ដោយ ថាច់ ប្រីជា គឿន
វត្តរតនទីបារាមកោះកែវ (អូរមិច) ឋិតនៅក្នុងភូមិអូរមិច ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង (Ap Ô Mịt, xã Châu Điền, huyện Cầu Kè, tỉnh Trà Vinh) បានកសាងឡើងក្នុង ព. ស. ២១០៥ គ. ស. ១៥៦១ បើគិតមកដល់ឆ្នាំ ២០១៨ នេះ វត្តមានអាយុកាល ៤៥៧ ឆ្នាំ ។ ដើម្បីបានក្លាយទៅជាវត្តជាផ្លូវការ វត្តអូរមិច ត្រូវបានកសាងឡើងចំនួន ៣ ដំណាក់កាល និង បានផ្លាស់ប្ដូរទីកន្លែងចំនួន ៣ លើក ។
អំពីនាមវត្ត៖
យោងតាមផ្ទាំងសីលាចារឹកដែលបានដាក់តាំងនៅក្នុងវត្តស្ដីអំពីប្រវត្តិ វត្តរតនទីបារាមកោះកែវ (អូរមិច) បានបញ្ជាក់ថា នាមវត្តអូរមិច សព្វថ្ងៃ ត្រូវបានប្ដូរឈ្មោះអស់ ៤ លើក តាមរយៈដំណាក់កាល នៃការកសាងវត្តម្ដងៗ ។ ដំណាក់កាលនៃការកសាងវត្តលើកដំបូង វត្តត្រូវបានដាក់ឈ្មោះថា “វត្តព្រែករលួស” ដំណាក់កាលទី ២ ដាក់ឈ្មោះថា “វត្តភូមិត្បូងជិត” និង ដំណាក់កាលទី ៣ ដាក់ឈ្មោះថា “វត្តថ្មីសិរីអូរមិច ។ ក្រោយមកទៀត វត្តត្រូវបានប្ដូរឈ្មោះមកជា “វត្តរតនទីបារាមកោះកែវ ហៅ វត្តអូរមិច” រហូតមកដល់ សព្វថ្ងៃ ។
ដំណាក់កាលកកើតវត្តជាលើកដំបូង៖
ដំណាក់កាល នៃ ការកកើតវត្តជាលើកដំបូង វត្តអូរមិច ត្រូវបានព្រះសង្ឃ និងពុទ្ធបរស័ទហៅថា “វត្តព្រែករលួស” ដោយសារវត្តនេះកសាងនៅក្នុងភូមិព្រែករលួស ។ សព្វថ្ងៃ ទីដែលកសាង វត្តព្រែករលួស ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្តអូរមិច ហៅថា វត្តចាស់ ។ វត្តព្រែករលួស បានកសាងឡើងអស់ជាច្រើនឆ្នាំ តែអ្នកស្រុកមិនប្រាកដថា កសាងនៅក្នុងឆ្នាំណាទេ ។ លុះមកដល់ ឆ្នាំ ព. ស. ២១០០ ដល់ ២១០១ ត្រូវនឹង គ. ស. ១៥៥៦ ដល់ គ. ស. ១៥៥៧ ក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិការវត្ត ព្រះនាម សុខ ក៏កើតឧប្បត្តិហេតុ ដូចជា មានសត្វខ្លាសាហាវ ចូលភូមិ ជាដើម ទើបព្រះសង្ឃ និង ពុទ្ធបរិស័ទបានរុះរើវត្តទៅកសាងនៅកន្លែង ផ្សេង ដើម្បីសុវត្ថិភាព ។
ដំណាក់កាលកសាងវត្តជាលើកទី ២៖
