ដោយ ស៊ឺន ចែងចើន
សាច់ញាតិយុវជនខ្មែរក្រោមម្នាក់ ដែលស្លាប់ក្នុងអំឡុងពេលឃុំខ្លួន នៅពន្ធនាគារខេត្តពលលាវ នៅដែនដីកម្ពុជាក្រោម អំពាវនាវឲ្យអង្គការជាតិ អន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ជួយរកយុត្តិធម៌ជុំវិញការស្លាប់ក្មួយបង្កើតរបស់ខ្លួន ដោយសង្ស័យថា ករណីស្លាប់នោះ អាចទាក់ទងអំពើធ្វើទារុណកម្ម ។ អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ជំរុញទៅអាជ្ញាធរវៀតណាមពាក់ព័ន្ធ ត្រូវតែស៊ើបអង្កេតស្វែងរកជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។

សាច់ញាតិយុវជនខ្មែរក្រោមម្នាក់ ស្លាប់ក្នុងពេលឃុំខ្លួនក្នុងពន្ធនាគារ នៅខេត្តពលលាវ ចោទមន្ត្រីពន្ធនាគារថា ធ្វើទារុណកម្មបណ្ដាលឲ្យក្មួយប្រុសខ្លួនស្លាប់ ។
ជនរងគ្រោះជាយុវជនខ្មែរក្រោម ឈ្មោះ ផាន តឿង អាយុ ២៥ ឆ្នាំ រស់នៅ ភូមិព្រែកណ្ដាល ឃុំស្នែត ទីក្រុងពលលាវ ខេត្តពលលាវ (Ấp Giồng Giữa A, Xã Vĩnh Trạch Đông, Thành Phố Bạc Liêu, Bạc Liêu) បានស្លាប់ក្នុងពេលមន្ត្រីពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ។
អ្នកស្រី ថាច់ ធី យ៉ាញ ដែលអះអាងថា ជាម្ដាយមីងរបស់ជនរងគ្រោះឈ្មោះ ផាន តឿង ឲ្យដឹងថា ក្មួយប្រុសរបស់គាត់ ត្រូវសមត្ថកិច្ចខេត្តពលលាវ ចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារអស់រយៈពេល ៣ ខែមកហើយ ។ ប៉ុន្តែ មិនបញ្ជាក់ថា យុវជនរូបនោះ បានប្រព្រឹត្តពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ។
សាច់ញាតិរបស់ជនរងគ្រោះរូបនេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៩ ខែសីហា មន្ត្រីពន្ធនាគារខេត្តពលលាវ បានទាក់ទងមកក្រុមគ្រួសារ ឲ្យទៅមើលជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលជំងឺ ។ ប៉ុន្តែ ពេលប្អូនប្រុសរបស់ជនងរងគ្រោះ ទៅដល់មន្ទីរពេទ្យ បែរជាឃើញសាកសពជនរងគ្រោះ ត្រូវក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យរួចទៅហើយ ដោយឃើញមានស្នាមថ្នេរដេរវះកាត់ នៅលើពោះក្មួយរបស់គាត់ទៅវិញ ។
ក្រុមគ្រួសារសាច់ញាតិរបស់យុវជនខ្មែរក្រោមខាងលើ បានសួរនាំមន្ត្រីពន្ធនាគារ និងនគរបាល ពីមូលហេតុនៃការស្លាប់នេះ ប៉ុន្តែ ពួកគេបដិសេធពុំផ្តល់ព័ត៌មានលម្អិត អំពីករណីស្លាប់កូនរបស់គាត់នោះឡើយ ។
