សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​នៅ​កម្ពុជា​ និង​ប្រទេស​ថៃ​ កំពុង​ស្វែង​រក​មេធាវី​ និង​ថវិកា​​ជួយ​ជនភៀស​ខ្លួន​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំ​នៅ​ថៃ

ដោយ យន់ សាមៀន | RFA Khmer 

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​កម្ពុជា ​និង​ប្រទេសថៃ​កំពុង​ស្វែង​រក​មេធាវី ​និង​ថវិកា​ដើម្បី​ជួយ​ដល់​ជនភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ថៃ ក្រោយ​សមត្ថកិច្ចថៃ​ចាប់​ខ្លួន​ពួកគេ​ពី​បទ​ចូល និង​ធ្វើការងារ​នៅ​ថៃ​ដោយ​ខុស​ច្បាប់ ។ ជនភៀសខ្លួន​ខ្មែរក្រោម​ អាច​នឹង​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​កម្ពុជា​ ឬ​វៀតណាម ប្រសិនបើ​ពួកគេគ្មាន​ថវិកា​ ដើម្បី​បង់​ប្រាក់​សុំនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ។

ពលរដ្ឋខ្មែរក្រោម ប្រមាណជា ១០ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

តុលាការថៃ​ នៅ​ទីក្រុង​បាងកក តម្រូវ​ឲ្យ​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ ចំនួន​ដប់​នាក់ បង់​ប្រាក់ ជិត ​២​ ពាន់​ដុល្លារ​ក្នុង​ម្នាក់ៗ ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប្រសិន​មិន​ដូច្នោះ​ទេ តុលាការ​នឹង​បន្ត​ឃុំខ្លួន​ពួកគេ រហូត​ដល់​ពេល​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ថៃ ។ កាលពីថ្ងៃទី ១៤ ខែតុលា សមត្ថកិច្ច​ថៃ​ បាន​ចាប់​ខ្លួន ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ ១០ ​នាក់ នៅពេល​ពួកគេ​កំពុង​ធ្វើការងារ​នៅ​ផ្សារ​មួយ​កន្លែង ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ។ តុលាការថៃ​ បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​ចូល​និង​ធ្វើការងារ​នៅ​ស្រុក​ថៃ ដោយ​ខុស​ច្បាប់ ។

ប្រធាន​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ ប្រចាំ​ប្រទេសថៃលោក ឡឹម កែវសំណាង មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​ថា បច្ចុប្បន្ន​សមាគម​កំពុងស្វែងរក​ជំនួយ​ជា​ថវិកា​ ដើម្បី​ជួយ​បង់​ប្រាក់​ដល់​តុលាការ​ ដើម្បី​ឲ្យ​ជនភៀសខ្លួន​ទាំង​នោះ អាច​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន ។ លោកថា ជនភៀស​ខ្លួន​ទាំង​នោះ គ្មាន​លទ្ធភាព​ស្វែងរក​ថវិកា​ក្នុង​ម្នាក់ៗ ​ជិត​ ​ពីរពាន់​ដុល្លារ​ ដើម្បី​អាច​នៅ​ឃុំឡើយ៖

«ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ផង។ សូម​បញ្ជាក់​ថា អ្នកត្រូវ​ចាប់ខ្លួន​ក៏​មាន​មនុស្ស​ចាស់ៗ​បីបួន​នាក់​ដែរ។ គាត់​អាយុ​៦០​ឆ្នាំ​ហើយ ហើយ​មិន​ដឹងគាត់​នៅ​ក្នុង​គុក​យ៉ាង​ណា ព្រោះ​គាត់​មាន​រោគ​ប្រចាំ​ខ្លួន»។

