ខ្មែរក្រោម​កសាង​វត្ត​នៅ​កោះត្រល់​ជា​លើកដំបូង

ដោយ​ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​កោះត្រល់ ឋិត​នៅ ក្នុង​ខេត្ត​ក្រមួនស បាន​មូលមតិ​គ្នា​បញ្ចុះបឋមសិលា ចាប់ ផ្ដើមកសាង​វត្ត​ថ្មី​មួយ កាលពី ថ្ងៃទី ០៥ ខែឧសភា កន្លង ទៅនេះ ។ វត្ត​ដែល​ចាប់ផ្ដើម​កសាង​ថ្មី​នៅ​ចំ​កណ្ដាល កោះ ត្រល់​នោះ មាន​ឈ្មោះថា “​វត្ត​ពោធិ​ទី​បា​រាម​-​កោះត្រល់​” ។

យោងតាម “​លិខិត​និមន្ត​ចូលរួម​ពិធី​បញ្ចុះបឋមសិលា​” កសាង វត្ត​ពោធិ​ទី​បា​រាម​-​កោះត្រល់​នេះ បាន​បញ្ជាក់ថា វត្ត​នេះ ផ្ដួចផ្ដើម​ក សាង​ដោយ​សមាគម​សាមគ្គី​ព្រះសង្ឃ​ស្នេហា​ជាតិ​ខេត្ត​ក្រមួនស  ឬ ខេត្ត​កៀង​យ៉ាង ដោយមាន ការអនុញ្ញាត​ពី​គណៈកម្មការ ប្រជាជន​ខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម  ។ យោងតាម​ព្រះ នាម​ប្រថាប់ត្រា​នៅលើ​លិខិត​និមន្ត​នេះ​ដដែល  ព្រះចៅអធិការ​ដំបូង នៃ​វត្ត​នេះ ព្រះនាម ត្រឹង ភឿង ។

យោងតាម​រូបថត​ប្លង់​វត្ត​ដែល​គេ​បាន​ភ្ជាប់​នឹង​លិខិត​និមន្ត​នេះ វត្ត ពោធិ​ទី​បា​រាម – កោះត្រល់ មាន​ផ្ទៃដី​ធំ​ទូលាយ ណាស់ និង​មាន គ្រោងការណ៍​សាងសង់​ព្រះវិហារ កុដិ សាលា និង​សួនច្បារ នៅ ក្នុង​បរិវេណ​វត្ត​ដែលមាន​របៀប របប​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

ពិធី​បញ្ចុះបឋមសិលា បាន​ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃ  សៅរ៍ និង អាទិត្យ ០៩-១០ រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ បញ្ច​ស័ក  ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី ៤ និង ៥ ខែឧសភា គ​.​ស​. ២០១៣ ។

យោងតាម​សេចក្ដីរាយការណ៍​របស់​សមាគម​សង្ឃ​ខ្មែរ​នៅ​កម្ពុជា ក្រោម វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដែល​អាជ្ញាធរ​វៀត ណា​ម​ទទួល ស្គាល់​នោះ​មាន ៤៥២ វត្ត រាប់បញ្ចូល​វត្ត​ពោធិ​ទិ​បា​រាម​-​កោះត្រល់ នេះ មួយទៀត​មាន ៤៥៣ វត្ត ។ យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ កម្ពុជា​ក​ក្រោម វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​កាលពីមុន​មាន​ប្រមាណ ជាង ៥០០ វត្ត ។

យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ កោះត្រល់​ពីមុន​ជា​កម្មសិទ្ធិ​របស់ ប្រទេស​កម្ពុជា ត្រូវបាន​ប្ដូរ​ទៅជា ភាសា​វៀត ណា​ម​ថា ដាវ​ភូ​ក្វឹ​ក  មាន​ផ្ទៃដី​ប្រមាណ ៥៨៩,២៣ គីឡូ​មែត្រ​ការ៉េ ទំហំ​ប្រហាក់​ប្រ ហែល​ប្រទេស​សិង្ហ​បុរី និង បច្ចុប្បន្ន ឋិត​នៅក្រោម​ការគ្រប់គ្រង របស់​រដ្ឋាភិបាល​វៀត​ណា​ម ។ ចម្ងាយ​ពី​កោះត្រល់​ទៅ​ទៅ​ទីក្រុង បា​រាជ ឬ រ៉ាត់​យ៉ា ប្រមាណ ១២០ គីឡូម៉ែត្រ , ទៅ​ទី​រួម​ខេត្ត​ពាម ឬ ហា​តៀង ៤៥ គីឡូម៉ែត្រ ។ កោះត្រល់​ឋិត​នៅក្នុង​ឈូង​សមុទ្រ  សៀម ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​ប្រមាណ ១២ គីឡូម៉ែត្រ ៕​