ខ្មែរក្រោម​នៅ​កម្ពុជា​គ្រោង​នឹងធ្វើ​បាតុកម្ម​ នៅមុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃទី ១៣ ខែតុលា​

ដោយ ថាច់ ប្រីជា គឿន​l សារព័ត៌មាន ព្រៃនគរ​

​អង្គការ​សមាគម​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹងធ្វើ​បាតុកម្ម នៅមុខ​ស្ថានទូត វៀតណាម នាទី​ក្រុងភ្នំពេញ នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៣ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះ លែង​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ៧ ផ្សេងទៀត​ដែល ត្រូវបាន​តុលាការ ខេត្ត​ឃ្លាំង នៃ​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម កាត់​ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ ពី ១០ ខែ​ទៅ ៦ ឆ្នាំ កាលពី​ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា កន្លងទៅនេះ ។​

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែងព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។

ខ្មែរក្រោម​នៅ​កម្ពុជា​គ្រោង​នឹងធ្វើ​បាតុកម្ម​ នៅមុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃទី ១៣ ខែតុលា​

​យោងតាម​សេចក្ដីជូនដំណឹង​មួយច្បាប់​ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​ថ្ងៃទី ០៦ ខែតុលា នេះ​ថា អង្គការ​សមាគម​ខ្មែរក្រោម នឹងធ្វើ​បាតុកម្ម​នៅ “​វេលា​ម៉ោង ៨៖ ៣០ នាទី ព្រឹក រហូតដល់ ម៉ោង ១២ ថ្ងៃត្រង់ នៅមុខ​ស្ថានទូត​វៀតណាម នា រាជធានី​ភ្នំពេញ​” ។​

​ការធ្វើ​បាតុកម្ម​នេះ ក្នុង​គោលបំណង  ៣ យ៉ាង គឺ​៖

​ទី ១- ដើម្បី​ស្វែងរក​យុត្តិធម៌​ប្រគេន​ព្រះសង្ឃ និង​ជូន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅឯ​ដែនដី​កម្ពុជា​ក្រោម (​វៀតណាម​ខាងត្បូង​) ដែល​កំពុង​ត្រូវបាន​ប្រឈម​ទៅ​និង​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់ អាជ្ញាធរ វៀតណាម ។​

​ទី ២- ស្នើ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​ដោះលែង​ព្រះសង្ឃ ២ ព្រះអង្គ និង ពលរដ្ឋ​ខ្មែរក្រោម ៧ នាក់ ដែល​តុលាការ​ប្រជាជន​វៀតណាម​បាន​កាត់ទោស​កាលពី​ព្រឹក​ថ្ងៃទី ២៥ និង ព្រឹក​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ដើម្បីឱ្យ​ពូក​គាត់​មាន​សេរីភាព​ឡើងវិញ ។​

​ទី ៣- សូម​អំពាវនាវ​ទៅដល់​អង្គការសិទ្ធិមនុស្ស​ជាតិ អន្តរជាតិ អង្គការសហប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គទូត​នានា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រចាំ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​មេត្តាជួយ តាមដាន​ឃ្លាំមើល និង​អន្តរាគមន៍​នូវ​រាល់​អំពើ​រំលោភសិទ្ធិ​មនុស្ស​មកលើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា ក្រោម ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋអំណាច និង​រដ្ឋាភិបាល​វៀតណាម ។​

​ក្រៅពី​អង្គការ​សមាគម​ខ្មែរក្រោម នៅ​ទីក្រុង​ភ្នំពេញ ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ក៏​កំពុង​នាំគ្នា​ត្រៀម ខ្លួន​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទូទាំង​ពិភពលោក​ផងដែរ ។​

​កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់​ទោស​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បង្ក​ឲ្យ​មានការ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្តល់​ផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។​

