សកម្មជន​ខ្មែរ​​ក្រោម​ដាក់​ញត្តិ​ទៅ​វៀតណាម ដើម្បី​ឱ្យ​ខ្មែរ​ក្រោម​អាច​ឈប់​សម្រាក​​ថ្ងៃ​បុណ្យ​ជាតិ

ដោយ យន់ សាមៀន | RFA

ខ្មែរក្រោម ​ដែល​កំពុង​រស់នៅ​ក្នុងស្រុក​កំណើត ដែល​វៀតណាម​កំពុង​ត្រួតត្រា បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម ​ដែល​ធ្វើការ​ងារ​នៅ​ទីក្រុង អាច​ឈប់​សម្រាក​ពេល​បុណ្យជាតិ​សំខាន់ៗ​ ដូចជា បុណ្យ​ចូល​ឆ្នាំថ្មី និង បុណ្យ​សែន​ដូនតា ជាដើម ។

នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀន​ ស្វឹ​ងហ៊្វុ​ក (Nguyen​ Xuan​ Phuc​) ជួប​សំណេះ​សំ​ណា​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ។
នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀន​ ស្វឹ​ងហ៊្វុ​ក (Nguyen​ Xuan​ Phuc​) ជួប​សំណេះ​សំ​ណា​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ។

ញត្តិ​ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម​បញ្ជាក់​ថា ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ដើម មាន​វប្បធម៌ ទំនៀមទម្លាប់ និង​ពិធី​បុណ្យជាតិ​ផ្សេង​ពី​ជនជាតិ​វៀតណាម ប៉ុន្តែ​កន្លងមក​រដ្ឋាភិបាល​វៀតណាម​ មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យជាតិ ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​ ។ ញត្តិ​បញ្ជាក់​ទៀត​ថា វៀតណាម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឈប់​សម្រាក​ក្នុង​រយៈពេល​ខ្លី នៅ​ក្នុង​ខេត្ត ៣ រួមមាន ខេត្តព្រះ​ត្រពាំង ឃ្លាំង និង​ពល​លាវ ចំណែក​ខេត្ត ១៨​ ទៀត ​ខ្មែរ​ក្រោម​មិនបាន​ឈប់​សម្រាក​ឡើយ ។

ញត្តិ​បន្ថែម​ទៀត​ថា កម្មករ​ខ្មែរ​គ្មាន​កាលបរិច្ឆេទ​ឈប់​សម្រាក​ក្នុង​កម្មវិធី​របស់​រដ្ឋាភិបាល​វៀតណាម ជា​មូលហេតុ​បណ្ដាល​ឱ្យ​ប៉ះពាល់ ការលើកតម្កើង​វប្បធម៌ និង​ប្រពៃណី​ជាតិ ដោយសារតែ​វប្បធម៌​ និង​ប្រពៃណី​ជាតិខ្មែរ ត្រូវ​ពលរដ្ឋ​បង្ហាញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បុណ្យ​សែន​ដូន​តា ។ ញត្តិ​ស្នើ​ឱ្យ​វៀតណាម​ផ្ដល់​យុត្តិធម៌​ដល់​ខ្មែរ​ក្រោម និង​ចេញ​បញ្ជា​ឱ្យ​ក្រុមហ៊ុន និង​រោងចក្រ​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​ បាន​ឈប់​សម្រាក​ពេល​បុណ្យជាតិ ។

តំណាង​ពលករ​ខ្មែរ​ក្រោម ដែល​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម លោក ថាច់ កឿង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ដោយសារតែ​បញ្ហា​ជីវភាព​បាន​បង្ខំ​យុវជន ​និង​យុវនារី​ខ្មែរ​ក្រោម​ ចាកចេញ​ពី​ស្រុកកំណើត​ទៅ​ធ្វើ​ការងារ​នៅ​តាម​ក្រុមហ៊ុន និង​រោងចក្រ​នៅ​ទីក្រុង ​។ លោក​បន្ត​ថា ពេល​បុណ្យទាន​សំខាន់ៗ​ ម្ដង​យុវជន​ទាំងនោះ មិន​អាច​ឈប់​សម្រាក​មកលេង​ស្រុកកំណើត​ឡើយ ដោយសារតែ​រដ្ឋាភិបាល​វៀតណាម​មិន​អនុញ្ញាត​ ឱ្យ​ពួកគេ​ឈប់​សម្រាក​។ ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន បាន​បង្ខំចិត្ត​បាត់បង់​ប្រាក់ខែ និង​ប្រាក់ចំណូល​ដើម្បី​អាច​មក​លេង​ស្រុក​បាន៖ «ប្រទេស​ជាតិ​ឥឡូវ​ជឿន​លៀន​ដែរ គេ​រក្សា​វប្បធម៌ ជនជាតិ​របស់​គេ ជនជាតិ​ណា​ក៏​ដោយ​។ គេ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​ដើម្បី​រក្សា​វប្បធម៌​ខ្មែរ» ។

