សន្និសីទអន្តរជាតិស្ដីពីជនជាតិដើមខ្មែរក្រោម

ដោយ ថាច់ ប្រីជា គឿន

នៅថ្ងៃសៅរ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៨ ចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានសហការជាមួយនឹងអង្គការប្រជាជាតិ និង ប្រជាជាជនគ្មានតំណាង (UNPO) និង សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin រៀបចំសន្និសីទអន្តរជាតិនៅក្នុងអគារព្រឹទ្ធ សភាបារាំង នាទីក្រុងប៉ារិស ប្រទេសបារាំង ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិដើមខ្មែរក្រោម ។ វាគ្មិនបរទេសជាច្រើនបានចែក រំលែកនូវបទពិសោធន៍របស់ខ្លួនអំពីរឿងរ៉ាវកម្ពុជាក្រោម នៅក្នុងសន្និសីទនេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិជាថ្នាក់ដឹកនាំ និងសមាជិក នៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីប្រទេសនានាជុំវិញពិភពលោក ដូចជា ប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី បារាំង ហូឡង់ និងអ៊ីតាលី ។ គោលបំណងនៃសន្និសីទអន្តរជាតិនេះ ធ្វើឡើងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងនូវស្ថានភាពពិតនៃដែនដី កម្ពុជាក្រោម និងលើកកម្ពស់នូវការយល់ដឹងអំពីបញ្ហាការរំលោភសិទ្ធិមនុស្សពីសំណាក់របបកុម្មុយនិស្តវៀតណាមលើពលរដ្ឋខ្មែរក្រោម នៅ ដែនដីកម្ពុជាក្រោម តាមរយៈការបកស្រាយរបស់វាគ្មិនជាតិ និងអន្តរជាតិ ។ នៅក្នុងសន្និសីទនេះ អង្គការ UNPO ក៏បានបោះពុម្ពផ្សាយនូវ សៀវភៅរបាយការណ៍ពិសេសមួយ សម្រាប់ឆ្នាំ ២០១៨ កម្រាស់ ២១ ទំព័រ ស្ដីពីស្ថានភាពរបស់ជនជាតិដើមខ្មែរក្រោម ផងដែរ ។ អង្គ សន្និសីទបានចាប់ផ្ដើមពីម៉ោង ៨:៣០ នាទី ព្រឹក ដល់ម៉ោង ៥ រសៀល ។

នៅវេលាម៉ោង ៨ ព្រឹក ព្រះសង្ឃ, ថ្នាក់ដឹកនាំ, សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបាន ធ្វើដំណើរមកពីប្រទេសនានាជុំវិញពិភពលោក មកជួបជុំគ្នានៅមុខអគារព្រឹទ្ធសភាបារាំង (Palais du Luxembourg) នាវិថី 15 Rue de Vaugirard, 75291 Paris ដើម្បីចុះឈ្មោះចូលទៅក្នុងព្រឹទ្ធសភាបារាំង ។អង្គសន្និសីទ្ធិសីទបានចាប់ផ្ដើមដោយសារស្វាគមន៍ របស់ លោក ថាច់ វៀន ជាអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ បន្ទាប់មក សមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin បានថ្លែងសម្ដែងពីការបារម្ភរបស់គាត់ចំពោះការរីកចម្រើនរបស់ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម និងលោកបានបញ្ជាក់ថា លោកនឹងចូលរួមរាល់សកម្មភាពជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សខ្មែរក្រោម ។ ចំណែកអតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក តោ គិម ថុង បានថ្លែងអំពីប្រវត្តិនៃការបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម និង សារៈសំខាន់ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម ដោយអន្តរជាតិត្រូវតែគោរពនូវ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” របស់ជនជាតិដើម ដែលមានចែង នៅក្នុងសេចក្ដីប្រកាសនេះ ។ តំណាង UNPO អ្នកស្រី Fanny Delemer បានបង្ហាញអំពីទស្សនវិស័យរបស់ខ្លួនអំពីតួនាទីរបស់អង្គការ UNPO ជាមួយនឹងជនជាតិដើម នៅជុំវិញពិភពលោក និង បានផ្ដល់នូវការយកចិត្តទុកដាក់ និង ក្ដីសង្ឃឹមក្នុងការជម្រុញឲ្យសហគមន៍អន្តរ ជាតិ និង ប្រទេសវៀតណាមទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ។