​កាលពី​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។​

​ជនជាប់ចោទ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ នាក់ នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​បៀ​ង​ដុង A (Bien Dong   A ) ឃុំ វិញ​ត្រាច់​ដុង (Vinh Trach Dong) ទីក្រុង​ពល​លាវ ខេត្ត​ពល​លាវ  ម្នាក់ៗ​ត្រូវបាន​តុ​ការ​ដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម​សម្រេច​ប្រកាស សាលក្រម​ឲ្យ​ជាប់គុក ដូចតទៅ ៖

១.​អ្នកស្រី លី ធី សា​បុ​ត (Lý Thị Sà Bột)   ១ ឆ្នាំ​

២.​អ្នកស្រី លី ធី យន់ (Lý Thị Dạnh)  ១ ឆ្នាំ​

៣.​អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan)  ១ ឆ្នាំ​

៤.​លោក  លី មិន ហាយ (Lý Minh Hải)  ១១ ខែ និង​

៥.​លោក តាំង ផល្លា (Tăng Pho La)  ១០ ខែ​

​ចំណែក​អ្នកស្រី លី ធី សា​បុ​ត ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញ​​ទៅ​ក្រៅប្រទេស​មុនពេល​វៀតណាម​ចាប់ខ្លួន ។​

​យោងតាម​សេចក្ដីប្រកាស​របស់​ចៅក្រម​នៅក្នុង​អង្គ​សវនាការ​នេះ​ថា  ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ រូបនេះ ត្រូវ បាន​ចោទ​ប្រកាន់ទោស ព្រោះ​បាន​ជួយ​ទូងស្គរ និង​វៃ​រគាំង​នៅ​វត្ត​ព្រៃ​ជាប់ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ លី ចិន្ដា ។​

​មកដល់​ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​” ។​

​សាលក្រម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក​ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ  ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩  ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេស ក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋា​ភិ បាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ  ពីបទ “​ចាត់តាំង​នាំ មនុស្ស​រត់​ចេញទៅ​ប្រទេស ក្រៅ​” ។  អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។​

​កាលពី​ថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​បានធ្វើ​មហា​បាតុកម្ម​ទូទាំង​ពិភព លោក ដើម្បី​ទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ​ផងដែរ  ។ ការធ្វើ​នោះ ស្រប​ពេលដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ចាប់​ផ្សឹក និង​ដាក់ គុក​កាលពី​ខែឧសភា កន្លងទៅនេះ ។​

​សហព័ន្ធ​ខ្មែរ​ក្ពុ​ជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍ និង​ធ្វើ របាយ ការណ៍​ស្ដីពី​បញ្ហា​នេះ ទៅ​សហ​គន៍​អន្តរជាតិ​ជា​បន្តបន្ទាប់ ដើម្បី​ជម្រុញ​ឲ្យ​វៀតណាម​ដោះលែង​ព្រះ សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ ផងដែរ ។​

​លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក ធ្លាប់​បានផ្ដល់​បទសម្ភាសន៍ ដល់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម គឺ​បាន​បំពាន នឹង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម និង​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​វៀតណាម​ជា​ប្រទេស ហត្ថលេខី​ផងដែរ ។ លោក​បន្តថា ទោះបី ព្រះសង្ឃ​ខ្មែរក្រោម​ទាំងនោះ ទាក់ទង និង​បានទទួល​លុយ​ពី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យ៉ាងណាក៏ដោយ ក៏​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ មិនមាន​ទោស កំហុស​អ្វី​ឡើយ ព្រោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​សិទ្ធិមនុស្ស​ស្របតាម​ច្បាប់​អន្តរជាតិ ដែល​អាច​ចូលទៅ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ​ជា​រៀងរាល់ឆ្នាំ ។ ដូច្នេះ ការដែល​វៀតណាម​ប្រកាស់​សាល ក្រម​ផ្ដន្ទារ​ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នោះ ជាការ​រើសអើង​ពូជសាសន៍​មួយ​ដែល​វៀតណាម​បាន ធ្វើ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ៕​