ដោយ យន់ សាមៀន | RFA Khmer
សមាគមព្រះសង្ឃខ្មែរក្រោមនៅអាមេរិកខាងជើង ស្នើឲ្យអាជ្ញាធរវៀតណាមនៅខេត្តលង់ហោរ អនុញ្ញាតឲ្យព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម អាចប្រតិបត្តិព្រះពុទ្ធសាសនា ដោយសេរី និងគ្មានការធ្វើទុក្ខបុកម្នេញ។ សំណើនេះធ្វើឡើង ក្រោយពេលអាជ្ញាធរវៀតណាមបានបន្តរឹតត្បិតសិទ្ធិសេរីភាពផ្នែកសាសនារបស់ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម។ ក្រសួងការបរទេសអាមេរិកនៅដើមខែធ្នូនេះ បានដាក់ប្រទេសវៀតណាម ក្នុងបញ្ជីតាមដានពិសេសនៃប្រទេសដែលរំលោភនិងអនុញ្ញាតឲ្យមានការរំលោភសិទិ្ធសេរីភាពសាសនា។

ព្រះភិក្ខុ ធីធីធម្មោ នាយកអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រធានសមាគមព្រះសង្ឃខ្មែរក្រោមអាមេរិកាំងខាងជើង សំណូមពរឲ្យអាជ្ញាធរវៀតណាមនៅខេត្ត លង់ហោរកុំឲ្យរើសអើងនឹងព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ស្រុក ក្នុងការប្រតិបត្តិព្រះពុទ្ធសាសនា។ អាជ្ញាធរវៀតណាម កាលពីចុងខែវិច្ឆិកា បានហាមឃាត់ព្រះសង្ឃខ្មែរក្រោម មិនឲ្យនិមន្តបិណ្ឌបាត្រ ដោយប្រើប្រាស់ម៉ូតូកង់បី។ អាជ្ញាធរវៀតណាម បានប្រើប្រាស់កងកម្លាំងប៉ូលិស ចាប់និងរឹបអូស ម៉ូតូកង់បីដែលព្រះសង្ឃប្រើប្រាស់ជាមធ្យោបាយ សម្រាប់ព្រះសង្ឃគង់នៅក្នុងវត្តមណ្ឌលបុរីទ្រនំសេក សម្រាប់និមន្តបិណ្ឌបាត្រ និងទេសនាតាមផ្ទះពលរដ្ឋ។ ពេលចាប់រឹបអូសម៉ូតូរបស់វត្តខ្មែរក្រោម បណ្តាលឲ្យពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោមបាន តវ៉ាប្រឆាំងមិនឲ្យវៀតណាមរឹបអូសម៉ូតូដែរ ប៉ុន្តែមិនបានសម្រេច។ ព្រះភិក្ខុ ធីធីធម្មោ ចាត់ទុកទង្វើរបស់វៀតណាមនេះថា ជាការស្អប់ខ្ពើមជនជាតិដើមខ្មែរក្រោម៖
«ការរស់នៅទីនោះ វាទាក់ទងហ្នឹងការរើសអើងផង។ ការរើសអើងទាក់ទងនឹងសាសនា និងអក្សរសាស្រ្ត» ។
ព្រះភិក្ខុ ធីធីធម្មោក៏សំណូមពរឲ្យវៀតណាមផ្តល់ ម៉ូតូកង់បីឲ្យវត្តមណ្ឌលបុរីទ្រនំសេកវិញ ដើម្បីប្រើប្រាស់បំរើការផ្នែកសាសនា។ មកទល់នឹងថ្ងៃទី៥ ខែធ្នូ វៀតណាម មិនទាន់សងម៉ូតូទៅឲ្យវត្តវិញនៅឡើយទេ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរអះអាងថា ករណីវៀតណាមរឹបអូសម៉ូតូព្រះសង្ឃខ្មែរក្រោម ជារឿងរៀបចំដើម្បីធ្វើទុក្ខបុកម្នេញនិងសងសឹកលើពលរដ្ឋខ្មែរក្រោម។
កាលពីខែមីនា ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមបានលើកគ្នាតវ៉ាប្រឆាំងអាជ្ញាធរវៀតណាមខេត្តលង់ហោរ ដែលប៉ុនប៉ង កាប់យកដើមគគីរ ដែលមានអាយុកាលជាង ៧០០ឆ្នាំ ដែលជាកេរ្តិ៍ដំណែលរបស់វត្តមង្គលបុរីទ្រនុំសេក។ អាជ្ញាធរវៀតណាមបានប្រើហិង្សាវាយទៅលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលនាំគ្នាអង្គុយព័ទ្ធជុំវិញ ការពារដើមគគីរ និងចងស្បង់ចីវរព្រះសង្ឃជុំវិញដើមគគីរនោះ បណ្តាលឲ្យអាជ្ញាធរចម្រុះវៀតណាមបាននាំគ្នាដកថយទៅវិញ។ មកទល់ពេលនេះ ពលរដ្ឋខ្មែរក្រោមបន្ត យាមនិងថែរក្សាដើមគគីរដែលមានអាយុកាលប្រមាណ៧០០ឆ្នាំនេះ ឲ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។ អាជ្ញាធរវៀតណាមនៅខេត្តលង់ហោរនេះ កាលពីខែតុលា ក៏បាននាំគ្នាទៅចង់បំផ្លាញ ទីតាំងសាលាឆទានរបស់ពលរដ្ឋខ្មែរក្រោមមួយកន្លែង នៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែលចាប់សាងសង់កាលពីដើមឆ្នាំ២០២១។ បច្ចុប្បន្នសាលាឆទាននេះ បានបង្រៀនកូនខ្មែរក្រោមជិត ១០០នាក់ ឲ្យចេះភាសាខ្មែរ និងក្លាយជាទីកន្លែងដែលពលរដ្ឋខ្មែរក្រោម នៅស្រុក ប្រមូលផ្តុំគ្នាមកប្រតិបត្តិព្រះពុទ្ធសាសនា។
ការធ្វើទុក្ខបុម្នេញលើសិទ្ធិសាសនាពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរ ម្តងហើយម្តងទៀតនេះ ហាក់បីជាការព្រងើយកន្តើយនឹងសំណើរបស់ ប្រធានគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) លោក ហ្វ្រែដឺរិក ដេវី (Frederick Davie) ដែលកាលពីពេលថ្មីៗនេះ បានស្នើដល់រដ្ឋាភិបាលវៀតណាមបញ្ឈប់ការព្យាយាមទៅវាយបំផ្លាញសាលាឆទានរបស់ខ្មែរក្រោម។ គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក បង្កើតឡើងកាលពីឆ្នាំ១៩៩៨ ដោយច្បាប់សេរីភាពសាសនាអន្តរជាតិ។ ទីភ្នាក់ងារនេះ ឃ្លាំមើលសិទ្ធិសេរីភាពសាសនា និងជំនឿជាសកល និងផ្តល់ជាអនុសាសន៍ដល់ប្រធានាធិបតី រដ្ឋមន្រ្តីក្រសួងការបរទេស និងសភា ដើម្បីតាមដានការអនុវត្តអនុសាសន៍របស់ទីភ្នាក់ងារនេះ។
ពាក់ព័ន្ធនឹងរឿងវៀតណាមបន្តរំលោភសិទ្ធិសាសនាខ្មែរក្រោមនេះដែរ ព្រះភិក្ខុ ធីធីធម្មោមានថេរដីកាថា ការរំលោភសិទ្ធិសេរីភាពសាសនា នៅវៀតណាមកំពុងកើតមានឡើងជាប្រព័ន្ធប្រឆាំងនឹងជនជាតិដើមខ្មែរក្រោម។ ព្រះអង្គព្រមានថា ការរំលោភសិទ្ធិសេរីភាពសាសនានិងជនជាតិដើម គ្មានផលប្រយោជន៍សម្រាប់វៀតណាមនោះទេ ផ្ទុយវិញទង្វើនេះនឹងធ្វើឲ្យខ្មែរក្រោម កាន់តែស្អប់ខ្ពើមវៀតណាមថែមទៀត៖
«នេះចាត់ទុកជាសាររដ្ឋាភិបាលនៅទីនោះជួយសម្រាលឆាប់កាលណាល្អកាលហ្នឹងព្រោះយើងមើលឃើញថាទំនាស់នៅកន្លែងហ្នឹងវាខាតទាំងសងខាង។ ប្រសិនបើរដ្ឋាភិបាលវៀតណាមនៅតែមានចេតនាជាន់ឈ្លីទៅលើព្រះពុទ្ធសាសនាខ្មែរក្រោមវាធ្វើឲ្យជំនឿខ្មែរខ្វះការទុកចិត្តរវាងពលរដ្ឋខ្មែរក្រោមនិងរដ្ឋាភិបាល» ។
របាយការណ៍សេរីភាពសាសនារបស់ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ២០២១ ចេញផ្សាយកាលពីខែមិថុនា សរសេរថា រដ្ឋធម្មនុញ្ញវៀតណាមអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ និងសាសនា ប៉ុន្តែច្បាប់វៀតណាមក៏អនុញ្ញតឲ្យអាជ្ញាធរដាក់កំហិតលើការប្រតិបត្តិសេរីភាពសាសនា ដោយសំអាងលើបញ្ហាសន្តិសុខជាតិ និងរបៀបរៀបរយសង្គម។ របាយការណ៍ឲ្យដឹងទៀតថា មេដឹកនាំសាសនាដែលវៀតណាមមិនទទួលស្គាល់ តែងតែរងការធ្វើទុក្ខបុកម្នេញ រួមទាំងការចាប់ដាក់ពន្ធនាគារ និងទទួលរងអំពើហិង្សាជាដើម។ ស្ថានភាពសេរីភាពសាសនាវៀតណាមសម្រាប់ឆ្នាំ២០២០ និង ២០១៩ មានលក្ខណៈស្រដៀងគ្នាដែរ គឺរដ្ឋាភិបាលវៀតណាមនៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនាលើក្រុមសហគមន៍ជនជាតិដើម រួមមាន ក្រុមម៉ុងតាញ៉ាជាដើម៕