សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ចាត់ទុកថា ការកោះហៅ​ខ្លួន​ទៅ​សួរនាំ ជាការ​សងសឹក​

ដោយ គឹម សាវតា

យុវជន​សកម្ម​ក្នុង​ការងារ​សង្គម​គឺ​លោក ថា ច់​  កឿង​  នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មករា​  បាន​ចូលខ្លួន​ទៅ​  បំភ្លឺ​  តាម​ការកោះហៅ​របស់​អា​ជ្ញា​ធរ វៀតណាម​ស្រុក ផ្នោ​ដាច់ ក្នុង​ខេត្ត​ព្រះ​ត្រពាំង​ពាក់ព័ន្ធ​នឹង​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ការកោះហៅ​ទៅ​សាកសួរ​នេះ ធ្វើឡើង​ក្រោយពេល​រូបលោក និង​ពលរដ្ឋ​ខ្មែរក្រោម​រួមទាំង​ព្រះសង្ឃ​ប្រមាណ​ជិត​២០​អង្គ និង​រូបតំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មកពី​ស្រុក​ចំនួន​   ៥   រួម មានស្រុក មាត់សមុទ្រ ស្រុក ផ្នោ​ដាច់​  ស្រុក កញ្ចោង ស្រុក ថ្កូវ និង​ស្រុក​កំពង់​ស្ពាន​   នៃ​ខេត្ត​ព្រះ​ត្រពាំង កាលពី​ថ្ងៃទី​   ២ ៤  ខែ មករា​   បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​   និង ចូលរួម​បច្ច័យ​កសាង​សាលាឆទាន​មួយ​នៅ ភូមិ ក​ន្រែ​ង​  ស្ថិតនៅ​ទឹកដី ខេត្ត លង់ ហោរ ទី​ដែល​អាជ្ញាធរ វៀតណាម​   បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ខេត្ត​មួយ​នេះ​មិន​ឲ្យ​កសាង សាលាឆទាន​ដែល​ពលរដ្ឋ​ខ្មែរក្រោម​   បាន សាងសង់​ជិត​រួចរាល់​ទៅហើយ ។​  បន្ទាប់ពី​ចូលទៅ​ជួប​សមត្ថកិច្ច តាម​ការកោះហៅ​រួច លោក​ចាត់ទុកថា ករណីនេះ ជាការ​សងសឹក ចំពោះ​អី្វ​មួយ ដែល​លោក​បានធ្វើ​សកម្មភាព​កន្លងមក ដើម្បី​ជា​ផលប្រយោជន៍​ដល់​ខ្មែរក្រោម ។

យុវជន ថាច់ កឿង និងលិខិតកោះហៅរបស់អាជ្ញាធរយួន នៅស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង
យុវជន ថាច់ កឿង និងលិខិតកោះហៅរបស់អាជ្ញាធរយួន នៅស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ។ រូបៈ ហ្វេសប៊ុក ថាច់ កឿង

បន្ទាប់ពី​បញ្ចប់​ការសាកសួរ​ពី​អាជ្ញាធរ ប្រមាណ​ជិត ៥ ម៉ោង លោក ថាច់ កឿង បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា លោក​បាន​បកស្រាយ​បំភ្លឺ​ទៅ​អាជ្ញាធរ​វៀតណាម អំពី​ការផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម នៅពេលដែល​លោក​បាន​ទៅដល់​សាលាឆទាន ដែល​ពលរដ្ឋ​ខ្មែរក្រោម បាន​សាងសង់​ជិត​រួចរាល់ នៅក្នុង​ភូមិក​ន្រែ​ង ថា លោក​មិនបាន​និយាយ​អ្វី​ប៉ះពាល់​ដល់​រដ្ឋាភិបាល​វៀ​ត​ណា​ម​នោះទេ ពោលគឺ​គ្រាន់​តែមាន​ពាក្យសំដី​ខ្លះ​ធ្វើ​ឲ្យ​អាជ្ញាធរ នៅ​តំបន់​នោះ​មិន​សប្បាយចិត្ត​ប៉ុណ្ណោះ ។ លោក​ចាត់ទុកថា ការកោះហៅ​នេះ​គឺ គ្រាន់​ជាការ​សងសឹក ដែល​លោក​ក្នុងនាម​ជា​យុវជន​ខ្មែរក្រោម​មួយរូប ចេះ​ជួយ​ឈឺឆ្អាល​រឿង​សង្គម​ខ្មែរក្រោម និង​បាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម ជាដើម ។​

