ដោយ គឹម សាវតា
សាក្សីក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ មួយរូប អះអាងមូលហេតុ ដែលព្រឹត្តិការណ៍ក្រោកឡើងបះបោរប្រឆាំងការជិះជាន់ របស់វៀតណាម លើពលរដ្ឋខ្មែរក្រោម មិនជោគជ័យ ព្រោះមានខ្មែរក្រោម មួយចំនួន បានរាយការណ៍ទៅអាជ្ញាធរវតណាម អំពីគម្រោងបះបោរ ។ ករណីនេះ លោកចាត់ទុកថា ជាបញ្ហាផ្ទៃក្នុងរបស់ខ្មែរក្រោម ហើយជំរុញឲ្យខ្មែរក្រោម ជំនាន់ក្រោយ រួមគ្នាជាធ្លុងមួយ ដើម្បីឲ្យការទាមទារសិទ្ធិសេរីភាពខ្មែរក្រោម ទទួលបានជោគជ័យ ។

កាលពី ៤៥ ឆ្នាំ ពលរដ្ឋខ្មែរក្រោម បានងើបឡើងធ្វើចលនាតស៊ូរំដោះទឹកដីកម្ពុជាក្រោម ចេញពីការគ្រប់គ្រងអំណាចរបស់ប្រទេសវៀតណាម ។ ព្រឹត្តិការណ៍ថ្ងៃ ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ កើតឡើងដោយការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម មិនចង់រស់នៅក្រោមរបបអាណានិគមយួន និងចង់បានសិទ្ធិម្ចាស់ការ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ហើយក៏បានបង្កើតលនាមួយឈ្មោះថា «រណសិរ្សសេរីភាពជាតិ រំដោះខ្មែរកម្ពុជាក្រោម» ដែលមានលោក សឺង ញ៉ ជាប្រធាន និងលោក កៀង ហ៊ាន ជាអនុប្រធាន ។ ប៉ុន្តែ ការតស៊ូនោះ មិនបានជោគជ័យនោះទេ ។
ក្នុងថ្ងៃប្រារព្វខួប ៤៥ ឆ្នាំនៃទិវាតស៊ូរទាមទារសិទ្ធិសេរីភាពរស់រានមានជីវិត ដូចប្រជាពលរដ្ឋទូទៅ នៅលើទឹកដីកំណើតរបស់ខ្លួន ដែលគ្រប់គ្រងអំណាចដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ជាឥទ្ធិពលដល់បច្ឆាជនខ្មែរក្រោម គួរចងចាំ» ។
ប្រធានប្រតិបត្តិ នៃ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ គឺ លោក សឺន យឿង ដែលជាពលរដ្ឋខ្មែរក្រោមមួយរូប បានចូលរួមក្នុងព្រឹត្តិការណ៍នោះ មានប្រសាសន៍ថា ការជិះជាន់របស់វៀតណាម គឺធ្វើឲ្យខ្មែរក្រោមឈឺចាប់ ទើបបង្កើតឡើង ព្រឹត្តិការណ៍តស៊ូថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ នេះឡើង ដោយមិនបានគិតថា បានទទួលជោគជ័យ ឬមិនជោគជ័យនោះទេ ។ លោកបន្តថា នៅពេលព្រឹត្តិការណ៍ជិតដល់ថ្ងៃ បែជាមានខ្មែរក្រោមមួយចំនួនតូច បានរាយការណ៍ទៅអាជ្ញាធរវៀតណាម ឲ្យដឹងពីគម្រោងនេះ ទើបធ្វើឲ្យគម្រោងមិនបានជោគជ័យ ។ ករណីនេះ ក្នុងនាមលោកជាពលរដ្ឋខ្មែរក្រោមមួយរូប អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមទាំងអស់រួមគ្នាជាធ្លុងមួយ ទើបអាចទាមទារសិទ្ធិសេរីភាព ជូនខ្មែរក្រោមបាន ។
លោក សឺន យឿង «ការមិនបានជោគជ័យហ្នឹងគឺដោយសារតែគ្នាយើងអញ្ចឹង ហើយបានខ្ញុំគិតថា យើងមានកម្មវិធីនេះ យើងធ្វើដើម្បីឲ្យយុវជនយើងជំនាន់ក្រោយ ពិចារណាមើលថាពីសមត្ថភាពហើយគ្នាឯងយើងហ្នឹង សំខាន់អាផ្ទៃក្នុងហ្នឹង អាផ្ទៃក្នុងហ្នឹងហើយដែលធ្វើឲ្យយើងបរាជ័យច» ។
