ជនជាតិដើមខ្មែរក្រោមម្នាក់ទៀត ត្រូវអាជ្ញាធរយួនចាប់ខ្លួននាំយកទៅសួរចម្លើយ

ដោយ ស៊ឺន ចែងចើន

អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​បន្ត​ធ្វើទុក្ខបុកម្នេញ​ ​ដោយ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ម្នាក់ទៀត​ ​ទៅ​សំឡុត​កុំឲ្យ​ងើបឡើង​តវ៉ា​ ​រឿង​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​។​ ​អាជ្ញាធរ​យួន​ក្នុង​ខេត្ត​នេះ​ ​កាលពី​វេលា​ម៉ោង​ ១០ ព្រឹក ​ថ្ងៃ​ទី​ ​១​៩​ ​មិថុនា​ ​ម្សិលមិញ​ ​បាន​ចុះ​មក​ចាប់​ឃុំ​ខ្លួន​ជនជាតិ​ដើម​ខ្មែរក្រោម​ម្នាក់​ ​ឈ្មោះ​ ឡឹ​ម​ ​វង្ស​ ​ដោយ​គ្មាន​ល​លិខិត​ស្នាម​ ​ឬ​ដីកា​អ្វី​ទាំងអស់​ ​។​ ​ការ​ឃាត់ខ្លួន​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ ​អាជ្ញាធរ​វៀតណាម​ ​ចោទប្រកាន់​ជនជាតិ​ដើម​ខ្មែរក្រោម​ផ្សេងទៀត​ ​ថា​ ​ពួកគេ​កំពុង​ធ្វើសកម្មភាព​ក្បត់ជាតិ​ ​។​

លោក ឡឹម វង្ស ចែកចាយសៀវភៅ ស្តីពី «ជនជាតិដើម» ដល់ពលរដ្ឋខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ
លោក ឡឹម វង្ស ចែកចាយសៀវភៅ ស្តីពី «ជនជាតិដើម» ដល់ពលរដ្ឋខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ

​គិត​ត្រឹ​ម៉ោង​ចេញផ្សាយ​អត្ថបទ​នេះ​ ​លោក​ ឡឹ​ម​ ​វង្ស​ ​នៅ​មិនទាន់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ដោះលែង​ឲ្យ​មាន​សេរីភាព​នៅឡើយ​ ​ក្រោយ​ចាប់​យកទៅ​សាកសួរ​អស់​រយៈ​ជាង​ ​៣០​ ​ម៉ោង​មក​ហើយ​។​

​ប្រពន្ធ​របស់​លោក​ ឡឹ​ម​ ​វង្ស​ ​បញ្ជាក់​ប្រាប់​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ថា​ ​អាជ្ញាធរ​វៀតណាម​ ​ចាប់​ប្តី​លោកស្រី​ទៅ​សួរ​ចម្លើយ​នេះ​ ​ដោយសារតែ​កន្លងមក​ ប្តីលោកស្រី​ ​តែង​បង្ហោះ​ ​និង​ចែករំលែក​អត្ថបទ​ ​ដែល​មានខ្លឹមសារ​ទាក់ទង​នឹង​ប្រវត្តិ​សា​ស្រ្ត​ដែនដី​កម្ពុជាក្រោម​ ​នៅ​តាម​បណ្ដាញ​សង្គម​ ​ហើយ​នៅ​ពេល​ថ្មីៗ​ ​នេះ​ ​លោក​បាន​ចែកចាយ​អាវយឺត​មាន​និមិត្តសញ្ញា​ ​៧​៤​ ​ឆ្នាំ​កម្ពុជាក្រោម​ ​នៅ​ក្រោម​នឹម​អាណានិគម​យួន​ ​។ ​លោកស្រី​អះអាង​ថា​ ​ប្តី​លោកស្រី​តាំងពីថ្ងៃ​ចាប់ខ្លួនម្សិលមិញ​រហូតមកដល់​ល្ងាច​ថ្ងៃ​ទី​ ​២​០​ ​មិថុនា​ ​នេះ​ ​ប្តី​លោកស្រី​មិនព្រម​ទទួលទាន​អាហារ​ ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​យួន​ឡើយ​ ​ដោយ​បារម្ភ​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​ ​កើតឡើង​ចំពោះ​រូបលោក​។

​សូម​បញ្ជាក់​ថា​ ​នៅ​វេលា​ម៉ោង​ ​១​ ​រសៀល​ថ្ងៃ​ទី​ ​២​០​ ​មិថុនា​ ​នគរបាល​សង្កាត់​លេខ​ ​៣​ ​នៃ​ ​ខេត្ត​ឃ្លាំង​ ​បាន​ចុះ​មក​ឆែកឆេរ​ផ្ទះ​របស់​លោក​ ឡឹ​ម​ ​វង្ស​ ​និង​បញ្ជា​ឲ្យ​បិទ​កា​មេ​រ៉ា​សុវត្ថិភាព​ក្នុង​ផ្ទះ​របស់​លោក​ ​រួច​រឹបអូស​យក​សៀវភៅ​ជនជាតិ​ដើម​ជាច្រើន​ក្បាល​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​នគរបាល​យួន​ ​ក៏បាន​នាំ​ខ្លួន​ប្រពន្ធ​របស់​លោកទៅ​សួរនាំ​ ​និង​ស្ដីបន្ទោស​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វីដេអូ​ ​អំពាវ​នាវដល់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជួយ​អន្តរាគមន៍​ករណី​ចាប់ខ្លួន​ប្តី​របស់​អ្នកស្រី​។​

