ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ១២ និង ១៣ ខែឧសភា ចុងសប្ដាហ៍កន្លងទៅនេះ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលប្រជុំជាមួយនឹង គណៈកម្មការនាយក នៃអង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO នៅទីក្រុងព្រួសែល ប្រទេសបែលស្សិក ក្នុងនាមតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិកគណៈកម្មការនាយករបស់អង្គការ UNPO ។ កិច្ចប្រជុំនេះ មានវត្តមាន លោក Nasser Boladai តំណាង West Balochistan ជាប្រធានគណៈកម្មការនាយក លោក Abdirahman Mahdi តំណាង Ogaden ជាអនុប្រធានគណៈកម្មការនាយក ព្រមទាំងសមាជិកគណៈកម្មការ ៩ រូបទៀត រួមមាន តំណាង Frikaner, Crimean Tatars, East Turkestan, Iranian Kurdistan, Khmer Krom, Oromo, Taiwan, Tibet និង West Papua ។ គណៈកម្មនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានចូលរួមកិច្ចប្រជុំនេះ រួមមាន លោក ត្រឹង យ៉ាប់ ជាអគ្គរដ្ឋបាល និង លោក ថាច់ វៀន ជាអធបតី ។

លោក ថាច់ វៀន បានមានប្រសាសន៍ថា៖
(សំឡេង)
កិច្ចប្រជុំគណៈកម្មការនាយក នៃអង្គការ UNPO នេះ ដើម្បីពិនិត្យមើលនូវស្ថានភាពរបស់សមាជិកថ្មីដែលដាក់ពាក្យសុំ ចូលជាសមាជិក និងសមាជិកចាស់របស់ខ្លួនសព្វថ្ងៃ ។ លោក ថាច់ វៀន បានបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំថា បន្ទាប់ ពិភាក្សាគ្នាអស់រយៈពេល ២ ថ្ងៃ គណៈកម្មការនាយកនៃអង្គការ UNPO បានសម្រេចលុបចោលនូវសមាជិកមួយចំនួន ដែលមិនមានសកម្មភាព និងមិនបានបំពេញតាមលក្ខន្តិកៈរបស់ UNPO ។ ក្រៅពីនេះ UNPO ក៏បានទទួលសមាជិក ថ្មីថែមមួយទៀត និងបានបដិសេធនូវពាក្យសុំចូលជាសមាជិករបស់ជនជាតិមួយចំនួនផងដែរ ដោយសារមិនគ្រប់ លក្ខណសម្បត្តិ ។ បន្ទាប់ពីសមាជិកខ្លះត្រូវលុបចោល និងចូលថ្មីមក សព្វថ្ងៃ UNPO មានសមាជិកចំនួន ៤៥ តំណាងប្រជាជាតិ នានានៅជុំវិញពិភពលោក ។
លោក ថាច់ វៀន បានមានប្រសាសន៍ថា៖
(សំឡេង)
អង្គការ UNPO បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ មកដល់ឆ្នាំ ២០១៧ នេះបាន ២៦ ឆ្នាំហើយ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចូលជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) នៅពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈអង្គការនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើចលនាតស៊ូដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិ ពេលកន្លងមកបានធ្វើឲ្យពិភពលោកស្គាល់ខ្មែរក្រោមជានរណា និងកំពុងតែបន្តបេសកកម្មរបស់ខ្លួន នៅលើឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យអង្គការសហប្រជាជាតិដាក់គំនាបលើរដ្ឋាភិបាលអាណានិគមយួនគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ។
យោងតាមគេហទំព័រជាផ្លូវការរបស់អង្គការ UNPO បានបញ្ជាក់ថា អង្គការនេះ ជាក្រុមចលនាអន្តរជាតិ មួយ ធ្វើការតស៊ូដោយសន្តិវិធី អហិង្សា និងលទ្ធិប្រជាធិបតេយ្យ តំណាងឲ្យក្រុមជនជាតិដើម, ជនជាតិ ភាគតិច និងជនជាតិនៅតាមដែនដីដែលត្រូវបានគេវាតទីយក ហើយមិនមានការទទួលស្គាល់ ជាដើម ។ ចាប់តាំងពីបង្កើតមក អង្គការនេះ មានប្រជាជាតិជាសមាជិកប្រមាណជាង ៩០ នៅក្នុងពិភពលោក តែសព្វថ្ងៃ សមាជិកនៅសល់តែ ៤០ ប៉ុណ្ណោះ ។ ពួកគេរួបរួម គ្នាធ្វើការតស៊ូ ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន, ការពារវប្បធម៌របស់ ពួកគេ មិនឲ្យបាត់បង់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់រាល់វិបត្តិដែលជះឥទ្ធិពល ដល់ពួកគេ ។ យោងតាមគោលការរបស់អង្គការ UNPO សមាជិកទាំងអស់ រួមទាំងសហព័ន្ធខ្មែរកម្ពុជាក្រោម ផង ត្រូវគោរពគោលធំៗចំនួន ៥ គឺ អហិង្សា, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង, ការពារបរិស្ថាន និង ការយោគយល់ ៕