ដោយ យាង សុធារិន្ទ
អង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា រួមគ្នាទាមទារសាជាថ្មីទៀតទៅកាន់រដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម ផ្តល់ឱ្យខ្មែរក្រោមនូវថ្ងៃឈប់សម្រាកផ្លូវការគ្រប់គ្រាន់ ដើម្បីពលរដ្ឋខ្មែរក្រោមមានឱកាស និងពេលវេលាចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរនៅដែនដីកម្ពុជាក្រោម ។ ការទាមទារនេះ ខណៈដែលពលរដ្ឋខ្មែរក្រោម បានត្រៀមលក្ខណៈ ដើម្បីទទួលទេវតាឆ្នាំថ្មី ប៉ុន្តែរដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឱ្យខ្មែរក្រោមឈប់សម្រាកជាទូទៅ ដើម្បីប្រារព្ធពិធី បុណ្យប្រពៃណីជាតិរបស់ខ្លួនឡើយ ។

អង្គការ សមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកការមិនអនុញ្ញាតមិនឱ្យខ្មែរក្រោម មានថ្ងៃឈប់ សម្រាកទូទៅជាផ្លូវការថា ជាចេតនារបស់រដ្ឋាភិបាលវៀតណាម ក្នុងការព្យាយាមលុបបំបាត់បន្តិចម្តងៗ នូវពិធីបុណ្យប្រពៃណីជាតិខ្មែរ នៅដែនដីកម្ពុជាក្រោម និងជាការរំលោភទៅលើ សិទ្ធិសេរីភាពផ្នែកវប្បធម៌របស់ពលរដ្ឋខ្មែរក្រោម ។
លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅព្រះរាជាណាចក្រ កម្ពុជាចំនួន ៩ ស្ថាប័ន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី ១៣ ខែមេសា ថា បើទោះជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោម ជិតចូលមកដល់ក្តី ប៉ុន្តែរដ្ឋាភិបាល វៀតណាមមិនបានប្រកាសកំណត់ថ្ងៃឈប់សម្រាកជាផ្លូវការ សម្រាប់ពលរដ្ឋខ្មែរក្រោម នោះទេ លើកលែងតែអាជ្ញាធរខេត្តឃ្លាំង ដែលវៀតណាម ប្តូរទៅជាខេត្តសុកត្រាំង ដែលកាល ពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ បាន ចេញសេចក្តីប្រកាសអនុញ្ញាតិឱ្យខ្មែរក្រោម នៅក្នុងមួយខេត្តនេះ អាចឈប់សម្រាករយៈពេល ៣ ថ្ងៃ ដើម្បីចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម សម្តែងការស្វាគមន៍ចំពោះកាយវិការវិជ្ជមានរបស់អាជ្ញាធរវៀតណាម ខេត្តឃ្លាំង ប៉ុន្តែ ការអនុញ្ញាតិត្រឹមតែក្នុងខេត្តមួយនេះ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅតែបន្តទាមទារយ៉ាងទទូចឱ្យរដ្ឋាភិបាលវៀតណាមផ្តល់ការអនុញ្ញាតិជាផ្លូវការឱ្យពលរដ្ឋខ្មែរក្រោម ទទួលបានថ្ងៃឈប់សម្រាក នៅទូទាំងដែនដីកម្ពុជាក្រោម ដើម្បីខ្មែរក្រោមចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ របស់ខ្លួន ដែលរួមមានបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ (ឬបុណ្យសែនដូនតា) និងពិធីបុណ្យអុំទូក ជាដើម ។
ប្រធានលេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សម្បត្តិ ស៊ីណា មានប្រសាសន៍ថា អង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងទាមទារទៅកាន់រដ្ឋាភិបាលវៀតណាមអនុញ្ញាតិឱ្យខ្មែរក្រោម បានឈប់សម្រាកនៅទូទាំងដែនដីកម្ពុជាក្រោម មិនមែនតែ ខេត្តឃ្លាំងមួយនោះទេ ព្រោះលោកថា ពលរដ្ឋខ្មែរក្រោម មាននៅស្ទើរគ្រប់ទីកន្លែង នៅក្នុងដែនដីកម្ពុជា ខេត្តខ្លះមានតិច ខេត្តខ្លះមានច្រើន ។

លោកបន្ថែមថា ចំពោះពលករខ្មែរក្រោមដែលធ្វើការងារនៅតាមទីក្រុង ការមិនអនុញ្ញាត ឱ្យមានថ្ងៃឈប់សម្រាកជាផ្លូវការរបស់រដ្ឋាភិបាល វាធ្វើឱ្យពួកគេមានភាពស្ទាក់ស្ទើរក្នុងការឈប់ដោយឯកឯង ព្រោះពួកគេត្រូវប្រឈមនឹងការបាត់បង់ផលប្រយោជន៍ការងារ ។
