ដោយ យន់ សាមៀន | RFA Khmer
ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានស្នើអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បញ្ចូលរបាយការណ៍ ស្ដីពីស្ថានភាពរបស់ខ្មែរក្រោម រស់នៅកម្ពុជា និងប្រទេសវៀតណាម ក្នុងអនុសាសន៍របស់អង្គការសហប្រជាជាតិ ដើម្បីដាក់ជូនរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយ ។ ឆ្លើយតប នឹងសំណើរបស់អង្គការខ្មែរកម្ពុជាក្រោមនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា អះអាងថា កម្ពុជាមិនមានការរើសអើងប្រឆាំងពលរដ្ឋខ្មែរក្រោមនោះទេ ហើយកម្ពុជាក៏មិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងវៀតណាម ដើម្បីជួយខ្មែរក្រោមបានដែរ ។

តំណាងក្រុមអង្គការខ្មែរកម្ពុជាក្រោម និងអង្គការក្នុងស្រុកចំនួន ១០ បានអានសេចក្ដីថ្លែងការណ៍របស់ពួកគេ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន ។ របាយការណ៍បង្ហាញថា ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើដីកំណើត ដែលបច្ចុប្បន្នវៀតណាមកំពុងត្រួតត្រា និងនៅកម្ពុជា កំពុងជួបប្រទះការរំលោភសិទ្ធិមនុស្ស និងការរើសអើងមិនចេះចប់ មិនចេះហើយ ។ របាយការណ៍ដាក់ទៅប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សបញ្ជាក់ថា នៅកម្ពុជាក្រោម ដោយសារតែខ្មែរក្រោម មានវប្បធម៌ និងប្រតិបត្តិសាសនាផ្សេងគ្នា ពីជនជាតិវៀតណាម ទើបបណ្ដាលឲ្យមានគំនាបបង្ខំឲ្យខ្មែរក្រោម បញ្ចប់អត្តសញ្ញាណជាខ្មែរ ហើយប្រែក្លាយពូជសាសន៍ និងវប្បធម៌ទៅជាជនជាតិវៀតណាមវិញ ។ អាជ្ញាធរវៀតណាម ក៏បានជ្រៀតជ្រែកចូលកិច្ចការ និងការប្រតិបត្តិសាសនារបស់ពលរដ្ឋខ្មែរក្រោម ហើយការតវ៉ារបស់ខ្មែរក្រោម ត្រូវបានអាជ្ញាធរវៀតណាមបង្ក្រាប ដោយអំពើហិង្សាថែមទៀតផង ។ របាយការណ៍បន្តទៀតថា ទោះបីបើវៀតណាមអះអាងថា រដ្ឋាភិបាលនេះ បានសន្យា និងជួយលើកតម្កើង និងគាំពារខ្មែរក្រោម រួមមានអក្សរ និងសិទ្ធិសេរីភាពផ្នែកសាសនា ក៏ដោយចុះ តែធាតុពិតខ្មែរក្រោមថា វៀតណាមបានបដិសេធផ្តល់សិទ្ធិ និងភាពស្មើគ្នា ទើបបណ្ដាលឲ្យខ្មែរក្រោមជាច្រើន ភៀសខ្លួនចេញពីស្រុកកំណើតទៅរស់កម្ពុជា និងអ្នកខ្លះទៀតរត់ទៅសុំសិទ្ធិជ្រកកោននៅប្រទេសថៃ ។
របាយការណ៍អង្គការខ្មែរកម្ពុជាក្រោម បញ្ជាក់ទៀតថា ដោយឡែកខ្មែរក្រោម នៅកម្ពុជាវិញ រដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ខ្មែរក្រោម ឲ្យបានពេញលេញនោះទេ ហើយការអនុវត្តច្បាប់លើពលរដ្ឋខ្មែរក្រោម មានលក្ខណៈមិនច្បាស់លាស់ ។ រដ្ឋាភិបាលកម្ពុជាកន្លងមកអះអាងថា រដ្ឋាភិបាល នឹងផ្តល់សញ្ជាតិឲ្យខ្មែរក្រោម ប្រសិនបើពួកគេមករស់នៅកម្ពុជា ប៉ុន្តែការសន្យារបស់រដ្ឋាភិបាលនេះ មិនទាន់បានគេអនុវត្តត្រឹមត្រូវនៅឡើយ ហើយបន្តនៅតែមានបញ្ហាដដែល ។ របាយការណ៍បន្ត នៅពេលខ្មែរក្រោមគ្មានសញ្ជាតិខ្មែរ ពួកគេមិនអាចទទួលបានអត្តសញ្ញាណប័ណ្ណ ប្លង់ដី និងឯកសារផ្សេងៗ បណ្ដាលឲ្យពួកគេមិនទទួលបានសិទ្ធិពេញលេញ និងបាត់បង់ផលប្រយោជន៍ ។
