ដោយ យន់ សាមៀន | RFA Khmer
សហគមន៍ខ្មែរកម្ពុជាក្រោម ប្រារព្ធខួប ៧២ ឆ្នាំ នៃថ្ងៃបារាំងកាត់ទឹកដីកម្ពុជាក្រោម ទៅវៀតណាម ទាំងខុសច្បាប់ រយៈពេលវែងចាប់ផ្ដើមពីថ្ងៃទី ៤ ខែមិថុនារហូតដល់ចុងខែមិថុនា ។ ថ្ងៃទី ១ នៃការប្រារព្ធខួបនៃទិវាកាន់ទុក្ខជាតិខ្មែរ លើកទី ៧២ នេះ សហគមន៍ខ្មែរក្រោម ទាមទារទៅវៀតណាម ត្រូវទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើមម្ចាស់ស្រុក ។ ជុំវិញការប្រារព្ធខួបនេះ អ្នកនាំពាក្យរដ្ឋាភិបាលយល់ថា ខ្មែរក្រោមមានសិទ្ធិទាមទារសិទ្ធិជាម្ចាស់ស្រុក ប៉ុន្តែ រដ្ឋាភិបាលមិនអាចជួយ ឬលូកដៃការទាមទារនេះ បានទេ ព្រោះពេលនេះ កម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម ហើយ ។

សហគមន៍ខ្មែរកម្ពុជាក្រោម ជួបការលំបាកក្នុងការរៀបចំឱ្យជួបជុំ ក្នុងពេលនៃវិបត្តិនៃជំងឺ Covid-19 ប៉ុន្តែ សហគមន៍បានលើកយកបញ្ហាខ្មែរក្រោម និងទាមទារសិទ្ធិសេរីភាព មកជជែកតាមបណ្ដាញសង្គម (Facebook) ក្រៅពីនេះ ក៏មានការប្រមូលថវិកា ដើម្បីចែកជួនពលរដ្ឋក្រីក្រ ជាពិសេស ពលរដ្ឋខ្មែរក្រោម ដែលកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ឱ្យដឹងថា សហគមន៍ខ្មែរកម្ពុជាក្រោម នៅតែជំរុញទៅវៀតណាម ត្រូវទទួលស្គាល់ការពិតថា ខ្មែរក្រោមជាជនជាតិដើមម្ចាស់ស្រុក ។ លោកស្នើទៅខ្មែរក្រោម រស់នៅតាមប្រទេសនានា និងខ្មែរកណ្ដាលផងដែរ រួមគ្នាជាសំឡេងរួមមួយ ទាមទារឱ្យវៀតណាម គោរពសិទ្ធិជនជាតិដើម ដូចដែលវៀតណាម បានផ្ដល់សច្ចាប័នទៅអង្គការសហប្រជាជាតិកន្លងទៅ៖ «រឿងអង្គការអន្តរជាតិនានា យើងតែងតែជំរុញឱ្យយួន (វៀតណាម) ត្រូវតែទទួលស្គាល់នៃប្រវត្តិសាស្ត្រពិត ជាពិសេសខ្មែរនៅទីនោះ ជាជនជាតិដើមអ្នកកសាងទឹកដីពិតប្រាកដមែនយួន (វៀតណាម) មិនអាចគេចចេញពីការទទួលខុសត្រូវហ្នឹងបានទេ» ។
លោក ថាច់ សេដ្ឋា ឱ្យដឹងទៀតថា ដ្បិតការរម្លឹកខួបនេះ ត្រូវធ្វើនៅថ្ងៃទី ៤ ខែមិថុនាក្ដី ប៉ុន្តែ ប្រសិននៅថ្ងៃទី ២៧ ខែមិថុនាខាងមុខ ស្ថានភាពជំងឺកូវីដចុះថមថយ នឹងមានការរៀបចំពិធីជួបជុំ និងការធ្វើការពិធីសាសនាឱ្យបានធំដុំ ។
ក្នុងថ្ងៃនៃខួបបាត់បង់ទឹកដីនេះដែរ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានប្ដូរ រូបលើប្រូហ្វាល (Profile) របស់ខ្លួន នូវរូបសញ្ញាកាន់ទុក្ខជារូបទង់ជាតិកម្ពុជាក្រោម ផែនទីទឹកដីខ្មែរ និងរៀបរាប់ពីការឈឺចាប់នៃការបាត់បង់ដែនដីខ្មែរក្រោម ។ អ្នកផ្សេងទៀត ក៏បានបង្ហោះចម្រៀងបង្ហាញពីលះបង់ជីវិតរបស់ឧកញ៉ា ស៊ឺន គុយ ដែលជាការប្ដូរមកវិញ សិទ្ធិសេរីជូនពលរដ្ឋខ្មែរក្រោម ។
ចំណែកសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅអាមេរិកវិញ ក៏នឹងជួបជុំគ្នាធ្វើពិធីបាត់បង់ទឹកដីនេះដែរ ។ សាខាសហព័ន្ធនឹងធ្វើពិធីនៅតាមរដ្ឋនីមួយៗ ។ មន្ត្រីសហព័ន្ធលើកឡើងថា ចាប់តាំងពីវៀតណាម ត្រួតត្រាទឹកដីកម្ពុជាក្រោមមក វៀតណាមមានមហិច្ឆតាបំបាត់អត្តសញ្ញាណខ្មែរក្រោម រួមមាន ការកែប្រែឈ្មោះខេត្ត ពីខ្មែរទៅជាភាសាវៀតណាម បំបាត់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និងសិទ្ធិជាជនជាតិដើមកំណើតជាដើម ។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា ដើម្បីទប់ស្កាត់ មហិច្ឆតារបស់វៀតណាម នេះ សហព័ន្ធនឹងបំផុសស្មារតីស្នេហាជាតិដល់បងប្អូនខ្មែរក្រោម ដែលកំពុងរស់លើទឹកដីកំណើត ឲ្យប្រកាន់ភ្ជាប់ និងរក្សាអត្តសញ្ញាណជាខ្មែរក្រោម ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចជោគជ័យ ទៅថ្ងៃក្រោយ ។
