ដោយ ស៊ឺន ចែងចើន
សកម្មជន ដែលសកម្មធ្វើការងាខាងរផ្នែកសិទ្ធិមនុស្ស សិទ្ធិជនជាតិដើម និងលើកកម្ពស់សិទ្ធិមូលដ្ឋានរបស់កម្មករ នៅដែនដីកម្ពុជាក្រោម គឺ លោក យឿងខាយ នៅរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ បានសម្រេចចិត្តចូលសាងផ្នួសបួសជាព្រះសង្ឃ ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា ក្នុងខណ្ឌសីមា នៃ វត្តមង្គលបុរីទ្រនុំសេក ខេត្តលង់ហោរ ។

សកម្មជនសិទ្ធិមនុស្ស និងការងារ លោក យឿង ខាយ ឲ្យសំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ ដឹងក្រោយពីកោរសក់រួច ថា ការបួសនេះ ក្នុងបំណង ដើម្បីតបស្នងសងគុណដល់អ្នកមានគុណ គឺឪពុកម្ដាយរបស់លោក និងបួសទៅតាមប្រពៃណីរបស់ខ្មែរក្រោម ដែលមានមកតាំងពីបុរាណកាល គឺកូនប្រុសត្រូវសាងផ្នួស បួសជាភិក្ខុ ឬសាមណេរ ដូចដូនតាបានលើកឡើង ថា បួសជាសាមណេរសងគុណម្ដាយ ហើយបួសភិក្ខុសងគុណឪពុក ។ គោលបំណងរបស់យុវជនខ្មែរក្រោមរូបនេះ លើកឡើងទៀតថា ក្រៅពីសងគុណដល់ម៉ែឪតាមរយៈការបួសនេះ លោកក៏មានបំណងចូលមកបួសជាព្រះសង្ឃ ដើម្បីរៀនធម៌ និងច្បាប់នានាពីព្រះសង្ឃ ព្រមទាំងសិក្សាតាមបែបអប់រំ នៃ ផ្លូវព្រះពុទ្ធសាសនា ដើម្បីហាត់ពត់លត់ដំផ្លូវចិត្ត ឲ្យក្លាយជាពលរដ្ឋល្អ នៅក្នុងសង្គមកម្ពុជាក្រោម នៅពេលអនាគត ។
នៅពេលសួរថា តើលោកបួសក្នុងរយៈពេលវែង ឬខ្លី យុវជន យឿង ខាយ ឆ្លើយយ៉ាងខ្លីថា «តាមឧបនិស្ស័យ» ។

សូមបញ្ជាក់ថា យុវជន យឿង ខាយ កើតនៅឆ្នាំ ១៩៩៤ ក្នុងស្រុកជ្រោយញ ខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ។ យុវជនរូបនេះ រៀនបានតែត្រឹមតែថ្នាក់ទី ១០ នៃ សាលាសកលរបស់វៀតណាម ហើយលោកឈប់រៀនក្នុងវ័យ ១៥ ឆ្នាំ ដោយទៅធ្វើការស៊ីឈ្នួលគេជាបន្តបន្ទាប់ ។ ក្រោយមក ឪពុកម្ដាយរបស់យុវជន យឿង ខាយ បានហៅមករស់នៅ និងធ្វើការ នៅខេត្តត្រពាំងចង្វា (ដូនណៃ) រហូតមកដល់ថ្ងៃ ដែលលោកសម្រេចចិត្តចូលសាងផ្នួស ។
បន្ទាប់ពីបានមកធ្វើការ នៅខេត្តត្រពាំងចង្វា មិនយូរប៉ុន្មានយុវជន យឿង ខាយ បានសិក្សា និងយល់ដឹងពីសិទ្ធិការងារ ហើយក៏មើលឃើញថា កម្មករជាច្រើនត្រូវបានថៅកែរើសអើង និងរំលោភសិទ្ធិការងារជាបន្តបន្ទាប់ព្រមទាំងទទួលរងការជេរប្រមាថជាច្រើន ។ លោកថា កម្មករខ្មែរក្រោម ត្រូវបានថៅកែរោងចក្រ បង្ខំឱ្យធ្វើការងារបន្ថែមម៉ោង លើសកំណត់តាមច្បាប់ការងារវៀតណាម ហើយថៅកែវៀតណាម ក៏មិនអនុញ្ញាតឱ្យខ្មែរក្រោម បានឈប់សម្រាកបុណ្យជាតិខ្មែរក្រោមសំខាន់ៗ ដូចជា បុណ្យសែនដូនតា និងបុណ្យចូលឆ្នាំថ្មីជាដើម ។ ដោយសារតែអាជ្ញាធរ នៃ របរបអាណានិគមយួន បន្តធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ជនជាតិដើមខ្មែរក្រោម និងរំលោភសិទ្ធិការងារ និងសិទ្ធិដទៃទៀត ទើបយុវជនខ្មែរក្រោម លោក យឿង ខាយ បានស្ម័គ្រចិត្តធ្វើការងារលើកស្ទួយសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិបញ្ចេញមតិរបស់កម្មករ និងពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកម្ពុជាក្រោម ។

ទាក់ទងនឹងការចូលរួមកិច្ចការសង្គមកម្ពុជាក្រោម យុវជន យឿង ខាយ បានប្រើប្រាស់មធ្យោបាយជាសំខាន់ គឺការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម ដោកលោកធ្វើការចែកចាយសៀវភៅ ឯកសារ ប្រវត្តិសាស្ត្រ និងច្បាប់ការងារ ឱ្យពលរដ្ឋខ្មែរក្រោមប្រើប្រាស់ជាដើមទុន ដើម្បីធ្វើការតស៊ូមតិ ដោយអហិង្សា ។ ក្នុងការង្ហាត់បង្ហាញ ពីសិទ្ធិ និងចំណេះដឹងផ្សេងៗ ដល់ពលរដ្ឋខ្មែរក្រោម ឲ្យចេះងើបឡើងតស៊ូមតិ ដោយអហិង្សានេះហើយ ទើបជាជារឿយៗ លោកត្រូវរងទទួលរងការគំរាមកំហែង និងការកោះហៅទៅសួរនាំជាបន្តបន្ទាប់ ពីសំណាក់អាជ្ញាធរវៀតណាម ។
យុវជន យឿង ខាយ ប្ដេជ្ញាថា ទោះបីលោកត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារក៏ដោយ ក៏លោកនឹងនៅតែបន្តធ្វើការងារជួយកម្មករខ្មែរក្រោម ឱ្យជៀសផុតពីរំលោភសិទ្ធិការងារ ៕