ដោយ យន់ សាមៀន | RFA Khmer
តំណាងព្រះសង្ឃខ្មែរក្រោម ស្នើសុំឱ្យអាជ្ញាធរវៀតណាម អនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោម កសាងសាលាឆទាន ដើម្បីទុកជាកន្លែងប្រតិបត្តិសាសនា ។ សំណើនេះ ធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាម បានហាមឃាត់ពលរដ្ឋខ្មែរក្រោម នៅខេត្តលង់ហោរ មិនឲ្យកសាងសាលាឆទាន ដែលពលរដ្ឋបានសាងសង់ជិតរួចរាល់ទៅហើយនោះ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម និងតំណាងព្រះសង្ឃខ្មែរក្រោម ចាត់ទុក ទង្វើអាជ្ញាធរវៀតណាម ខេត្តលង់ហោរ ថា ជារឿងគ្មានសីលធម៌ ដែលបានហាមឃាត់ពលរដ្ឋខ្មែរក្រោម ដែលប្រតិបត្តិព្រះពុទ្ធសាសនាមិនឲ្យសាងសង់បញ្ចប់សាលាឆទាន ។ តំណាងពលរដ្ឋខ្មែរក្រោម ដែលផ្ដើមគំនិតសាងសង់សាលាឆទានឲ្យដឹងថា ពលរដ្ឋខ្មែរក្រោម មានបំណងសាងសង់សាលាឆទាន ដើម្បីទុកសម្រាប់ប្រតិបត្តិសាសនា និងជាកន្លែងបង្រៀនអក្សរសាស្ត្រដល់កូនខ្មែរ ដោយសារតែតំបន់ដែលពួកគេរស់នៅ នៅជនបទដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរត្រឹមត្រូវ បណ្ដាលឲ្យពលរដ្ឋពិបាកធ្វើដំណើរទៅវត្ត ឬសាលារៀន ដែលនៅឆ្ងាយពីភូមិពលរដ្ឋរស់ នៅជាច្រើនគីឡូម៉ែត្រ ។
លោក គឹម ឃីម ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោម ប្រមាណ ៧៧ គ្រួសារនៅភូមិកន្រែង ឃុំកំពង់ ស្រុកប្រាសាទថ្មី បានដាក់ពាក្យស្នើសុំអាជ្ញាធរសាងសង់ សាលាឆទាន តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនឆ្លើយតប ទើបពលរដ្ឋចាប់ផ្ដើមសាងសង់ កាលពីចុងខែមិថុនា រហូតជិតរួចរាល់បានប្រមាណ ៨០ ភាគរយ ទើបអាជ្ញាធរវៀតណាម ហាមឃាត់មិនឲ្យពលរដ្ឋបន្តធ្វើទៀត ។ លោកអះអាងថា ទោះបីវៀតណាម ឲ្យពលរដ្ឋខ្មែរក្រោមផ្អាកក៏ដោយ ប៉ុន្តែ ពលរដ្ឋមិនស្ដាប់ទេ ដោយសារតែពលរដ្ឋសង់សាលាឆទាននោះ នៅតែដីឯកជន ។ លោក គឹម ឃីម ចោទអាជ្ញាធរវៀតណាម ថា មានចេតនាមិនឲ្យខ្មែរក្រោម សាងសង់សាលាឆទាន ដើម្បីប្រតិបត្តិសាសនា និងបង្រៀនអក្សរខ្មែរដល់កូនខ្មែរ៖ «វាជារឿងពិតណា! វាជារឿងរសើបណាស់ ព្រោះរដ្ឋធម្មនុញ្ញគេឲ្យយើងមានសិទ្ធិជំនឿ សេរីភាពផ្នែកសាសនា វាលើមានតែច្បាប់ទេ ប៉ុន្តែ យើងយកមកអនុវត្តគេរារាំង គេមិនឲ្យយើងធ្វើទេ ។ សូម្បីតែវត្តអារាមឲ្យគេ មិនឲ្យយើងធ្វើដែរ?» ។