អ្នកស្រី ថាច់ ធី យ៉ាញ បានបន្ថែមថា នៅពេលក្រុមគ្រួសារសាច់ញាតិដឹងថា ជនរងគ្រោះបានស្លាប់ទៅហើយ ក៏ស្នើទៅអាជ្ញាធរវៀតណាម ឲ្យប្រគល់សាកសពមកសាច់ញាតិយកទៅធ្វើបុណ្យនៅផ្ទះ ។ ដំបូងឡើយ ក្រុមអាជ្ញាធរបានសន្យាថា នឹងដឹកសពក្មួយរបស់គាត់មកធ្វើបុណ្យតាមប្រពៃណី ព្រមទាំងចាត់ឲ្យមានអ្នកតំណាងចូលរួមផង ។ ប៉ុន្តែ នៅពេលដែលសមត្ថកិច្ចដឹកសាកសពមកដល់ផ្ទះ បែរជាបង្ខំឲ្យឪពុក ដែលជាមនុស្សថ្លង់ និងត្រចៀកធ្ងន់ (ស្តាប់មិនលឺតែម្តង) និងម្តាយមានជំងឺស្លាប់មួយចំហៀងខ្លួនផងនោះ ចុះហត្ថលេខាលើកំណត់ហេតុមួយ ដែលគេមិនច្បាស់ថា កំណត់ហេតុនោះ មានខ្លឹមសារយ៉ាងណាទេ និងផ្តល់ប្រាក់សំណងចំនួន ៥ លានដុង ឬស្មើប្រមាណ ២២០$ ប៉ុណ្ណោះ ។
អ្នកស្រី ថាច់ ធី យ៉ាញ បានអះអាងថា សពយុវជនឈ្មោះ ផាន តឿង ត្រូវរងអំពើហិង្សា ដោយអ្នកស្រីកត់សម្គាល់ឃើញថា មានស្លាកស្នាមជាំ និងមានហូរឈាមច្រើនត្រង់កញ្ចឹងក ជាដើម ។ អ្នកស្រី អំពាវនាវទៅដល់អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ក្នុងនោះ មានសហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម ឲ្យជួយអន្តរាគមន៍ករណីស្លាប់ក្មួយរបស់គាត់ ដើម្បីរកយុត្តិធម៌ដល់ក្រុមគ្រួសារអ្នកស្លាប់ផង ។
ទាក់ទងនឹងករណីនេះ លោក ប៊ុន មុនី ហៅ ថាច់ ឡែន ជាប្រធានលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចំនួន ៧ អង្គភាព បានសម្តែងការសោកស្តាយយ៉ាងក្រៃលែង ចំពោះសោកនាដកម្ម ដែលបានកើតឡើង ម្តងហើយម្តងទៀត ចំពោះពលរដ្ឋខ្មែរក្រោម និងក្រុមគ្រួសារជនរងគ្រោះ ដែលមានកូនស្លាប់យ៉ាងអាថ៍កំបាំង នៅក្នុងពន្ធនាគារ ។ លោកថា ស្របពេលដែលពលរដ្ឋខ្មែរក្រោម កំពុងរងគ្រោះ ដោយសារតែមានពលរដ្ឋខ្មែរក្រោម ជាច្រើននាក់បានស្លាប់ និងឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ និងក៏កំពុងប្រឈមមុខបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែអាជ្ញាវៀតណាម ដាក់ចេញនូវវិធានការរាំងខ្ទប់ប្រឆាំងនឹងជំងឺឆ្លងនេះ ។ អាជ្ញាធរវៀតណាម នៅថ្នាក់មូលដ្ឋាន បានឆ្លៀតឱកាសធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមបន្ថែមទៀត ។
លោក ប៊ុន មុនី លើកឡើងថា នេះមិនមែនជាករណីលើកទីមួយទេ ដែលពលរដ្ឋខ្មែរក្រោម បានស្លាប់ក្នុងភាពអាថ៍កំបាំង និងដោយមិនដឹងមូលហេតុ នោះទេ ។ លោកស្នើឲ្យអាជ្ញាធរវៀតណាម បើកការស៊ើបអង្កេតករណីស្លាប់យុវជនខ្មែរក្រោមរូបនោះ ។ លោកក៏បាន អំពាវនាវដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើទៅស្ថានប័នសិទ្ធិមនុស្សអន្តរជាតិ ជួយអន្តរាគមន៍ទៅវៀតណាម ឲ្យឈប់ធ្វើទុកបុកម្នេញដល់ពលរដ្ឋខ្មែរក្រោមផង ។
