​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​សាខា​នៅ Long Beach និង San Bernardino នៃ​រដ្ឋ California

ដោយ ស៊ឺន ចែងចើន l VOKK

ប្រធាន​តំបន់​ភាគ​ខាងលិច​សហរដ្ឋអាមេរិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ភាគខាងត្បូង សហរដ្ឋអាមេរិក គ្រោង​នឹង​រៀបចំ​ចងក្រង នូវ​រចនាសម្ព័ន្ធ នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​ឡង​បិ​ច និង ទីក្រុង​សាន់​បើ​ណា​ឌី​ណូ ឡើងវិញ នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ ។​

​យោងតាម​សេចក្ដីជូនដំណឹង​មួយ​របស់ លោក ថាច់ តង ប្រធាន​តំបន់​ភាគ​ខាងលិច​សហរដ្ឋ អាមេរិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ពិធី​នេះ​ធ្វើឡើង ដើម្បី​ពង្រឹង និង​ពង្រីក សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ស្មារតី​ស្នេហា​ជាតិ គាំទ្រ​នូវ​ចលនា តស៊ូ ដោយ​អហិង្សា របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងតែ​តស៊ូ លើ​ឆាក​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ពី​នឹម​អាណានិគម​យួន សព្វថ្ងៃ ។​

​កិច្ចប្រជុំ​នេះ ក៏បាន​អញ្ជើញ គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន​អង្គ និង រូប​ចូលរួម ផងដែរ ។ គណៈកម្មការ​នាយក​នឹងចូលរួម​រួមមាន លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ លោក ត្រឹង ម៉ាន់​រិ​ន ជា​ប្រធាន​ផែនការ លោក ម៉ៅ មុនី ជា​អនុប្រធាន លោក សឺ​ង ហួរ អគ្គលេខាធិការ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង លោក សឺ​ង សម្រេច ជាទី​ប្រឹក្សា ។ ក្រៅពីនេះ ក៏មាន​គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose ដឹកនាំ​ដោយ លោក ថាច់ ជូន និង សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួនទៀត​នៅក្នុង​តំបន់​មួយ​នេះ ចូលរួម ផងដែរ ។​