រដ្ឋាភិបាលយួនបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន

នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ អាជ្ញាធរយួនមួយក្រុមបាននាំគ្នាចូលទៅវត្តមុនីរង្សីមេពាំង ឋិតនៅ ក្នុងភូមិមេពាំង ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដោយមិនបានផ្ដល់ដំណឹងជាមុន ដើម្បីបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្ត ចុះហត្ថលេខាលើលិខិតស្នាមកាត់ដីវត្តប្រគល់ទៅឲ្យជនជាតិ យួន ។ ព្រះសង្ឃអះអាងថា ដីនេះជាកម្មសិទ្ធិរបស់វត្ត តែត្រូវអាជ្ញាធរយួនលបឃុបឃិតគ្នាធ្វើ ប្លង់ កម្មសិទ្ធិដីឲ្យទៅជនជាតិយួនកាន់កាប់ដោយសម្ងាត់ ។

ក្រុមសមត្ថកិច្ចយួនមកបង្ខំព្រះចៅអធិការ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ ។
ក្រុមសមត្ថកិច្ចយួនមកបង្ខំព្រះសង្ឃ វត្តមុនីរង្សីមេពាំង កាត់ដីវត្តឲ្យជនជាតិយួន នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៦ ។

យោងតាមវីដេអូឃ្លីបមួយដែលបានបង្ហោះនៅលើគណនេយ្យបណ្ដាញសង្គម Facebook ឈ្មោះ Khmer Ekarach និង មាតុភូមិខ្មែរក្រោម បង្ហាញអំពីទិដ្ឋភាពដែលក្រុមសមត្ថកិច្ច នៃរដ្ឋាភិបាល យួនកំពុងតែបង្ខំឲ្យព្រះសង្ឃនៅក្នុងវត្តចុះស៊ីញ៉េលើលិខិតស្នាមទាក់ទងបញ្ហាដីធ្លី ដែលកំពុងតែមាន ជម្លោះជាមួយនឹងជនជាតិយួននោះ បានសរសេរថា៖ “រដ្ឋាភិបាល [យួន] ស្រុកកំពង់ស្ពានមកចាប់ បង្ខំព្រះចៅអធិការវត្ត មុនីរង្សី មេពាំង កាត់ដីវត្តចាស់ឲ្យគ្នីគ្នាគេ” ។

យោងវីដេអូឃ្លីបដដែល ព្រះសង្ឃនៅក្នុងវត្ត បានមានថេរដីកាថ្លែងជំទាស់នៅចំពោះមុខពួកសមត្ថកិច្ចយួនថា រដ្ឋាភិបាលយួនបានសម្រេចកាត់ដីវត្តទៅឲ្យ ជនជាតិយួន “ដោយសំអាងលើក្រដាស់ស្នាមដែលគ្មានមូលដ្ឋានច្បាស់លាស់ គ្មានព្រំប្រទល់ និង គ្មានសាក្សីទាំង ៤ ទិស” ។

ព្រះសង្ឃនៅក្នុងវត្តមានថេរដីកាថា ការសម្រេចរបស់រដ្ឋាភិបាលយួនក្នុងការប្រគល់ដីវត្តទៅ ឲ្យជនជាតិយួននេះ ព្រះចៅអធិការ និងគណៈកម្មការវត្តមិនអាចដោះស្រាយករណីនេះបានទេ ។ ព្រះអង្គថា ព្រះអង្គទុកឲ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង ២ ភូមិជាអ្នកដោះ ស្រាយ ។

សូមបញ្ជាក់ថា ដីវត្តដែលរដ្ឋាភិបាលយួនបានសម្រេចប្រគល់ឲ្យជនជាតិយួននោះ ជាដីវត្តចាស់មួយ កន្លែងឋិតនៅក្រៅបរិវេណវត្តមុនីរង្សីមេពាំង បច្ចុប្បន្ន ។

កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦ ជនជាតិយួនមួយក្រុមបាននាំគ្នាមកជេរយ៉ាងខ្លាំង ខណៈដែល ព្រះសង្ឃវត្តមុនីរង្សីមេពាំង កំពុងតែសម្អាតនៅបរិវេណដីដែលកំពុងតែមានជម្លោះនោះ ។