សន្និបាតប្រចាំឆ្នាំ ២០១៨ និង សន្និសីទ​សិទ្ធិមនុស្ស នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

ចាប់ពី​ថ្ងៃទី ៧ ដល់ ៩ ខែ​ធ្នួ ឆ្នាំ ២០១៨ ចុងឆ្នាំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។ សន្និបាត​នេះ នឹងមាន​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​វាគ្មិន​បរទេស​នានា មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចូល រួម ។​

​សន្និបាត​នេះ ក្នុង​គោលបំណង​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៨ និង ចេញ​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី ។ កម្មវិធី សន្និបាត​រយៈពេល ៣ ថ្ងៃនេះ រួមមាន​៖

  •  ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ ប្រជុំ​គណៈកម្មការ​នាយក និង របាយការណ៍​សកម្មភាព​ឆ្នាំ​ចាស់ នៃ​ស្ថាប័ន នីមួយៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ សន្និសីទ​សិទ្ធិមនុស្ស ក្រោម​ប្រធានបទ “​ខួប ៧០ ឆ្នាំ នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​, ការអបអរសាទរ​, ការ​ក្រោកឈរ និង ការទាមទារ​សិទ្ធិ​មូលដ្ឋាន​សម្រាប់​ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង នៅក្នុង​ប្រទេស​វៀតណាម​”
  • ​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ពិភាក្សា​អំពី​ផែន​ការណ៍​ឆ្នាំ​ថ្មី​របស់​ស្ថាប័ន​នានា​, សាខា និង តំបន់​នីមួយៗ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

​តទៅ​នេះ ជា​សេចក្ដីជូនដំណឹង​ស្ដីពី សន្និសីទ​សិទ្ធិមនុស្ស ដែល​រៀបចំ នៅក្នុង​សន្និបាត​ដំណាច់ឆ្នាំ ២០១៨ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដូចតទៅ​៖

សេចក្ដីប្រកាស​ព័ត៌មាន​

……………………

​សន្និសីទ​សិទ្ធិមនុស្ស​
​ខួប ៧០ ឆ្នាំ នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​
​ការអបអរសាទរ​, ការ​ក្រោកឈរ និង ការទាមទារ​សិទ្ធិ​មូលដ្ឋាន​
​សម្រាប់​ជនជាតិដើម​នៅក្នុង​ប្រទេស​វៀតណាម និង កម្ពុជា​ក្រោម​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) នឹង​រៀបចំ​សន្និសីទ​សិទ្ធិមនុស្ស​មួយ ក្រោម​ប្រធានបទ “​ខួប ៧០ ឆ្នាំ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីអំពី​សិទ្ធិមនុស្ស​, ការអបអរសាទរ​, ការ​ក្រោកឈរ និង​ការទាមទារ​សិទ្ធិ៍​ជា​មូលដ្ឋាន​សម្រាប់​ជនជាតិដើម​នៅក្នុង​ប្រទេស​វៀតណាម និង កម្ពុជា​ក្រោម​” ។ សន្និសីទ​នេះ នឹងធ្វើ​នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋ អាមេរិក នៅ​ថ្ងៃ​សៅរ៍ ទី ៨ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៤ រសៀល ដើម្បី​អបអរសាទរ ខួប ៧០ ឆ្នាំ នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស (UNHR) និង បន្ត​លើកកម្ពស់​ការយល់ដឹង​អំពី​ការរំលោភ​សិទ្ធិមនុស្ស នាពេល​បច្ចុប្បន្ន របស់​រដ្ឋាភិបាល​វៀត​ណា​ម ប្រឆាំងនឹង​ខ្មែរក្រោម​ដែលជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម និង​ជនជាតិដើម នានា នៅក្នុង​ប្រទេស​វៀតណាម ។​

​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ១០ ខែធ្នូ ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ជា​ថ្ងៃ​ដែល​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្ដីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​នៅ​ឆ្នាំ ១៩៤៨ ។ ជា​អកុសល ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​ជនជាតិដើម​នានា​នៅក្នុង​ប្រទេស​វៀតណាម នៅ​មិនទាន់​បានទទួល​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​បានចែង​នៅក្នុង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​នៅឡើយ ជាពិសេស​សិទ្ធិ​ដើម្បី អបអរសាទរ​ទិវា​សិ​ទិ្ធ​មនុស្ស​ដោយ​សេរី ។​

