សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើ​ព្រះ​សង្ឃ និង​យុវជន​បង្កើត​សមាគម​ពុទ្ធ​សាសនា និង​​​សហជីព​ ដើម្បី​ទាមទារ​ការ​គោរព​សិទ្ធិ​សាសនា និង​ការងារ

ដោយ យន់ សាមៀន | RFA

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ស្នើ​ឲ្យ​ព្រះសង្ឃ​ និង​យុវជន​បង្កើត​ សមាគម​ព្រះពុទ្ធ​សាសនា​ និង​សហជីព​ ដើម្បី​ទាមទារ​ការគោរព​សិទ្ធិ​សាសនា​ និង​ការងារ​ ។ ព្រះសង្ឃ​ខ្មែរក្រោម​ប្រតិបត្តិ​ពុទ្ធសាសនា​ថេរវាទ​ (ហិន​យាន​) ចំណែក​ព្រះសង្ឃ​វៀតណាម​ គឺ​ប្រតិបត្តិ​ពុទ្ធសាសនា​មហាយាន​ ។ សំណើ​នេះ​ធ្វើឡើង​ដោយសារតែ​ព្រះសង្ឃ​ខ្មែរក្រោម​បច្ចុប្បន្ន​កំពុង​រង​ការគ្រប់គ្រង​ដោយ​ព្រះសង្ឃ​ និង​រដ្ឋាភិបាល​វៀតណាម​ ចំណែក​យុវជន​ខ្មែរក្រោម​ ដែល​មានការ​ងារ​ធ្វើ​ មិន​អាច​ឈប់សម្រាក​ថ្ងៃបុណ្យ​សាសនា​ និង​ជាតិ​ តាម​ប្រពៃណី​ខ្មែរ​បាន​នោះ​ទេ​ ។

នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ និង​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី ​២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៥ នា​ការិយាល័យ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ Photo: RFA
នាយក​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ និង​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី ​២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៥ នា​ការិយាល័យ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ Photo: RFA

មន្រ្តីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា ព្រះសង្ឃវៀតណាម ប្រតិបត្តិសាសនាផ្សេងគ្នា ពីព្រះសង្ឃខ្មែរក្រោម ដូច្នោះ​រដ្ឋាភិបាល​វៀតណាម ​ត្រូវ​អនុញ្ញាត​​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម អាចបង្កើតសមាគមព្រះសង្ឃខ្មែរក្រោម ដើម្បី​អាច​ប្រតិបត្តិ​សាសនា​ខ្មែរ​ដោយ​ឯករាជ្យ ។ បច្ចុប្បន្ន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ កំពុង​ចលនា​​ការ​​គាំទ្រ​​ឲ្យ​​ព្រះ​សង្ឃ​​ខ្មែរ​ក្រោម ​អាច​អនុវត្ត​សាសនា​ខ្លួន​ឯង​បាន ពី​សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ ។

នាយកផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន មានប្រសាសន៍ថា ការ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​វៀតណាម​គ្រប់គ្រង​ព្រះសង្ឃ​ខ្មែរក្រោម នឹងអាចបណ្តាល​ឲ្យ​មាន​គ្រោះថា្នក់ ដែល​អាច​ឈាន​ទៅ​ដល់​ការ​បែក​បាក់​សាមគ្គីភាព​ព្រះសង្ឃ​ខ្មែរ​ក្រោម៖ «ព្រះពុទ្ធសាសនា​យួន​វា នៅក្រោមរណសិរ្សមាតុភូមិ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​​យួន ។ វា​​គ្មាន​ឯកភាព​ ដូច្នេះ​យើង​មាន​បញ្ហា​ត្រង់​ថា ការ​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​​វា​​អាច​​ខុស​​គ្នា​​ពី​​តំបន់​​មួយ​​ទៅ​​តំបន់​​មួយ​​​ទៀត»

លោក ត្រឹង ម៉ាន់រិន បន្តទៀតថា ព្រះសង្ឃគង់នៅលើទឹកដីកំណើត​ ត្រូវ​មាន​ទឹក​ចិត្ត​ក្លាហាន​​ ហ៊ាន​​សរសេរ​​ញាត្តិ​ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ទាមទារ​សិទ្ធិ​គោរព​សាសនា​​នេះ​​​មក​​វិញ ។ មក​ទល់ នឹងឆ្នាំ ២០១៨ ខ្មែរ​ក្រោម​កសាង​វត្ត​បាន​ចំនួន ៤៦១ វត្ត និង​​មាន​​ព្រះសង្ឃ​​ចំនួន​​ជាង ៨ ពាន់ ៥ រយ​​អង្គ ។

ព្រះសង្ឃមួយអង្គគង់នៅខេត្ត​ព្រះត្រពាំង ស្វាគមន៍ចំពោះសំណើ​ឲ្យ​ព្រះសង្ឃខ្មែរ​អាច​​​ប្រតិបតិ្ត​​​សាសនា​​​ដោយ​​ឯករាជ្យ និង​មិន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ។ ទោះ​បី​ជា​យ៉ាង​ណា ព្រះ​អង្គ​មាន​សង្ឃឹមតិចតួចណាស់ ដែល​​រដ្ឋាភិបាល​​​វៀតណាម ​​នឹង​​យល់​​ព្រម ។​ ព្រះ​​អង្គ​​បន្ត​​ថា សព្វថ្ងៃ​​ព្រះ​សង្ឃ​វៀតណាម ក៏​គ្រប់គ្រង​ត្រា​វត្ត​ខ្មែរ​ក្រោម ​ផង​ដែរ៖ «ក្នុង​នាម​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែរ ។ អត្មា​ចង់​​ឲ្យ​​សហគម​​​ព្រះ​​សង្ឃ​​​ឯករាជ្យ ប៉ុន្តែ​​វា​​មិន​​ខុស​​ នឹង​​រដ្ឋាភិបាល​​វៀតណាម​​ទេ»

