែលពួកគាត់ដាំ។ រូបៈ​ Internet

​ព្រឹត្តិការណ៍ ដែល​កើតឡើង នៅ​ថ្ងៃទី ៣០ ខែមិថុនា មានដូចជា​៖

​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​យួន​កុ​ម្មុយ​និ​ស្ត បានឈ្នះ​សង្គ្រាម​លើ​កងទ័ព​វៀតណាម​ខាងត្បូង និង​បាន​ត្រួតត្រា​លើ​ដែនដី​កម្ពុជា​ក្រោម​ទាំងស្រុង​។ ពេល​បាន​គ្រប់គ្រង និង​ត្រួតត្រា​លើក​ដែនដី​កម្ពុជា​ក្រោម ទាំងស្រុង រដ្ឋអំណាច​យួន​បាន​ប្រើ​អំណាច​ផ្ដាច់ការ មាន​ច​រឹត​សាហាវព្រៃផ្សៃ ដែល​មិន​អាចមាន​ទំនុក​ចិត្តបាន ដូចជា​៖

១. ពួកគេ​បាន​ចាប់​ខ្មែរក្រោម ដែលជា​អតីត​ទាហាន មន្ត្រី​រដ្ឋការ​ក្នុង​របប​យួន​សេរី​ទៅ​ដាក់ពន្ធនាគារ ដោយ​ប្រើពាក្យ​ថា ទៅ​រៀនសូត្រ ឬ​កែប្រែ ហើយ​មិន​អនុញ្ញាតិ​ឱ្យ​ក្រុមគ្រួសារ​បានដឹង ពី​កន្លែង​ឃុំខ្លួន និង​មិនឱ្យ​ផ្ញើ​ម្ហូបចំណី​ទៅជូន​ឡើយ ។​

២. នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ១៩៧៥ កងកម្លាំង​រដ្ឋអំណាច ឃុំ​ទឹកសាប សហការ​ជាមួយ​កម្លាំង​រដ្ឋអំណាច​យួន​កុ​ម្មុយ​និ​ស្ត ស្រុក​ជ្រោ​យញ បាន​ចូលទៅ​សម្រាត​ស្បង់​ចីពរ​ព្រះសង្ឃ នៅក្នុង​វត្ត​ព្រៃ​ជាប់​យ៉ាង​កាច​សាហាវ និង​ចាប់​ព្រះសង្ឃ ៦ អង្គ​ក្នុង​វត្ត​នេះ ក្នុង​គោលបំណង​យកទៅ​ឃុំ​ព្រះកាយ​នៅ​ពន្ធនាគារ ដោយ​ចោទ​មួលបង្កាច់​ថា មាន​និន្នាការ​គាំទ្រ​ចលនា​ខ្មែរ​សេរី របស់លោក សឺ​ន ង៉ុ​កថា​ញ់ ។​

៣. ព្រះសង្ឃ​ជា​ថ្នាក់ដឹកនាំ នៅ​ដែនដី​កម្ពុជា​ក្រោម ដូចជា​ព្រះតេជព្រះគុណ គីម សាង នាយក​គណៈ​ព្រះពុទ្ធសាសនា​ថេរវាទ ព្រះតេជព្រះគុណ ថាច់ ង៉ោ​ស សង្ឃនាយក​គណៈ​ពុទ្ធសាសនា​ខេ​មរ​និកាយ ព្រះតេជព្រះគុណ ថាច់ រាជ ព្រះ​មេគណ​គណៈ​ថេរវាទ ព្រះតេជព្រះគុណ ងោ ស៊ីវ ព្រះ​មេគណ​គណៈ​ខេ​មរ​និកាយ​ខេត្ត​ព្រះ​ត្រពាំង និង​ព្រះតេជព្រះគុណ ថាច់ ពេជ្រ អគ្គលេខាធិការ​គណៈ​ខេ​មរ​និកាយ ជាដើម ក៏ត្រូវ​បាន​យួន​គម្រាមកំហែង និង​រក​លេស​ចោទប្រកាន់​ពីបទ​មាន​ស្វាមី​ភ័ក្ត្រ​ជាមួយ​រដ្ឋការ ង្វៀន វ៉ាន់​ធី​វ​  និង​ចលនា​ខ្មែរ​សេរី​  របស់លោក សឺ​ន ង៉ុ​កថា​ញ់ ក្នុង​គោលដៅ​ចាប់​ផ្សឹក​យកទៅដាក់​ពន្ធនាគារ ។​

