ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យប្រទេសវៀតណាម ប្រគល់ដីស្រែប្រមាណ ១០០ហិកតារ ឲ្យខ្មែរក្រោមវិញ ដោយគ្មានលក្ខខណ្ឌ។ ការអំពាវនាវនេះ ដោយសារតែ អាជ្ញាធរវៀតណាម កាលថ្ងៃទី៥ ឧសភា បានប្រើប្រាស់អំពើហិង្សាទៅលើពលរដ្ឋខ្មែរក្រោមឲ្យរបួស ប្រមាណ ១០នាក់ ពេលចុះបង្ក្រាប និងរឹបអូសយកដី ដែលពលរដ្ឋខ្មែរក្រោម កំពុងត្រៀមរៀបចំធ្វើស្រែ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ការរឹបអូសដីធ្លីនេះ បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមប្រមាណ ៣រយនាក់ មកពី ១៤៥គ្រួសារ បាត់បង់ដីធ្លី ដែលពួកគេធ្លាប់ធ្វើស្រែចម្ការតាំងពីដូនតាមក។
កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាមរួមមាន៖ ប៉ូលិស ទាហានដែលប្រដាប់ដោយអាវុធនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់បានចុះទៅហាមឃាត់ និងរឹបអូសយកដីជាង ១០០ហិកតារ ដែលស្ថិតក្នុងភូមិប៉ប្រក់ ខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្ត កៀង ញ៉ាង (Kien Giang)។ ប៉ុន្តែពលរដ្ឋបានជំទាស់ រហូតអាជ្ញាធរ វៀតណាមបង្កអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់ រងបួសធ្ងន់និងស្រាល។ បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរក្រោម កំពុងដាក់ពាក្យដាក់បណ្ដឹងទៅ អាជ្ញាធរវៀតណាម នៅស្រុក និងខេត្ត ឲ្យជួយដោះស្រាយ ផ្ដល់ដីពួកគេមកវិញ បន្ទាប់ពីអាជ្ញាធរថ្នាក់លើវៀតណាម មិនព្រមដោះស្រាយឲ្យ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម ជាច្រើនគ្រួសារ បានចូលធ្វើស្រែចម្ការលើ ដីនោះតាំងពីឆ្នាំ១៩៧៣ មក ប៉ុន្តែបានផ្អាកធ្វើស្រែនៅលើដីដែលវៀតណាម បានរឹបអូសនោះមួយរយៈ ដោយសារតែ ឆ្នាំមុន ទឹកលិចតំបន់នោះ។ ព្រះអង្គបន្តទៀតថា ប៉ុន្តែដោយសារតែថ្មីៗ នេះ ជីវភាពពួកគេធ្លាក់ចុះបណ្ដាលមកពី ជំងឺ covid-19 ហើយទឹកស្រកទៀតនោះ ទើបពលរដ្ឋខ្មែរក្រោម បាននាំគ្នាទៅធ្វើស្រែចម្ការរបស់ពួកគេវិញ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ស្នើឲ្យអង្គការជាតិ និងអន្តរជាតិ ធ្វើអន្តរាគមន៍ទៅអាជ្ញាធរវៀតណាមផ្ដល់ដីស្រែចម្ការដល់ពលរដ្ឋខ្មែរក្រោមវិញ៖ «សំណួមពរឲ្យរដ្ឋាភិបាលវៀតណាម ហ្នឹងត្រូវតែដោះស្រាយ សងដីធ្លី ទៅប្រជាពលរដ្ឋខ្មែរក្រោមជាបន្ទាន់ដោយឥតលក្ខខណ្ឌ ហើយក៏អំពាវនាវ ទៅអង្គការអន្តរជាតិ ដែលទាក់ទងនឹង ប្រទេសវៀតណាម មានជំនួយជួយវៀតណាម ត្រូវតែ ដាក់គំនាប ឬធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមត្រូវតែប្រគល់ដីដល់ខ្មែរក្រោមវិញ»។
