សហគមន៍​ខ្មែរកម្ពុជា​ក្រោម​ សំដែង​ការ​សោក​ស្ដាយ ដែល​ក្រសួង​ការ​បរទេស​ខ្មែរ​មិន​ព្រម​អន្តរាគមន៍​ទៅ​វៀតណាម ឲ្យ​បញ្ឈប់​ធ្វើទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន | RFA Khmer

សមាគម​ខ្មែរ​កម្ពុជាក្រោម ​នៅ​ក្នុង​ប្រទេស និង​នៅ​ឯនាយ​សមុទ្រ សំដែង​ការ​សោក​ស្ដាយ ដែល​ក្រសួង​ការ​បរទេស​កម្ពុជា ជាថ្មី​ម្ដង​ទៀត​មិន​ព្រម​ទទួល​យក​សំណើ​របស់​អង្គការ​ខ្មែរ​កម្ពុជាក្រោម ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​វៀតណាម ដើម្បី​ឲ្យ​បញ្ឈប់​រំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ។ ការ​លើកឡើង​នេះ ដោយសារតែ ក្រសួង​ការបរទេស​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនទាន់​ឆ្លើយ​តប ​នឹង​អង្គការ​ខ្មែរ​កម្ពជាក្រោម ដែល​បាន​ដាក់​សំណើសុំ​អន្តរាគមន៍​តាំងពី​ចុងខែ​មិថុនា​មក​ម្ល៉េះ ។

លេខាធិការដ្ឋាន ជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បើកកិច្ចប្រជុំ ស្តីពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលវៀតណាម​ មកលើពលរដ្ឋខ្មែរក្រោម នាពេលកន្លងមក ។​ រូបថតៈ ស៊ឺន ចែងចើន
លេខាធិការដ្ឋាន ជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បើកកិច្ចប្រជុំ ស្តីពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលវៀតណាម​ មកលើពលរដ្ឋខ្មែរក្រោម នាពេលកន្លងមក ។​ រូបថតៈ ស៊ឺន ចែងចើន

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍ លោក សឺន ជុំ​ជួន មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា អង្គការ​របស់​លោក​ នឹង​ដាក់​លិខិត​រំលឹក​ទៅ​ក្រសួង​ការបរទេស​កម្ពុជា ជាថ្មី​ម្ដង​ទៀត ដើម្បីឲ្យ​ឆ្លើយ​តប​ទៅ​ នឹង​សំណើ​របស់​អង្គការរបស់​លោក ។ លោក សឺន ជុំ​ជួន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ខ្មែរ​ក្រោម​ចាត់​ទុក​រដ្ឋាភិបាល​ខ្មែរ​ដូចជា​ឪពុក​ម្ដាយ​របស់​ពួក​គេ ដែល​មាន​ឈាមជ័រ​ខ្មែរ​តែមួយ ក្នុង​ការ​ការពារ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់​ពួក​គេ ប៉ុន្តែ​កំពុង​ឋិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម៖ «យើង​ពិតជា​សោក​ស្ដាយ​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​គាត់​មិន​យកចិត្ត​ទុកដាក់​ទៅលើ​អន្តរាគមន៍​របស់​យើង​ណា ។ ប៉ុន្តែ យើង​ក្នុងនាម​ជា​អង្គការ​សមាគម​ខ្មែរ​ក្រោម យើង​នៅតែ​ចិញ្ចឹម​ចិត្ត​ស្នើ​ទៅ​រដ្ឋាភិបាល ។ យើង​មិន​បោះ​បង់​ចោល​ទេ»

