ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ
វត្តឃ្លាំង ជាវត្តពុទ្ធសាសនាថេវាទខ្មែរមួយឋិតនៅក្នុងសង្កាត់ទី ៦ ទីក្រុងឃ្លាំង នៃខេត្តឃ្លាំង បាន កសាងឡើង នាសតវត្សរ៍ទី ១៦ ក្នុងសម័យលង្វែក ។ គិតមកដល់ឆ្នាំ ២០១៧ វត្តមានអាយុ ៤៨៥ ឆ្នាំ ។
យោងតាមឯកសារដែលបានរក្សាទុកនៅក្នុង វត្តឃ្លាំង បានចារថា វត្តឃ្លាំង បានកសាងនៅក្នុង គ. ស. ១៥៣២ ព. ស. ២០៧៦ ដោយចៅហ្វាយខេត្ត ឈ្មោះ ពញា តាត ដែលបានតែងតាំងឡើងដោយ ព្រះបាទ អង្គច័ន្ទ ដែលបានសោយរាជ្យពី ឆ្នាំ ១៥១៦ ដល់ ឆ្នាំ ១៥៦៦ ។
បន្ទាប់ពីបានកសាងវត្តជាមួយនឹងឈើប្រក់ស្លឹករួចរាល់ ពញា តាត និងអ្នកស្រុកបាននិមន្ត ព្រះ តេជព្រះគុណ ព្រះនាម ថាច់ សុខ ព្រះជន្ម ៦១ វស្សា ដែលសាងផ្នួសបាន ៤០ វស្សា គង់នៅ វត្តហ្លួងបាសាក់ ស្រុកបាយឆៅ ខេត្តឃ្លាំង មកធ្វើជាព្រះចៅអធិការវត្តដំបូងបង្អស់នៅក្នុងវត្តនេះ ។
វត្តមានផ្ទៃដីប្រមាណ ៣.៨០០ ម៉ែត្រការ៉េ ដោយមាន ព្រះវិហារ កុដិ សាលា និង ចេតិយ ជាដើម សង់តាមលំនាំរចនាបទ្មខ្មែរ ។ ចាប់ពីឆ្នាំ ១៩១៦ ឬ ១៩១៨ មកដល់ពេលនេះ វត្តបានសាងសង់ និង ជួសជុលជាច្រើនលើក ។ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៩៤ វត្តបានអនុញ្ញាតឲ្យកសាងសាលាបាលី មួយខ្នងដែលមានឈ្មោះថា សាលាបំពេញវិជ្ជាវប្បធម៌មធ្យមសិក្សាបាលីណាមបូ (Trường Bổ túc văn hóa Trung cấp PaLi Nam Bộ ) នៅក្នុងបរិវេណវត្ត ។ “ណាមបូ” ជាភាសាយួន ដែលមាន មានន័យជាភាសាខ្មែរថា “ភាគខាងត្បូង” ជាឈ្មោះដែលរដ្ឋាភិបាលយួនបច្ចុប្បន្នហៅសំដៅលើ ដែនដីកម្ពុជាក្រោម ឋិតនៅភាគខាងត្បូង នៃប្រទេសវៀតណាម ។
នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធបដិមា ព្រះសិអារ្យមេត្រីយ៍ ព័ណ៌មាស កម្ពស់ ៦,៨ ម៉ែត្រ គង់នៅ លើរតនបល្លង្កដែលរំលេចក្បាច់ខ្មែរយ៉ាងស្រស់ស្អាត ។ នៅខាងក្រោយបល្លង្កមានផ្ទាំងសិលាចារឹក ចារជាអក្សរខ្មែរថា៖ “ ព្រះតេជព្រះគុណ លីវ ដួង (Liêu Đuông) ជាព្រះចៅអធិការជំនាន់ទី ១៧ គ្រប់គ្រងវត្តចាប់ពីឆ្នាំ ១៨៩៣ ដល់ឆ្នាំ ១៩២៨ បានកសាងព្រះពុទ្ធបដិមា នៅក្នុងពុទ្ធសករាជ ២៤៦០ ដោយមានការឧបត្ថម្ភពីគ្រួសារ លោក ឡុម សុន (Lum Sun)” ។
ជារៀងរាល់ឆ្នាំ សមណសិស្សបាននិមន្តមកពីខេត្តនានាទូទាំងដែនដីកម្ពុជាក្រោម គង់នៅក្នុងវត្ត ឃ្លាំង ដើម្បីសិក្សាផ្នែកពុទ្ធចក្រ ខាងភាសាបាលី និងផ្នែកអាណាចក្រជាភាសាយួន នៅសាលា បំពេញវិជ្ជាវប្បធម៌មធ្យមសិក្សាបាលីណាមបូ ។
នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្ស ប្រមាណជាង ២០០ អង្គ បាន ចេញធ្វើបាតុកម្ម ដោយសន្តិវិធីនៅមុខការិយាល័យនគរបាលខេត្តឃ្លាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរព សិទ្ធិខ្មែរក្រោមនៃដែនដីកម្ពុជាក្រោម ។ ក្រោយពីព្រឹត្តិការណ៍នេះ ព្រះសង្ឃដែលបានចូលរួមបាតុ កម្មជាច្រើនអង្គ ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក ក្នុងនោះ មានព្រះសង្ឃចំនួន ៥ អង្គ ត្រូវជាប់ពន្ធនាគារ ពី ២ ទៅ ៤ ឆ្នាំ ព្រះសង្ឃអង្គខ្លះ ត្រូវបណ្ដេញចេញពីសាលារៀន និងភៀស ព្រះកាយទៅប្រទេស កម្ពុជា ដើម្បីគេចពីការគំរាមកំហែងរបស់រដ្ឋាភិបាលយួន ។
សព្វថ្ងៃ ក្រសួងវប្បធម៌ និងព័ត៌មាន នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានចេញសម្រេច លេខ 84/QĐ-BVHTT ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៩០ ទទួលស្គាល់ ស្ថាបត្យកម្ម និងសិល្បៈ នៃវត្តឃ្លាំង ថាជាសម្បត្តិបេតិកភណ្ឌថ្នាក់របស់ប្រទេសវៀតណាម ៕