សហព័ន្ធ និង​យុវជន​ខ្មែរ​ក្រោម ​ស្នើសុំ​អន្តរជាតិ​អន្តរាគមន៍​ករណី​វៀតណាម ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​កំណើត​

ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធ និង​យុវជន​ខ្មែរ​ក្រោម ​ស្នើសុំ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​អន្តរាគមន៍​ករណី​វៀតណាម ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​កំណើត ។ សំណើ​នេះ​ ធ្វើ​ឡើង​ដោយសារ​តែ​យុវជន​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន បន្ត​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ជុំវិញ​ការ​បញ្ចេញ​មតិ និង​បញ្ហា​ដីធ្លី ។​
ពលរដ្ឋខ្មែរក្រោម តស៊ូមតិទាមទារសិទ្ធិរបស់ពួកគេនាពេលកន្លងមក
ពលរដ្ឋខ្មែរក្រោម តស៊ូមតិទាមទារសិទ្ធិរបស់ពួកគេនាពេលកន្លងមក
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ជា​សាធារណៈ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ អន្តរាគមន៍​ទៅ​វៀតណាម ឲ្យ​ផ្តល់​សិទ្ធិ​ឲ្យ​ពេញលេញ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ដើម​កំណើត ។ សេចក្ដី​ថ្លែង​ការណ៍​ ចេញ​កាល​ពី​សប្ដាហ៍​មុន​នេះ ជា​ការ​ឆ្លើយ​តប​នឹង​សមត្ថកិច្ច​វៀតណាម​ ដែល​បាន​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម​ម្នាក់ និង​រឹបអូសសៀវភៅ​សេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្ដីពី «សិទ្ធិ​ជន​ជាតិ​ដើម» ចំនួន​មួយ​រយ​ក្បាល ក្រោម​បទ​ចោទ​ប្រកាន់​ថា លោក​បោះ​ពុម្ព​សៀវភៅ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។
កាលពីថ្ងៃទី ១៣ មេសា អាជ្ញាធរ​ខេត្ត​វាល​ប្រើស ដែល​វៀតណាម ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ដុងណៃ (Dong Nai) បាន​សម្រុក​ចូល​ផ្ទះ និង​បាន​ឃាត់ខ្លួ​ន ​យុវជន​ខ្មែរ​ក្រោម លោក យឿង ខាយ ដោយ​គ្មាន​ដីកា ប៉ុន្តែ ​ក្រោយ​មក​ទៀត បាន​ដោះ​លែង​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​បាន​សម្លុត​គំរាម​កំហែង​លោក​ឲ្យ​ឈប់​បោះ​ពុម្ព​សៀវភៅ​រួច​មក ។ យុវជន​ខ្មែរ​ក្រោម លោក យឿង ខាយ ធ្លាប់​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ការងារ និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​លើ​ទឹក​ដី​កំណើត ​តាម​រយៈ​ការ​បង្កើត​ទំព័រ​ហ្វេសប៊ុក ឈ្មោះ​ថា សិទ្ធិ​ការងារ​ខ្មែរ​ក្រោម ដើម្បី​​ផ្ដល់​ចំណេះ​ដឹង​ពី​ច្បាប់​ការងារ ។ លោក​បាន​បោះ​ពុម្ព​សៀវភៅ​ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើម ដើម្បី​ចែក​រំលែក​ចំណោះ​ដឹង​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ។
ពាក់ព័ន្ធ​នឹង​ការ​ឃាត់​ខ្លួន​យុវជន យឿង ខាយ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​អាជ្ញាធរ​វៀតណាម ប្រគល់​សៀវភៅ​មួយ​រយ​ក្បាល​ឲ្យ​យុវជន​ខ្មែរ​ក្រោម​វិញ​ ដោយ​ឥត​លក្ខខណ្ឌ និង អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​អាច​បោះពុម្ព និង​ចែក​សៀវភៅ និង​ឯកសារ​ស្ដីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ សហព័ន្ធ ​ក៏​ស្នើ​ឲ្យ​វៀតណាម​ ឈប់​ប្រើប្រាស់​កង​កម្លាំង​សមត្ថកិច្ច ចាប់ និង​ឃុំ​ខ្លួន​ខ្មែរ​ក្រោម ដែល​ហ៊ាន​ផ្សព្វផ្សាយ​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត ហើយ​វៀតណាម ដែល​ជា​​អ្នក​យល់​ព្រម​អនុញ្ញាត​សិទ្ធិ​ជន​ជាតិ​ដើម ​កំណើត​នេះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ផ្សព្វផ្សាយ​សិទ្ធិ​នេះ ​ឲ្យ​បាន​ពេញលេញ​ផង​ដែរ ។ ជា​ចុង​ក្រោយ សហព័ន្ធ ​ក៏​ស្នើ​ឲ្យ​វៀតណាម​បញ្ចប់​ប្រើប្រាស់​ច្បាប់​សន្តិសុខ​អ៊ិនធឹណែត ដ៏​ចម្រូងចម្រាស ​ដើម្បី​តាម​ដាន​​យុវជន​ខ្មែរ​ក្រោម ដែល​ប្រើប្រាស់​សិទ្ធិ​ចែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ជា​ពិសេស ព័ត៌មាន​ស្ដីពី​សិទ្ធិមនុស្ស ។