សមាគម​ខ្មែរកម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ ស​និង​អភិវឌ្ឍន៍ កាលពី​ថ្ងៃ​ចន្ទ ទី ២៩ មិថុនា បាន​ដាក់​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ទៅ​ក្រសួង​ការ​បរទេស និង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​សុំ​ឈប់​រើសអើង ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​កន្លែង​ឃុំឃាំង និង​ឈប់​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​បន្ត​ទៀត ។ របាយការណ៍​ដែល​សមាគម​ដាក់​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា រួមមាន​ករណី​រឹបអូស​ដីធ្លី​របស់​កសិករ​ខ្មែរ​ក្រោម​ នៅ​ខេត្ត​ក្រមួនស រហូត​ឈាន​ដល់​មានការ​ចាប់ខ្លួន​បុរស​ខ្មែរ​ក្រោម​ម្នាក់ ។ របាយការណ៍​ដដែល​ក៏បាន​លើកឡើង​ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​អាជ្ញាធរ​វៀតណាម ​បាន​ផាក​ពិន័យ​ជា​ប្រាក់​លើ​យុវជន​ខ្មែរ​ក្រោម​ពីរ​នាក់ ក្នុង​ម្នា​ក់ៗ ៣០០ ដុល្លារ ដោយសារ​តែ​អ្នក​ទាំងនោះ បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម និង​ព័ត៌មាន​អំពី​ស្ថានភាព និង​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម ។ កាល​ពី​ពេល​ថ្មីៗ នេះ វៀតណាម​ក៏​បាន​ចោទ​ខ្មែរ​ក្រោម​ម្នាក់ទៀត ពី​ករណី​ក្បត់ជាតិ ដោយសារ​តែ​លោក​រិះគន់​វៀតណាម​ថា រើសអើង​មិន​ចែក​អំណោយ​ឲ្យ​ខ្មែរ​ក្រោម​ក្នុង​ពេល​នៃ​វិបត្តិ​ជំងឺ covid-19 ។ លោក សឺន ជុំ​ជួន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិនព្រម​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ទៀត​នោះ អង្គការ​របស់​លោក​ នឹង​ស្នើសុំ​ជួប​មន្ត្រី​តំណាង​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ ដើម្បី​ជជែក​ពី​បញ្ហា​នេះ ជា​បន្ត​ទៅ​ទៀត ។ កាលពី​ថ្ងៃ​ទី ១៤ កក្កដា សមាគម​ខ្មែរ​កម្ពុជាក្រោម ក៏បាន​សំដែង​ការ​សោកស្ដាយ ​ចំពោះលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​បាន​ស្នើ​ឲ្យ​មេ​ដឹក​នាំ​វៀតណាម បញ្ឈប់​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត ។

ប្រតិកម្ម​នេះ​កើត​ឡើយ​ក្រោយ ជំនួប​កំពូល​រវាង លោក ហ៊ុន សែន និង​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនិស្តវៀតណាម លោក ង្វៀន ហ៊្វូ​ជុង (Nguyen Phu Trong) ។ អ្នក​ទាំង​ពីរ បាន​ជជែក​ពី​កិច្ចសហការ​បង្ការ​ជំងឺ Covid-19 បង្កើន​ទំនាក់ទំនង សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ និង​បញ្ហា​បោះ​បង្គោល​ព្រំដែន ។ លោក ហ៊ុន សែន ក៏បាន​សន្យា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​អន្តោប្រវេសន៍វៀតណាម ដែល​រស់នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក ហ៊ុន សែន មិនបាន​លើក​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ឡើយ ។ ក្រោយ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ រវាង​មេដឹកនាំ​កម្ពុជា​ និង​វៀតណាម​ភ្លាម ក្រសួងមហាផ្ទៃ​ប្រកាស​ថា មាន​ជនបរទេស សរុប​ជិត ៩ ម៉ឺន​នាក់ ដោយ​មាន​ប័ណ្ណ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុងនាម​ជា​ជន​អន្តោប្រវេសន៍ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ។ លោក សឺន ជុំ​ជួន មានប្រសាសន៍​បន្ត​ទៀត​ថា រដ្ឋា​ភិ​បា​លោក ហ៊ុន សែន ហាក់​ឋិត​ក្រោម​គំនាប​វៀតណាម ទើប​មិន​ហ៊ាន​និយាយ​រឿង​ខ្មែរ​ក្រោម ​នឹង​វៀតណាម៖ «ខ្ញុំ​គិត​ថា សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ ហាក់​មាន​ភាព​តានតឹង អន្តរាគមន៍​របស់​រដ្ឋាភិបាល ។ សូម្បីតែ​ជំនួប​ជា​ផ្លូវការ រវាង​ថ្នាក់ដឹកនាំ​ជា​ផ្លូវការ របស់​មេដឹកនាំ មិនបាន​លើកឡើង​នៅ​ក្តី​កង្វល់​របស់​យើង»

