ដោយ លី ឈូន
នៅពេលថ្មីៗ នេះ សមាគមពុទ្ធសាសនាវៀតណាម បានចែកទង់ជាតិយួន ដល់ព្រះសង្ឃខ្មែរក្រោម ដែលបានចូលរួមប្រជុំនៅក្នុងសន្និសីទ លើកទី ៩ ស្ដីពីពុទ្ធសាសនាខ្មែរ នៅកម្ពុជាក្រោម ។ ខ្មែរក្រោមលើកឡើងថា នេះជាទង្វើចាប់បង្ខំឲ្យវត្តវត្តអារាមនីមួយៗ ត្រូវតែលើកទង់ជាតិយួនឡើង ព្រោះតាំងពីដើមមកវត្តនៅកម្ពុជាក្រោម ភាគច្រើនមិនដែលដំឡើងទង់ជាតិរបបយួនកុម្មុយនិស្ តដែលមានពណ៌ក្រហមឆ្អិនឆ្អៅនោះទេ ។ ពលរដ្ឋខ្មែរក្រោម ហៅនេះ ជាល្បិចដែលយួនធ្វើឡើង ដើម្បីបន្សាបព្រះពុទ្ធសាសនាខ្មែរ នៅកម្ពុជាក្រោម ដោយរូបភាពមួយចំនួន ដូចជា តាំងអាសនៈ ហូ ជី មិញ ស្មើនឹងអាសនៈព្រះពុទ្ធបដិមា និងមិនប្រើភាសាខ្មែរក្នុងកិច្ចប្រជុំរបស់ពលរដ្ឋខ្មែរក្រោម ជាដើម ។

ព្រះចៅអធិការវត្តខ្មែរក្រោមមួយព្រះអង្គ នៅស្រុកផ្នោរដាច់ខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ត្រា វិញ ( Tra vinh) ដែលព្រះអង្គសូមមិនបញ្ចេញឈ្មោះ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសាពត៌មានព្រៃនគរ ថាតាំងពីដើមមកព្រះអង្គតែងតែនិមន្តទៅចូលរួមសន្និសីទ ស្ដីពីព្រះពុទ្ធសាសនាខ្មែរក្រោមនេះមិនដែលខានឡើយ ។
ព្រះចៅអធិការវត្តលាក់ឈ្មោះ បញ្ចេញសំឡេងអង្គនេះ បន្តថា សន្និសីទលើកទី ៩ នេះ ប្លែកពីលើកមុន ៗ ដោយអាជ្ញាធរខេត្តបានចែកទង់ជាតិវៀតណាម ដល់វត្តខ្មែរទូទំាងដែនដីកម្ពុជាក្រោម ។ ព្រះអង្គបន្ថែថា បើព្រះអង្គមិនលើកទង់នេះទេ ខ្លាចគេចោទព្រះអង្គថា មិនស្មោះនឹងបក្ស និង រដ្ឋ ព្រោះវត្តរបស់ព្រះអង្កទាំងពីដើមមកមិនដែលលើកទងនេះទេ លើកទេតែទង់ព្រះពុទ្ធសាសនាប៉ុណ្ណោះ ។

ព្រះចៅអធិការវត្តលាក់ឈ្មោះ ដែលកំពុងបារម្ភរឿងទង់នោះ ព្រះអង្គបន្តថា ដែលព្រះអង្គមិនពេញចិត្តខ្លាំងបំផុតនោះ គឺពិធីករជាខ្មែរសោះ តែមិនព្រមប្រើភាសាខ្មែរសោះ សូម្បីតែពេលប្រាស្រ័យទាក់ទងជាមួយក្មេង ៗ ខ្មែរ ក្នុងពេលបំរើកម្មវិធី ដែលក្មេងខ្លះគាត់មិនចេះភាសាវៀតណាមផង ។
ព្រះចៅអធិការ៖ «ដូចរាល់ដង សព្វមួយដងនឹង គេធ្វើ ពីម្សិលមួយថ្ងៃហ្នឹងជាកម្មវិធីបំរុងរបស់គេហ្នឹង គេធ្វើរបាយការណ៍មេច ៗ អីហ្នឹង គេមានភាសាខ្មែរ ហ្នឹងគេហៅថាកម្មវិធីបំរុង មានភាសាទាំងពីរសង្ខាង ទាំងខ្មែរហ្នឹងវៀតណាម លុះដល់ថ្ងៃប្រជុំពិតប្រាកដហ្នឹង ព្រោះមានភ្ញៀវពីថ្នាក់លើមកអីហ្នឹ គេមិនប្រើភាសាខ្មែរទេ» ។
ប្រធានសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអឺរ៉ុប ព្រះគុណព្រះគុណ អ៊ួង សុខ ព្រះអង្គអង្វរករដល់មន្ត្រីសង្ឃខ្មែរក្រោម នៅក្នុងស្រុកថា សម័យនេះហើយ សូមព្រះអង្គទាំងអង្គឈប់ខ្លាច របបកុម្មុយនិស្តុទៀតទៅ បើពួកព្រះអង្គនៅខ្លាច ហើយបណ្ដោយខ្លួនឱ្យគេគ្រប់គ្រង ដោយខុសច្បាប ខុសធម៌អាថ៍វិន័យនោះ មិនយូរទេព្រះពុទ្ធសាសនាខ្មែរក្រោមនឹងរលាយហើយ ។