លោក សម្បត្តិ ស៊ីណា ៖ «វាជាការពិបាកមួយ នៅក្នុងការឈប់សម្រាករបស់កម្មករ វាអត់ទូលំទូលាយ ពេលឈប់ពួកគាត់បាត់បង់នូវប្រយោជន៍ អ៊ីចឹងទៅពួកគាត់មិនអាចទៅជួបជុំបងប្អូនបានទេ ។ បុណ្យប្រពៃណីជាតិយើងមួយឆ្នាំគឺមានម្តង បើពលរដ្ឋខ្មែរមិនអាចចូលរួមធ្វើបុណ្យតាមប្រពៃណី ទំនៀមទម្លាប់ទេ ពិធីបុណ្យវាកាន់តែបាត់ទៅ សាបរលាបទៅ» ។
ពិធីបុណ្យចូលឆ្នាំខ្មែរមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ។ វាជាពិធី បុណ្យប្រពៃណីដ៏សំខាន់បំផុតមួយ ចំពោះប្រជាជាតិខ្មែរក្រោម ។ ពលរដ្ឋខ្មែរក្រោម បានខិតខំថែរក្សាពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួនព្រោះវាជាជីវិតស្លាប់រស់របស់ខ្មែរក្រោម ។ ទោះជាយ៉ាងណា រដ្ឋាភិបាលវៀតណាមហាក់ព្យាយាម រារាំងពលរដ្ឋខ្មែរក្រោមមិនឱ្យចូលរួម ប្រារព្ធពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួនឡើយ ។
លោក សម្បត្តិ ស៊ីណា យល់ថា រដ្ឋាភិបាលវៀតណាមហាក់មានចេតនាព្យាយាមលុបបំបាត់ ពិធីបុណ្យប្រពៃណីជាតិខ្មែរ នៅដែនដីកម្ពុជាក្រោម ។
លោក សម្បត្តិ ស៊ីណា ៖ «បុណ្យជាតិយើង គេមិនងាយចេញច្បាប់ឱ្យឈប់ទូលំទូលាយទេ តែបើបុណ្យជាតិ របស់គេវិញហាក់មានការឱ្យឈប់ទូលំទូលាយណាស់ អ៊ីចឹងហើយ គេរក្សាប្រពៃណីគេបាន ទូលំទូលាយ ចំណែកយើងហាក់មានការរាំងស្ទះ គឺពិបាកក្នុងការឈប់ ។ វាធ្វើឱ្យការចូលរួម ហាក់សាបបន្តិចម្តងៗទៅ» ។
ក្រៅពី អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា កន្លងទៅ យុវជនខ្មែរក្រោម ដែលជាពលករកំពុងធ្វើការ នៅតាមរោងចក្រ សហគ្រាសនានា នៅតាមទីក្រុងក្នុងប្រទេសវៀតណាម ក៏បានដាក់ញត្តិជាហូរហែទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីស្នើសុំអនុញ្ញាតិឱ្យពួកគេទទួល បានថ្ងៃឈប់សម្រាកជាផ្លូវការរយៈពេល ៤ ថ្ងៃនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និង ៤ ថ្ងៃនៅក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពួកគេមានឱកាសគ្រប់គ្រាន់ចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ជាមួយឳពុកម្តាយ និងសាច់ញាតិនៅឯស្រុកកំណើត ។ ប៉ុន្តែ ពួកគេមិនទទួលបានការឆ្លើយតបពីរដ្ឋាភិបាលវៀតណាមនោះឡើយ រហូតមកដល់ពេលបច្ចុប្បន្ន ។
យុវជនខ្មែរក្រោមលោក ថាច់ កឿង ដែលចាប់តាំងពីឆ្នាំ ២០១៨ មក បានដាក់ញត្តិស្នើទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីទាមទារឱ្យមានថ្ងៃឈប់សម្រាក ឱ្យដឹងនៅថ្ងៃទី ១៣ ខែមេសា ថា ចូលឆ្នាំៗ នេះ មិនសូវមានយុវជន ដែលជាពលករខ្មែរក្រោមមកលេងស្រុកកំណើតនោះទេ ដោយសារពួកគេមិនទទួលបានការអនុញ្ញាតពីថៅកែរោងចក្រ ។ លោកថា មានកន្លែងការងារ ខ្លះអនុញ្ញាតឱ្យកម្មករឈប់ដែរ តែជាប្រភេទសហគ្រាសធុនតូចលក្ខណៈគ្រួសារ ដែលមានចំនួនកម្លាំងពលកម្មតិចតួច ។
លោក ថាច់ កឿង ៖ «ឆ្នាំនេះ ភាគច្រើនមិនបានមកទេ ណាមួយរោងចក្រគេមិនឱ្យឈប់នោះទេ សំខាន់បំផុតគឺនៅដូនណៃ គឺគេមិនឱ្យឈប់ដាច់ខាតតែម្តង ។ ឃើញតាមវត្តអារាមព្រះសង្ឃរៀបចំបានល្អ ប៉ុន្តែ កម្មករខ្មែរមិនបានមកស្រុក» ។
យុវជន ថាច់ កឿង មានស្រុកកំណើតនៅភូមិផ្នោរំចេក ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ។ លោកគឺជាសកម្មជនតស៊ូមតិខ្មែរក្រោម ដែលកាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង កោះហៅសួរនាំករណីបង្ហោះវីដេអូចោទអាជ្ញាធរវៀតណាម ថា ចែកអង្ករក្លែងក្លាយឱ្យពលរដ្ឋខ្មែរក្រោម និងត្រូវបានអាជ្ញាធរពិន័យជាប្រាក់ចំនួន ៧ លានដុង ស្មើប្រមាណ ៣០០ ដុល្លារអាមេរិក ។
