ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធ និងយុវជនខ្មែរក្រោមថ្កោលទោសអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ដែលបានគំរាមកំហែងមិនឲ្យយុវជនខ្មែរក្រោម ធ្វើសកម្មភាពប្រមូលផ្ដុំថវិកា និងគាំទ្រ ការសាងសង់សាលាឆទានមួយ ដើម្បីឲ្យខ្មែរក្រោម អាចប្រតិបត្តិព្រះពុទ្ធសាសនាបាន ។ ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បានសម្រេចផាកពិន័យយុវជនខ្មែរក្រោមម្នាក់ ដែលសកម្មក្នុងការជួយការពារសិទ្ធិ និងរក្សាវប្បធម៌ពលរដ្ឋខ្មែរក្រោម ។

អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង បានផាកពិន័យយុវជន ថាច់ កឿង ជាលើកទីពីរ ក្រោយលោកប្រកាសប្រមូលផ្ដុំថវិកា ដើម្បីសាងសង់សាលាឆទានមួយ ដែលបច្ចុប្បន្នត្រូវអាជ្ញាធរវៀតណាម ផ្អាកការសាងសង់ ។ អាជ្ញាធរវៀតណាម ចោទប្រកាន់ យុវជនខ្មែរក្រោម ពីបទផ្សាយព័ត៌មានមិនពិត ក្រោយពេលរូបលោកបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយដំណើររបស់លោក រួមទាំងព្រះសង្ឃ និងពលរដ្ឋ ប្រមាណ ២០ នាក់មកពីស្រុកចំនួន ៥ នៅខេត្តព្រះត្រពាំង ដើម្បីប្រមែប្រមូល ថវិកាកសាងសាលាឆទាន នៅខេត្តលង់ហោរ កាលពីថ្ងៃទី ២៤ ខែមករាកន្លងទៅ ។ យុវជន ថាច់ កឿង ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៩ មករា ថា វៀតណាមចង់សងសឹកលោក ដែលហ៊ានចេញមុខប្រមូលថវិកាកសាងសាលាឆទាន ដែលអាជ្ញាធរវៀតណាម ហាមឃាត់ខ្មែរក្រោមមិនឲ្យកសាង៖ «យួនវាមិនឲ្យយើងបង្កើតវប្បធម៌យើងទេ ។ វាចង់រំលាយចោល ប៉ុន្តែ យួនវិញវាចង់សង់កន្លែង អាចសង់កន្លែងហ្នឹង បានហើយរដ្ឋវាផ្តល់ថវិកាឲ្យទៀត» ។
ទោះបីជាយ៉ាងណា អាជ្ញាធរវៀតណាម នៅមិនទាន់ប្រាប់ យុវជន ថាច់ កឿង ឲ្យសងប្រាក់ពិន័យចំនួនប៉ុន្មាននៅឡើយទេ ។ កាលពីខែកក្កដាកន្លងទៅ សហព័ន្ធខ្មែរកម្ពុជាក្រោម និងតំណាងព្រះសង្ឃខ្មែរក្រោម បានស្នើឲ្យវៀតណាមអនុញ្ញាតឲ្យខ្មែរក្រោមកសាងសាលាឆទាន ដែលបានសង់ជិតរួចរាល់ហើយ ។ តំណាងពលរដ្ឋខ្មែរក្រោម ថា ទង្វើអាជ្ញាធរវៀតណាម ខេត្តលង់ហោរ គ្មានសីលធម៌ ដែលហាមឃាត់ពលរដ្ឋខ្មែរក្រោមមិនឲ្យកន្លែងប្រតិបត្តិព្រះពុទ្ធសាសនា ។ តំណាងពលរដ្ឋខ្មែរក្រោម ថា ការសាងសង់សាលាឆទានក៏ទុកធ្វើជាកន្លែងបង្រៀនអក្សរសាស្ត្រដល់កូនខ្មែរ ដោយសារតែតំបន់ ដែលពួកគេរស់នៅ នៅជនបទដាច់ស្រយាល ពិបាកធ្វើដំណើរទៅវត្ត ឬសាលារៀននៅតំបន់ឆ្ងាយ ។

សាលាឆទាន សម្រាប់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលអាជ្ញាធរវៀតណាម នៅខេត្តលង់ហោរ ហាមឃាត់មិនឲ្យពលរដ្ឋខ្មែរក្រោម សាងសង់បញ្ចប់ ពេលកសាងបានប្រហែល ៨០ ភាគរយហើយ ។