ប្រធានសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម បន្តទៀតថា ពេលដែលរលាយព្រះពុទ្ធសាសនា រលាយវត្តអារាមខ្មែរក្រោមក៏រលាយ រីឯកេរ្តិ៍ឈ្មោះ របស់ពួកព្រះអង្គនឹងរលាយទៅតាមហ្នឹងដែរ ។
ព្រះគុណព្រះគុណ អ៊ួង សុខ៖ «នៅក្រោមអំណាចគេ ក្រោមម្លប់របស់គេអីចឹង គេថាមេចក៏បាន ឥឡូវគេនៅដាក់ខ្មោចហោជីមិញ ដាក់ស្មើព្រះឲ្យលោកថ្វាយបង្គំទៀតផង ។ ចូលស៊ុបអស់ ហៅថា បក្ខជនបិទមុខអស់ហើយ គេថា ឃើញគេយកគោមក គេថាក្របី ឯងក្របីតាមគេ អស់ហើយ ។ បើគណសង្ឃនៅហ្នុងតស៊ូ បើយើងតស៊ូ អាហ្នឹងវានឹងគ្រាន់បើបន្តិច បើនៅតែតាមគេដដែល ៗ អស់រុងរឿងអីហើយ » ។
បែរទៅមើលឯបណ្ដាញព័ត៌មានសង្គមឯណោះវិញ មានមតិជាច្រើនរិះគន់ចំពោះអង្គសន្និសីទ ទី ៩ នេះ ដូចជាគណនីហ្វេសប៊ុកឈ្មោះ ត្រឹង ថាច់ យុង លើកឡើងថា អាជ្ញាធរវៀតណាម ចែកទង់ដល់វត្តអារាមខ្មែរក្រោម គឺធ្វើឲ្យពលរដ្ឋខ្មែរក្រោមស្អប់ខ្ពើមព្រះសង្ឃខ្មែរក្រោមហ្នឹឯង ។ ព្រោះពលរដ្ឋខ្មែរក្រោមជាច្រើនមិនពេញចិត្តនឹងរបបកុម្មុយនិស្តវៀតណាមទេ តែធ្វើម្ដេចរស់នៅក្រោមអំណាចគាបសង្កត់របស់គេ ចេះតែទ្រាំទៅ ។
ការលើកឡើងទាំងនេះ បន្ទាប់ពីសមាគមពុទ្ធសាសនាវៀតណាម ប្រារព្ធសន្និសីទលើក ទី ៩ ស្តីពីព្រះពុទ្ធសាសនាខ្មែរក្រោម កាលពីថ្ងៃទី ១៧ និង ១៨ ខែធ្នូនេះ នៅវត្តពុទ្ធសាសនាមហាយានវៀតណាម មួយ នៅក្នុងខេត្តលុងហោរ ដែលវៀតណាមដាក់ឈ្មោះថ្មីថា វិញឡុង Vinh Long) ។