លោកមានស្រុកកំណើត នៅខេត្តព្រះត្រពាំង តែបច្ចុប្បន្ន លោកឡើងប្រកបរបរចិញ្ចឹមជីវិត នៅទីក្រុងព្រៃនគរ ដោយបើកលក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ប៉ុន្តែ ពីមុនលោកក៏ធ្លាប់ធ្វើជាពលករ នៅតាមរោងចក្រផងដែរ ។
ដោយឡែក កាលពីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១ នគរបាលវៀតណាម នៃសង្កាត់ទី ១៦ ខណ្ឌហ្កវ៉ាប (Go Vap) ទីក្រុងព្រៃនគរ ប្រមាណ ១០ នាក់ បានចុះដល់កន្លែងអាជីវកម្មរបស់ លោក ថាច់ កឿង សម្រុកចូលរុករកសៀវភៅ «ពន្លឺនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដែលសរសេរដោយព្រះសង្ឃខ្មែរក្រោមព្រះនាម ថាច់ ប្រីជា គឿន ដែលជានិពន្ធនាយកនៃ សារព័ត៌មានព្រៃនគរ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក ។
អាជ្ញាធរសង្ស័យថា យុវជន ថាច់ កឿង រក្សាទុកសៀវភៅចំនួន ១០០ ក្បាលក្នុងបំណងផ្ញើទៅឱ្យយុវជនខ្មែរក្រោម ផ្សេងទៀត ដើម្បីចែកចាយបន្ត ប៉ុន្តែពួកគេរុករកមិនឃើញនោះឡើយ ។

យុវជន ថាច់ កឿង ប្តេជ្ញាថា លោកនឹងបន្តការតស៊ូមតិស្នើឱ្យរដ្ឋាភិបាលវៀតណាម អនុញាតឱ្យពលករខ្មែរក្រោម បានឈប់សម្រាកឱ្យបានពេញលេញ ដើម្បីមកលេងស្រុកកំណើតចូលរួម ប្រារព្ធពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួន ។
យុវជន ថាច់ កឿង ៖ «យើងចង់បានឱ្យខ្មែរក្រោម របស់យើងទូទាំងប្រទេសវៀតណាម ទោះបីទៅធ្វើការ នៅរោងចក្រណា នៅទីក្រុងណាឱ្យបានឈប់ទាំងអស់ ព្រោះអីយើងដាក់ញត្តិទៅរដ្ឋសភា គឺ យើងសុំទូទាំងប្រទេសវៀតណាម មិនមែនសុំតែខេត្តមួយចំនួនតូចៗ នោះទេ បើអ៊ីចឹងសុំធ្វើអី» ។
ប្រធានលេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក សម្បត្តិ ស៊ីណា ឱ្យដឹងថា ខ្មែរក្រោមនឹងនៅតែបន្តទាមទារទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីផ្តល់ការឈប់សម្រាកដល់ខ្មែរក្រោម ។ លោកថា ខ្មែរក្រោមនឹងដាក់ញត្តិទៅកាន់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ។
មាត្រា ១១ នៃសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច ចែងថា «ជនជាតិដើមភាគតិចមានសិទ្ធិប្រតិបត្តិ និងធ្វើឱ្យរស់រវើកឡើងវិញនូវប្រពៃណី និងទំនៀម ទម្លាប់ជាវប្បធម៌របស់ខ្លួន ។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សា ការពារ និងអភិវឌ្ឍអ្វីៗ ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា តំបន់ប្រវត្តិសាស្រ្ត បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា សិល្បៈ ទស្សនីយភាព ការសំដែងសិល្បៈ និងអក្សរសាស្រ្ត» ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម លើកឡើងថា ក្នុងនាមរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ ប្រទេសវៀតណាម បានគំាទ្រសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច ព្រមទាំងកតិកាសញ្ញា និងអនុសញ្ញាពាក់ព័ន្ធដទៃទៀតស្តីពីសិទ្ធិមនុស្ស រដ្ឋាភិបាលវៀតណាម ត្រូវមានកាតព្វកិច្ចជាអន្តរជាតិ ផ្តល់ឱ្យពលរដ្ឋខ្មែរក្រោមនូវឱកាស និងសេរីភាពគ្រប់គ្រាន់ក្នុងការចូលរួមបា្ររព្ធ និងថែរក្សាពិធីបុណ្យប្រពៃណីជាតិនៅលើទឹកដីកំណើតរបស់ខ្លួន ៕