វិស័យសារព័ត៌មាននៅកម្ពុជាក្រោម
បទវិចារណកថា ដោយ លោក ថាច់ វឿង
ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២០
នៅលើពិភពលោកនេះ អំណាចមាន ៤ គឺ អំណាចនីតិប្បញ្ញតិ្ត អំណាចនីតិប្រតិបតិ្ត អំណាច តុលា និងអំណាចសារព័ត៌មាន ។ គ្រប់ប្រទេសទាំងអស់ អំណាចទាំង ៤ នេះ ឯករាជ្យនៅដាច់ដោយ ឡែកពីគ្នា មិនឋិតនៅក្រោមការបង្គាប់បញ្ជារបស់អំណាចណាមួយឡើយ មានសិទិ្ធស្មើរៗ គ្នា អនុវត្ត កិច្ចការដោយសេរី សារព័ត៌មានគឺ អំណាចទី ៤ ។ អំណាចសារព័ត៌មានសំខាន់ជាងអី្វៗ ទាំងអស់ ឋិតនៅ ក្នុងសិទិ្ធរបស់ប្រជាជន សិទ្ធិនិយាយស្តី សិទ្ធិទទួលបានព័ត៌គ្រប់ជ្រុយជ្រោយ ។ ក្នុងសង្គមមួយ មានសិទិ្ធទទួលបានព័ត៌មាន ដោយសេរី ដោយពិប្រាកដ មិនប្រកបដោយអគតិ ៤ យ៉ាងគឺ ឆន្ទាគតិ សេចក្តីលំអៀងព្រោះតែស្រឡាញ់ ទោសាគតិ សេចក្តីលំអៀងព្រោះទោស ឬដំណើរលំអៀងដោយស្អប់ ភយាគតិ សេចក្តីលម្អៀងព្រោះខ្លាចចិត្ត ឬ ខ្លាចបុណ្យស័ក្តិជាដើម និង មោហាគតិ ដំណើរលម្អៀង ព្រោះមោហៈ គឺសេចក្តីលម្អៀងព្រោះការមិនយល់ខុសត្រូវសង្គមនោះ មានការអភិវឌ្ឍន៍ជឿនលឿន យ៉ាងឆាប់រហ័ស និងងាយស្រួលដល់ការផ្លាស់ប្តូរមេដឹកនាំរបស់ខ្លួន គ្មានអំពីពុករលួយ ប្រជាជនក្តាប់ បានព័ត៌មានទូលំទូលាយ ជាក់ច្បាស់ ពិតប្រាកដ មិនអាចភូតភបោកប្រាស់បានឡើយ ។ ផ្ទុយទៅវិញ មានតែរបបកុម្មុយនិស្តទេ អំណាចទាំងអស់ឋិតនៅក្រោមបក្ស អំណាចប្រមូលផ្តុំទៅលើបុគ្គលម្នាក់ អ្នកមានអំណាចបញ្ជាធ្វើបាបប្រជាជនតាមតែអំពើចិត្ត សារព័ត៌មានណានិយាយការពិត រិះគន់ចំៗ ដោយមិនរើសមុខ សារព័ត៌មាននោះ ត្រូវឋិតនៅក្នុងមុខសញ្ញា គេតាមធ្វើបាប ចាប់ដាក់គុក បំបិទចោល លួចធ្វើឃាតជាដើម តែបើសារព័ត៌មានណាម ដែលអែបអប និយាយការពារថ្នាក់ដឹកនាំ ទើបគេង បានសុខ ។ ដូចជានៅក្នុងប្រទេសវៀតណាម រដ្ឋសភារបស់បក្ស តុលាការជារបស់បក្ស និងសារ ព័ត៌មានក៏ជារបស់បក្ស ។ សារព័ត៌មានទាំងអស់នៅក្នុងប្រទេសវៀតណាម សុទ្ធតែជារបស់បក្ស ។ អំណាចទាំងបីឋិតនៅក្រោមអំណាច នីតិប្រតិបតិ្តតែមួយគត់ ឥតមានឯករាជ្យឡើយ ។ ទឹកដីទាំងមូលក៏ ជារបស់បក្សនិងរដ្ឋ ការអភិវឌ្ឍន៍ គឺបក្ស និងរដ្ឋមានមុនរាស្ត្រ ។ យើងបានឃើញហើយ អគាររដ្ឋបាល របស់បក្ស និងរដ្ឋធំស្កឹមសៃ្ក រីកដុះដាលពាស់ពេញគ្រប់ខេត្តក្រុង ក្រឡេកមើលប្រជាជនវិញក្ររហេម រហាមរកអង្ករច្រកឆ្នាំងគ្មាន ។

នៅកម្ពុជាក្រោម ប្រជាពលរដ្ឋខែ្មរក្រោមជាជនជាតិដើម ជាម្ចាស់ទឹកដីកម្ពុជាក្រោម រាប់លាន នាក់ ប៉ុនែ្តគ្មានស្ថាប័នសារព័ត៌មានឯករាជរបស់ខ្លួន សូម្បីតែមួយ មានតែកម្មវិធិផ្សាយទូរទស្សន៍ VTV ផ្សាយជាភាសាខែ្មរប្រហែលជា ៣០ នាទីប៉ុណ្ណោះ មាននៅខេត្តព្រះត្រពាំង, ខេត្តឃ្លាំង, ខេត្តពលលាវ, ខេត្តព្រេកឫស្សី, ខេត្តមាត់ជ្រូក, ខេត្តក្រមួនស ខេត្តរោងដំរី, និងខេត្តទឹកខ្មៅ ។ ប្រធានដឹកនាំការផ្សាយ ជាភាសាខែ្មរនេះ គឺសុទ្ធតែជាជនជាតិយួនទាំងអស់ ។ មុន