ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោមម្នាក់ នៅព្រឹកថ្ងៃទី ២៩ ឧសភា ត្រូវបានអាជ្ញាធរយួន ស្រុកផ្នោដាច់ (Cầu Ngang) នៃខេត្តព្រះត្រពាំង កោះហៅទៅសួរចម្លើយ បន្ទាប់ពីលោកធ្វើការផ្សាយផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឈ្មោះ ថាច់ កឿង (Thach Cuong) ថា អាជ្ញាធរយួនចែកអង្ករក្លែងក្លាយ (អង្ករប្លាស្ទិក) ជូនអ្នកភូមិខ្មែរក្រោម ។ នៅក្នុងវីដេអូឃ្លីប យុវជនខ្មែរក្រោមរូបនេះ យកអង្ករពិត និងអង្ករ ដែលសង្ស័យថា មានផ្ទុកសារធាតុផ្លាស្ទិច មកធ្វើពិសោធន៍ដោយលីងក្នុងខ្ទះ ដើម្បីចង់ដឹងថា អង្ករនោះពិត ឬក្លែងក្លាយ ។

ក្រោយពីសាកសួរពេញមួយព្រឹករួចមក អាជ្ញាធរយួន បានចោទប្រកាន់យុវជន ថាច់ កឿង ថា ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អាជ្ញាធរ និងស្ថាប័នរដ្ឋអំណាចយួន ។ យុវជនខ្មែរក្រោម ដែលរងការចោទប្រកាន់នេះ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមយ៉ាងខ្លីថា លោកត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងបង្គាប់ឲ្យលោកទៅជួបមន្រ្តីនៃមន្ទីរព័ត៌មាន និងទូរគមនាគមន៍ខេត្តត្រាវិញ នៅថ្ងៃទី ២ មិថុនា ដើមសប្តាហ៍ក្រោយ ។
យុវជនដដែលរូបនេះ បានបញ្ជាក់ថា លោកត្រូវបានបង្ខំឲ្យសរសេរលិខិតសារភាពទទួលស្គាល់ទោសកំហុស និងបង្ខំឲ្យលោកចេញវីដេអូឃ្លីបសុំទោស នៅលើហ្វេសប៊ុក ព្រមទាំងបង្ខិតបង្ខំឲ្យលោកលុបចេញនូវវីដេអូ ដែលលោកធ្វើតេស្តអង្ករក្លែងក្លាយនោះទៀតផង ។
គួរជម្រាបជូនថា កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ យុវជនរូបនេះ ក៏តំណាងឲ្យពលករខ្មែរក្រោម ដាក់ញត្តិទៅរដ្ឋាភិបាលវៀតណាម ស្នើឱ្យរដ្ឋាភិបាលយួនកុម្មុយនិស្ត អនុញ្ញាតឱ្យខ្មែរក្រោម ដែលធ្វើការងារនៅទីក្រុង អាចឈប់សម្រាកពេលបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និងបុណ្យសែនដូនតា ជាដើម ៕