លោក ឡឹម កែវសំណាង បន្ត​ថា ក្នុង​ចំណោម​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ​ចំនួន ​១០​ នាក់ មាន​តែបី​នាក់​ទេ​ ដែល​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផ្តល់​ឋានៈជា​ជន​ភៀស​ខ្លួន ។ ពួកគេមួយ​ចំនួន​ បាន​មក​សុំសិទ្ធិជ្រកកោន​នៅ​ថៃ អស់រយៈពេល​ជិត​មួយ​ទសវត្សរ៍​ហើយ ប៉ុន្តែ អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) មិនបាន​ជួយឲ្យ​បាន​ពួកគេ​បាន​ទៅ​រស់​នៅ​ប្រទេស​ទីបី​នៅ​ឡើយ​ទេ ។ លោក ឡឹម កែវសំណាង ដែល​ជា​ជនភៀសខ្លួន ពីកម្ពុជា​ក្រោម សមត្ថកិច្ច​ក្រុង​ភ្នំពេញ​តាម​ចាប់​ដោយ​សារ​តែ​ពីឆ្នាំ ២០០៨ កាល​នោះ លោក​នៅ​ជា​ព្រះសង្ឃ បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម រឿងបន្លំ​ប្រវត្តិសាស្រ្តទឹកដី​ខ្មែរកម្ពុជាក្រោម​ លើក​ឡើង​ថា សព្វថ្ងៃ​លោក ​និង​ពលរដ្ឋខ្មែរក្រោម ​ជា​ជនភៀស​ខ្លួន​កំពុង​ជួប​វិបត្តិ ដោយសារតែ ​(UNHCR) ​មិន​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គ្រប់គ្រាន់​ នៅ​ប្រទេស​ថៃ​បាន ទើប​ជនភៀស​ខ្លួន​ខ្លះត្រូវ​បង្ខំចិត្ត​ដើររក​ការងារ​ធ្វើ​ទាំង​ខុស​ច្បាប់ ។ លោកព្រួយបារម្ភថា ប្រសិនបើ​គ្មានការ​ជួយ​អន្តរាគមន៍ពី (UNHCR)​ និង​អង្គការ​សិទ្ធិ​មនុស្ស​ទេ ជនភៀសខ្លួន​ ដែល​កំពុង​ជាប់​ពន្ធនាគារ អាចត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ហើយ​នឹង​ត្រូវ​អាជ្ញាធរ​វៀតណាម ធ្វើទុក្ខបុកម្នេញ ។

វិទ្យុអាស៊ីសេរីបាន​ព្យាយាម​ទាក់ទង​មន្រ្តី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជនភៀសខ្លួន ​(UNHCR) ប្រចាំ​នៅ​ទីក្រុង​បាងកក​ជាច្រើន​លើក​តាម​រយៈអឺម៉ែល ប៉ុន្តែ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ថ្ងៃទី ១៩ ខែតុលា ។

ពាក់ព័ន្ធនឹងរឿងអាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជនភៀស​ខ្មែរកម្ពុជា​ក្រោម​នេះ​ដែរ អគ្គលេខាធិការ​ សមាគមខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា អង្គការ​របស់​លោក កំពុង​ទាក់ទង នឹង​អង្គការ​សិទ្ធិមនុស្ស​នៅ​ថៃ ដើម្បី​ផ្តល់​មេធាវី ការពារក្តី​ឲ្យ​ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម ។​ លោកសំណូមពរឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយអន្តរាគមន៍​ជនភៀសខ្លួន​ខ្មែរកម្ពុជា​ក្រោម ​ដែល​កំពុង​ជាប់​ពន្ធនាគារនៅថៃ​ឲ្យ​មាន​សេរីភាព ព្រោះខ្មែរ​ក្រោម​ ក៏​ខ្មែរ​ដែរ៖

«ទោះបីគាត់​ចាកចេញ​ពី​កម្ពុជា​ក្តីនៅប្រទេសថៃ​ក្តី​គាត់ជា​ជន​ជាតិ​ខ្មែរ​រដ្ឋធម្មនុញ្ញ​ការពារ​ជន​នៅក្រៅ​ប្រទេស​សញ្ជាតិខ្មែរ​នៅ​ក្រៅ​ប្រទេស។ទូតខ្មែរថៃនៅក្រៅ​ប្រទេសគួរ​តែអន្តរាគមន៍​ទៅរដ្ឋាភិបាលថៃ​ឲ្យមាន​ការ​ដោះលែង​ពួក​គេ»។

សព្វថ្ងៃ ជនភៀសខ្លួនខ្មែរក្រោម ដែលកំពុង​រស់​នៅ​ភៀសខ្លួន​ក្នុង​ប្រទេសថៃ​មាន ជាងពីររយ​នាក់ ដែល​ពួកគេ​បាន​រត់​គេច​ពី​ការ​តាមធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម និង​នៅ​កម្ពុជា ៕