អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាអ្នកទោសមនសិការដែលកំពុងរស់នៅលើទឹកដីកំណើតខ្មែរកម្ពុជាក្រោម ប្រាប់អាស៊ីសេរី កាលពីដើមខែមីនាថា ពួកគេកំពុងរស់នៅក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរកុម្មុយនិស្តវៀតណាមគ្រប់ជំហាន បណ្ដាលឲ្យប៉ះពាល់ខ្លាំងដល់សិទ្ធិសេរីភាព និងការស្វែងរកប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត ។ កាលពីឆ្នាំ ២០១៣ ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានវៀតណាមចាប់ដាក់ពន្ធនាគារពីបទថា រត់ភៀសខ្លួនទៅប្រទេសទីបី ដើម្បីប្រឆាំងរដ្ឋាភិបាលវៀតណាម ។ អតីតព្រះសង្ឃទាំងនោះ ត្រូវផ្តន្ទាទោសចាប់ពី ២ ឆ្នាំរហូតដល់ ៦ ឆ្នាំ ដោយសារតែព្រះសង្ឃទាំងនោះ បានបើកសាលាបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃ និងកូនៗ ខ្មែរកម្ពុជាក្រោម ។ អតីតព្រះសង្ឃដែលត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំ ហើយបានរួចផុតពីពន្ធនាគារប្រាប់អាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពថា លោកកំពុងរស់នៅក្នុងគុក គ្រាន់តែគ្មានជញ្ជាំងតែប៉ុណ្ណោះ៖ «ខ្ញុំក្ដៅក្រហាយដែរ ប៉ុន្តែមិនដឹងធ្វើម្ដេច ព្រោះខ្ញុំនៅទីនេះមានគ្នាតិច ហើយប្រសិនបើខ្ញុំងើបឈរឡើងតវ៉ាមួយលើកទៀត គេ នឹងចាប់ខ្ញុំដាក់ពន្ធនាគារ ហេតុនេះកំពុងតស៊ូរស់នៅទាំងកម្សត់ ។ ទោះបីខ្វះខាតយ៉ាងណា ខ្ញុំបានរស់មួយសព្វថ្ងៃនេះ ។ ខ្ញុំមិនអាចធ្វើទៅតាមចិត្ត ហើយគ្មានអនាគត»។

លោកបន្តថា ក្រោយចេញពីពន្ធនាគារលោកបានព្យាយាម សុំអាជ្ញាធរវៀតណាម ដើម្បីបួសជាសង្ឃវិញប៉ុន្តែ ត្រូវវៀតណាមបដិសេធរហូតមកទល់ពេលបច្ចុប្បន្ន ។ មិនខុសគ្នានេះដែរ អតីតព្រះសង្ឃម្នាក់ទៀត ដែលជាប់ពន្ធនាគារ រយៈពេល ៣ ឆ្នាំ ក្រោមបទចោទថា ប្រឆាំង នឹងរដ្ឋាភិបាលវៀតណាមនោះ ក៏អះអាងដែរថា លោកត្រូវបានចារកម្មវៀតណាមតាមដានទាំងយប់ និងថ្ងៃ ក្រោយលោកចេញពីពន្ធនាគារ ។ លោកថា លោកមិនអាចធ្វើដំណើរទៅស្វែងរកការងារ នៅកន្លែងឆ្ងាយបាននោះទេ។ លោកបន្តថា ដោយសារការធ្វើទុក្ខបុកម្នេញមិនចេះចប់មិនចេះហើយនេះហើយ បានបង្ខំឲ្យលោកត្រូវជ្រើសរើសធ្វើការងារក្នុងវិស័យសំណង់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត៖ «ឥឡូវនេះ បានន័យថា គេឲ្យយើងគេឲ្យយើង នៅមួយដុំ ។ រដ្ឋាភិបាលវៀតណាម ដូចជាប៉ូលិសសំងាត់ គេមិនចង់ឲ្យយើងទៅណាឆ្ងាយទេ ។ គេចង់ឲ្យយើងនៅមួយដុំសម្រាប់គ្រប់គ្រងយើង ។ មើលឃើញរាល់ថ្ងៃថា យើងមានសកម្មភាពអី ។ យើងធ្វើអ្វី គេដឹងទាំងអស់»។
យ៉ាងហោចណាស់ ក៏មានព្រះសង្ឃខ្មែរក្រោមមួយអង្គទៀត ដែលវៀតណាមចាប់ផ្សឹកទាំងខុសវិន័យព្រះពុទ្ធសាសនា ក្នុងព្រឹត្តិការណ៍បង្ក្រាបព្រះសង្ឃខ្មែរកម្ពុជាក្រោមទ្រង់ទ្រាយធំ កាល ២០១៣ កំពុងជាប់ពន្ធនាគារនៅឡើយ ។ ព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវតុលាការវៀតណាមកាត់ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ។ ព្រះអង្គ នឹងត្រូវដោះលែងក្នុងរយៈជាងពីរខែខាងមុខនេះ ។ ការអះអាងពីអតីតព្រះសង្ឃខ្មែរក្រោម ពីការធ្វើទុក្ខបុកម្នេញរបស់វៀតណាម ស្របទៅ នឹងរបាយការណ៍ក្រសួងការបរទេសរបស់អាមេរិក ។
របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ ២០១៧ រកឃើញថា រដ្ឋាភិបាលវៀតណាម បានបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួន ដូចជា ការដកហូតសេចក្ដីថ្លៃថ្នូរពីជីវិតមនុស្ស ដោយអនាធិបតេយ្យ និងខុសច្បាប់ ការធ្វើទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ ការចាប់ឃុំខ្លួនអ្នកប្រឆាំង នឹងរដ្ឋាភិបាលវៀតណាមយ៉ាងអនាធិបតេយ្យ ការរំលោភបំពានជាលក្ខណៈជាប្រព័ន្ធក្នុងប្រព័ន្ធយុត្តិធម៌ រួមមានការបដិសេធមិនផ្ដល់មេធាវីឲ្យជនជាប់ចោទ ការបដិសេធមិនឲ្យសាច់ញាតិជួបអ្នកជាប់ឃុំ និងមិនផ្ដល់ការកាត់ទោសដោយយុត្តិធម៌ ។ របាយការណ៍រកឃើញទៀតថា អាជ្ញាធរវៀតណាមក៏បានជ្រៀតជ្រែកកិច្ចការឯកជនរបស់ពលរដ្ឋ ការរឹតត្បិតសិទ្ធិសេរីភាពដើរហើរ បញ្ចេញមតិ ការជួបជុំសាសនា និងការរឹតត្បិតសិទ្ធិសេរីរបស់សារព័ត៌មាន អ៊ិនធឺណែត និងអំពើពុករលួយ ។
ចំពោះលក្ខខណ្ឌនៃការឃុំឃាំងវិញ មានការតឹងរ៉ឹង និងពេលខ្លះបានគំរាមកំហែងដល់ជីវិតអ្នកជាប់ឃុំទៀតក៏មាន ដោយសារតែអាហារឲ្យអ្នកទោសមិនគ្រប់គ្រាន់ គ្មានអនាម័យ និងបន្ទប់តូចចង្អៀតណែនជាដើម ។ របាយការណ៍ក្រសួងការបរទេសអាមេរិក រកឃើញថា ឆ្មាំពន្ធនាគារតែងធ្វើបាបផ្នែករាងកាយដល់អ្នកទោសមនសិការ អ្នកទោសនយោបាយ ជនជាតិភាគតិច និងក្រុមសាសនា ។ ឆ្មាំពន្ធនាគារវៀតណាម ក៏មិនផ្ដល់ថ្នាំព្យាបាលជំងឺដល់អ្នកជាប់ឃុំ និងដាក់អ្នកត្រូវឃុំឃាំងនៅឯកាម្នាក់ឯងក៏មាន ។ អង្គការសិទ្ធិមនុស្សអន្តរជាតិឲ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកទោសនយោបាយ និងសាសនាប្រមាណ ១០០ នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារវៀតណាម ។ របាយការណ៍ក្រសួងការបរទេសអាមេរិកឲ្យដឹងទៀតថា ទោះបីរដ្ឋធម្មនុញ្ញវៀតណាមផ្ដល់សិទ្ធិសេរីភាពធ្វើដំណើរនៅក្នុងស្រុក ការធ្វើដំណើរទៅបរទេស និងការវិលត្រឡប់ចូលស្រុកវិញក៏ដោយ ប៉ុន្តែវៀតណាម បានដាក់កម្រិតដល់ការធ្វើដំណើររបស់បុគ្គលមួយចំនួន ដែលត្រូវបានកាត់ទោស ឬចោទប្រកាន់ថា បានរិះគន់ ឬប្រឆាំងរដ្ឋាភិបាលវៀតណាម ។ របាយការណ៍កត់សំគាល់ថា ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមក៏រងការធ្វើទុក្ខបុកម្នេញដែរ ។ ពួកគេមួយចំនួន បានគេចចេញពីវៀតណាម ទៅសុំសិទ្ធិជ្រកកោននៅប្រទេសទីបី ដោយសារតែការរំលោភបំពាន ហើយនៅពេលដែលពួកគេត្រឡប់មកវិញ តែងតែត្រូវបំពាន ឃុំឃាំង និងសួរចម្លើយ និងតាមដានឃ្លាំមើលពីសំណាក់អាជ្ញាធរវៀតណាម ។
អតីតព្រះសង្ឃខ្មែរក្រោម ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសលោកសេរីធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា ពួកគេត្រូវបានធ្វើទារុណកម្មទាំងផ្លូវចិត្ត និងកាយ ដោយសារតែតស៊ូទាមទារសិទ្ធិសេរី សាសនា និងការរៀនសូត្រអក្សរខ្មែរ ។ ពួកគេត្រូវបានឆ្មាំគុកវៀតណាមវាយធ្វើទារុណកម្មដោយប្រើប្រាស់បច្ចេកទេសមិនឲ្យមានស្នាមរបួស និងបង្ខំឲ្យសន្យាថា មិនប្រាប់អ្នកផ្សេងករណីធ្វើទារុណកម្ម ហើយពួកគេត្រូវវៀតណាមចាក់ថ្នាំ ដោយមិនប្រាប់មូលហេតុទៀតផង ។ អតីតព្រះសង្ឃខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ស្នើសុំវៀតណាមអនុញ្ញាតឲ្យពួកគេអាច មានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង ដើម្បីអាចចូលបម្រើវិស័យព្រះពុទ្ធសាសនាឡើងវិញ តាមរយៈការអនុញ្ញាតឲ្យបួសជាព្រះសង្ឃឡើងវិញ និងចាកធ្វើដំណើរទៅរស់នៅប្រទេសទីបី បើមានអ្នកទទួលយក៖ «បំណងធំរបស់ខ្ញុំ ។ ខ្ញុំចង់ចេញពីផុតពីស្រុកយួននេះ ។ ខ្ញុំចង់បួសព្រោះខ្ញុំមានបំណងសងគុណលោកឪពុក ពីព្រោះគាត់ស្លាប់ពេលខ្ញុំនៅក្នុងពន្ធនាគារ ។ ខ្ញុំចង់បួសសងគុណគាត់ ។ រាល់ថ្ងៃនេះ ខ្ញុំជួបឧបសគ្គអ្វីខ្លះ គឺឧបសគ្គជើងដៃមិត្ត ។ ពេលដែលយើងជួបជុំគ្នាយើង គឺមានគេឃ្លាំមើលទាំងអស់ ។ ខ្ញុំសួរថា ខ្ញុំចេញពីគុកហើយ ខ្ញុំមានទោសអីទៀត ។ ខ្ញុំសងរដ្ឋាភិបាល (វៀតណាម) ហើយតើ ។ នៅតែឃ្លាំមើលខ្ញុំ តើខ្ញុំធ្វើអីខុស?» ។
ចំពោះករណីធ្វើទារុណកម្មតាមបែបដាក់គុកឥតជញ្ជាំងនេះ មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជាគ្មានសិទ្ធិដោះស្រាយទេ ដោយសារតែ កម្ពុជាក្រោមឋិតនៅក្រោមការត្រួតត្រារបស់វៀតណាម ។ អាស៊ីសេរី បានព្យាយាមទាក់ទងមន្ត្រីការទូតវៀតណាមនៅកម្ពុជា ដើម្បីសាកសួរករណីធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខ្មែរកម្ពុជាក្រោម ប៉ុន្តែមន្ត្រីការទូតវៀតណាមមិនឆ្លើយសំណួរអាស៊ីសេរីនោះទេ រហូតមកទល់ នឹងដើមខែមីនានេះ ។ ទោះបីរដ្ឋាភិបាលកម្ពុជា មិនទទួលខុសត្រូវ ចំពោះពលរដ្ឋខ្លួនឯងក៏ដោយ ប៉ុន្តែសហព័ន្ធកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជូនតំណាងមន្ត្រីសហព័ន្ធទៅចូលរួមកិច្ចប្រជុំអង្គការសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជម្រាបជូនសហគមន៍អន្តរជាតិជួយអន្តរាគមន៍រដ្ឋាភិបាលវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះទង្វើរំលោភបំពានសិទ្ធិមនុស្សទាំងអមនុស្សធម៌នេះ ។ នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ានរិន ប្រាប់អាស៊ីសេរីថា ប្រតិភូខ្មែរក្រោមមានសេចក្ដីរាយការណ៍ជាច្រើនចំណុចសម្រាប់សហគមន៍អន្តរជាតិ៖ «យើងនឹងរាយការណ៍អ្វី ដែលកើតឡើងនៅកម្ពុជាក្រោម ។ អ្វីដែលយួនមិនទទួលស្គាល់ ហើយធ្វើមិនដឹងមិនឮ ។ យើង នឹងជម្រាបទៅអង្គការសហប្រជាជាតិខាងសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយហ្នឹងឯង ។ បើខាងធ្វើនយោបាយហ្នឹង យើងគ្មានសោះ» ។
បារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាមគ្រប់គ្រងទាំងខុសច្បាប់ និងគ្មានការយល់ព្រមពីពលរដ្ឋខ្មែរកម្ពុជាក្រោម កាលពីទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ គិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ មានរយៈពេល ៧០ ឆ្នាំហើយ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រារព្ធទិវាប្រវត្តិសាស្ត្រថ្ងៃបាត់បង់ទឹកខ្មែរកម្ពុជាក្រោមនេះ នៅក្នុងអគារតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ (La Hague) ប្រទេសហូឡង់ នៅថ្ងៃសៅរ៍ ទី ១ មិថុនា ។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងគោលបំណងនៃការប្រារព្ធទិវានេះ គឺជាយុទ្ធសាស្ត្រមួយ ដើម្បីឈានទៅទាមទារអាជ្ញាធរវៀតណាម ឲ្យខ្មែរក្រោមមានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងនៅថ្ងៃអនាគត ៕ RFA