អង្គសន្និសីទ ក្រៅពីមន្ត្រីសង្ឃខ្មែរក្រោម មន្ត្រីសង្ឃវៀតណាមជាច្រើនហើយ និងមន្ត្រីរដ្ឋការតាមស្ថាប័នពាក់ព័ន្ធមួយចូលរួមនោះ ក៏នៅមានព្រះចៅអធិការវត្តខ្មែរក្រោម ទាំជាង ៤០០ វត្តចូលរួមផងដែរ ។ អង្គសន្និសីទ ដែលសមាជិកចូលរួមមិនសូវរាក់ទាក់គ្នានេះ ក្រៅពីអនុវត្តផែនការចាស់ ដូចជារៀបចំអាសនៈអតីតមេដឹកនាំរបបគម្មុនីសវៀតណាម ឈ្មោះ ហូ ជី មិញឱ្យស្មើនឹងអាសនៈព្រះសម្មាសម្ពុទ្ធ និងការមិនប្រើភាសាខ្មែរក្នុងកម្មវិធីនេះនោះ អង្គសន្នសីទបានអនុវត្តកម្មវិធីថ្មីមួយទៀត គឺការចែកទង់ជាតិវៀតណាម ដល់វត្តខ្មែរប្រមាណ ៤៥៦ វត្ត នៅកម្ពុជាក្រោម ។
អង្គសន្និសីទីបានផ្លាស់ប្ដូរទម្លាប់ ពីការធ្វើសន្និសីទ ២ ឆ្នាំម្ដងទៅជាធ្វើ ៥ ឆ្នាំម្ដងវិញ ។

ឆ្លើយតបនឹងការលើកឡើងទាំននេះ ប្រធានអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ធីធីធម្មោ មានថេរដីកាថា បើវៀតណាមចង់លើកស្ទួយដល់វិស័យ ព្រះពុទ្ធសាសនាខ្មែរក្រោមមែន សូមវៀតណាម កុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនាខ្មែរក្រោម ទុកឲ្យខ្មែរក្រោមអនុវត្តប្រពៃណីទំនៀមទម្លាប់ដោយខ្លួនឯង ទុកឲ្យខ្មែរក្រោមសិក្សាអក្សរសាស្ត្ររបស់ខ្លួន ប្រើភាសារបស់ខ្លួនដោយខ្លួនឯង នូវរាល់កម្មវិធីដែលទាក់ទងនឹងខ្មែរក្រោម ។
ព្រះតេជព្រះគុណធីធីធម្មោ៖ «ល្អជាជាងស៊ីជម្រៅហ្នឹង និយាយឲ្យច្បាស់មួយម៉ាត់ទៅ ថាត្រូវតែវែកញែកត្រូវតែសិក្សា ត្រូវតែគាំទ្រនៃគំនិតបួសរៀន រៀនវិស័យព្រះពុទ្ធសាសនា រៀនភាសាខ្មែរជាដើម ។ល។ និង ។ល។ អាហ្នឹងហើយដែលជាគោលបំណងដែលយើងចង់បាន ចំណែករដ្ឋាភិបាលយួនទៀតសោត ត្រូវតែលៃឱកាសផ្ដល់ពេលវេលាដល់ខ្មែរ អីចឹងបានចំទិសដៅ តែបើយកទង់ជាតិអីមកចែកអីចឹង វាប្រាសចាកនឹងវេទិកា» ។
ប្រធានអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោមបង្ហាញថា សមាគមពុទ្ធសាសនាវៀតណាម គឺជាសេនារបស់រណសិរ្សមាតុភូមិវៀតណាម ដែលជាអង្គការចាត់តាំងនយោបាយរបបបក្សកុម្មុយនិស្តរបស់រដ្ឋាភិបាលវៀតណាម សព្វថ្ងៃ ។ អង្គការនេះ បានអនុវត្តកម្មិធីសន្និសីទ ស្ដីពីព្រះពុទ្ធសាសនាខ្មែរក្រោម រយៈពេល ១៨ ឆ្នាំមកហើយ ។ សំបកក្រៅរបស់គេ គេថាគេធ្វើដើម្បីជួយអភិវឌ្ឍន៍ ព្រះពុទ្ធសាសនាខ្មែរក្រោម តែភាពពិតគឺគេស្ទាបស្ទង់រកវិធីសាស្ត្រ ដើម្បីបន្សាប និងបំបាត់ព្រះពុទ្ធសាសនាខ្មែរក្រោមតែប៉ុណ្ណោះ ។

ព្រះពុទ្ធសាសនាខ្មែរក្រោម ដែលរឹងមាំបានមកដល់ពេលនេះ ដោយជំហររបស់ខ្មែរក្រោមដោយខ្លួនឯង ហេតុនេះ សូមខ្មែរក្រោមប្រឹងប្រែងរក្សាជំហរសាមគ្គីបន្ថែមទៀត ព្រោះបើព្រះពុទ្ធសាសនាខ្មែរក្រោមរលាយជាតិសាសន៍ខ្មែរក្រោម ក៏នឹងរលាយដែរ ៕