តែទោះជាយ៉ាងណាលោក សឺន យឿង អះអាងថា រហូតមកដល់ពេលនេះ គឺមិនអាចតស៊ូដោយប្រើកម្លាំងប្រដាប់អាវុធ បាននោះទេ ព្រោះជាការតស៊ូបែបខុសច្បាប់ ពោលពេលនេះ គឺពលរដ្ឋខ្មែរក្រោម ទាំងអស់អាចរួមគ្នាជាធ្លុងមួយតស៊ូតាមផ្លូវច្បាប់ ដើម្បីទាមទារសិទ្ធិរបស់ខ្លួន ។
ដើម្បីរួមគ្នាជាធ្លុងមួយ ក្នុងការទាមទារសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជាបានរួមគ្នាបង្កើតជាលេខាធិការមួយ ដែលជួយសម្របសម្រួលការងារ អង្គការសមាគម ខ្មែរកម្ពុជា ឲ្យធ្វើការរួមគ្នាជាធ្លុងមួយ ។

លោក ប៊ុន មុនី ប្រធានលេខាធិការដ្ឋាន អង្គការសមាគមខ្មែរកម្ពុជាក្រោម បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម បន្ទាប់ពីចប់ការប្រារព្វខួប ៤៥ ឆ្នាំថ្ងៃ ១៦ វិច្ឆិកា ឆ្នាំ១៩៦ ថា ក្រោយពីអង្គការសមាគមខ្មែរកម្ពុជា សរុបចំនួន ៩ បានមករួមគ្នា ធ្វើការជាមួយគ្នា្នក្នុងគោលដៅតែមួយមក គឺកិច្ចការនានាហាក់មានប្រសិទ្ធិភាព និងទទួលជោគជ័យច្រើន ក្នុងការជួយ ដល់ពលរដ្ឋខ្មែរក្រោម ។
លោក ប៊ុន មុនី «បញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍អីផ្សេងៗ ដែលវាមានភ្ជាប់ ជាមួយបញ្ហាខ្មែរក្រោម គឺភាគច្រើនពួកខ្ញុំក្នុងនាមអង្គការ សមាគមខ្មែរក្រោមហ្នឹង មកប្រជុំគ្នាដើម្បីយើងរៀបចំធ្វើកិច្ចការងារហ្នឹង បង្ហាញដល់សាធារណជនឲ្យគេបានដឹង បានលឺ បានឃើញនូវអ្វី ដែលជាធាតុពិតខ្មែរក្រោមកំពុងតែប្រឈម និងមានបញ្ហា ហើយជាការមួយដើម្បីបញ្ជ្រៀបឲ្យបងប្អូនយើងជំនាន់ក្រោយហ្នឹងបានយល់ដឹង និងពិចារណានូវសភាពការទាំងឡាយ ដើម្បីយើងធ្វើអីកុំឲ្យយើងមានការបែកបាក់» ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលពលរដ្ឋខ្មែរក្រោមឈឺចាប់ ហើយត្រូវចងចាំព្រមទាំងទាញយកបទពិសោធន៍មកប្រើប្រាស់ឲ្យកាន់តែមានប្រយោជន៍ និងខាតបង់តិច ។
លោកបណ្ឌិត សឺន ជុំជួន «សម្រាប់យើងជាយុវជនជំនាន់ក្រោយ គឺសោកស្ដាយ ចំពោះអ្វី ដែលជាការក្រោកឡើងតស៊ូ នៅពេលនោះ គឺដោយសារតែការប្រើអំពើហិង្សា ។ ការប្រើអំពើហិង្សាហ្នឹងធ្វើឲ្យបាត់បង់ជីវិត ធ្វើឲ្យមានការកាប់សម្លាប់ ធ្វើឲ្យមានការចាប់ដាក់គុក ដាក់ពន្ធនាគារអីជាដើម អាហ្នឹងជាអំពើមួយដែលយើងសោកស្ដាយ ។ បើយើងនិយាយ អំពីសម័យកាលបច្ចុប្បន្ននេះ ព្រឹត្តិការណ៍ដូច ១៦ វិច្ឆិកា នេះ គួរតែជៀសវាង ប៉ុន្តែ អ្វីដែលជាគំរូវីរជន វីរភាពក្លាហានរបស់យុទ្ធជន យុទ្ធនារី នាសម័យកាលនោះ យើងសូមកោតសរសើរ» ។
ក្រៅពីអង្គការ សមាគម ខ្មែរកម្ពុជាក្រោម នៅកម្ពុជា សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានឯកភាពគ្នាជាធ្លុងមួយ ដើម្បីធ្វើការរួមគ្នាក្នុងការទាមទារឲ្យវៀតណាម ផ្ដល់សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង លើដែនដីកម្ពុក្រោម ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម បានរស់នៅប្រកបដោយសិទ្ធិសេរីស្មើមុខស្មើមាត់ ដូចជាតិសាសន៍ដទៃផងដែរ ៕