ពលរដ្ឋខ្មែរក្រោមរងការរឹតត្បិតប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ដោយ យន់ សាមៀន | RFA Khmer

ស្របពេលដែលពលរដ្ឋខ្មែរនៅកម្ពុជាប្រារព្ធពិធីចូលឆ្នាំថ្មី នៅឯកម្ពុជាក្រោមឯណោះវិញ ពលរដ្ឋខ្មែរក្រោមក៏កំពុងប្រារព្ធពិធីចូលឆ្នាំថ្មីដែរ ។ សម្រាប់ឆ្នាំថ្មីនេះតើពលរដ្ឋខ្មែរក្រោមមានក្តីប្រាថ្នាអ្វីខ្លះដែរ?

ក្តីបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរក្រោមសម្រាប់ឆ្នាំថ្មី គឺការទទួលសិទ្ធិសេរីភាព និងសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត ។ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមលោក តោ ហ្វាងចឿង ប្រាប់វិទ្យុអាស៊ីសេរីថា សម្រាប់ឆ្នាំថ្មីនេះលោកនៅតែមានក្តីប្រាថ្នាថា ពលរដ្ឋខ្មែរក្រោមនឹងទទួលបានសិទ្ធិស្វ័យសម្រេចទៅពេលអនាគត ។

លោក តោ ហ្វាងចឿង ៖ «បំណងប្រាថ្នាប្អូនចុងក្រោយគឺចង់ឲ្យសហព័ន្ធប្តឹងទៅរដ្ឋាភិបាលវៀតណាម ឲ្យគោរពសិទ្ធិមនុស្សនិងសិទ្ធិជនជាតិដើមខ្មែរក្រោម» ។

យុវជន តោ ហ្វាងចឿង ធ្លាប់ត្រូវបានអាជ្ញាធរ វៀតណាម ផាកពិន័យជាច្រើនរយដុល្លារដោយសារតែលោកបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងប្រវត្តិទឹកដីខ្មែរកម្ពុជាក្រោម ។ ទោះបីមានការធ្វើទុក្ខបុកម្នេញពីវៀតណាមក៏ដោយក៏លោកបន្តធ្វើសកម្មភាពផ្នែកសិទ្ធិមនុស្ស និងផ្សព្វផ្សាយចំណេះដឹងស្តីពីសិទ្ធិជនជាតិដើម ។ ចំណែកយុវជនខ្មែរក្រោមនៅខេត្តព្រះត្រពាំងលោក ថាច់ កឿង ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរវៀតណាមហាមឃាត់ខ្មែរក្រោមមិនឲ្យជួបជុំគ្នាដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះរបស់លោក ដោយសារតែអាជ្ញាធរចាត់ទុកលោកជាសកម្មជនសិទ្ធិជនជាតិដើម ។ លោកបន្តថា អាជ្ញាធរវៀតណាមក៏បានដាក់កន្លែងត្រួតពិនិត្យ នៅតាមផ្លូវហាមឃាត់មិនឲ្យយុវជនខ្មែរក្រោមជិះម៉ូតូដើម្បីដើរលេងពេលចូលឆ្នាំខ្មែរដែរ ។

អាណានិគមនិយមបារាំងបានកាត់ទឹកដីខ្មែរក្រោម មានចំនួន ២១ ខេត្ត ទៅឲ្យវៀតណាមទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៤៩ ។ មកទល់ពេលនេះ រយៈពេល ៧៤ ឆ្នាំមកហើយ ។ បច្ចុប្បន្នខ្មែរក្រោមនៅទូទាំងពិភពលោកកំពុងធ្វើយុទ្ធនាការអហិង្សាដើម្បីទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងពីវៀតណាម ។