សន្និសីទអន្តរជាតិស្ដីពីជនជាតិដើមខ្មែរក្រោម នៅក្នុងអគារព្រឹទ្ធសភាបារាំង នាទីក្រុងប៉ារិស ប្រទេសបារាំង ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ ។

បន្ទាប់មក វាគ្មិនម្នាក់ៗបានថ្លែងចែករំលែកនូវបទពិសោធន៍របស់ខ្លួនទាក់ទងនឹងបញ្ហាខ្មែរក្រោម ។ ពួកគេបានលើកនូវប្រវត្តិសាស្ត្រកម្ពុជា ក្រោម និងការប្រឈមមុខរបស់ខ្មែរក្រោមជាមួយនឹងរដ្ឋាភិបាលបក្សកុម្មុនិស្តវៀតណាម ។

បណ្ឌិត Philip Taylor ជាសាស្រ្តាចារ្យ និង អ្នកស្រាវជ្រាវ នៃ សកលវិទ្យាល័យអូស្ត្រាលី មកពីប្រទេសអូស្រ្តាលី ដែលធ្លាប់នៅកម្ពុជាក្រោម ៥ ឆ្នាំ ដើម្បីស្រាវជ្រាវប្រវត្តិកម្ពុជាក្រោម និងបានសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម មានចំណងជើងថា The Khmer Land of VietNam បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដែលធ្លាប់បានធ្វើការជាមួយខ្មែរក្រោម និងបានបង្ហាញនូវទិដ្ឋភាពដ៏ទូលំ ទូលាយមួយផ្ដោតលើប្រវត្តិសាស្ត្រ នៃជនជាតិដើមខ្មែរក្រោម ។

អ្នកស្រី Roshane Saidnattar ជាអ្នកផលិតកុនឯកសារ បានថ្លែងអំពីសាក្សីខ្មែរក្រោមជាច្រើនដែលគាត់ធ្លាប់បានជួប និង ការតស៊ូរបស់ខ្មែរ ក្រោម ក្នុងការការពារនូវសាសនា និង វប្បធម៌ខ្មែរឲ្យបានគង់វង្ស នៅដែនដីកម្ពុជាក្រោម ។

បន្ទាប់មក អ្នកចូលរួមបាន សួរទៅវាគ្មិនអំពីស្ថានភាពនៃសេរីភាពទាំងបួន ពោលគឺ សេរីភាពនៃការបញ្ចេញមតិ, ការគោរពប្រតិបត្តិ និង សេរីភាពពីការភ័យខ្លាច និង ការចង់បាន នៅដែនដីកម្ពុជាក្រោម ដែលគ្រប់គ្រងដោយរបបកុម្មុយនិស្តវៀតណាម ។ លោក Phil Robertson ជា អនុប្រធានប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បានធ្វើការវាយតម្លៃជាអវិជ្ជមាន អំពីស្ថានភាព សិទិ្ធមនុស្ស នាពេលបច្ចុប្បន្ន នៅដែនដីកម្ពុជាក្រោម ទាក់ទងនឹងទស្សនៈសាសនា និង វប្បធម៌ ។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហានេះ និងការប្រើប្រាស់យន្តការផ្សេងៗគ្នារបស់អង្គការសហប្រជាជាតិឱ្យធ្វើការពិនិត្យឡើងវិញ ជាប្រ ចាំ នូវកិច្ចដែលបានធ្វើនិងមិនបានធ្វើរបស់ប្រទេសវៀតណាម និង កម្ពុជា ស្ដីពីការគោរពសិទ្ធិមនុស្សលើខ្មែរក្រោម ។

លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានបញ្ជាក់ពីការរំលោភសិទ្ធិមនុស្ស និង ការបង្ក្រាបផ្សេងៗពី សំណាក់រដ្ឋាភិបាលវៀតណាមមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ។ លោកបានលើកជាឧទាហរណ៍ករណី ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី នៃវត្តសេរីតាសេក ឋិតនៅក្នុងខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក និងដាក់ពន្ធនាគារ រហូរមកដល់សព្វថ្ងៃ ។