ជុំវិញបញ្ហាសាលាឆទាននេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី ១៥ កក្កដាស្នើសហគមន៍អន្តរជាតិទទូចឲ្យវៀតណាម គោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលចែងថា ពលរដ្ឋមានសិទ្ធិសេរីភាពផ្នែកជំនឿ សាសនា និងត្រូវគោរពច្បាប់អន្តរជាតិ ស្ដីពីសិទ្ធិស៊ីវិល នយោបាយ និងជនជាតិដើម ។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម មើលឃើញថា ទោះបីរដ្ឋធម្មនុញ្ញវៀតណាម ចែងពីការគោរពសិទ្ធិសេរីភាពផ្នែកសាសនាក៏ដោយ ប៉ុន្តែ មន្ត្រី និងអាជ្ញាធរថ្នាក់ក្រោម បានអនុវត្តផ្ទុយពីច្បាប់ទៅវិញ ។
នាយកអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម អាម៉េរិកាំងខាងជើង ព្រះភិក្ខុ ធីធីធម្មោ មានថេរដីកាថា វៀតណាម នៅតែចិញ្ចឹមចិត្តមិនចង់ឲ្យវប្បធម៌ និងសាសនាខ្មែរក្រោម បានរីកចំរើន៖ «នៅតែដដែល ឃើញតែសំបកខាងក្រៅ បន្ធូរខាងប្រតិបត្តិ គោរពបូជា ប៉ុន្តែ គេនៅតែគាបសង្កត់ផ្លូវចិត្ត ។ សូម្បីតែសាលាឆទានតូចមួយ ក៏រដ្ឋាភិបាលមិនបើកទូលាយដែរ» ។
ទោះបីវៀតណាម បានខំប្រឹងប្រែង មិនឲ្យខ្មែរក្រោមកសាង សាលាឆទាន ឬ វត្តជាដើម ប៉ុន្តែ មកទល់នឹងឆ្នាំ ២០២១ នេះ វត្តនៅកម្ពុជាក្រោមមានចំនួន ៤៦១ វត្ត និងមានព្រះសង្ឃចំនួនជាង ៨ ពាន់ ៥ រយអង្គ ។ សៀវភៅ ដែលមានចំណងជើងថា “វត្តនៅកម្ពុជាក្រោម” សរសេរថា “វត្ត សម្បូររង្សី” ដែលឋិតក្នុងឃុំក្រសាំង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ជាវត្តចាស់ជាងគេ ។ វត្តមាននេះ មានអាយុកាល ១៦៤៨ ឆ្នាំហើយ ។
តំណាងព្រះសង្ឃខ្មែរក្រោម ធ្លាប់លើកឡើងថា ប្រសិនបើខ្មែរក្រោម បាត់បង់វត្តអារាម មានន័យស្មើនឹងបាត់បង់ទឹកដី វប្បធម៌ និងពូជពង្សខ្មែរក្រោមតែម្តង ។ ខ្មែរក្រោម រក្សាទីវត្តអារាម ដើម្បីសហគមន៍អន្តរជាតិដឹងថា ខ្មែរក្រោម ជាជនជាតិដើម នៅលើទឹកដីកម្ពុជាក្រោម ដែលវៀតណាម បានវាតទីគ្រប់គ្រង មិនដូចវៀតណាម ដែលអះអាងថា ខ្មែរក្រោមជាជនជាតិភាគតិចរស់នៅលើទឹកដីវៀតណាម នោះទេ ។ ខ្មែរក្រោម បានបាត់បង់ទឹកដីអស់រយៈពេល ៧២ ឆ្នាំហើយ ។
របាយការណ៍គណៈកម្មការសេរីភាពសាសនាអន្តរជាតិរបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០២១ បញ្ជាក់ថា ស្ថានភាពសេរីភាពសាសនាវៀតណាម សម្រាប់ឆ្នាំ ២០២០ និង ២០១៩ មានលក្ខណៈស្រដៀងគ្នា គឺរដ្ឋាភិបាលវៀតណាម នៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនា លើក្រុមសហគមន៍ជនជាតិភាគតិច រួមមានក្រុមម៉ុងតាញ៉ាជាដើម ។ ការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនារួមមានទាំង ការបង្ករបួសស្នាម ដាក់ទណ្ឌកម្ម ឃុំខ្លួន និងចាប់ដាក់ពន្ធនាគារជាដើម ៕