លោក សឺន ជុំជួន សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី ដែល​មក​កាន់​អំណាច​ជំនួស​រដ្ឋាភិបាល​បច្ចុប្បន្ន​អាច ​នឹងធ្វើឲ្យ​ស្ថានភាព​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ស្រុក​កំណើត​ពេល​បច្ចុប្បន្ន​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ ។ ទាក់ទង​ នឹង​រដ្ឋាភិបាល​ខ្មែរ​ដែល​មិន​ហ៊ាន ធ្វើ​អន្តរាគមន៍​ទៅ​វៀតណាម រឿង​ខ្មែរ​ក្រោម​នេះ ទាំង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​រដ្ឋាភិបាល​សុទ្ធតែ​អះអាង​ស្រដៀង​គ្នា​ថា ខ្មែរ​ក្រោម​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ដូច្នោះ រដ្ឋាភិបាល​កម្ពុជា​មិន​ហ៊ានជ្រៀតជ្រែក​ចូល​កិច្ចការ​ងារ​ផ្ទៃក្នុង​របស់​វៀតណាម​ឡើយ ។

ជុំវិញ​ការ​មិន​យក​ចិត្ត​ទុក្ខ​ជនជាតិ​ខ្មែរ​ក្រោម​ ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ​នេះ​ដែរ ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ប្រធាន​នាយក​រដ្ឋ​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ថេរ​ដីកា​ថា ដោយសារ​តែទង្វើ​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នេះ បាន​បណ្ដាល​ឲ្យ​វៀតណាម​ ហ៊ាន​ធ្វើទុក្ខ​បុក​ម្នេញ ខ្មែរ​ក្រោម​ស្រេច​តែ​ចិត្ត​ចង់ ។ ព្រះអង្គ​បន្ថែម​ទៀត​ថា ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិ​មនុស្សខ្មែរ​ក្រោម ពេល​បច្ចុប្បន្ន​នេះ គ្មាន​ភាព​ធូរ​ស្បើយ​ឡើយ ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ នៅ​មិន​ទាន់​ត្រូវ​បាន​ប៉ូលិស​វៀតណាម​ដោះ​លែង​ នៅ​ឡើយ​ទេ ចំណែក​យុវជន​ខ្មែរ​ក្រោម​ ពីរ​នាក់​ផ្សេង​ទៀត អាច​ជាប់​ពន្ធ​នា​គារ​ដោយសារ​តែ​ពួក​គេ​មិន​ទាន់​មាន​ប្រាក់​បង់​ការ​ផាក​ពិន័យ​របស់​វៀតណាម ៖ «រដ្ឋាភិបាល​កម្ពុជា គឺ​មិន​ដែល​អើពើ​ជួយ​អន្តរាគមន៍ ​ចំពោះ​ខ្មែរ​ក្រោម ។ អាត្មាភាព​សំដែង​ការ​សោក​ស្ដាយ ។ យើង​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម​គេ​មក​ស្រុក​ខ្មែរ ។ គេ​សំណូមពរ​ខ្មែរ​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ ។ តែ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​វិញ​នៅ​ពេល​អង្គការ​សមាគម​ដាក់​ជួយ​ធ្វើ​អន្តរាគមន៍ ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋាភិបាល​កម្ពុជា​មិន​សូវ​យក​ចិត្ត​ទុក្ខ​ដាក់»

មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ ធ្លាប់​អះអាង​ថា វៀតណាម​កំពុង​ប្រែក្លាយ​យុវជន​ខ្មែរ​ក្រោម ឲ្យ​ទៅ​ជា​ជនជាតិ​វៀតណាម ដោយ​ចង់​ឲ្យ​ពួក​គេ​បំភ្លេច​ដើម​កំណើត​ជា​ជន​ជាតិ​ខ្មែរ ដើម្បី​បាន​លាភ​សក្ការ​ក្នុង​សង្គម ប៉ុន្តែ​ពេល​យុវជន​ខ្មែរ​ក្រោម​មិន​ព្រម​ធ្វើ​តាម​អាជ្ញាធរ​វៀតណាម​ បែរ​ជា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គេ​ទៅ​វិញ ។ មន្ត្រី​សិទ្ធិមនុស្ស​ថា អាជ្ញាធរ​វៀតណាម ក៏​រើសអើង​នឹង​ខ្មែរ​ក្រោម ដោយសារ​តែ​ខ្មែរ​ជា​ជាតិ​សាសន៍​ផ្សេង ហើយ​វៀតណាម​ខ្លាច​ខ្មែរ​ក្រោម​ទាមទារ​ទឹក​ដី​របស់​គេ​មក​វិញ ៕