៤. គេ​បាន​យកពន្ធ​ដារ​ជា​ស្រូវ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ស្ទើ​តែ​អស់ពី​ជង្រុក​ក្នុង​មួយ​ផ្ទះៗ ។​

​ដោយ​ព្រឹត្តិការណ៍ បាន​កើតឡើង​ផ្ទួនៗ ដូច​បាន​រៀបរាប់​ខាងលើ​នេះហើយ ធ្វើឱ្យ​ខ្មែរក្រោម ជាពិសេស​ខ្មែរក្រោម នៅ​ខេត្ត​ពល​លាវ និង​ស្រុក​ជ្រោ​យញ លែងមាន​ជំនឿ​ទាំងស្រុង​ទៅលើ​រដ្ឋអំណាច​កុ​ម្មុយ​និ​ស្ត​យួន និង​ត្រៀម​ស្មារតី ដើម្បី​បះបោរ​ប្រឆាំង​តទល់​ជាមួយនឹង​រដ្ឋអំណាច​យួន​កុ​ម្មុយ​និ​ស្ត​វិញ ។​

​ទស្សនៈ​ក្រោក​ឡើង​បះបោរ​ទាំងនោះ បានកើត​ឡើង​ពី​បង​ប្អួ​ន​ខ្មែរក្រោម​មួយចំនួន ដូចជា​  លោក ត្រឹង ហាយ​ទី លំនៅ​ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំ​ស្មែ​ត (​វិញ​ត្រាច់​) ស្រុក​ពល​លាវ (​វិញូ​ឡើយ​) ខេត្ត​ពល​លាវ ។ លោក ត្រឹង ឡី មាន​ស្រុកកំណើត ដូចខាងលើ  ​និង​លោក ទ្រឿ​ង ឃៀន ស្រុកកំណើត នៅក្នុង​ភូមិ​ព្រៃ​ជាប់ ឃុំ​ទឹកសាប​(​ឡាយ​ហ្វា​) ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង លោក ទ្រី​វ សាង ហៅ​ឡាក់​  នៅក្នុង​ឃុំ​ដើមត្នោត ឃុំ​ព្រែ​កតា​មុំ (​វិញ ភឿ​ក​) ស្រុក​ជ្រោ​យញ​ជាដើម ។​

​ទន្ទឹមពេល ដែល​ខ្មែរក្រោម​មាន​ផែនការ​ក្រោក​ឡើង​បះបោរ​នេះ ខ្មែរក្រោម​ក្នុង​ខេត្ត​ពល​លាវ និង​ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង ក៏បាន​ស្វះ​ស្វែងរក​ប្រភព​ជា​បង្អែក​សម្រាប់​ការតស៊ូ​នេះដែរ​។ ពេលនោះ យើង​បានទទួល​ព័ត៌មាន​ថា មាន​ចលនា​មួយ​ឈ្មោះ​«​ចលនា​តស៊ូ​ខ្មែរ​កម្ពុជា​ក្រោម​» ដឹកនាំ​ដោយ​លោក ម៉ៅ យឺន ហៅ​អាចារ្យ​ខ្លង លោក ចៅ ចូ​យ និង​លោក អ៊ុត ប៉ែន​តារា ដែលមាន​ទីតាំង​នៅក្នុង​វត្ត​កុ​ច្ឆ​រោ​ឥសី​សុទ្ធ នៅ​ខេត្ត​មាត់ជ្រូក ដែលមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ របស់​ខ្មែរក្រហម​នៅ​កម្ពុជា​ទៀតផង ។​

​រីឯ​ទំនាក់ទំនង​នោះ គឺជា​ភារកិច្ច​របស់លោក ត្រឹង ហាយ​  និង​លោក ត្រឹង ឡី ទាំងស្រុង ។ ប៉ុន្តែ ការទំនាក់ទំនង​នោះ មានការ​លំបាក​ជាច្រើន ព្រោះ​ក្រោយពេល​ពួក​កុ​ម្មុយ​និ​ស្ត​បានឈ្នះ​សង្គ្រាម​លើ​ពួក​យួន​សេរី​នោះមក ការធ្វើដំណើរ​ទូទាំងប្រទេស​វៀតណាម ជាពិសេស​ក្នុង​ដែនដី​កម្ពុជា​ក្រោម ត្រូវ​រឹតត្បិត​យ៉ាងខ្លាំង ព្រោះ ទីមួយ ក្នុងពេលនោះ មិនមាន​ទូរស័ព្ទ​ទំនាក់ទំនង​ទេ ទី​ពីរ ប្រភព​ថវិកា​ក៏​ពុំមាន ដូច្នេះ ការទំនាក់ទំនង​គ្នា ធ្វើឡើង​តាម​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ទោចក្រយានយន្ត​(​ម៉ូតូ​) ដែលមាន​តិចតួចស្ដួចស្តើង និង​ដោយ​ថវិកា​ផ្ទាល់ខ្លួន ។​

