ដោយ ស៊ឺន ចែងចើន
សហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាចលនាតស៊ូដោយសន្តិវិធី និងអហិង្សា ដើម្បីទាមទារ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនប្រជាជាតិខ្មែរក្រោម ស្របតាមច្បាប់អង្គការសហប្រជាជាតិ ។ នៅថ្ងៃទី ១៥ កក្កដា ២០២១ នេះ ជាខួប ២០ ឆ្នាំ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកពេញសិទ្ធិនៃ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nation and Peoples Organization) ហៅកាត់ជាភាសាអង់គ្លេសថា UNPO កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ។

សូមបញ្ជាក់ថា សហព័ន្ធខែ្មរកម្ពុជាក្រោម ក្នុងជំនាន់ដែលដឹកនាំដោយលោក សឺង ទួន ជាប្រធានប្រតិបត្តិ មានចក្ខុវិស័យភ្លឺស្វាង និងទស្សនវិស័យវែងឆ្ងាយ បានលើកយកបទពិសោធន៍ ការតស៊ូរបស់បុព្វបុរសខែ្មរក្រោម ពីសម័យមុន មកជជែកវែកញែក ពិចារណា សែ្វងរកការពិត ហើយដាក់ទិសដៅ សម្រាប់ការតស៊ូសម័យថ្មី នៅក្រៅប្រទេស ដើម្បីជម្រុញខែ្មរក្រោម ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ ។ សហព័ន្ធខែ្មរកម្ពុជាក្រោម មិនអាចតស៊ូដោយឯកឯងនោះទេ ពោលត្រូវចូលជាសមាជិករបស់អង្គការពិភពលោកណាមួយ ជាជណ្តើរឈានឡើង នាំយកវត្តមានខែ្មរក្រោម ទៅបង្ហាញនៅក្នុងអង្គការសហប្រជាជាតិ ។ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ដែលភាសាអង្គគេ្លសថា Unrepresented and Peoples Organization ហៅកាត់ថា UNPO ជាអង្គការតំណាងឲ្យជនជាតិដើម ជាម្ចាស់ទឹកដី ដែលស្ថិតនៅក្រោមអាណានិគមនៃប្រទេសមួយ ហើយត្រូវបានរដ្ឋាភិបាលប្រទេសមួយជិះជាន់សង្កត់សង្កិន រំលោភសិទិ្ធមនុស្ស ។ UNPO អាចទាក់ទងអង្គការសហប្រជាជាតិ និងសភាអឺរ៉ុប និងប្រទេសជាច្រើនទៀត នៅលើពិភពលោក និងអាចនាំសារទៅគ្រប់ទីកនែ្លង ។ UNPO បានជួយឲ្យប្រទេសជាច្រើនក្នុងលោកបានទទួលនូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» នាពេលកន្លងមក ។
ចាប់ពីឆ្នាំឆ្នាំ ១៩៩៥ ដល់ ១៩៩៦ សហព័ន្ធខែ្មរកម្ពុជាក្រោម បានដាក់ពាក្យសុំចូលជាសមាជិកអង្គការ UNPO ដើម្បីបានចូលជាសមាជិកពេញសិទ្ធិក្នុងនាមជាប្រជាជាតិមួយ ។ UNPO តម្រូវឲ្យសហព័ន្ធខែ្មរកម្ពុជាក្រោម ត្រូវមានទង់ជាតិ ទឹកដី ប្រវត្តិសាស្រ្ត ពលរដ្ឋ វប្បធម៌ ដើម្បីបញ្ជាក់ថា ខែ្មរក្រោមជាម្ចាស់ទឹកដីកម្ពុជាក្រោម ពិតប្រាកដមែន ហើយ UNPO ក៏បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ បានធើ្វសុភវិនិច្ឆ័យយ៉ាងច្បាស់លាស់ថា ខែ្មរក្រោមជាម្ចាស់ស្រុក នៃដែនដីកម្ពុជាក្រោម យ៉ាងពិតប្រាកដ ដោយឥតប្រកែកបាន ។ រហូតមកដល់ថៃ្ងទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ទើប UNPO សម្រចទទួលយក សហព័ន្ធខែ្មរកម្ពុជាក្រោម ចូលជាសមាជិកពេញសិទិ្ធរបស់ខ្លួន ជាអង្គការ តំណាងប្រជាជាតិកម្ពុជាក្រោមទាំងមូល ដែលមានទីតាំង នៅសហរដ្ឋអារមេរិក ។
ចាប់តាំងពីពេលនោះមក វត្តមានរបស់ខែ្មរក្រោម បានចាប់ផ្តើមលេចធ្លោលើឆាកអន្តរជាតិ ។ សហព័ន្ធខែ្មរកម្ពុជាក្រោម បានធ្វើសកម្មភាពទាមទារ «សិទិ្ធសម្រេចវាសនាខ្លួនដោយខ្លួនឯង» នៅគ្រប់ទីកនែ្លង ។ តាមរយៈ UNPO សហព័ន្ធខែ្មរកម្ពុជាក្រោម បានរៀបចំសន្និសីទអន្តរជាតិជាច្រើនដង មាននៅព្រឹទ្ធសភាប្រទេសបារាំង វិមានសន្តិភាព នាទីក្រុងឡាអេ ប្រទេសហូឡង់ និងនៅប្រទេសអូស្រ្តាលី ជាដើម ។ ក្រៅពីនេះ រៀងរាល់ឆ្នាំ សហព័ន្ធខែ្មរកម្ពុជាក្រោម ក៏បានចូលតតាំងជាមួយរដ្ឋាភិបាលយួន ក្នុងលើវេទិកាជនជាតិដើម នៅក្នុងអង្គការសហប្រជាជាតិ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNPO ឃ្លាំមើលការរំលោភសិទិ្ធមនុស្ស ការរើសអើងជាតិសាសន៍ទៅលើខែ្មរក្រោម ដោយប្រុងប្រយ័ត្នជាទីបំផុត ។