ជុំវិញករណីនេះដែរ លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានជំរុញ និងពាវនាវឲ្យរដ្ឋាភិបាលវៀតណាម អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឲ្យបានពេញលេញក្នុងការគោរពអនុសញ្ញា និងពិធីសារបន្ថែម ស្ដីពីការប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ។ លោកថា វៀតណាម បានចុះកិច្ចព្រមព្រៀង ផ្តល់សច្ចាប័នទទួលយកច្បាប់អន្តរជាតិ ស្ដីពីប្រឆាំងអំពើទារុណកម្មជាមួយអង្គការសហប្រជាជាតិ នៅឆ្នាំ ២០១៣ ហើយបានប្រតិបត្តិតាមកិច្ចព្រមព្រៀង លើពិធីសារបន្ថែមនៃអនុសញ្ញានេះ នៅឆ្នាំ ២០១៥ ។
សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨៤ និងបានចូលជាធរមាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ១៩៨៧ ដោយមានប្រទេសមួយចំនួន នៅលើសកលលោក រួមទាំងប្រទេសវៀតណាមផង បានទទួលស្គាល់ និងបានចូលជាភាគីមួយនៃអនុសញ្ញាខាងលើនេះ ។
យោងតាមមាត្រា ១ នៃអនុសញ្ញានេះ ឲ្យនិយមន័យនៃពាក្យ «ទារុណកម្ម» ថា៖ «អំពើទាំងទ្បាយណា ដែលនាំឲ្យមានការឈឺចាប់ ឬរងទុក្ខយ៉ាងខ្លាំង ទោះផ្លូវកាយ ឬផ្លូវចិត្តក្តី ដែលត្រូវបានបង្កឡើង ដោយចេតនាទៅលើជនណាម្នាក់ ក្នុងគោលបំណងទាំងទ្បាយ ដូចជា ទាញយកព័ត៌មានពីជននោះ ឬតតិយជនណាម្នាក់ ដាក់ទណ្ឌកម្មជននោះ ចំពោះអំពើណាមួយ ដែលជននោះ ឬតតិយជនណាម្នាក់ បានប្រព្រឹត្ត ឬសង្ស័យថា បានប្រព្រឹត្ត បំភិតបំភ័យ ឬបង្ខិតបង្ខំជននោះ ឬតតិយជនណាម្នាក់ ឬដើម្បីមូលហេតុណាមួយផ្សេងទៀត ដែលផ្អែកលើការរើសអើងណាមួយ ហើយការឈឺចាប់ ឬការរងទុក្ខ អាចបង្កដោយមន្រ្តីសាធារណៈ ឬជនផ្សេងទៀត តាមការញុះញង់ ឬការព្រមព្រៀង ឬផ្តើមគំនិតរបស់មន្រ្តីសាធារណៈ ឬជនផ្សេងទៀត ដែលបំពេញតួនាទីជាផ្លូវការ ។
បើទោះបីជា ការធ្វើទារុណកម្មមនុស្ស ទោះផ្លូវកាយក្តី ផ្លូវចិត្តក្តី ត្រូវបានហាមឃាត់ដោយច្បាប់ក្តី ប៉ុន្តែ សម្រាប់ប្រទេសវៀតណាម របាយការណ៍នានារបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ឲ្យដឹងថា ជនជាប់ឃុំ ត្រូវបានអាជ្ញាធរពន្ធនាគារ គំរាមតាមរូបភាពផ្សេងៗ ដើម្បីឲ្យឆ្លើយសារភាព ។
គួរជម្រាបជូនថា ទាក់ទងនឹងករណីស្លាប់របស់យុវជនខ្មែរក្រោម នៅក្នុងមន្ទីរឃុំឃាំងនេះដែរ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ យុវជនខ្មែរក្រោម ឈ្មោះ ហ្វិញ ចុង (Huynh Chung) អាយុ ១៩ ឆ្នាំ នៅខេត្តព្រះត្រពាំង ក៏ស្លាប់ដោយមានស្នាមជាំ នៅលើដងខ្លួនដែរ ហើយត្រូវសមត្ថកិច្ចវៀតណាម យកទៅវះពោះ និងក្បាល ដោយមិនមានការអនុញ្ញាតពីម្ដាយឪពុកជនរងគ្រោះនោះឡើយ ។ រដ្ឋាភិបាលវៀតណាម នៅពេលនោះ បានមបំភ្លឺករណីនេះថា ស្លាប់ដោយសារជំងឺគាំងបេះដូង ឬដាច់សរសៃឈាម ដែលភាសាអង់គ្លេសហៅថាស្ត្រូក (Stroke) ។
