ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោម នៅប្រទេសអូស្ត្រាលី បាននាំគ្នាប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី ៧២ ឆ្នាំ ២០២០ នេះ ។ ពួកគេចាត់ទុកថា ការរំឭកទិវានេះ ជាឱកាសមួយ ដើម្បីជំរុញឲ្យពលរដុ្ឋខ្មែរក្រោម នៅក្នុងស្រុក និងក្រៅប្រទេស ខិតខំប្រឹងប្រែងតទៅមុខទៀត ដើម្បីតស៊ូមតិទាមទារឲ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់សិទ្ធិខ្មែរក្រោម ដែលជាសិទ្ធិមូលដ្ធានរបស់មនុស្សជាតិ ។ ពួកគេថ្លែងថា ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ជាទិវាសម្រាប់មនុស្សជាតិទូទាំងពិភពលោក ក្នុងនោះ ក៏មានខ្មែរក្រោម ផងដែរ ។ យ៉ាងនេះក្តី ខ្មែរក្រោមលើកឡើងថា បើទោះជាពិភពលោកមានសេចក្តីថ្លែងការណ៍ ស្ដីពីសិទ្ធិមនុស្សអន្តរជាតិរយៈពេល ៧២ ឆ្នាំមកហើយក៏ដោយ ប៉ុន្តែ រហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរក្រោម នៅតែគ្មានសិទ្ធិសេរីភាពឡើយ ។

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យទី ៦ ខែធ្នូ សប្តាហ៍កន្លងទៅនេះ បានជួបជុំគ្នាប្រារព្ធខួបលើកទី ៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ។ ការប្រារព្ធពិធីនេះ គឺក្នុងបំណង ដើម្បីចូលរួមអបអរសាទរខួបលើកទី ៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី ១០ ខែធ្នូ ផង និងដើម្បីលើកឡើង ពីការរំលោភសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម ផង ។
ពិធីជួបជុំនេះ បានធ្វើឡើងនៅវត្តរតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលមានពលរដ្ឋខ្មែរ និងខ្មែរក្រោម ជិត ៥០ នាក់ចូលរួម ។
នៅក្នុងពិធីនោះ តំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមរដ្ឋនានានៃប្រទេសអូស្ត្រាលី បានឡើងថ្លែងម្តងម្នាក់ៗ ដោយចាត់ទុកទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ថា ជាទិវាលើកកម្ពស់ការយល់ដឹង និងតស៊ូមតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯងរបស់ជនជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅក្រោមអាណានិគមរបស់វៀតណាម ។
ពលរដ្ឋខ្មែរក្រោម ដែលចូលរួមនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅប្រទេអូស្ត្រាលី លើកឡើងស្រដៀងៗ គ្នាថា ចាប់តាំងពីដែនដីកម្ពុជាក្រោម ត្រូវបានបារាំង កាត់ប្រគល់ឲ្យប្រទេសវៀតណាម គ្រប់គ្រងពីឆ្នាំ ១៩៤៩ មក ខ្មែរក្រោម បានទទួលរងនូវភាពអយុត្តិធម៌ ការឈឺចាប់ និងគ្មានសិទ្ធិសេរីភាពឡើយ ។
លោក ទៀ ថេន ទីប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាវាគ្មិនម្នាក់ នៅក្នុងពិធីនោះ បានថ្លែងអំពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរងការរំលោភសិទ្ធិមនុស្ស គ្មានសិទ្ធិសេរីភាព ក្នុងការគោរព និងអនុវត្តទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ខ្វះសេរីភាពក្នុងជំនឿ និងប្រតិបត្តិសាសនា ព្រមទាំងការប្រឈមជាច្រើនផ្សេងទៀត ដូចជា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការទទួលបានព័ត៌មាន និងសេរីភាពក្នុងការដើរហើរដោយសេរី ជាដើម ។

លោក ទៀ ថេន ក៏បានលើកឡើង ពីស្ថានភាពសិទ្ធិមនុស្សរបស់ខ្មែរក្រោម ដែលបានកើតឡើង នៅពេលថ្មីៗ ទៅដល់អ្នកចូលរួមផងដែរ ។ លោកកត់សម្គាល់ឃើញថា ការធ្វើទុក្ខបុកម្នេញថ្មីៗ នេះ តាមរយៈការកោះហៅការកោះពលរដ្ឋខ្មែរក្រោម ទៅសាកសួរ ដោយគំរាមកំហែងសម្លុតបំភ័យ និងពិន័យប្រាក់ជាដើម ដែលនេះ លោកចាត់ថា ជាអំពើរំលោភច្បាប់ និងសិទ្ធិមកលើខ្មែរក្រោម ។
គួរជម្រាបជូនថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១០ ធ្នូ ឆ្នាំ ១៩៤៨ ។ សេចក្ដីប្រកាសនេះ បានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សទាំងអស់ ទាំងស្ត្រី និងបុរស នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក ដោយមិនមានការរើសអើងអ្វីទាំងអស់ ។ ចាប់តាំងពីត្រូវបានអនុម័តនៅឆ្នាំ១៩៤៨ រួចមក សេចក្ដីប្រកាសនេះ ត្រូវចាត់ទុកថា ជាបទដ្ឋានសាកលមួយនៃសមិទ្ធផលរបស់មនុស្សគ្រប់ប្រជាជាតិទាំងអស់ ។
ចាប់តាំងពីបានសិទ្ធិគ្រប់គ្រងពីបារាំងមក រដ្ឋាភិបាលនៃបក្សកុម្មុយនិសវៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា ភាសា និងប្រពៃណី ទំនៀមទម្លាប់ ។ រដ្ឋាភិបាលវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញ ដោយចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ ដើម្បីកុំឲ្យងើបឡើង ទាមទារសិទ្ធិជាជនជាតិដើមម្ចាស់ស្រុក ។ ដោយសារតែពួកគេមិនអាចទ្រាំបាន នឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ពលរដ្ឋខ្មែរក្រោម ជាច្រើនរយនាក់ បានភៀសខ្លួនមករស់នៅលើទឹកដីកម្ពុជា ។ ចំណែកពលរដ្ឋខ្មែរក្រោម ខ្លះទៀត ក៏បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទីបី ផងដែរ ។
កាលពីដើមឆ្នាំ ២០២០ សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់ចេញនូវយុទ្ធសាស្ត្រ ទាមទារសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោម នៅដែនដីកំណើត ទៅថ្ងៃអនាគត ។ ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏កំពុងតែពង្រីក និងពង្រឹងសមត្ថភាពសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមប្រទេសនានា បន្ថែមទៀតផងដែរ ៕