​ដូច្នេះ ព័ត៌មាន​ដែល​ទទួលបាន​មាន​ភាពយឺតយ៉ាវ មាន​ភាពមិនច្បាស់លាស់​  សម្បូរ​ទៅដោយ​ព័ត៌មាន​បំប៉ោង និង​ព័ត៌មាន​ច​ចាម​អារាម​ភាគច្រើន ដែលជា​ហេតុ​ធ្វើឱ្យ​ការតស៊ូ មិន​ទទួលបាន​លទ្ធផល និង​ទីបំផុត​ត្រូវ​ទទួល​បរាជ័យ ។​

​ថ្ងៃ​ក្រោក​ឡើង​បះបោរ​ប្រឆាំង​យួន​ចូល​មកដល់​

​នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​១៩៧៥ ត្រូវ​នឹង​ថ្ងៃទី ៨ រោជ ខែជេស្ឋ ឆ្នាំថោះ ស​ប្ថ​ស័ក ព​. ស​. ២៥២៨  ​គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ខេត្ត​ពល​លាវ រួមទាំង​ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង ត្រូវ​ក្រោក​ឡើង​បះបោរ​ប្រឆាំងនឹង​យួន​កុ​ម្មុយ​និ​ស្ត ដោយ​សង្ឃឹម​ពឹង​ផ្អែកលើ​កម្លាំងយោធា​រប​ស់​ចលនា​តស៊ូ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ទីតាំង​នៅក្នុង​វត្ត​កុ​ច្ឆ​រោ​ឥសី​សុទ្ធ ក្នុង​ខេត្ត​មាត់ជ្រូក ។ ប៉ុន្តែ អាស្រ័យ​ដោយ​ទំនាក់ទំនង​គ្នា​មិន​ច្បាស់លាស់ ទើប​ការ​ងើបឡើង​នោះ ពុំបាន​ព្រមៗ គ្នា​ឡើយ គឺ​កម្លាំង​ក្នុង​ខេត្ត​ពល​លាវ​ទាំងមូល និង​កម្លាំង​ក្នុង​ឃុំ ទឹកសាប ស្រុក​ជ្រោ​យញ មិនបាន​ត្រៀមលក្ខណៈ​នៅឡើយ ។ ឃុំ​បួន ផ្សេងទៀត គឺ ឃុំ ស្វាត (​ឡាយ ហ្វា​) បាន​ក្រោក​ឡើង​មុនគេ ដោយ​ធ្វើ​សកម្មភាព​ប្រយុទ្ធ ដែល​មានតែ​កាំបិត​ដង​វែង ដាវ និង​គ្រាប់បែកដៃ​ខ្លះៗ ដែល​អ្នកជា​អតីត​ទាហាន​ក្នុង​ជួរ​យួន​សេរី​បាន​លាក់ទុក​ ហើយ​សម្រុក​យកបាន​ទីតាំង​សាលាឃុំ​ស្វាត នៅវេលា​ម៉ោង ៥ ទៀបភ្លឺ ។ ឯ​ឃុំ​តា​ទាវ ចាប់ផ្ដើម​វាយ​សម្រុកចូល​សាលាឃុំ​វេលា​ម៉ោង ៦ ភ្លឺ ។ ចំណែក​ខ្មែរក្រោម នៅក្នុង​ឃុំ​ជ្រោ​យញ ចាប់ផ្ដើម​វាយ​សម្រុកចូល​សាលាស្រុក​ជ្រោ​យញ នៅវេលា​ម៉ោង ៧ ព្រឹក ។ ទន្ទឹម​នោះ ខ្មែរក្រោម​នៅ​ឃុំ​ព្រែ​កតា​មុម ក៏​កំពុងតែ​សម្រុកចូល​ដណ្ដើម​កាន់កា​ប់​ឃុំ​ផងដែរ ។​

