ដោយ ស៊ឺន ចែងចើន
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនហៅខេត្តត្រាវិញ) បានបិទបញ្ចប់មហាសន្និបាតតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ទូទាំងខេត្តលើកទី ៧ នៅថ្ងៃទី ២០ ខែកញ្ញានេះ ។

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ដែលជាសមាគមសង្ឃខ្មែរក្រោម ឋិតនៅក្រោមការគ្រប់គ្រងរបស់សមាគមពុទ្ធសាសនាវៀតណាម (Giao Hoi Phat Giao Vietnam) បានបើកមហាសន្និបាតតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង លើកទី ៧ អាណត្តិកាល ២០១៨-២០២៣ ដែលបានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២០ ខែកញ្ញា ២០១៨ នៅមជ្ឈមណ្ឌលសន្និបាតខេត្ត សង្កាត់ទី ៧ ទីក្រុងព្រះត្រពាំង ។
មហាសន្និបាត ដែលតែងតែត្រូវបានរៀបចំឡើងជារៀងរាល់ ៥ ឆ្នាំម្តង មានការនិមន្តចូលរួមពីមន្ត្រីសង្ឃទូទាំងខេត្ត និងមន្ត្រីបក្សកុម្មុយនិស្តយួនជាច្រើនរូប រួមជាមួយមន្ទីរ ស្ថាប័នខេត្ត និងតំណាងរដ្ឋាភិបាលវៀតណាម ប្រមាណជាង ១៥០ អង្គ និងនាក់ ។
យោងតាមប្រភពពីព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលបាននិមន្តចូលរួមអង្គមហាសន្និបាតនេះ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា កម្មវត្ថុនៃមហាសន្និបាតនេះ គឺសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង បានដាក់ចេញនូវពង្រាងទិសដៅភារកិច្ច ដើម្បីគាំទ្រដល់គោលនយោបាលរបស់រដ្ឋាភិបាលបក្សកុម្មុយនីស្ដវៀតណាម ។
ប្រភពសុំមិនបញ្ចេញឈ្មោះដដែល បានបញ្ជាក់ថា គោលដៅសំខាន់ៗ សម្រាប់អាណត្តិកាលទី ៧ នេះ គឺសមាគមព្រះសង្ឃ នឹងបន្តការពង្រីកល្អនូវតួនាទីស្នូលក្នុងការរួបរួម សាមគ្គីជនជាតិ នៅលើភូមិសាស្ត្រ និងធ្វើសកម្មផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ សហការជាមួយរដ្ឋអំណាច អង្គការមហាជន អនុវត្តល្អនូវការចលនាប្រឡងប្រណាំងស្នេហាជាតិ នៅភូមិភាគ ។
តាមរបាយការណ៍របស់សមាគមសង្ឃមួយនេះ បានបង្ហាញថា នៅក្នុងអាណត្តិកាល ២០១៣-២០១៨ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង បានអនុវត្តល្អនូវការងារផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ។ សមាគមចលនាជនរួមជាតិជាពុទ្ធបរិស័ទអនុវត្តល្អ នូវចលនា” ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” ។ ទន្ទឹម នឹងនោះ នៅលើភូមិសាស្ត្រខេត្តព្រះត្រពាំង មានវត្តអារាមបានទទួលស្គាល់ជា ”វត្តអារ្យធម៌” បានចំនួន ៧/១១ វត្តពោធិសាលរាជ និងវត្តអង្គររាជបុរី បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ជាតិ ភូមិភាគ ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ក៏បានទទួលស្គាល់ជាភូមិ អនុសង្កាត់វប្បធម៌ទាំង ១០០% ផងដែរ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងអាណត្តិកាលកន្លងទៅនេះ សមាគមព្រះសង្ឃ បានធ្វើចលនាឲ្យកូនចៅខ្មែរ បានចូលរៀនអក្សរសាស្ត្រខ្មែរ ចំនួន ៦.១៤៣ អង្គ និងនាក់ ក្នុងនោះព្រះសង្ឃ យុវជនរៀនថ្នាក់បឋមសិក្សាបាលី-ខ្មែរ ចំនួន ៦២១ អង្គ និងរូប មធ្យមសិក្សាបាលី-ខ្មែរ ចំនួន ៦៨៥ អង្គ និងរូប ។ល។
បន្ថែមពីលើនេះ សមាគមព្រះសង្ឃ ក៏បានធ្វើចលនារៃអង្គាសប្រាក់បានជាង ៣,៥ ពាន់លានដុង ដើម្បីឧបត្ថម្ភមនុស្សចាស់គ្មានទីពឹង សួរសុខទុក្ខ និងជូនអំណោយដល់អ្នកជំងឺក្រីក្រ គ្រួសារក្រីក្រ និងផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃ និងសិស្សានុសិស្សក្រីក្រជាដើម ។
ទោះជាយ៉ាងនេះក្តី បើយោងតាមរបាយការណ៍ របស់សហសព័ន្ធខ្មែរកម្ពុជាក្រោម នៅឯក្រៅប្រទេស បានរាយការណ៍ថា ការត្រួតត្រាលើស្ថាប័នព្រះពុទ្ធសាសនាខ្មែរ នៅដែនដីកម្ពុជាក្រោម ដោយរដ្ឋាភិបាលវៀតណាមថា មុនឆ្នាំ ១៩៧៥ ពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម ជាស្ថាប័នឯករាជ្យ មិននៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវៀតណាមឡើយ ។ ប៉ុន្តែ នៅពេលបច្ចុប្បន្ននេះ ពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម ត្រូវបានដាក់ឲ្យឋិតនៅក្រោមការត្រូតត្រារបស់សមាគមពុទ្ធសាសនាវៀតណាមនិកាយមហាយានយួនទៅវិញ ។ សកម្មភាពនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា រដ្ឋាភិបាលវៀតណាមបានយកសមាគមពុទ្ធសាសនាវៀតណាមធ្វើជាឧបការណ៍ សម្រាប់ត្រួតពិនិត្យតាមដានបង្គាប់បញ្ជារាល់កិច្ចការសាសនារបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ដើម្បីប្រលេះចេញនូវមេដឹកនាំ ឬបុគ្គលខ្មែរក្រោមរូបណា ចេះការពារជាតិ និងសាសនា ដែលយួនចាត់ទុកថា មានឥទ្ធិពលធ្វើឲ្យប៉ះពាល់ដល់នយោបាយរបស់បក្សកុម្មុយនិស្តវៀតណាម ។ ករណីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ព្រះសង្ឃវត្តតាសេក គឺ ភិក្ខុ ថាច់ ធឿន និងភិក្ខុ លីវ នី ព្រមទាំងព្រះសង្ឃវត្តព្រៃជាប់ ភិក្ខុ លី ចិន្ដា ជាឧទាហរណ៍ ជាក់ស្ដែង ស្ដីពីការរំលោភបំពានយ៉ាងធ្ងន់លើពុទ្ធសាសនាខ្មែរ នៅកម្ពុជាក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម សព្វថ្ងៃ ។
គួរជម្រាបជូនថា នៅកម្ពុជាក្រោម បច្ចុប្បន្នមានវត្ត ៤៦០ វត្ត និងមានព្រះសង្ឃរាប់ម៉ឺនអង្គ កំពុងតែប្រតិបត្តិព្រះពុទ្ធសាសនា ប្រពៃណី ទំនៀនទម្លាប់ វប្បធម៌ អរិយធម៌ និងសិក្សាអក្សរសាស្ត្រជាតិខ្មែរ បានគង់វង្សតរហូតមកដល់ សព្វថ្ងៃ ៕