ពលរដ្ឋខ្មែរ​ និង​ខ្មែរក្រោម​ នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ប្រា​រព្វ​ទិវា​ខ្មែរក្រោម​នៅ​ក្រោម​នឹម​អាណានិគម​យួន​

ដោយ ស៊ឺន ចែងចើន

កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ២០១៩​ សប្ដាហ៍​មុន​នេះ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ពលរដ្ឋខ្មែរ​ នៅ​ជុំវិញ​ពិភពលោក​ បា​នប្រារ​ព្វ​ខួប​ ៧០​ ឆ្នាំ​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ ដែល​បារាំង​ បាន​ផ្ទេរ​ដែនដី​កម្ពុជាក្រោម​ ឬកូស័ងស៊ីន​ ឲ្យ​ធ្វើជា​រដ្ឋ​ចំណុះ​វៀតណាម​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។​

ពលរដ្ឋខ្មែរ​ និង​ខ្មែរក្រោម​ នៅ​ក្នុង​ទី​ក្រុង​ស៊ើរិស​ (Ceres​) រដ្ឋ​ California​​ ប្រា​រព្វ​ទិវា​ខ្មែរក្រោម​នៅ​ក្រោម​នឹម​អាណានិគម​យួន​ ។ រូបថតៈ ដោយ ថាច់ ប្រីជា គឿន
ពលរដ្ឋខ្មែរ​ និង​ខ្មែរក្រោម​ នៅ​ក្នុង​ទី​ក្រុង​ស៊ើរិស​ (Ceres​) រដ្ឋ​ California​​ ប្រា​រព្វ​ទិវា​ខ្មែរក្រោម​នៅ​ក្រោម​នឹម​អាណានិគម​យួន​ ។ រូបថតៈ ដោយ ថាច់ ប្រីជា គឿន

ចំណែក​ ពលរដ្ឋខ្មែរ​ និង​ខ្មែរក្រោម​​ នៅ​ទី​ក្រុង​ស៊ើរិស​ សហរដ្ឋអាមេរិក​ ទើបតែ​បាន​ប្រារព្ធ​ទិវា​នេះ​ នៅ​ថ្ងៃទី​ ៩ ខែមិថុនា​ នាវ​ត្ត​អង្គរបុរី​ ឋិតនៅ​ក្នុង​ទី​ក្រុង​ស៊ើរិស​ (Ceres​) រដ្ឋ​ California​ ដោយមាន​ការ​និមន្ត​ និង​អញ្ជើញ​ចូលរួម​ ពី​ពលរដ្ឋខ្មែរ​ ព្រះសង្ឃ​ ថ្នាក់ដឹកនាំ​ និង​សម​ជិ​ក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។

កម្មវិធី​នេះ​ ប្រព្រឹត្តទៅ​ដោយមាន​កិច្ច​នមស្ការ​ព្រះរតនត្រ័យ​ សមាទាន​និច្ចសីល​ និង​ថ្វាយ​ភត្ត​ដល់​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ខ្មែរ​គ្រប់​ជំនាន់​ ដែល​បាន​បូជាជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​ និងសាសនា​ នៅ​ដែនដី​កម្ពុជាក្រោម​ ។

នៅក្នុង​ឱកាស​នោះ​ លោក​ ថាច់​ វឿង​ សហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ និង​ទូរទស្សន៍​ ព្រៃនគរ​ បាន​ធ្វើ​សេចក្តី​រាយការណ៍​ផ្ទាល់​ និង​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ លោក​ ជា​ កប​ និង​ អ្នកស្រី​ ចៅ​ ជា​ សុភី​ អ្នក​រៀបចំ​ទិវា​ ៤ មិថុនា​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ ជា​អតីត​ទឹកដី​មួយភាគធំ​របស់​ប្រទេស​កម្ពុជា​ ឲ្យ​ទៅ​យួន​បន្ត​ធ្វើអាណានិគម​លើ​ខ្មែរក្រោម​ រហូតដល់​សព្វថ្ងៃ​ ។

បន្ទាប់​ ពី​អ្នកចូលរួម​ បាន​ឡើង​ថ្លែង​ចាប់អារម្មណ៍​ម្នា​ក់​ម្តង​ៗ ទាក់ទិន​ នឹង​ពិធី​នេះ​ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏បាន​ឡើង​ថ្លែង​សុន្ទរកថា​ ដោយ​រំឭក​ឡើងវិញ​ ពី​ភាព​ឈឺចាប់​ និង​សោក​ស្តាយ​ ចំពោះ​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរក្រោម​ ដែល​កើតមានឡើង​កាលពី​អតីតកាល​ ។ ក្រៅពី​នេះ​ ព្រះអង្គ​ក៏បាន​រាយការណ៍​សង្ខេប​ ពី​ការរៀបចំ​សន្និសីទ​អន្តរជាតិ​លើក​ទី​ ២ ស្តី​ពី​ «សិទ្ធិ​ខ្មែរក្រោម​ ក្នុង​ការសម្រេច​ជោគវាសនា​ខ្លួន​ ដោយខ្លួនឯង‍​» ដែល​បាន​ប្រព្រឹត្តទៅ​ កាលពី​ថ្ងៃសៅរ៍​ទី​ ១ ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងទៅ​ នៅ​ទីក្រុង​ឡា​អេ​ ប្រទេស​ហូ​ឡង់​ ដោយមាន​ពលរដ្ឋខ្មែរ​ក្រោម​ ដែល​រស់នៅ​ជុំវិញ​ពិភពលោក​ និង​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នានា​ បាន​មក​ជួប​ប្រជុំ​គ្នា​ នៅ​ឯអង្គ​សន្និសីទ​នោះ​ ។

គួរ​ជម្រាប​ជូន​ថា​ កាលពី​ ថ្ងៃទី​ ០៤​ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ប្រធានាធិបតី​បារាំង​ឈ្មោះ​ វ៉ែន​សង់​ អូរិ​យោល​ (Vincent​ Auriol​) បាន​ប្រកាស​ច្បាប់​ លេខ​ ៤៩​-៧៣៣​ ក្នុង​ការ​ប្រគល់​ដែនដី​កូស័ងស៊ីន​ ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​វៀតណាម​ ដែល​ពលរដ្ឋខ្មែរ​ចាត់ទុកថា​ ជា​សន្ធិសញ្ញា​ខុសច្បាប់​ ៕