ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​រដ្ឋាភិបាល ទទួលស្គាល់​ខ្មែរក្រោម ជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់​ នៅ​កម្ពុជា​

ដោយ ស៊ឺន ចែងចើន | VOKK

​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​កម្ពុជា នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ដែលជា​ខួប​លើក​ទី ៦៩ ឆ្នាំ នៅ​ចុង​សបា្តហ៍​នេះ នាទី​រួម​ខេត្តសៀមរាប ក្រោម​ប្រធានបទ «​ខ្មែរក្រោម ជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់ នៅ​កម្ពុជា​» ។​

លោក សឺ​ង ជុំ​ជួន ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ក្នុង​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី ៨ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​​ ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺ​ង ជុំ​ជួន ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ក្នុង​ពិធី​អបអរសាទរ​ខួប​ឆ្នាំ​ទី ៨ នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម​​ ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា ឆ្នាំ​ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ដែល​គ្រោង នឹង​រៀបចំឡើង នៅ​ថ្ងៃទី ១០ ខែធ្នូ ២០១៧ ខាងមុខ ដោយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹងមាន​ពលរដ្ឋ​ខ្មែរក្រោម ជាង ១០០ នាក់ ដែល​កំពុង​រង​បញ្ហា​បដិសេធ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប ។ បើទោះជា​ពលរដ្ឋ​ខ្មេរ​ក្រោម​ទាំងនោះ មួយចំនួន​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​ហួស​សុពលភាព​ក៏ដោយ តែ​សមត្ថកិច្ច​នៅតែ​មិន​ព្រមធ្វើ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ឡើយ ដោយ​លើក​ហេតុផល​ថា ជួប​ការលំបាក​លើ​ទិដ្ឋភាព​ច្បាប់ ឬ​ពួកគាត់​ជា​ខ្មែរក្រោម ។​

​លោក សឺ​ន ជុំ​ជួន ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ឲ្យ​ដឹងថា ការរៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ឡើង គឺ​ក្នុង​គោល​បំ​ណ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​របស់ខ្លួន ។ លោក សឺ​ន ជុំ​ជួន ឲ្យ​ដឹង​ទៀតថា នៅក្នុង​ពិធី​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន មាន​ជា​អា​ថ៍ តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា តំណាង​ស្នងការ​នគរបាល​ខេត្តសៀមរាប ការិយាល័យ​អត្រានុកូលដ្ឋាន ការិយាល័យ​អត្តសញ្ញាណ​កម្ម ។

​ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រូបនេះ បញ្ជាក់​បន្ថែមថា មូល​ហេតុដែល​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម អញ្ជើញ​វាគ្មិន​ជា​ភាគី​ពាក់ព័ន្ធ​ចូលរួម​នោះ គឺ​ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​អត្តសញ្ញាណប័ណ​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម នៅ​ខេត្តសៀមរាប និង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​នាពេល​កន្លងមក ពលរដ្ឋ​ខ្មែរក្រោម​នាំគ្នា​ទៅធ្វើ​បញ្ជីកំណើត សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ឬ​ប្តូរ​អត្តសញ្ញាណប័ណ្ណ​ចាស់ ដែល​ផុតកំណត់ ហើយ​ត្រូវធ្វើ​ថ្មី​ឡើងវិញ ។ ប៉ុន្តែ ត្រូវបាន​ខាង​អាជ្ញាធរ​មូលដ្ឋាន ហាក់ដូច​មាន​ចេតនា​រើសអើង ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​បដិសេធ​ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ពលរដ្ឋ​ខ្មែរក្រោម​នោះ​។​

​តាមរយៈ​វេទិការ​សិទ្ធិមនុស្ស​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម ស្នើ​ទៅកាន់​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​ដើមកំណើត​ខ្មែរក្រោម​ស្របច្បាប់​នៅ​កម្ពុជា ដូចដែល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម បានទទួល​ស្គាល់​សិទ្ធិ​មួយចំនួន មានដូចជា សិទ្ធិ​ទទួល​អត្ត​សញ្ញា​បណ្ណ បណ្ណគ្រួសារ សៀវភៅ​អាត្រា​នុ​កូ​ល​ដ្ឋា​ន និង​លិខិតឆ្លងដែន​ជាដើម ។​

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា មាន​ប្រមាណ ១ លាន​នាក់ ។​

​ជារឿយៗ ក្រុម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​រក​ឱកាស ដើម្បី​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពន្យល់​ពី​ការស្នើ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់ សម្រាប់​ឋានៈ​ជា​ពលរដ្ឋ​របស់​ខ្មែរក្រោម ៕​