​លោក ថាច់ កឿង «ការកោះហៅ​ហ្នឹង​ជាការ​គំនុំ​គុំ​គួ​ន ចង់​សងសឹក ។ ទី ១ ចង់​សងសឹក ទី ២ ចង់​គំរាម ដែលថា​សមាគម (​សមាគម​កូន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ដែល​លោក​បង្កើត ) មិនបាន​ដាក់​ញត្តិ​សុំ​គេ ទី ៣ ទៅ​ការដាក់​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​ប៉ះពាល់​ដល់​រដ្ឋអំណាច​វៀ​ត​ណា​ម»

​តែ​ទោះជា​យ៉ាងណា​លោក ថាច់ កឿង អះអាងថា លោក​មិនមាន​ការភ័យខ្លាច​នោះទេ នៅ​បន្តការងារ​សង្គម​ទាំងនោះ ព្រោះថា វា​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវ​ទទួលបាន ។​

​ព្រះតេជព្រះគុណ គឹម សំ​រិន្ទ ដែល​បានរួម​ដំណើរ​ទៅកាន់​សាលាឆទាន នៅក្នុង​ភូមិក​ន្រែ​ង​ដែរនោះ មានបន្ទូលថា ព្រះអង្គ​បាន​ចាក​ចេញពី​សាលាឆទាន​នោះ ក្រោយ​លោក ថាច់ កឿង ប៉ុន្តែ ព្រះអង្គ​ក៏ត្រូវ​អាជ្ញាធរ​ឃាត់​សាកសួរ​តាមផ្លូវ​ផងដែរ ខណៈដែល​ព្រះអង្គ​ធ្វើដំណើរ​ត្រឡប់មកវិញ​តាម​ម៉ូតូ ហើយ​ប្រសិនបើ​ព្រះអង្គ នៅ​បន្តដំណើរ​ជាមួយ​លោក ថាច់ កឿង នោះ ព្រះអង្គ​ក៏​នឹងត្រូវ​អាជ្ញាធរ​កោះហៅ​ដូចគ្នា ។​

​ព្រះតេជព្រះគុណ​គឹម សំ​រិន្ទ «តាម​អាត្មា​គិត​បើ​អាត្មា​ត្រឡប់មក​ជាមួយ​ញាតិ​ញោម វា​ធ្វើទុក្ខ​ហើយ ប៉ុន្តែ ដោយ​អាស្រ័យ​មិនឃើញ​កន​អាត្មា​អញ្ចឹង វា​គ្រាន់តែ​រារាំង​ប្រហែល​ជាជាង​កន្លះ​ម៉ោង​អីហ្នឹង​» ។​

​លោក​បណ្ឌិត សឺ​ន ជុំ​ជួន ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ មានប្រសាសន៍ថា ការដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ពី​ខេត្ត​ផ្សេង ទៅធ្វើ​បុណ្យ នៅ​សាលាឆទាន ដែល​ពលរដ្ឋ​ខ្មែរក្រោម បាន​សាងសង់​ជិត​រួចរាល់ នៅក្នុង​ភូមិក​ន្រែ​ង​នោះ គឺជា​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ខ្មែរក្រោម ផ្នែក​ជំនឿ និង​សាសនា ។​

​លោក​បណ្ឌិត សឺ​ន ជុំ​ជួន​ «សកម្មភាព​របស់​ព្រះសង្ឃ​ក្តី របស់​យុវជន​ក្តី គឺជា​សកម្ម​ភាពមិន​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់​នោះទេ ហើយ​មិន​ផ្ទុយ​នឹង​គោលការណ៍​សិទ្ធិមនុស្ស​ទេ វា​ជា​សិទ្ធិ​របស់​ពួកគាត់​ក្នុងការ​ចូលរួម​វិភាគទាន​កសាង​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​» ។​