របាយការណ៍បន្ថែមទៀតថា ពលរដ្ឋខ្មែរក្រោមបន្តជួបប្រទះការរើសអើង ដោយសារតែពលរដ្ឋខ្មែរ នៅតែចាត់ទុកខ្មែរក្រោមថា ជាជនជាតិវៀតណាម ទោះបីខ្មែរក្រោម ជាខ្មែរក៏ដោយ ។ ការរើសអើងនេះ ជាបញ្ហាចម្បងរបស់ខ្មែរក្រោម កំពុងជួបប្រទះនៅកម្ពុជា ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាធានាឲ្យពលរដ្ឋខ្មែរក្រោម ទទួលបានសិទ្ធិពេញលេញ និងមានអត្តសញ្ញាណប័ណ្ណ ។ រដ្ឋាភិបាលគួរបញ្ជាក់គោលជំហរ ឲ្យច្បាស់លាស់ពីការផ្តល់សញ្ជាតិខ្មែរ ដល់ខ្មែរក្រោមមករស់នៅកម្ពុជា ។ បញ្ឈប់នូវសកម្មភាពឃ្លាំមើល សកម្មភាពស្របច្បាប់ របស់ពលរដ្ឋ និងសមាគមខ្មែរកម្ពុជាក្រោម និងអនុញ្ញាតឲ្យខ្មែរក្រោម អាចប្រមូលផ្តុំ ដោយសន្តិវិធីតាមច្បាប់ ។
ប្រធានសាខាសហព័ន្ធកម្ពុជាក្រោម ប្រចាំនៅកម្ពុជា លោក តាំង សារៈ មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ៤ តុលាថា ខ្មែរក្រោមនៅកម្ពុជា កំពុងទទួលរងការរើសអើង និងឃ្លាំមើលពីសំណាក់អាជ្ញាធរមូលដ្ឋាន ហើយពួកគេមិនទាន់ទទួលបានសញ្ជាតិជាខ្មែរ ដោយស្វ័យប្រវត្តិ នៅពេលមកដល់រស់នៅកម្ពុជា នៅឡើយទេ ។ លោកបន្ថែមទៀតថា បើតាមច្បាប់សញ្ជាតិ ខ្មែរក្រោមអាចទទួលបានសញ្ជាតិជាខ្មែរ៖ «ច្បាប់សញ្ជាតិមានលក្ខណៈគ្រប់គ្រាន់ ដើម្បីឲ្យរដ្ឋាភិបាលទទួលស្គាល់ខ្មែរកម្ពុជាក្រោម ជាសញ្ជាតិខ្មែរ ។ តែម្យ៉ាងទេ អាជ្ញាធរមូលដ្ឋាន គាត់អនុវត្តច្បាប់គាត់ខ្លាចខុសអ៊ីចឹង ដូច្នោះ ជាភារកិច្ចរបស់ក្រសួងមហាផ្ទៃ សូមណែនាំឲ្យច្បាស់ ទៅដល់អាជ្ញាធរមូលដ្ឋាន រឿងបញ្ហាខ្មែរក្រោមហ្នឹង» ។
ចំណែកប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ក៏សង្កេតឃើញថា ខ្មែរក្រោមរស់នៅកម្ពុជា ពិបាកទទួលបានលិខិតស្នាម ចាំបាច់មួយចំនួន ពីអាជ្ញាធរមូលដ្ឋាន ។ លោកថា អាជ្ញាធរមូលដ្ឋាន ហាក់នៅក្រោមសំពាធវៀតណាម មិនព្រមទទួលស្គាល់ខ្មែរក្រោម និងផ្តល់ប្រយោជន៍ៗ ផ្សេងដល់ខ្មែរក្រោម ដូចពលរដ្ឋខ្មែរផ្សេងទៀត៖ «បញ្ហាដែលខ្មែរក្រោម កំពុងប្រឈមហ្នឹង គឺរឿងលិខិតស្នាម ជាឯកសារសំខាន់សម្រាប់ ការប្រើប្រាស់ពេលបច្ចុប្បន្ន ដូចជា ប័ណ្ណ គ្រួសារ អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជាដើម ។ ពួកគេជួបការលំបាក ហាក់បីដូចជាជួបការរើសអើងពីអាជ្ញាធរ ។»
ពាក់ព័ន្ធ នឹងរបាយការណ៍ អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជានេះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា កម្ពុជាមិនអាចលូកចូលកិច្ចការងារផ្ទៃក្នុងរបស់វៀតណាមបានទេ ។ ចំណែកនៅកម្ពុជាវិញ លោកបដិសេធថា គ្មានការរើសអើង នឹងពលរដ្ឋខ្មែរក្រោមឡើយ ។
ក្រោយតំណាងក្រុមអង្គការខ្មែរកម្ពុជាក្រោម និងអង្គការក្នុងស្រុកចំនួន ១០ បញ្ចប់ថ្លែងសេចក្ដីថ្លែងការណ៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិរួចមក ពួកគេក៏បានស្នើ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អ្នកស្រី (Rhona Smith) និងឧត្ដមស្នងការអង្គការសហប្រជាជាតិ បញ្ចូលរបាយការណ៍របស់សមាគមខ្មែរកម្ពុជាក្រោម ទៅក្នុងអនុសាសន៍អង្គការសហប្រជាជាតិ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យពលរដ្ឋខ្មែរក្រោមទទួលបានសិទ្ធិសេរីភាពឡើងវិញ ស្របទៅតាមកាតព្វកិច្ចរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងអនុសាសន៍ របស់របាយការណ៍អង្កេតប្រចាំរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០១៩ កន្លងទៅ ៕