ដោយ គឹម សាវតា
ខណៈដែលការតស៊ូមតិ និងស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម កំពុងតែមានសកម្មភាពយ៉ាងច្រើន លើឆាកអន្តរជាតិ អតីតអ្នកតស៊ូ ដើម្បីសេរីភាពខ្មែរក្រោម និងអ្នកប្រវត្តិសាស្ត្រអះអាងថា ការប្រើប្រាស់បណ្ដាញសង្គម គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងសម័យនេះ ដើម្បីជួយដល់ការផ្សព្វផ្សាយ អំពីខ្មែរក្រោម និងជួយដល់ការស្វែងរក «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនពលរដ្ឋខ្មែរក្រោម បើទោះជាដីសណ្ដរទន្លេមេគង្គមួយនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងដោយវៀតណាម ក្តី ។

យុវជននៅដែនដីកម្ពុជាក្រោម ជាបន្តបន្ទាប់ បានចេញមុខផ្សព្វផ្សាយ អំពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងកើតមាន ដោយផ្សព្វផ្សាយពីសិទ្ធិ និងច្បាប់ផ្សេងៗ ដែលពលរដ្ឋខ្មែរក្រោម ត្រូវទទួលបាន មិនថាដោយផ្ទាល់ ឬ តាមបណ្តាញសង្គម ។ ទោះបីជាយ៉ាងនេះក្តី សកម្មភាពទាំងអស់នេះ របស់ក្រុមយុវជនខ្មែរក្រោម ក៏ទទួលរងការគំរាមកំហែង និងបង្ក្រាបដោយឥតឈប់ឈរ ពីសមត្ថកិច្ច និងអាជ្ញាធរវៀតណាម ។
ទោះជាបែបនេះក្តី សម្រាប់អតីតអ្នកតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម បន្ទាប់ពីរដ្ឋការបារាំង បានប្រគល់ទឹកដីកម្ពុជាក្រោម ឲ្យវៀតណាមគ្រប់គ្រងបន្តរហូតមកដល់សព្វថ្ងៃនេះ សម្រាប់លោក តាំង សារៈ មើលឃើញថា ការតស៊ូរបស់ពលរដ្ឋខ្មែរក្រោម នៅសម័យនេះ ហាក់មានភាពប្រសើរជាងជំនាន់ ដែលលោកតស៊ូ ជាពិសេស គឺក្រោយរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានគ្រប់គ្រងប្រទេសទាំងមូល ។ លោក រំលឹកថា កាលពីសម័យទឹកដីកម្ពុជាក្រោម គ្រប់គ្រងដោយវៀតណាម ខាងត្បូង ដែលមានការគាំទ្រ ពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ការតវ៉ា ការហែក្បួន ដើម្បីទាមទារអ្វីមួយរបស់ពលរដ្ឋខ្មែរក្រោម ហាក់មានការបើកទូលាយ ព្រោះថា នៅជំនាន់នោះ អាជ្ញាធរវៀតណាម មុននឹងបង្ក្រាប ឬ ចាប់អ្នកតវ៉ា គឺគិតពីសិទ្ធិ ពោលគឺគេគោរពច្បាប់ ដែលជារដ្ឋធម្មនុញ្ញរបស់ប្រទេស ម៉្យាងទៀត សារព័ត៌មាន គឺមានទាំងសារព័ត៌មានស្រប និងប្រឆាំងរដ្ឋាភិបាល ប៉ុន្តែ នៅពេលដែល រដ្ឋាភិបាលកុម្មុយនីស្ត បានគ្រប់គ្រង់វៀតណាមខាងត្បូង ពោលគឺទឹកដីកម្ពុជាក្រោម ហើយនោះ កម្មាភិបាលវៀតណាម បានប្រើប្រាស់ច្បាប់់ព្រៃ ដើម្បីគ្រប់គ្រង ហើយប្រព័ន្ធផ្សព្វផ្សាយ គឺផ្សព្វផ្សាយតែគោលនយោបាយរបស់ បក្សកុម្មុយនីស្តវៀតណាម តែប៉ុណ្ណោះ ។
លោក តាំង សារៈ «ទោះបីជារដ្ឋាភិបាលវៀតណាម ចាប់អ្នកតស៊ូ ជាពិសេសគឺខ្មែរកម្ពុជាក្រោម យកទៅដាក់ពន្ធធានា យកទៅសម្លាប់ដោយប្រការណាមួយនោះ ទោះបីស្របតាមច្បាប់អន្តរជាតិ ឬមិនស្របក៏ដោយ គឺគ្មានអ្នកណាបានដឹងនោះទេ ព្រោះពេលនោះ រដ្ឋាភិបាលវៀតណាម មិនទាន់បានចូលជាសមាជិកអង្គការសហប្រជាជាតិទៀត ។ នេះបើប្រៀបធៀបទៅនឹងការតស៊ូ នៅពេលអនាគត គឺមានពីរដំណាក់កាលអញ្ចឹង ដំណាក់កាលទី ១ គឺមានភាពធូរស្រាលជាងបច្ចុប្បន្ន តែដំណាក់កាលទី ២ គឺមានការតឹងតែងជាងការតស៊ូនាពេលបច្ចុប្បន្ននេះ» ។