កម្ពុជា បានបាត់បង់ទឹកដីកម្ពុជាក្រោម ដែលមានខេត្តចំនួន ២១ កាលពីឆ្នាំ ១៩៤៩ ដោយសារតែបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឱ្យវៀតណាម ទាំងខុសច្បាប់ និងគ្មានការយល់ព្រមពីកម្ពុជា និងពលរដ្ឋខ្មែរកម្ពុជាក្រោម ។
ទោះយ៉ាងណាមកដល់ពេលនេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាត់ទុកទឹកដីខ្មែរមួយនេះ ជារបស់វៀតណាមទៅហើយ ជាងនេះទៅទៀត រដ្ឋាភិបាលលោក ហ៊ុន សែន ក៏មិនដែលបង្ហាញការឈឺឆ្អាលពីទុក្ខលំបាកខ្មែរក្រោម ដែលត្រូវអាជ្ញាធរវៀតណាម ជិះជាន់ ឬធ្វើទុក្ខបុកម្នេញនោះដែរ ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន លើកឡើង ពេលនេះរដ្ឋាភិបាលកម្ពុជា មិនអាចទៅលូកលាន់លើបញ្ហាខ្មែរក្រោម បានទេ ព្រោះកម្ពុជាក្រោម ស្ថិតក្នុងដែនដីអធិបតេយ្យភាពរបស់វៀតណាម ។ ទោះយ៉ាងណា លោកថា សហគមន៍ខ្មែរក្រោម នៅកម្ពុជា ឬតាមប្រទេសនានាមានសិទ្ធិបើកវិទ្យុ ទូរទស្សន៍ និងធ្វើការទាមទារសិទ្ធិរបស់ខ្លួន នៅលើអន្តរជាតិ និងនៅអង្គការសហប្រជាជាតិ៖ «ថ្ងៃប្រវត្តិសាស្ត្រហ្នឹង យើងនាំគ្នាមើលប្រវត្តិសាស្ត្រទៅ យើងយល់ មិនបាច់ខ្ញុំពន្យល់ធ្វើអី? អត់មានពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាទេ ព្រោះដីនៅកម្ពុជាក្រោម តាំងពីអាណានិគមដើរចេញមក ជាដីប្រគល់ឱ្យវៀតណាមទៅហើយហ្នឹង» ។
ប្រតិកម្មតបទៅនឹងមន្ត្រីនាំពាក្យរដ្ឋាភិបាលនេះ ពលរដ្ឋខ្មែរក្រោម លោក ថាច់ កឿង ដែលកំពុងនៅក្រោមការត្រួតត្រារបស់វៀតណាម នៅខេត្តព្រះត្រពាំងថា លោកសោកស្ដាយចំពោះជំហរបែបនេះរបស់រដ្ឋាភិបាលកម្ពុជា ។ យុវជនខ្មែរក្រោមរូបនេះ ឱ្យទៀតថា ក្នុងថ្ងៃរំលឹកខួបបាត់បង់ទឹកដីខ្មែរក្រោម ថ្ងៃទី ៤ ខែមិថុនា នេះ លោកបានបង្ហោះរូបទង់ជាតិ និងផែនទីខ្មែរកម្ពុជាក្រោម តាមបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែ ត្រូវបានអាជ្ញាធរវៀតណាម បញ្ជាឱ្យលុបរូបនោះចោល និងព្រមានថា ពួកគេនឹងទៅសួរនាំលោកដល់កន្លែងស្នាក់នៅ នាថ្ងៃទី ៦ ខែមិថុនា៖ «មានអីគួរឱ្យខុសណាគ្រាន់តែយើងបង្ហោះវីដេអូអញ្ចឹងមានអីគួរខុស ប៉ុន្តែអាជ្ញាធរវៀតណាម ថ្ងៃនេះ ជាថ្ងៃសំខាន់របស់ខ្មែរ មិនឱ្យបង្ហោះអ្វីឡើយ ។ ស្អែកហ្នឹងពេលវេលាម៉ោង ១០ កន្លះ គេចូលមកបន្ទប់ប្អូន មានការងារបន្តិច ប៉ុន្តែ មិនដឹងការងារអីដែរគេប្រាប់ព្រឹកមិញ» ។
អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាម ត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ចាប់តាំងពីពេលនោះមក វៀតណាម បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរក្រោម ។ បច្ចុប្បន្ន ខ្មែរក្រោម នៅជុំវិញពិភពលោក និងនៅលើទឹកដីកំណើត កំពុងធ្វើចលនា នៅជុំវិញពិភពលោក ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួន នៅថ្ងៃអនាគត ៕