UPDATE​: ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​បាន​ដោះលែង​ជនជាតិ​ដើម​ខ្មែរក្រោម​ម្នាក់​មកវិញ​ហើយ​ ​នៅ​វេលា​ម៉ោង​ ​៧​ ​យប់​ ​ថ្ងៃ​ទី​ ​២​០​ ​ខែ​មិថុនា​ ​បន្ទាប់ពី​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេលប្រមាណ​ជាង ​៣​០​ ​ម៉ោង​ ​។​
​លោក​ ឡឹ​ម​ ​វង្ស​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ចាប់ខ្លួន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៩​ ​ខែ​មិថុនា​ ​ដោយ​ចោទប្រកាន់​ ​ថា​ ​ធ្វើសកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​បក្សកុម្មុនិស្តវៀតណាម​ ​ដោយសារតែ​លោក​ចែកចាយ​ឯកសារ​រឿង​ប្រវត្តិ​សា​ស្រ្ត​ទឹកដី​កម្ពុជាក្រោម​ ​នៅ​តាម​បណ្តាញ​សង្គម​។

UPDATE​: ពលរដ្ឋ​ជា​ជនជាតិ​ដើម​ខ្មែរក្រោម​ម្នាក់​ ​ស្នើ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​សហគមន៍​អន្តរជាតិ​ ​និង​អង្គការសហប្រជាជាតិ​ ​ជួយ​អន្តរាគមន៍​ ​និង​រក​យុត្តិធម៌​ជូន​លោក​ ​ករណី​វៀតណាម​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ ​នៅ​លើទឹក​ដី​កម្ពុជាក្រោម​។​ ​ការ​អំពាវនាវ​នេះ​ ​ធ្វើឡើង​ដោយសារតែ​ជនជាតិ​ដើម​ខ្មែរក្រោម​រូប​នោះ​ ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​ជុំវិញ​ការ​បញ្ចេញមតិ​ទាក់ទង​នឹង​ប្រវត្តិ​សា​ស្រ្ត​ទឹកដី​កម្ពុជាក្រោម​។​

​លោក​ ឡឹ​ម​ ​វង្ស​ ​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​នៅ​ខេត្ត​ឃ្លាំង​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ចាប់ខ្លួន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៩​ ​ខែ​មិថុនា​ ​ដោយ​ចោទប្រកាន់​ ​ថា​ ​ធ្វើសកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុម្មុនិ​ស្ត​វៀតណាម​ ​ដោយសារតែ​លោក​ចែកចាយ​ឯកសារ​រឿង​ប្រវត្តិ​សា​ស្រ្ត​ទឹកដី​កម្ពុជាក្រោម​ ​នៅ​តាម​បណ្តាញ​សង្គម​។​ ​អាជ្ញាធរ​យួន​ ​ដោះលែង​លោក​មកវិញ​ ​បន្ទាប់ពី​ចាប់​ឃុំ​ខ្លួន​សួរ​ចម្លើយ​អស់​រយៈពេល​មួយ​យប់​ពីរ​ថ្ងៃ​។​

​ក្រោយ​ត្រូវ​បាន​ដោះលែង​ឲ្យ​ត្រឡប់មក​ផ្ទះ​វិញ​ ​លោក​ ឡឹ​ម​ ​វង្ស​ ​បាន​ផ្សាយ​វីដេអូ​ផ្ទាល់​ (​LIVE​) ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​ចោទ​អាជ្ញាធរ​យួន​ ​ថា​ ​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​ពេល​សួរ​ចម្លើយ​។​ ​លើស​ពី​នេះ​ ​ពួកគេ​ក៏បាន​គំរាម​មិន​ឲ្យ​លោក​ទាក់ទង​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​រាយការណ៍​ពី​ករណី​ចាប់ខ្លួន​សួរ​ចម្លើយ​លោក​។​ ​អាជ្ញាធរ​យួន​ ​ក៏បាន​ព្រមាន​ជនជាតិ​ដើម​ខ្មែរក្រោម​រូប​នោះ​ ​ថា​ ​នឹង​ចាប់ខ្លួន​លោក​ដោយ​គ្មាន​ដីកា​ពី​តុលាការ​គ្រប់ពេល​ ​បើ​លោក​នៅតែ​មិនព្រម​ធ្វើតាម​អ្វី​ ​ដែល​អាជ្ញាធរ​យួន​បង្ខំឲ្យ​ចុះហត្ថលេខា​ទទួលស្គាល់​កំហុស​ ​នៅ​ក្នុង​កំណត់ហេតុ​ ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​មក​ផ្ទះ​វិញ​នោះ​។