យុវជន ថាច់ កឿង ក៏ឲ្យដឹងទៀត ថា មូលហេតុមួយទៀត ដែលវៀតណាម ខឹងនឹងលោកដែរនោះ គឺដោយសារតែលោកបានទាមទារឲ្យវៀតណាម កសាងក្លោងទ្វារខេត្តព្រះត្រពាំង ដែលវៀតណាម បានបំផ្លាញចោលកាលពី ៧ ឆ្នាំមុន ដោយយកលេសថា ចង់ពង្រីកផ្លូវ។ អាជ្ញាធរវៀតណាម ពេលនោះ បានសន្យាកសាងខ្លោងទ្វារឲ្យវិញ ប៉ុន្ តែមិនបានគោរពពាក្យសន្យាមកទល់សព្វថ្ងៃនេះ ។ នេះជាលើកទីពីរហើយ ដែលយុវជន ថាច់ កឿង ត្រូវបានអាជ្ញាធរវៀតណាមផាកពិន័យ ។ កាលពីឆ្នាំ ២០២០ យុវជនរូបនេះ ត្រូវវៀតណាមផាកចំនួន បីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ប៉ុន្តែ អាជ្ញាធរវៀតណាមចោទលោកថា ល្មើសច្បាប់សន្តិសុខអ៊ីនធឺណិតវៀតណាម ទៅវិញ ។
យុវជន ថាច់ កឿង ប្ដេជ្ញាថា ទោះបីវៀតណាម ធ្វើទុក្ខម្នេញលោកមិនចេះចប់មិនចេះហើយក្តី ក៏លោកបន្តធ្វើការតស៊ូមតិ ដើម្បីបុព្វហេតុខ្មែរកម្ពុជាក្រោម៖ «ឃើញប្អូនអំពាវនាវជួយបងប្អូនជនក្រីក្រ ដូច្នោះបងប្អូនជ្រោមជ្រែងទាំងក្នុង និងក្រៅប្រទេស និងជួយឧបត្ថម្ភ ដល់គេឃើញកសាងវត្ត និងសាលាឆទាន»។
ពាក់ព័ន្ធនឹងការគំរាមកំហែងយុវជនខ្មែរក្រោមនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធនឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់វៀតណាម កុំឲ្យរំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យអាជ្ញាធរវៀតណាម បញ្ឈប់ជាបន្ទាន់ នូវការគំរាមកំហែងយុវជនខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្ដឹងទៅអង្គការសហប្រជាជាតិ ដើម្បីអន្តរាគមន៍ និងដាក់គំនាបលើរដ្ឋាភិបាលវៀតណាម ដែលរំលោភសិទ្ធិមនុស្សខ្មែរក្រោម»។
ទោះបីវៀតណាម បានខំប្រឹងប្រែង មិនឲ្យខ្មែរក្រោមកសាង សាលាឆទាន វត្តដើម្បីគោរពសាសនាក៏ដោយ ប៉ុន្តែ មកទល់នឹងឆ្នាំ ២០២២ នេះ ខ្មែរក្រោមបានបន្តកសាងវត្ត បានជាង ៤៦០ វត្ត និងមានព្រះសង្ឃចំនួនជាង ៨ ពាន់ ៥ រយអង្គ ។ “វត្តសម្បូររង្ស៊ី” នៅខេត្តព្រះត្រពាំង មានអាយុកាល ១៦៤៨ ឆ្នាំហើយ ។ តំណាងព្រះសង្ឃខ្មែរក្រោម ធ្លាប់លើកឡើងថា ប្រសិនបើខ្មែរក្រោម បាត់បង់វត្តអារាម មានន័យស្មើនឹងបាត់បង់ទឹកដី វប្បធម៌ និងពូជពង្សខ្មែរក្រោមតែម្ដង ។ ខ្មែរក្រោម បានបាត់បង់ទឹកដីអស់រយៈពេល ៧២ ឆ្នាំហើយ ។ របាយការណ៍គណៈកម្មការសេរីភាពសាសនាអន្តរជាតិរបស់សហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០២១ ឲ្យដឹងថា រដ្ឋាភិបាលវៀតណាម នៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនា ។ ការធ្វើទុក្ខបុកម្នេញទាំងនោះ រួមមានទាំង ការបង្ករបួសស្នាម ធ្វើទណ្ឌកម្ម និងចាប់ដាក់ពន្ធនាគារជាដើម ៕