លោក Daniel Bastard ជាប្រធានអង្គការអ្នកកាសែតគ្មានព្រំដែន ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក បានគូសបញ្ជាក់អំពីការពិតថា វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអាក្រក់បំផុតនៅក្នុងពិភពលោកលើសេរីភាពខាងការនិយាយស្ដី ។ អង្គការរបស់លោកបានកត់ សម្គាល់ថា ការចាប់ខ្លួនសកម្មជន និងសកម្មជនអនឡាញបានកើនឡើងគួរឱ្យព្រួយបារម្ភ ។

អ្នកស្រី Tina L. Mufford ជានាយករង ផ្នែកស្រាវជ្រាវ និង គោលនយោបាយ នៃ គណៈកម្មការសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែក សេរីភាពសាសនាអន្តរជាតិ (USCIRF) ប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក បានថ្លែងថា សេរីភាពសាសនានៅក្នុងប្រទេសវៀតណាម គឺជាសិទ្ធិជាមូលដ្ឋាន ហើយមិនគួរក្លាយជាឯកសិទ្ធិដែលផ្តល់ដោយរដ្ឋាភិបាលទេ ។ អ្នកស្រីបានបញ្ជាក់ថា ព្រះសង្ឃ និងវត្តអារាមនៅ កម្ពុជាក្រោម មានតួនាទីយ៉ាងសំខាន់ក្នុងរក្សាឲ្យបានគង់វង្សនូវអត្តសញ្ញាណជាតិខ្មែរ ដូចជា ភាសា វប្បធម៌ ប្រពៃណី និងព្រះពុទ្ធសនា ជាដើម តែរដ្ឋាភិបាលវៀតណាមបានចាប់ព្រះសង្ឃផ្សឹក និងដាក់ពន្ធនាគារជាបន្តបន្ទាប់ ដូចករណី ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ជាដើម ។ អ្នកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់បញ្ចូលឡើងវិញនូវប្រទេសវៀតណាម ជាប្រទេសមួយដែលមានការព្រួយ បារម្ភពិសេស (Country of Particular Concern) ផ្នែករំលោភសិទ្ធិសេរីភាពសាសនាអន្តរជាតិ ។

អ្នកស្រី Laura Harth តំណាងប្រចាំអង្គការសហប្រជាជាតិ នៃគណបក្សអហិង្សារ៉ាឌីកល់ (Nonviolent Radical Party) និង គណ បក្សចម្រុះជាតិសាសន៍ និងចម្រុះគណបក្ស បានបញ្ជក់ អំពីសារៈសំខាន់នៃការតស៊ូមតិ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ។ លោកស្រីបាន បញ្ជាក់ការរំលោភសិទ្ធិមនុស្ស និង សាសនាពីរដ្ឋាភិបាលនានានៅជុំវិញពិភពលោកលើជនជាតិដើមដែលជាសមាជិករបស់អង្គការ UNPO ក្នុងនោះ ខ្មែរក្រោមជាដើម ដែលតែងតែងត្រូវរំលោភសិទ្ធិដោយរបបបក្សកុម្មុយនិស្តវៀតណាម ។ អង្គការ UNPO មានតួនាទីយ៉ាងសំខាន់ ក្នុងការតស៊ូមតិដើម្បីសេរីភាពសម្រាប់គ្រប់ជនជាតិដែលត្រូវគេជិះជាន់ ។ លោកបានបញ្ជាក់ថា នៅពេលនេះទៅអនាគតសហព័ន្ធខ្មែរកម្ពុជា ក្រោម និង UNPO នៅតែរួមដៃគ្នាដើម្បីធ្វើការតស៊ូក្នុងការនាំមកនូវសេរីភាពជូនជនជាតិដើមខ្មែរក្រោម ។
ផ្នែកទីពីរ នៃសន្និសីទនេះ បានលើកឡើងពីរបៀបដាក់បញ្ចូលប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិដល់ប្រជាជនខ្មែរក្រោម ។ លោកស្រី Irène Bellier អ្នកឯកទេសផ្នែកសរីរវិទ្យានៅឯសាលាសិក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម (EHESS) និងជាអនុប្រធានក្រុមការងារអន្ដរជាតិលើជន ជាតិដើម (GITPA) បានផ្តល់នូវការការកត់សម្គាល់លម្អិតអំពីការវិវត្តនៃស្ថានភាព និងការទទួលស្គាល់ជនជាតិដើមក្នុងកម្រិតអន្តរជាតិ ។ លោកស្រីបានបញ្ជាក់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលស្គាល់ជនជាតិដើម ដើម្បីឱ្យពួកគេអាចទាមទារសិទ្ធិជនជាតិដើម ។ ពេលពួកគេបានទទួលស្គាល់ហើយ ពួកគេអាចទាមទារសិទ្ធិជនជាតិដើមរបស់ខ្លួន ។