លោក ថាច់ កឿង បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ធ្វើជា​តំណាង​ឱ្យ​ខ្មែរ​ក្រោម​ដាក់​ញត្តិ​កាល​ពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩​ នោះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់ សហព័ន្ធ​ពលកម្ម​ទីក្រុង​ព្រៃនគរ​វៀតណាម​ចេញ ​កាលពី​ខែ​មេសា ឆ្នាំ ២០១៩ ដែល​បញ្ជាក់​ថា មាត្រា​ទី​ ១១៥ នៃ​ច្បាប់​ឈប់​សម្រាក​ក្នុង​ទិវា​បុណ្យជាតិ និង​ពិធីបុណ្យ​ប្រពៃណី វៀតណាម មិនមែន​រាប់​បញ្ជូន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​នោះ​ទេ ដូច្នោះ សហព័ន្ធ​ពលកម្ម​ទីក្រុង​ព្រៃនគរ​វៀតណាម គ្មាន​មូលដ្ឋាន​ច្បាប់​ ដើម្បី​ដោះស្រាយ សំណូមពរ​ខ្មែរ​ក្រោម​ឡើយ​ ។ លោក ថាច់ កឿង អះអាង​ថា សេចក្ដី​សម្រេច​របស់​វៀតណាម​នេះ ជា​ការ​រើសអើង​ពូជសាសន៍​យ៉ាង​អយុត្តិធម៌ ។

នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀន​ ស្វឹ​ងហ៊្វុ​ក (Nguyen​ Xuan​ Phuc​) ជួប​សំណេះ​សំ​ណា​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ។
នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀន​ ស្វឹ​ងហ៊្វុ​ក (Nguyen​ Xuan​ Phuc​) ជួប​សំណេះ​សំ​ណា​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ។

យុវតី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ការងារ​នៅ​ទីក្រុង មាន​ប្រសាសន៍​ថា កញ្ញា​សោកស្ដាយ​ណាស់ ដែល​កញ្ញា​មិន​បាន​ទៅ​ស្រុកកំណើត​ដើម្បី​ជួបជុំ​គ្រួសារ​ក្នុង​ពេល​បុណ្យជាតិ​នោះ​ទេ ។ កញ្ញា​ថា ពេល​បុណ្យជាតិ​ម្តងៗ កញ្ញា​បង្ខំចិត្ត​ធ្វើ​ការងារ ។ កញ្ញា​សំណូមពរ​ចង់​ឈប់​សម្រាក​ពេល​បុណ្យទាន ប៉ុន្តែ​កញ្ញា​មិន​សង្ឃឹមថា វៀតណាម ​នឹង​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម អាច​ឈប់​សម្រាក​ថ្ងៃបុណ្យ​ជាតិ​នោះ​ទេ៖ «សំណូមពរ​ឱ្យ​បាន​ឈប់ បាន​ទៅ​ជួបជុំ​គ្រួសារ ប៉ុន្តែ​គេ​មិន​ឱ្យ​ទេ» ។

កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នាយករដ្ឋមន្ត្រី​វៀតណាម ធ្លាប់​បាន​សរសេរ​លិខិត​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ខ្មែរ​ក្រោម ដែល​រស់​លើ​ទឹកដី​កំណើត ប៉ុន្តែ​មិនបាន​ទទួល​ស្គាល់​ថា ខ្មែរ​​ក្រោម​ជា​ជនជាតិ​ដើមកំណើត និង​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម ​ឈប់សម្រាក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ ។

បច្ចុប្បន្ន​ខ្មែរ​ក្រោម ជាច្រើន​លាន​នាក់ កំពុង​រស់នៅ​ក្នុង​ខេត្ត ​២១ ដែល​ជា​ទឹកដី​កំណើត​របស់​ខ្មែរ ។ ពួកគេ​បន្ត​ប្រតិបត្តិ វប្បធម៌ សាសនា និង​ទំនៀមទម្លាប់​បន្សល់ទុក​ទាំង​ពី​ដូនតា​មក ទោះបី​បារាំង​បាន​កាត់​ទឹកដី​កម្ពុក្រោម ទាំង​ខុសច្បាប់​ទៅ​ឱ្យ​វៀតណាម​រយៈ ៧០ ​ឆ្នាំ មក​ហើយ​ក៏ដោយ ។ ប្រធាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា លោក​គាំទ្រញត្តិ​ខ្មែរ​ក្រោម ​ទាមទារឱ្យ​វៀតណាម​អនុញ្ញាត​ឱ្យ​កម្មករ​ខ្មែរ​ក្រោម​ឈប់​សម្រាក ពី​ការងារ​ពេល​មាន​បុណ្យជាតិ ។ កន្លងមក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ជំរុញ​ឱ្យ​ខ្មែរ​ក្រោម​បង្កើត​ជា​សហជីព​ការងារ ​ដើម្បី​អាច​តវ៉ា​ទាមទារ​ឱ្យ​កម្មករ​អាច​ឈប់​សម្រាក​ទៅ​ថ្ងៃក្រោយ៖ «ពីព្រោះ​វា​ជា​បុណ្យ​ប្រពៃណី​ខ្មែរ​យើង​ ។ តាមច្បាប់​អន្តរជាតិ ដែល​វៀតណាម​ចុះហត្ថលេខា វៀតណាម​ត្រូវ​គោរព​សិទ្ធិ​ជនជាតិ​ដើមកំណើត​ ។ បុណ្យ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំ ខ្មែរ​យើង​មិនសូវ​បាន​ឈប់​សម្រាក​ទេ ជា​ពិសេស​កម្មករ» ។

លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​បន្ត​ទៀត​ថា ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ នឹង​ជួប​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក និង​គណៈកម្មការ​អន្តរជាតិ ទទួលបន្ទុក​អន្តរ​សាសនា របស់​អាមេរិក​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ជជែក​អំពី​បញ្ហា​ទាំងឡាយ​ ដែល​ខ្មែរ​​ក្រោម​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​កំពុង​ជួបប្រទះ ​នៅ​ពេល​បច្ចុប្បន្ន ៕