បន្ទាប់ពីរុះរើ វត្តព្រែរលួស ព្រះតេជព្រះគុណ នាម សុខ បានដឹកនាំពុទ្ធបរិស័ទកសាងវត្តនៅកន្លែងថ្មីមួយផ្សេងទៀត ហើយប្រសិទ្ធនាមវត្តថា វត្តភូមិត្បូងជិត ។ វត្តនេះបានកសាងឡើងក្នុងរវាងឆ្នាំ ព. ស. ២១០២ – ២១០៣ គ. ស. ១៥៥៨ – ១៥៥៩ ។ ព្រះសង្ឃស្នាក់អាស្រ័យបានប្រមាណ ២ ឆ្នាំ ប៉ុណ្ណោះ ក៏បានរើទៅកសាងនៅកន្លែងថ្មីមួយទៀត ។
ដំណាក់កាលកសាងវត្តជាលើកទី ៣៖
ក្រោយពីរុះរើ វត្តភូមិត្បូងជិត ព្រះសង្ឃ និងពុទ្ធបរិស័ទបានទៅកសាងវត្តនៅកន្លែងថ្មីមួយទៀត ត្រង់ទីវត្តអូរមិច នាពេលបច្ចុប្បន្ននេះ ហើយប្រសិទ្ធនាមថា វត្តថ្មីសិរីអូរមិច ។ វត្តនេះបានកសាងបន្ទាប់ពី លោកតា នាម កែវ និង លោកយាយ ច្រៀប បានវេរប្រគេនដីស្រែរបស់ខ្លួនធ្វើជាដីវត្ត នៅក្នុងខែជេស្ឋ ឆ្នាំ រកា ត្រីស័ក ព. ស. ២១០៥ គ. ស. ១៥៦១ ។ លុះមកដល់ ថ្ងៃ ១០ កើត ខែមាឃ ឆ្នាំ កុរ បញ្ចស័ក ព. ស. ២១០៧ គ. ស. ១៥៦៣ ទើបបានធ្វើបុណ្យបញ្ចុះខណ្ឌសីមាវត្តជាផ្លូវការ ។
មកដល់សម័យក្រោយទៀត នៅក្នុង ព. ស. ២៤៩៩ គ. ស. ១៩៥៥ ក៏មានការកែប្រែឈ្មោះវត្តម្ដងទៀតថា វត្តរតនទីបារាមកោះកែវ ហៅ វត្តអូរមិច រហូតមកដល់សព្វថ្ងៃ ។
សព្វថ្ងៃ វត្តអូរមិច មានផ្ទៃប្រមាណជាង ២ ហែកតា ដោយបានកសាង កុដិ សាលា ព្រះវិហារ និង ចេតិយ ជាដើម សម្រាប់ព្រះសង្ឃស្នាក់នៅសិក្សារៀនសូត្រទាំងអក្សរសាស្ត្រខ្មែរ និងគម្ពីរដីកាព្រះពុទ្ធសាសនា និង សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទានតាមកន្លងមាគ៌ាពុទ្ធសាសនា ។
ឈ្មោះភូមិនៅជុំវិញវត្ត៖
ចំណុះជើងវត្ត នៃ វត្តរតនទីបារាមកោះកែវ (អូរមិច) មានចំនួន ៨ ភូមិ គឺ ភូមិមាត់កិញ, ភូមិព្រែកសសរ, ភូមិកំពង់តាជ័យ, ភូមិស្នៀត, ភូមិព្រែអំពូរ, ភូមិកណ្តាល, ភូមិត្បូងវត្ត និង ភូមិព្រែករលួស ។
តាំងពីកកើតវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះ វត្តរតនទីបារាមកោះកែវ (អូរមិច) បានឆ្លងកាត់ការគ្រប់គ្រង របស់ចៅអធិការវត្តជាច្រើនជំនាន់ ក្នុងនោះ មានឧបជ្ឈាយ៍ ២ អង្គ គឺ ព្រះតេជព្រះគុណ នាម រាជ្យ និង ព្រះតេជព្រះគុណ សុវណ្ណត្ថេរ ថាច់ សម ។ សព្វថ្ងៃ វត្តឋិតនៅក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិការវត្ត ព្រះនាម សុវីរិយធម្មោ ហង្ស សុផាត ៕