បណ្ឌិត Joshua Cooper នាយកវិទ្យាស្ថានសិទ្ធិមនុស្សរដ្ឋហាវ៉ៃ និង ជាទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានគាំទ្រយ៉ាងខ្លាំងចំពោះ ការដាក់បញ្ចូលនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ ទៅក្នុងបម្រើដល់សង្គមជនជាតិដើម ។ លោកក៏បានចែករំលែកចំណេះដឹងដ៏មានតម្លៃរបស់លោកអំពីទស្សនវិស័យ និងឱកាសនៃការតស៊ូមតិនៅអង្គការសហប្រជាជាតិ ។

ផ្នែកចុងក្រោយ នៃសន្និសីទកិច្ចពិភាក្សាផ្ដោតលើសហភាពអឺរ៉ុប (EU) និងការចូលរួមរបស់រដ្ឋជាសមាជិករបស់ខ្លួនចំពោះសិទ្ធិមនុស្ស ។ លោក ស្រី Olivia Geymond សមាជិកគណៈកម្មការប្រតិបត្តិនៃក្រុមទស្សនវិស័យនៃសហគមន៍អឺរ៉ុបសម្រាប់គំនិតផ្តួចផ្តើមវ័យក្មេង ស្តីពីកិច្ច ការបរទេស និងទំនាក់ទំនងអន្តរជាតិ (IFAIR) បានថ្លែងថា សហភាពអឺរ៉ុបគឺជាអ្នកដឹកនាំថ្មីសម្រាប់ការពារសិទ្ធិមនុស្ស របស់ជនជាតិដើម ។ លោកស្រីបានសំណូមពរ ឲ្យដាក់បញ្ចូលតំណាងជនជាតិដើមនៅក្នុងយន្តការសិទ្ធិមនុស្ស ។
សមាជិកព្រឹទ្ធសភាបារាំង លោក Andre Gattolin បានថ្លែងបិទអង្គការសន្និសីទដោយចែករំលែកនូវបទពិសោធន៍ នៃការតស៊ូដើម្បី សិទ្ធិមនុស្ស និង សិទ្ធិជនជាតិដើម ។ ក្នុងនាមសមាជិកសភាបារាំង គាត់បានសង្កត់ធ្ងន់ថា គាត់ធ្លាប់បានជួបប្រទះបញ្ហាប្រឈមជាច្រើន ប៉ុន្តែគាត់ថា ទោះបីយ៉ាងណាគាត់ត្រូវតែប្តេជ្ញាចិត្តធ្វើឲ្យបានជោគជ័យនៅលើប្រធានបទទាំងនេះ ។

សន្និសីទបានបញ្ចប់ដោយការថ្លែងសុន្ទកថាខ្លីរបស់ លោក សឺន ស៊ូបែរ្តិ៍ ជាសមាជិកព្រឹទ្ធសភានៃប្រទេសកម្ពុជា ដែលមានដើមកំណើតជា ខ្មែរក្រោម បានថ្លែងអំណរគុណដល់អ្នករៀបចំសន្និសីទនេះ ក្នុងនាមលោកជាខ្មែរក្រោមម្នាក់ដែរ ។

មុនបិទអង្គសន្និសីទ លោក អធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ដល់ប័ណ្ណសរសើរជាកិត្តិយសដល់វាគ្មិនដែលបានចូលរួមចែករំលែក នូវបទពិសោធន៍ស្ដីពីកម្ពុជាក្រោម និងអ្នកជំនួយការដែលបានជួយរៀបចំសន្និសីទនេះឲ្យបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕

ផ្ដល់ប័ណ្ណសរសើរដល់វាគ្មិន ។

កម្រងថតសន្និសីទអន្តរជាតិស្ដីពីជនជាតិដើមខ្មែរក្រោម