ចំណែក​ខ្មែរក្រោម ដែល​នៅក្នុង​ឃុំ​ទឹកសាប និង​ខ្មែរក្រោម នៅក្នុង​ឃុំ​ស្មែ​ត ស្រុក​ពល​លាវ ខេត្ត​ពល​លាវ មិនបាន​ដឹង​ពី​ការ​ក្រោក​ឡើង​បះបោរ​របស់​ឃុំ​ទាំង ៤ នោះទេ លុះដល់​ម៉ោង ៩ ព្រឹក ទើប​ទទួលបាន​ព័ត៌មាន​នោះ​។ ពេលនោះ​ទើប​ភិក្ខុ តាំង សារៈ និង​ភិក្ខុ ត្រឹង ម៉ា​នន​រិ​ន ដែល​ទទួលបន្ទុក​ជា​មេបញ្ជាការ ភូមិ​ព្រៃ​ជាប់​អា និង​ភូមិ​ព្រៃ​ជាប់​បេ ។ លោក សឺ​ន ឌិន មេបញ្ជាការ​ភូមិ​ឈូង​ធំ និង​លោក ថា​ង់ ងី​ម មេបញ្ជាការ​ភូមិ​ផ្នោ​ពោន បាន​ដឺ​ក​នាំ​កម្លាំង​មក​ប្រមូលផ្ដុំ នៅ​ក្នង​វត្ត​ទេពា​រាម​ព្រៃ​ជាប់ នៅវេលា​ម៉ោង ១០ ព្រឹក តែ​មុននឹង​ចេញ​ប្រយុទ្ធ​តតាំង​ជាមួយ​កងកម្លាំង​កុ​ម្មុយ​និ​ស្ត​យួន ក៏បាន​ចាត់​ឱ្យ​មនុស្ស​ទៅ​ស៊ើបការណ៍​ពី​ស្ថានភាព​នៃ​កងកម្លាំង​បះបោរ​នៅ​ឃុំ​ទាំង ៤ ជាមុនសិន ។​

​នៅវេលា​ម៉ោង ប្រមាណ​ជា ១១ ព្រឹក អ្នកស៊ើប​ការណ៍​បានឱ្យដឹងថា កម្លាំង​បះបោរ​នៅក្នុង​ឃុំ​ទាំង ៤ ត្រូវ​បរាជ័យ ហើយ​កងកម្លាំង​យួន​កុ​ម្មុយ​និ​ស្តបា ន​ចាប់ផ្ដើម​ចងស្លាបសេក​យកទៅដាក់​គុក​ជា​បណ្ដើរៗ​  និង​ចាប់ផ្ដើម​ផ្សឹក​ព្រះសង្ឃ នៅក្នុង​វត្ត​មួយចំនួន​ដូចជា វត្ត​តាសេក វត្ត​តាំងយូ វត្ត​ក្រសាំង វត្ត​ដើមអម្ពិល ជាដើម ។ ចំណែក​វត្ត​ព្រៃ​ជាប់​ឯនោះ​វិញ កងទ័ព​យួន​កុ​ម្មុយ​និ​ស្ត កំពុងធ្វើដំណើរ​ជិត​ចូលមក​ដល់​នៅ​ចម្ងាយ​ប្រមាណ​ជាមួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។​

​ដោយ​មើលឃើញថា ស្ថានភាព​មិនអាច​ធ្វើកា​របះ​បោរ​តទៅទៀតបាន ភិក្ខុ តាំង សារៈ និង​ភិក្ខុ ត្រឹង ម៉ា​នន​រិ​ន បាន​និមន្ត​ទៅ​ជួប​មេបញ្ជាការ​យួន​កុ​ម្មុយ​និ​ស្ត ធ្វើការ​ចរចារ​គ្នា​នៅ​ពាក់​កណ្ដាលផ្លូវ ដោយ​ប្រាប់​ទៅ​មេបញ្ជាការ​យួន​កុ​ម្មុយ​និ​ស្ត​ថា ខ្មែរក្រោម​នៅក្នុង​ភូមិ​ទាំង ៤ គឺ​ភូមិ​ព្រៃ​ជាប់​អា ព្រៃ​ជាប់​បេ ឈូង​ធំ និង ភូមិ​ផ្នោ​ពោន ពុំមាន​គម្រោង​ក្រោក​ឡើង​បះបោរ​នោះទេ ដូច្នេះ សូម​លោក​ដក​កងទ័ព​របស់​លោក​ត្រឡប់​ទៅវិញ ចៀសវាង​មាន​ព្រឹត្តិការណ៍​មិនល្អ​កើតឡើង​។ មេបញ្ជាការ​រូបនោះ ក៏​យល់ព្រម​ដោយ​ឱ្យ​ព្រះសង្ឃ ២ អង្គ​នេះ ទទួលខុសត្រូវ​ចំពោះ​ព្រឹត្តិការណ៍​មិនល្អ​កើតមាន​ជាយថាហេតុ ។ ភិក្ខុ តាំង សារៈ និង​ភិក្ខុ ត្រឹង មាន់​ន​រិ​ន បាន​សន្យាថា នឹង​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​ហេតុការណ៍​ទាំងឡាយ​នោះ ។​