កន្លងមកមានព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ព្រះកាយ ហើយ​ចាប់​ដាក់​​ពន្ធនាគារ​​ ដោយសារ​តែ​ហ៊ាន​បង្រៀន​​អក្សរ​ខ្មែរ​ដល់​​កូន​​ខ្មែរ​ក្រោម និងចង់បានសិទ្ធិ​សេរីភាពផ្នែក​សាសនា ។ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក ស្តីពី​សិទ្ធិ​សេរីភាព​សាសនា​អន្តរជាតិ ផ្សាយ​​កាល​​ពី​​ខែ​​មិថុនា ឲ្យ​ដឹង​​​ថា ​ច្បាប់​វៀតណាម​អនុញ្ញាត​ឲ្យ​​រដ្ឋាភិបាល​នេះ គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​​សេរីភាព​​ផ្នែក​សាសនា ដោយ​យក​លេស​រឿង​សន្តិសុខ​សង្គម និង​ជាតិ ។ របាយការណ៍​​រក​ឃើញ​ថា មេ​ដឹក​នាំ​សាសនា​នៅ​វៀតណាម ដែល​អាជ្ញាធរ​មិន​ចុះ​បញ្ជី​ឲ្យ​តែងតែ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ រួម​មាន ការ​វាយ​ប្រហារ​រាង​កាយ ចាប់​ខ្លួន​​កាត់​ទោស ការ​ដាក់​កម្រិត​នៃ​ការ​ដើរ​ហើរ និង​រឹប​អូស​ទ្រព្យ​​សម្បត្តិ​​ជា​​ដើម ។

ចំពោះការបង្កើតសហជីពវិញ លោក ត្រឹង ម៉ាន់រិន មាន​ប្រសាសន៍​ថា លោក​កំពុង​ស្វែង​រក​ជំនួយ​​ផ្នែក​​ច្បាប់​​ពី​មេធាវី និង​យុវជន ដើម្បី​ដាក់​សំណើ​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​​វៀតណាម ដើម្បី​ឲ្យ​ពួក​គេ​អាច​​បង្កើត​​សហជីព​តាម​កន្លែង​ការងារ​បាន ។ លោក​ថា ការ​បង្កើត​សហជីព​នេះ ដើម្បី​ធានា​ថា ខ្មែរ​ក្រោម​​អាច​​ឈប់​សម្រាក​​ថ្ងៃ​បុណ្យ​សាសនា និង​ប្រពៃណី​ជាតិ​ខ្មែរ​បាន ពីព្រោះ​កន្លង​មក​វៀតណាម មិន​​អនុញ្ញាត​​ឲ្យ​​ខ្មែរ​ក្រោម​ឈប់​​ថ្ងៃ​​បុណ្យ​​ឡើយ៖ «កម្មករ​យើង​វា​ឡើង​រាប់​សែន មិនមែនរាប់ម៉ឺនទេ វា​ច្រើន​​មែនទែន ហើយ​បុណ្យ​សែន​ដូចតា ចូល​ឆ្នាំ យើង​អត់​បាន​ឈប់ ហេតុ​ដូច្នេះ​យើង​ចង់​ឲ្យ​មាន​សហជីព» ។

កាលពី​បុណ្យ​សែនដូនតា​កន្លងទៅ​ វៀតណាម​មិនបាន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​ឈប់សម្រាក​មកលេង​ស្រុកកំណើត​ ជួបជុំ​គ្រួសារ​នោះ​ទេ​ ។ វៀតណាម​ក៏​មិន​ឲ្យ​ខ្មែរក្រោម​ឈប់​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ដែរ​ ។ មន្រ្តី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ថា​ គោលបំណង​វៀតណាម​ ដែល​មិន​ទទួលស្គាល់​បុណ្យជាតិ​ខ្មែរ​នោះ​ គឺ​ដោយសារតែ​ វៀតណាម​ខ្លាច​អន្តរជាតិ​ថា​ វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើមកំណើត​ ដូច្នេះ​ ខ្មែរក្រោម​អាច​មាន​សិទ្ធិស្វ័យសម្រេច​ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ ។ ទឹកដី​កម្ពុជាក្រោម​ ត្រូវ​បាន​បារាំង​កាត់​ទាំង​ខុសច្បាប់​ទៅ​ឲ្យ​វៀតណាម​កាលពី​ ៧០​ ឆ្នាំមុន​ ។ សព្វថ្ងៃ​ខ្មែរក្រោម​ នៅ​លើ​ពិភពលោក​ កំពុង​ធ្វើ​យុទ្ធនាការ​ ទាមទារ​ឲ្យ​វៀតណាម​ ផ្តល់​សិទ្ធិស្វ័យសម្រេច​ដោយខ្លួនឯង​ ជា​ជនជាតិ​ដើមកំណើត​ ទៅ​ថ្ងៃ​អនាគត​ ៕