ជុំវិញ​សំណើ​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​ថា សហព័ន្ធ​បាន​ងាក​ទៅ​ឲ្យ​កិច្ច​អន្តរាគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ នៅ​ពេល​នេះ ដោយសារ​​​​​តែ​វៀតណាម​ បាន​បម្រាម​សន្យា​ ដែល​ប្រទេស​នេះ​ថា គោរព​សិទ្ធិ​មនុស្ស និង​ជន​ជាតិ​ដើម​កំណើត៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ មាន​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​វៀតណាម​រំលោភ​សិទ្ធិ រឹបអូស​យក​ដីធ្លី គាប​សង្កត់​សេរីភាព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ។ ការ​ទាមទារ​របស់​ខ្មែរ​ក្រោម តុលាការ​វៀតណាម​ មិន​ផ្តល់​យុត្តិធម៌​ឲ្យ​ទេ ដូច្នោះ​ សហព័ន្ធ​តែង​ធ្វើ​ចលនា​អន្តរជាតិ ដើម្បី​ឲ្យ​គាប​សង្កត់​វៀតណាម» ។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​បន្ត​ទៀត​ថា វៀតណាម​ចិញ្ចឹម​ចិត្ត​ចង់​បំបាត់​វប្បធម៌ និង​ពូជសាសន៍​ខ្មែរ​ក្រោម ដូច្នោះ​បាន​ជា​វៀតណាម​មិន​ចង់​ឲ្យ​ខ្មែរ​ក្រោម​យល់​ ពី​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត​នេះ​ទេ ។ ព្រះ​បន្ត​ទៀត​ថា បច្ចុប្បន្ន យុវជន​ខ្មែរ​ក្រោម ​មួយ​ចំនួន​កំពុង​រស់​នៅ​ទាំង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពេល​សមត្ថកិច្ច​វៀតណាម បាន​ឃាត់​ខ្លួន និង​បង្ខំ​ឲ្យ​ពួក​គេ​ទទួល​កំហុស ទាំង​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស៖ «យុវជន​ខ្មែរ​ក្រោម​បច្ចុប្បន្ន ពួក​គាត់​មាន​ទឹក​ចិត្ត​ក្លាហាន​ចំពោះ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បារម្ភ ពី​សុវត្ថិភាព​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​តែងតែ សម្លុត​បំភ័យ​ហៅ​ពួក​គាត់​ទៅ​សួរ​ចម្លើយ» ។
ទាក់ទង​នឹង​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ខ្មែរ​ក្រោម​នេះ យុវជន យឿង ខាយ ស្នើ​ឲ្យ​វៀតណាម ​សង​សៀវភៅ​លោក​មក​វិញ និង​ត្រូវ​សង​ជំងឺ​ចិត្ត​លោក ដោយសារ​តែ​ពេល​អាជ្ញាធរ​ឃាត់​ខ្លួន​លោក លោក​មិន​បាន​ទៅ​ធ្វើ​ការងារ​ ហើយ​បាត់បង់​ប្រាក់​ចំណូល​ជា​ច្រើន​ថ្ងៃ ។ លោក​បន្ត​ថា បច្ចុប្បន្ន សមត្ថកិច្ច​វៀតណាម​ កំពុង​តាម​ឃ្លាំមើល​គ្រប់សកម្មភាព​របស់​លោក ហើយ​លោក​កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដែរ ។
ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០២០ រហូត​មក​សព្វថ្ងៃ​មាន​យុវជន​ខ្មែរ​ក្រោម ជា​ច្រើន​រូប​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ ផាក​ពិន័យ​មិន​ឲ្យ​និយាយ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម និង​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ជន​ជាតិ​ដើមកំណើត ។ របាយការណ៍​សិទ្ធិមនុស្ស​ក្រសួង​ការ​បរទេស​អាមេរិក​ឆ្នាំ ២០២០ ផ្សាយ​កាល​ពី​ពេល​ថ្មីៗ នេះ ​បង្ហាញ​ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​វៀតណាម​ បន្ត​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ ដូច​ជា ការ​សម្លាប់​ផ្នែក​នយោបាយ​ដោយ​ខុសច្បាប់ និង​​យ៉ាង​អនាធិបតេយ្យ​ ការ​ធ្វើ​ទារុណកម្ម​ដោយ​ភ្នាក់ងារ​រដ្ឋចាប់ និង​ឃុំ​ខ្លួន​យ៉ាង​អនាធិបតេយ្យ ការរំលោភ​សិទ្ធិ​បញ្ចេញ​មតិ សារ​ព័ត៌មាន អ៊ិនធឹណិត ការ​ប្រមូល​ផ្តុំ និង​ការ​បង្ខំ​ឲ្យ​មាន​ពលកម្ម​កុមារ​ជា​ដើម ។ របាយការណ៍​រក​ឃើញ​ទៀត​ថា ចំពោះ​ជន​ជាតិ​ដើម​កំណើត​រួម​ទាំង​ខ្មែរ​​ក្រោម​ ដែល​រស់​នៅ​តាម​ដី​សណ្ដ​ទន្លេ​មេគង្គ​ផង​នោះ បន្ត​រង​គ្រោះ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ តាម​ដាន និង​សម្លុត​បំភ័យ ។ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នេះ​ហើយ បាន​បណ្ដាល​ពលរដ្ឋ​ជន​ជាតិ​ដើម និង​ជន​ជាតិ​ភាគ​តិច បាន​ភៀស​ខ្លួន​ចេញ​ពី​វៀតណាម​ ទៅ​សុំ​សិទ្ធិជ្រកកោន​នៅ​ប្រទេស​ទី​បី ។ បច្ចុប្បន្ន​ខ្មែរ​ក្រោម​រាប់​រយ​នាក់ កំពុង​រស់​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី ដោយសារ​តែ​ពួក​គេ​មិន​អាច​ស៊ូទ្រាំ​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​បាន ៕