នឹងចេញផ្សាយ គេត្រួតពិនិត្យច្បាស់លាស់ ហើយទើបអនុញាតឲ្យចេញផ្សាយ ប៉ុនែ្ត អត្ថបទផ្សាយ សុទ្ធតែបកប្រែចេញពីអត្ថបទរបស់យួន បានជា ឃ្លាប្រយោគ មិនសូវបានពេញលេញគ្រប់គ្រាន់ ច្រើនតែបញ្ច្រាស់ប្រយោគមកវិញ ឧទាហរណ៍ យួននិយាយថា “Có nhiều bài hát anh đã sáng tác” គេបកប្រែឲ្យចំពាក្យយួនថា “មានច្រើនបទ ចម្រៀងដែលបងបាននិពន្ធ” តាមពិតខែ្មរត្រូវនិយាយថា “មានបទចម្រៀងជាច្រើនដែលបងបាននិពន្ធ” ជាដើម ។ ឥឡូវនេះ គេទើបតែបង្កើតពាក្យថ្មីមួយទៀត សម្រាប់ប្រើនៅក្នុងកម្មវិធីអ្វីមួយ ដែលគេហៅថា នាទី “កាលកាស” ។ កម្មវិធីផ្សាយនេះ កំពុងតែកាឡៃភាសាខ្មែរឲ្យក្លាយទៅជាឃ្លា និងប្រយោគរបស់ យួនទាំងស្រុង ដែលសូម្បីតែខ្មែរនៅប្រទេសកម្ពុជាស្ដាប់មិនយល់ផង ។ ម្យ៉ាងទៀត កម្មវិធីផ្សាយនេះ បានប្ដូរឈ្មោះភូមិឃុំស្រុកខេត្តជាភាសាខ្មែរទៅជាយួនអស់គ្មានសល់ និងបញ្ហាដែលអាជ្ញាធរយួន រំលោភសិទ្ធិលើខ្មែរក្រោម ក៏មិនត្រូវបានទូរទូស្សន៍យួនផ្សព្វផ្សាយផងដែរ ។ ក្រុមល្ខោនបាសាក់ ខែ្មរក្រោមគ្រប់ខេត្ត និពន្ធជារឿងអ្វីមួយ ដើម្បីសមែ្តង ឬក៏បទចម្រៀងអី្វមួយ ត្រូវបកប្រែចេញ ជាភាសាយួន រួចហើយយកទៅជូនក្រសួងវប្បធម៌ និងឃោសនាការយួន ត្រួតពិនិត្យរួចរាល់ហើយ ទើប គេអនុញ្ញតិ្តឲ្យយកមកសមែ្តង ។ បើមិនឲ្យគេត្រួតពិនិត្យទេ ក្រុមល្ខោននោះ និងជួបប្រទះបញ្ហា ត្រូវរងការចោទប្រកាន់ថា ប្រឆាំង នឹងគោលនយោបាយបក្ស និងរដ្ឋ ។
ទោះបីជា រដ្ឋាភិបាលវៀតណាមខំប្រឹងរឹតត្បិត គាបសង្កត់ខែ្មរក្រោមមិនឲ្យស្គាល់ពន្លឺសិទ្ធិសេរី ភាព ក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានក៏ដោយ តែនៅក្នុងសម័យបច្ចុប្បន្ន ខែ្មរក្រោមនៅតែទទួល បានព័ត៌តាមរយៈ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម ដែលនាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខែ្មរកម្ពុជាក្រោម ផ្សព្វផ្សាយលើប្រព័ន្ធអិនធើណិត ដូចជា គេហទំព័រ VOKK.NET បណ្ដាញសង្គម Facebook និង Youtube ជាដើម ។ តាមរយៈការទទួលបានព័ត៌មាន ដែលផ្សាយចូលពីក្រៅប្រទេស យើងសង្កេតឃើញពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុក នាពេលបច្ចុប្បន្ន មានការយល់ដឹងនូវសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ខ្លួនកាន់តែច្រើនឡើងៗ ដោយពួកគាត់ចេះ ផលិតបទចម្រៀងរៀបរាប់ភូមិស្រុកនៅ កម្ពុជាក្រោម ដោយខ្លួនឯង ហ៊ាននិយាយឈ្មោះស្រុក និងខេត្តជាភាសាខ្មែរ ដែលយួនបានប្ដូរទៅជា ភាសាយួនហើយនោះ និងហ៊ានតវ៉ាទៅរដ្ឋាភិបាលយួនចំពោះបញ្ហាអយុត្តិធម៌ផ្សេងៗ ដែលបានកើត ឡើងលើពលរដ្ឋខ្មែរក្រោម ។ ពេលណាខ្មែរក្រោមគ្រប់រូបមានការយល់ដឹងបានច្បាស់លាស់នូវសិទ្ធិ របស់ខ្លួន ពេលនោះ ខ្មែរក្រោមនឹងមានអំណាចក្នុងការអនុវត្តនូវ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នៅលើទឹកដីកម្ពុជាក្រោម ជាក់ជាមិនខាន ៕