​ក្នុងឋានៈ​ជា​រដ្ឋ​សមាជិក​នៃ​អង្គការសហប្រជាជាតិ វៀតណាម​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ចំនួន ៧ ក្នុងចំណោម ៩ នៃ​សន្ធិសញ្ញា​ជាមួយ​អង្គការសហប្រជាជាតិ និង​បាន​ចុះ ហត្ថលេខា​អនុម័ត​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម ។ រដ្ឋាភិបាល​វៀតណាម​បាន​បដិសេធ​មិន​ទទួលស្គាល់​ជនជាតិដើម​នៅ​វៀតណាម និង បានកំណត់​នូវ​អត្ដ​សញ្ញាណ​របស់​ពួកគេ​ថា​ជា ជនជាតិភាគតិច ។ ដោយ​ខ្វះ​ការទទួលស្គាល់​នេះហើយ ជនជាតិដើម​នៅក្នុង​ប្រទេស​វៀតណាម រាប់បញ្ចូល​ទាំង​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ផង បាន​ប្រឈមមុខ​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​ការធ្វើ​ឧ​ប​នេ​យ្យ​កម្ម​ឲ្យ​ទៅជា​យួន ដែលជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។

អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស​, មន្ត្រី​រដ្ឋាភិបាល​, អ្នកសិក្សា​, សមាជិក​នៃ​សង្គម​ស៊ីវិល និង​តំណាង​ជនជាតិដើម​នៅក្នុង​ប្រទេស​វៀតណាម រួមមាន ជនជាតិ​តៃ ហ្មុ​ង និង ម៉ុង​តៃ​ញ៉ា នឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​ថ្លែង​សុន្ទរកថា​នៅក្នុង​សន្និសីទ​នេះ ដើម្បី “​លើកកម្ពស់​, ការចូលរួម និង ឆ្លុះបញ្ចាំង​” លើ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​ផ្តោតលើ​កិច្ចពិភាក្សា​ពី​របៀប​ប្រើ​ប្រព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ការពារ និង លើកកម្ពស់​សិទ្ធិ៍​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​នៅក្នុង​ប្រទេស​វៀតណាម និង កម្ពុជា​ក្រោម ។​

​របៀបវារៈ នៃ សន្និសីទ​៖

​ផ្នែក​ទី ១៖ ការលើកកម្ពស់​សិទ្ធិមនុស្ស​ដែល​បានចែង​នៅក្នុង​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស (UDHR) ដើម្បី​លើកកម្ពស់ និង ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​នៅ​ប្រទេស​វៀតណាម និង កម្ពុជា​ក្រោម ។​

វាគ្មិន​៖

  • បណ្ឌិត Joshua Cooper ជា​នាយក​ប្រតិបត្តិ នៃ​វិទ្យាស្ថាន​សិទ្ធិមនុស្ស​ហា​វ៉ៃ​
    ​ក្រុម​តំណាង​ជនជាតិដើម​ នៅ​វៀតណាម​រួមមាន​៖
  • លោក តោ គិ​ម ថុង ជាទី​ប្រឹក្សា​ជាន់ខ្ពស់ និង អតីត​អធិបតី នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
  • អ្នកស្រី Siang Bacthi ជា​នាយក​ប្រតិបត្តិ នៃ មជ្ឈមណ្ឌល​សិក្សា​ជនជាតិ​តៃ​
  • លោក James Her ជា​អធិបតី និង សមាជិកសភា​ពិភពលោក នៃ​ជនជាតិ​ហ្មុ​ង
  • លោក Kok Ksor ជា​ប្រធាន នៃ​មូល​និ​ធី​ម៉ុង​តៃ​ញ៉ា​

​ផ្នែក​ទី ២៖ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​នៅក្នុង​ច្បាប់​អន្តរជាតិ​

  • លោក Paul Strauss ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក មកពី DC នៃ​សហរដ្ឋ អាមេរិក
  • អ្នកស្រី Julie Duval ជា​មន្ត្រី​កម្មវិធី នៃ អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO)

​ផ្នែក​ទី ៣៖ សិទ្ធិសេរីភាព និង ជំនឿ​សាសនា​

  • អ្នកស្រី Tina L. Mufford ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​វិភាគ​នយោបាយ​របស់​គណៈ​កម្ម​ការ​សហរដ្ឋអាមេរិក​ទទួល​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ
  • ព្រះតេជព្រះគុណ TT Dhammo ជា​ប្រធាន​គណៈកម្មការ​សាសនា​អន្តរជាតិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​ផ្នែក​ទី ៤៖ សិទ្ធិ​ក្នុងការ​ទទួលបាន​ព័ត៌មាន និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​

  • លោក Phil Robertson នាយករង​ប្រចាំ​អាស៊ី នៃ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch

​ផ្នែក​ទី ៥៖ ការអនុវត្ត​នូវ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ចំនួន ១៧ ចំណុច ដើម្បី​រួមចំណែក​ដល់​ការអនុវត្ត​នូវ​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ

  • លោក Sereivuth Prak ជា​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
  • បណ្ឌិត Joshua Cooper ជា​នាយក​ប្រតិបត្តិ នៃ​វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស​រដ្ឋ​ហា​វ៉ៃ​

ទាញយកជាឯកសារ PDF ភាសាខ្មែរ និង ភាសាអង់គ្លេស​