ព្រះអង្គ សឺង យ៉ឹងរតនា ចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) មិនមានសង្ឃឹមថា វៀតណាមនឹងដោះស្រាយដោយយុត្តិធម៌ជួយដល់ខ្មែរក្រោម ជាជនរងគ្រោះនោះទេ ដោយសារ ដីដែលវៀតណាម រឹបអូសនោះ កំពុងឡើងថ្លៃ ហើយវៀតណាមមានគម្រោងសាងសង់ រោងចក្រ ជាដើម។ ទោះបីជាយ៉ាងណា ព្រះអង្គមានថេរដីកាបន្តទៀត វៀតណាមត្រូវតែផ្ដល់ដី ឲ្យពលរដ្ឋខ្មែរក្រោមវិញ ពីព្រោះខ្មែរក្រោមរស់នៅតាមអាស្រ័យលើដីស្រែចម្ការ ហើយបច្ចុប្បន្នពួកគេ ក៏ជួបវិបត្តិជំងឺ covid-19ដែរ។
ព្រះអង្គ សឺង យ៉ឹងរតនា បន្តទៀតថា ខ្មែរក្រោម ជាជនជាតិមានកំណើតនៅលើទឹកដីខ្មែរកម្ពុជាក្រោម ដូច្នោះវៀតណាមត្រូវតែគោរពសិទ្ធិជនជាតិដើម។ វៀតណាម បានទទួលស្គាល់ សេចក្តីប្រកាស ជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិ ជនជាតិដើម ដែលបានអនុម័ត កាលពីខែកញ្ញា ឆ្នាំ ២០០៧ ដូច្នោះវៀតណាមត្រូវតែអនុវត្ត កាតព្វកិច្ចរបស់ខ្លួន។
ទាក់ទងទៅនឹងការរំលោភដីធ្លីពលរដ្ឋខ្មែរក្រោមនេះ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់អាស៊ីសេរី កាលថ្ងៃទី៨ ឧសភាថា ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្ត វៀតណាមជាអ្នកគ្រប់គ្រងដីទាំងស្រុង នៅក្នុងប្រទេសនេះហើយ ទើបបានបណ្ដាលឲ្យមានវិបត្តិដីធ្លី កើតឡើងយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស។ លោកបន្តថា រដ្ឋាភិបាលវៀតណាម បានបង្ខំឲ្យពលរដ្ឋចាកចេញពីដីធ្លីរបស់ពួកគេ ហើយក៏បានបង្កអំពើហិង្សាទៀតផង៖ «រដ្ឋាភិបាលវៀតណាម បានកាន់កាប់ដីធ្លី ហើយតែងតែប្រើប្រាស់កម្មសិទ្ធិនេះ ដើម្បីដាក់ការត្រួតត្រាទៅលើដីធ្លីរបស់សហគមន៍។ ជាក់ស្ដែង ដូចករណីដីពលរដ្ឋខ្មែរក្រោមដែលបានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៣ ជាដើម ដែលត្រូវវៀតណាមបង្ខំបណ្ដេញចេញ ដោយសំអាងលើហេតុផលមួយចំនួន។ ការបង្ខំបណ្ដេញចេញនេះ បណ្ដាលឲ្យកើតមានអំពើហិង្សា គេចមិនផុតនោះទេ ដោយសារតែពលរដ្ឋរស់នៅអាស្រ័យផលលើដីស្រែចម្ការ។ ដីធ្លីចម្ការមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់ពួកគេ។ ករណីអំពើហិង្សាកើតឡើងនៅខេត្ត កៀង ញ៉ាង នេះ បណ្ដាលឲ្យខ្មែរក្រោម ១០នាក់រងរបួស បង្កឡើងដោយកងសន្តិសុខវៀតណាម។ ករណីនេះ ជាឧទាហរណ៍ បានប្រើប្រាស់អំណាចរំលោភសិទ្ធិរបស់ខ្មែរក្រោម និងសហគមន៍ពួកគេ»។
បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការបង្ខំយកដីនេះ កំពុងធ្វើការនឹងសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មានមូលដ្ឋាននៅកម្ពុជា ដើម្បីរៀបចំឯកសារដាក់ពាក្យបណ្ដឹង។ អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ក៏ស្នើដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាល វៀតណាម ដោះស្រាយបញ្ហាដីធ្លីដល់ពលរដ្ឋខ្មែរក្រោម ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សកាន់អំណាច ឈឹម ផលវរុណ បានបដិសេធថា ករណីនេះ មិនមែនជារឿងដែលរដ្ឋាភិបាលលោក ហ៊ុន សែន អាចជួយអន្តរាគមន៍បានទេ ព្រោះលោកថា ខ្មែរក្រោម ឋិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ ប៉ុន្តែកន្លងមករដ្ឋាភិបាលវៀតណាមធ្លាប់ពឹងឲ្យខ្មែរជួយការពារ និងថែរក្សាពូជសាសន៍របស់ពួកគេ ដែលរស់នៅលើបឹងទន្លេសាបដោយខុសច្បាប់។ ឆ្លើយតបនឹងសំណើនេះ រដ្ឋាភិបាល លោក ហ៊ុន សែន ដែលជំពាក់គុណវៀតណាមផងនោះ បានផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ជនអន្តោប្រវេសន៍វៀតណាមនៅខេត្ត កំពង់ឆ្នាំង រាប់រយគ្រួសារ។
មន្រ្តីសិទ្ធិមនុស្ស លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ឲ្យដឹងថា លោកក៏កត់សំគាល់ថា រដ្ឋាភិបាលទីក្រុងភ្នំពេញ មិនឲ្យសូវជួយខ្មែរក្រោមឲ្យបានល្អប៉ុន្មានដែរ។ លោកថា ទោះបីរដ្ឋាភិបាលទទួលស្គាល់ថា ខ្មែរក្រោម ជាពលរដ្ឋខ្មែរក៏ដោយ ប៉ុន្តែ រដ្ឋាភិបាលគ្មានណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យទទួលស្គាល់ និងផ្តល់សញ្ជាតិឲ្យខ្មែរក្រោម ជាខ្មែរដែរ។ លោកថា ពលរដ្ឋខ្មែរក្រោម ដែលមានបំណងចង់ទៅរស់នៅឯកម្ពុជា តែត្រូវអាជ្ញាធរថ្នាក់ក្រោមមិនទទួលស្គាល់ ដោយសារតែ មានការចោទប្រកាន់ថា ពលរដ្ឋខ្មែរក្រោមកើតនៅវៀតណាម ឬក៏មានឈ្មោះមិនដូចខ្មែរជាដើម។ លោក ហ្វីល រ៉ូបឺតសុន បន្តថា ពលរដ្ឋខ្មែរក្រោមទទួលរងការរើសអើងជាច្រើន ដោយសារតែមានការចោទប្រកាន់ថា ពួកគេមកពីវៀតណាម។ លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាឲ្យបានត្រឹមត្រូវជាមុនសិន មុននឹងអន្តរាគមន៍ករណីខ្មែរក្រោមនៅវៀតណាម។
ទោះបីយ៉ាងណា មន្ត្រីសិទ្ធិមនុស្សខ្មែរក្រោម លោក សឺន ជុំជួន មានប្រសាសន៍ថា ពលរដ្ឋខ្មែរក្រោមនៅតែចាត់ទុករដ្ឋាភិបាលកម្ពុជានៅតែជាឪពុកម្ដាយរបស់ពួកគេដដែល ដោយសារតែខ្មែរក្រោមនៅតែមានសាច់ឈាមជាខ្មែរនិងពូជសាសន៍តែមួយ។ ចំពោះករណី អាជ្ញាធរវៀតណាមរឹបអូសយកដីខ្មែរក្រោមនេះ លោក សឺន ជុំជួន មានប្រសាសន៍ថា សមាគមខ្មែរក្រោមនឹងព្យាយាមជួយ និងតាមឃ្លាំមើលករណីជម្លោះដីធ្លីនេះ ហើយប្រសិនបើអាជ្ញាធរវៀតណាមមិនផ្ដល់យុត្តិធម៌នោះទេ សមាគមលោកនឹងស្វែងរកអន្តរាគមន៍ ពីស្ថានទូតប្រទេសនានាដែលពាក់ព័ន្ធនិងប្រទេសវៀតណាម ឬអង្គការសិទ្ធិមនុស្សអន្តរជាតិឲ្យជួយខ្មែរក្រោមបន្ថែមទៀត៕