ខ្មែរក្រោមមានចំនួនប្រមាណ ៧ លាននាក់ កំពុងរស់នៅក្នុងខេត្តចំនួន ២១ ជាដែនដីកំណើត ។ ទោះបីវៀតណាម ទទួលស្គាល់និងអនុម័តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមតាំងពីឆ្នាំ ២០០៧ ក៏ដោយចុះប៉ុន្តែវៀតណាមនៅតែមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម ។ រដ្ឋាភិបាលវៀតណាមមិនបានអនុញ្ញាតឲ្យខ្មែរក្រោមអាចឈប់សម្រាករយៈពេលបីថ្ងៃ ដើម្បីប្រារព្ធបុណ្យចូលឆ្នាំថ្មីបានទេ ។ លោកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជីញ (Pham Minh Chinh) កាលពីចុងខែមីនា បានចេញលិខិតជូនពរពលរដ្ឋខ្មែរក្រោម ប៉ុន្តែលោកចាត់ទុកខ្មែរក្រោមជាជនជាតិភាគតិច និងមិនបានឲ្យឈប់សម្រាកដល់ខ្មែរកម្ពុជាក្រោមនោះទេ ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា ជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ និងជាប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម សោកស្ដាយដែលវៀតណាមនៅតែចិញ្ចឹមចិត្តមិនទទួលស្គាល់ខ្មែរក្រោម និងផ្តល់សិទ្ធិជនជាតិដើមឲ្យខ្មែរក្រោម ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា ៖ «ការពិតទៅរដ្ឋាភិបាលវៀតណាមមានគំនិត និងមហិច្ឆតាលុបប្រពៃណី និងទំនៀមទម្លាប់ខ្មែរនៅដែនដីកម្ពុជាក្រោមដែលជាម្ចាស់ស្រុកជនជាតិដើមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី» ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា បន្តទៀតថា វៀតណាមត្រូវតែអនុញ្ញាតឲ្យខ្មែរក្រោមអាចឈប់សម្រាកបុណ្យជាតិរយៈពេលបីថ្ងៃដូចបុណ្យចូលឆ្នាំវៀតណាមដែរ ។

សេចក្តីប្រកាសសកលរបស់អង្គការសហប្រជាជាតិស្ដីពីជនជាតិដើម កំណត់ពី សិទ្ធិការពារវប្បធម៌ និងអត្តសញ្ញាណ សិទ្ធិទទួលបាន ការអប់រំសុខភាព ការងារភាសា ។ ការហាមឃាត់ការរើសអើងប្រឆាំងនឹងជនជាតិដើម និងលើកកម្ពស់ការចូលរួមយ៉ាងពេញលេញរបស់ជនជាតិ លើគ្រប់វិស័យ ដែលពួកគេអាចធ្វើបាន ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ យុវជនខ្មែរក្រោមប្រមាណ ១០ នាក់ត្រូវបានវៀតណាម ហៅទៅគំរាមកំហែងឲ្យឈប់ធ្វើសកម្មភាពតស៊ូមតិ ដើម្បីទទួលបានសិទ្ធិស្វ័យសម្រេច ។ វៀតណាមបានធ្វើទុក្ខបុកម្នេញយុវជនទាំងនោះដោយសារតែពួកគេ ប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើម ។

ងាកមកការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរក្រោមវិញ ក្រៅតែទៅវត្ត និងលេងល្បែងប្រជាប្រិយ និងជួបជុំសាច់ញាតិ យុវជនខ្មែរក្រោមក៏មានសារសំខាន់មួយទៅរដ្ឋាភិបាលវៀតណាម គឺពួកគេបាននាំគ្នាដោតទង់ជាតិខ្មែរកម្ពុជាក្រោម នៅមុខផ្ទះរបស់ពួកគេរៀងៗខ្លួនដើម្បីបង្ហាញក្តីប្រាថ្នាថា ពួកគេចង់មានសិទ្ធិស្វ័យសម្រេច ។ ក្នុងពេលចូលថ្មីនេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ក៏ចង់ឲ្យខ្មែរក្រោមទូទាំងប្រទេសទទួលសិទ្ធិសេរីភាព ដើម្បីអាចកំណត់វាសនាខ្លួនឯងបានទៅថ្ងៃអនាគត ។

ព្រះភិក្ខុ សឺង យ៉ឹងរតនា ៖ «ក្នុងនាមជាព្រះសង្ឃខ្មែរក្រោមសូមប្រគេននិងជូនពរឆ្នាំថ្មី ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមឲ្យមានសុខភាពល្អនិងឆាប់បានទទួលសិទ្ធិសេរីភាពក្នុងខ្មែរក្រោមជាម្ចាស់ស្រុក» ៕