អង្គការលើកលែងទោសអន្តរជាតិចេញរបាយការណ៍ អំពីស្ថានភាពអ្នកជាប់គុកខ្មែរក្រោមនៅវៀតណាម

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

អង្គការលើកលែងទោសអន្តរជាតិ- Amnesty International ទើបតែបានចេញរបាយការណ៍ស្ដីពីស្ថានភាពការឃុំឃាំង  ការធ្វើទារុណកម្ម  និងការរំលោភបំពានចំពោះអ្នកជាប់គុកមនសិការជនជាតិដើមខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម  និង អ្នកបញ្ចេញមតិខ្វែងគំនិត  សកម្មជនចលនាសង្គម និង អ្នកសរសេរប្លក់ជនជាតិយួនជាដើម នៅក្នុងគុកយួនកុម្មុយនិស្ត នៅក្នុងប្រទេសវៀតណាម ។ របាយការណ៍ចេញផ្សាយនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ កម្រាស ៥៤ ទំព័រ ដែលអង្គ ការលើកលែងទោសអន្តរជាតិបានធ្វើការសិក្សាស្រាវជ្រាវក្នុងរយៈពេល ១ ឆ្នាំ ក្នុងរង្វង់ ១៥០ ម៉ោង ក្នុងការសាកសួរ និងសម្ភាសសាក្សីអ្នកដែលធ្លាប់បានជាប់គុកយួន ចាប់ពី ១ ខែដល់ ១០ ឆ្នាំ  នៅក្នុងប្រទេសវៀតណាម ។

b4990e3584573418e2f116f253b1a32c7a5f18c3

សេចក្ដីរាយការណ៍មានចំណងជើងថា “អ្នកជាប់គុកនៅក្នុងគុក- ករណីធ្វើទារុណកម្ម និង ការរំលោភបំពានលើអ្នក ជាប់គុកមនសិការនៅប្រទេសវៀតណាម” បានថ្កោលទោសរដ្ឋាភិបាលវៀតណាមថា មិនបានគោរពនូវអនុញ្ញាអង្គការ សហប្រជាជាតិ ស្ដីពីការធ្វើទារុណកម្ម ដែលទីក្រុងហាណូយបានទទួលស្គាល់កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ ។  ករណីចាប់ឃុំឃាំងដោយអាថ៌កំបាំង  និងការធ្វើទារុណកម្មទាំងបំពានលើអ្នកជាប់គុកនៅតែបន្តកើតមានដដែល ។

នៅក្នុងរបាយការណ៍នេះ  អង្គការលើកលែងទោសអន្តរជាតិ ក៏បានធ្វើសេចក្ដីរាយការណ៍ដល់ករណីអ្នកជាប់គុកខ្មែរ ក្រោមមួយចំនួន ដែលធ្លាប់បាន និងកំពុតែងជាប់គុកយួន នៅដែនដីកម្ពុជាក្រោម ផងដែង ។  អ្នកជាប់គុកខ្មែរក្រោម ដែលអង្គការលើកលែងទោសអន្តរជាតិលើមកនិយាយនោះ គឺ លោក ចៅ ហេន សកម្មជនដីធ្លីនៅខេត្តមាត់ជ្រូក ដែល ត្រូវយួនចាប់ដាក់គុក កាលពីខែធ្នូ ឆ្នាំ ២០១០ ព្រះតេជ្រះគុណ ថាច់ ធឿន  និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ វត្តសេរីតាសេក នៅក្នុងខេត្តឃ្លាំង ដែលត្រូវបានរដ្ឋាភិបាលយួនចាប់ផ្សឹក និងដាក់ពន្ធនាគារ កាលពីថ្ងៃទី  ១៨ ខែ ឧសភា ឆ្នាំ ២០១៣ ពីបទទាក់ទងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្រៅប្រទេស ។ សព្វថ្ងៃ ព្រះសង្ឃ ទាំង ២ អង្គនេះ កំពុងតែនៅជាប់ក្នុងគុកនៅឡើយ ។

យោងតាមសម្រេង់សម្ដីដើមរបស់ លោកស្រី Cécile Coudriou នាយករងនៃអង្គការលើកលែងទោសអន្តរជាតិ ដែល បានផ្ដល់ដល់វិទ្យុបារាំងអន្តរជាតិ (RFI) ភាសាយួន នៅក្នុងឱកាសដែលអង្គការមួយនេះចេញរបាយការណ៍នេះថា៖ “មកដល់ឆ្នាំ ២០១៦ នេះ មានអ្នកជាប់គុកមនសិការចំនួន ៨៤ ​នាក់ នៅក្នុងប្រ ទេសវៀតណាម ។ អ្នកជាប់គុកទាំងនេះ  មិនបានធ្វើអ្វីក្រៅតែពីការធ្វើការតស៊ូមតិដោយអហិង្សាឡើយ ។ ៨៤ គឺជា ចំនួនអ្នក ជាប់គុកមនសិការច្រើនជាងគេ នៅក្នុងប្រទេស មួយនៅក្នុងតំបន់អាស៊ី” ៕

សូមចុចលើ Link ខាងក្រោមដើម្បីទាញុយឯកសារ៖