​ដូច្នេះ​ការ​ក្រោក​ឡើង​តស៊ូ​បះបោរ ប្រឆាំងនឹង​អាជ្ញាធរ​យួន​កុ​ម្មុយ​និ​ស្ត​របស់​ខ្មែរក្រោម​ស្រុក​ជ្រោ​យញ​  ខេត្ត​ឃ្លាំង បានបញ្ចប់​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​១៩៧៥ បន្ទាប់ពី​កងកម្លាំង​របស់​យួន បាន​ដក​ចេញពី​ការឡោមព័ទ្ធ​វត្ត​ព្រៃ​ជាប់ ។​

ជា​លទ្ធផល​

១. ក្នុងនោះ កងទ័ព​របស់​យួន​កុ​ម្មុយ​និ​ស្ត ត្រូវស្លាប់​តិចតួច​បំផុត ។ ចំណែក​កងកម្លាំង​តស៊ូ​របស់​ខ្មែរ​កម្ពុជា​ក្រោម មិនមាន​របួស និង​ស្លាប់​ឡើយ​។​

២. ខ្មែរក្រោម រួមទាំង​ព្រះសង្ឃ​រាប់រយ​នាក់ ត្រូវបាន​អាជ្ញាធរ​យួន​កុ​ម្មុយ​និ​ស្ត​ចាប់​ផ្សឹក និង​បញ្ចូនទៅ​ដាក់ពន្ធនាគារ ។ ក្នុងនោះ ព្រះចៅអធិការ​វត្ត ៤ ព្រះអង្គ​ត្រូវបាន​អាជ្ញាធរ​យួន​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ រួមមាន ទីមួយ​ព្រះមហា សឺ​ន ឈូ​ន ព្រះចៅអធិការ​វត្ត​មុនី​សាគរ​ដើមអម្ពិល ឃុំ​ព្រែ​កតា​មុម និង​ជា​អគ្គលេខាធិការ​សាលា​គណ​ខេត្ត​ពល​លាវ ទី​ពីរ​ព្រះគ្រូ ថាច់ សា​វេត ហៅ​ឌឿ ព្រះចៅអធិការ​វត្ត​ពេជ្រ​មង្គល ឃុំ​ព្រែ​កតា​មុម​  និង​ជា​លេខាធិការ​ផ្ទាល់​ព្រះ​មេគណ​ខេត្ត​ពល​លាវ ទី​បី​ព្រះតេជព្រះគុណ គីម ព្រហ្ម ចៅអធិការ​វត្ត​សេរី​តាសេក ឃុំ​ស្វាត និង​ជា​ព្រះ​វិន័យ​ធម៌​ព្រះ​មេគណ​ខេត្ត​ពល​លាវ ទី​បួន​ព្រះគ្រូ ឡឹម ព្រហ្ម ព្រះចៅអធិការ​វត្ត អម្ពវ័ន​ស្វាយ​កោង ឃុំ​ស្វាត ។​

​ចំណែក​ព្រះសង្ឃ ដែល​ត្រូវបាន​អាជ្ញាធរ​យួន​ចាប់​ផ្សឹក​ច្រើនជាងគេ គឺ​វត្ត​ដើមអម្ពិល វត្ត​សិរី​ក្រសាំង និង​វត្ត​សិរី​តាសេក ។​

​ថ្វីបើ​ការតស៊ូ​ទទួល​ត្រូវ​បរាជ័យ​  ប៉ុន្តែ លទ្ធផល​ទទួលបាន គឺ​បង្ខំចិត្ត​រដ្ឋអំណាច​យួន​កុ​ម្មុយ​និ​ស្ត​យល់​ព្រមឱ្យ​ក្រុមគ្រួសារ​នៃ​ទាហាន និង​អ្នករដ្ឋការ​ចាស់ ដែល​ជាប់ពន្ធនាគា​របា​ន​ជួប​មុខ និង​ផ្ញើ​អាហារ ដូចជា​ធម្មតា​វិញ​៕