​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ចៅ សេរី មើលឃើញថា ការដែល​អាជ្ញាធរ មាន​សមត្ថកិច្ច​វៀតណាម ទៅ​ធ្វើទុក្ខបុកម្នេញ ទាំង​ដែល​ពលរដ្ឋ​ខ្មែរក្រោម មិនបាន​ធ្វើ​អ្វី​ខុស​សោះ​នោះ គឺជា​របៀប​ដឹកនាំ​បែប​កុ​ម្មុយ​និ​ស្ត​មួយ ដែល​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច មិន​បន្តសកម្មភាពរ​បស់​ខ្លួន ។ តែ​ទោះជា​យ៉ាងណា លោក​ថា សព្វថ្ងៃនេះ រដ្ឋាភិបាល​វៀតណាម មិនអាច​បិទបាំង​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​ខុស​បាន​ទៀត​ទេ ព្រោះថា​ពលរដ្ឋ​ខ្មែរក្រោម បាន​យល់ដឹង​និង​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​បណ្ដាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ នៅពេលដែល​មានការ​រំលោភ​បំពាន​សិទ្ធិ​ផ្សេងៗ ។ លោក​បន្តថា សកម្មភាព​របស់​ព្រះសង្ឃ និង​ក្រុមយុវជន​ខ្មែរក្រោម បាន​ទៅសួរសុខទុក្ខ និង​ធ្វើ​បុណ្យទាន នៅ​សាលាឆទាន ដែល​កំពុងមាន​បញ្ហា​ចម្រូងចម្រាស់​នេះ គឺ​បង្ហាញថា ពលរដ្ឋ​ខ្មែរក្រោម​ចេះ​ជួយ​គ្នា​ពេល​មានទុក្ខ​ធុរៈ ដែល​មិនអាច​ឲ្យ​អាជ្ញាធរ​វៀតណាម បន្ត​ធ្វើទុក្ខបុកម្នេញ​បាន​តាម​អំពើ​ចិត្ត​ទៀត​នោះទេ ។​

​លោក ចៅ សេរី​ «ខ្មែរក្រោម​យើង​ដល់​សម័យ​ហ្នឹង មិនអាច​នៅ​ស្ងៀម​ទៀត​ទេ គ្នា​យើង​ចេះ​ប្រមូលគ្នា ចេះ​សួរសុខទុក្ខ​គ្នា ចេះ​លើកទឹកចិត្ត​គ្នា អញ្ចឹង​ទៅជា​រឿង​មួយ​ល្អ ក្នុងសង្គម​ខ្មែរក្រោម​យើង នៅ​កម្ពុជា​ក្រោម​ហ្នឹង អញ្ចឹង​រដ្ឋាភិបាល​យួន​មិនអាច​ធ្វើ​ដូច​ពី​ដើម​បាន​ទៀត​ទេ​» ។​

​ពលរដ្ឋ​ខ្មែរក្រោម ជាង ៧០ គ្រួសារ នៅ​ឃុំ​កំពង់ ស្រុក​ប្រាសាទ​ថ្មី បានដាក់​ពាក្យស្នើសុំ​អាជ្ញាធរ​សាងសង់ សាលាឆទាន​ក្នុង​ភូមិក​ន្រែ​ង​នេះ តាំងពី​ដើមឆ្នាំ ២០២១ ប៉ុន្តែ អាជ្ញាធរ​វៀតណាម មិន​ឆ្លើយតប ទើប​ពលរដ្ឋ​ចាប់ផ្ដើម​សាងសង់ កាលពី​ចុងខែ​មិថុនា ។ នៅពេលដែល​សាងសង់​បាន​ប្រមាណ ៨០ ភាគរយ អាជ្ញាធរ​វៀតណាម ហាមឃាត់​ការសាងសង់​នោះ ទើប​ធ្វើ​ឲ្យ​មាន​ភាពចម្រូងចម្រាស់រ​ហូត​មកដល់ពេលនេះ ៕