ក្នុងការតស៊ូ ដើម្បីសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម លោក តាំង សារៈ ក៏ត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួនជាច្រើនលើក និងចាប់ដាក់ពន្ធនាគាចំនួន ២ ដង ដោយលើកទី ១ ជាប់ ១ ឆ្នាំ និងទី ២ ជាប់រយៈពេល ១ ឆ្នាំ ៧ ខែ ក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៨០ ។
យល់ស្រប់ទៅនឹងសារៈសំខាន់នៃការប្រើប្រាស់បណ្តាញសង្គមនោះដែរ សម្រាប់លោក តោ ហ្វាងចឿង គឺជាយុវជនខ្មែរក្រោម និងជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលមួយរយៈពេលចុងក្រោយនេះ ក៏ត្រូវបានអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង ធ្វើទុក្ខបុកម្នេញមិនតិចទេ ដោយសារតែបានចែករំលែកព័ត៌មានអំពីកម្ពុជាក្រោម បានរិះគន់អាជ្ញាធរវៀតណាម រឿងរំលោភសិទ្ធិមនុស្សខ្មែរក្រោម ហើយចុងក្រោយបំផុតនេះ គឺសកម្មភាព ថតចំលងសៀវភៅ «ពន្លឺនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដើម្បីចែកចាយឱ្យយុវជន និងពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម ។
លោក តោ វ៉ាង ចឿង លើកឡើង យ៉ាងដូច្នេះថា ៖ «បច្ចុប្បន្ន គឺថាបច្ចេកវិទ្យទំនើបហ្នឹង គឹថាមានផលប្រយោជន៍ច្រើនសម្រាប់ខ្មែរក្រោមយើង ព្រោះយើងធ្វើអ្វីទាមទារអ្វី គឺព័ត៌មានហ្នឹងទាន់ហេតុការណ៍» ។
លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ ដែលធ្លាប់ដឹកនាំសិស្សទៅមើលផ្ទាល់ ដល់ដែនដីកម្ពុជាក្រោម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ការតស៊ូរបស់ពលរដ្ឋខ្មែរក្រោម ដើម្បីសិទ្ធិសេរីភាព ហាក់ដូចជាមានការដាច់ជំនាន់ ដោយសារកត្តាពីរ គឺទី ១ គឺគេចង់ផ្ដាច់ចរន្ត នៃការតស៊ូនេះ ទី ២ គឺពលរដ្ឋខ្មែរក្រោម ខ្លួនឯង ដោយសារបញ្ហាសេដ្ឋកិច្ច និងបរិបទសង្គម ធ្វើឲ្យអ្នកតស៊ូជំនាន់ហាក់ ដូចជាថយកម្លាំងទៅ ហើយអ្នកជំនាន់ក្រោយ គឺមិនសូវបានបន្តសកម្មភាពទាំងនោះ ។ យ៉ាងនេះក្តី លោកលើកឡើងថា ការបង្កើតឲ្យខ្មែរក្រោម គឺជាផ្លូវមួយដែលនាំឲ្យការតស៊ូរបស់ខ្មែរក្រោម ទទួលបានជោគជ័យក្នុងការទាមទារសិទ្ធិរបស់ខ្លួន ។
លោក សំបូរ ម៉ាណារ៉ា «គេបានចង់ដឹង ចង់លឺ ចង់យល់ គេបានចង់ស្គាល់ គេបានទទួលយកនូវពុទ្ធិនៃ ដែលជាចំណេះដឹងទាំងឡាយពីប្រព័ន្ធផ្សព្វផ្សាយ ពីអ៊ីនធើណេត ពីយូធូប ដោយសេខក្តីថ្លៃថ្នូរបំផុត ។ យើងយល់ទេថា នៅពេលដែលយើងខំប្រឹងផ្សាយ យើងក៏ទទួលបានមកវិញនូវការទទួល Views ទទួលមើលទាំងអស់នោះហើយ » ។
ការតស៊ូរបស់ពលរដ្ឋខ្មែរក្រោម បានកើតមានជាច្រើនជំនាន់ ដោយសារតែការជិះជាន់ គាបសង្កត់សិទ្ធិសេរីភាព ពីអាជ្ញាធរ សមត្ថកិច្ច រដ្ឋាភិបាលវៀតណាម ដែលក្នុងនោះ មានបុព្វបុរសខ្មែរក្រោម ជាច្រើនរូបបានលះបង់ជីវិត ជាប់ពន្ធនាគា ចាកចេញពីស្រុកកំណើតដោយបង្ខំ ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ យុវជន និងពលរដ្ឋខ្មែរក្រោម មិនអស់សង្ឃឹម និងបោះបង់ចោលការតស៊ូនោះទេ ព្រោះថា ការតស៊ូដោយអហិង្សា ស្របតាមច្បាប់អន្តរជាតិ គឺនឹងទទួលបានលទ្ធផលជាវិជ្ជមាន ពោល គឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ៕