យុវជនខ្មែរក្រោម ហ្វិញ ចុង បានចូលធ្វើជាទាហានយួន នៅក្នុងបន្ទាយយោធភូមិភាគទី ៩ នៃកងទ័ពប្រជាជនវៀតណាម ឬក្វឹងឃូជិន (Quan Khu 9) នាខេត្តដុងថាប (ខេត្តផ្សាដែក) ហើយត្រូវស្លាប់យ៉ាងអាថ៌កំបាំង ដោយសាកសពរបស់យុវជនជនរងគ្រោះ ត្រូវទាហានយួនវះកាត់ តាំងពីពោះដល់ក និងក្បាល ព្រមទាំងមានស្នាមជាំពេញដងខ្លួនផង ។ ក្រុមគ្រួសារសពរបស់យុវជនរងគ្រោះរូបនោះ អះអាងថា ជាករណីត្រូវគេសម្លាប់ និងបានថ្កោលទោសចំពោះទង្វើរបស់ក្រុមទាហានយួន និងទាមទារឲ្យមានការស៊ើបអង្កេត និងបកស្រាយឲ្យបានច្បាស់លាស់នូវករណីស្លាប់ដ៏អាថ៌កំបាំងនេះ ។
សូមបញ្ជាក់ផងដែរថា លោក ហ្វិញ សាញ់ ត្រូវជាឪពុករបស់យុវជន ហ្វិញ ចុង ដែលត្រូវរដ្ឋាភិបាលយួនចាប់ទៅធ្វើជាទាហាន ក្នុងគោលនយោបាយបំពេញកាតព្វកិច្ចយោធានោះ ក៏បានទទួលមរណៈភាព ក្រោយពីការស្លាប់កូនប្រុសរបស់លោកជាង ៨ ខែ ដោយសាររងការប្រឈមនឹងសម្ពាធផ្លូវចិត្ត ដែលរដ្ឋាភិបាលវៀតណាម មិនស្វែងរកយុត្តិធម៌ជូនកូនរបស់លោក ព្រមទាំងមិនផ្ដល់ជាសំណងរដ្ឋប្បវេណី ដូចអ្វីដែលខ្លួន បានសន្យាដល់គ្រួសាររបស់លោកនោះ ។
នៅមានករណីស្រដៀងគ្នា ជាច្រើនទៀត ដូចជា ករណីស្លាប់នាយទាហានជនជាតិយួនម្នាក់អាយុ ១៩ កាលពីថ្ងៃទី ២៨ ខែមិថុនា កន្លងទៅនេះ គឺដោយសារតែការរងធ្វើទារុណកម្ម ពីសំណាក់មិត្តរួមសាលាពលទាហានយោធភូមិភាគទី ១ នៅខេត្តបាកនិញ (Bắc Ninh) ។ ភាគីសាលាពលទាហានយោធភូមិភាគទី ១ បានបកស្រាយ អំពីមូលហេតុនៃការស្លាប់នាយទាហានឈ្មោះ ត្រឹង ឌឺកដោ (Trần Đức Đô) នោះថា ជាករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ។ ចំណែកខាងក្រុមគ្រួសារជនរងគ្រោះ លើកឡើងថា ជាករណីត្រូវគេវាយដំធ្វើបាប ក្នុងពេលបំពេញកាតព្វកិច្ចយោធា ។ ការអះអាងបែបនេះ ដោយសារតែសពជនរងគ្រោះ ត្រូវក្រុមគ្រួសាររកឃើញថា ក្បាលកូនរបស់គាត់មានស្លាក់ស្នាមធ្វើទារុណកម្ម មាត់ហើមឡើងពណ៌ស្វាយខៀវ កញ្ចឹងកហើម និងមានហូរឈាម ដៃ និងជើងបានបង្ហាញពីស្នាមជាំ ដែលត្រូវបានគេចងនឹងខ្សែពួរ និងមានស្នាមជាំពាសពេញរាងកាយ នៅលើដងខ្លួនសពទាហានរូបនេះ ។ ទោះជាយ៉ាងនេះក្តី ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន VietNamNet លោកឧត្តមសេនីយ៍ឯក យឿង ឌិនថុង (Dương Đình Thông) លេខាធិការគណៈកម្មាធិការបក្សនយោបាយនៃយោធភូមិភាគទី ១ របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា «គ្មានការវាយដំច្រំធាក់គ្នា រហូតឈានដល់ការស្លាប់ឡើយ» ។
ករណីធ្វើទារុណកម្មចុងក្រោយនេះ គឺនៅថ្ងៃទី ២៩ ខែសីហា ២០២១ កើតទៅលើកម្មករខ្មែរក្រោម ចំណាកស្រុកម្នាក់ ឈ្មោះ ទ្រឿង វ៉ាំង ប៊ិញ អាយុ ៤៧ ឆ្នាំ នៅភូមិបឹងស្នៀត ឃុំដៃនង ស្រុកអណ្ដូងទឹក ខេត្តឃ្លាំង ត្រូវកងសន្តិសុខប៉ុស្តិ៍យាមរក្សាគម្លាតសង្គម ក្នុងសង្កាត់មួយ ក្នុងខេត្តដូនណៃ ព្រួតគ្នាវាយដំច្រំធាក់ បណ្ដាលឲ្យបាក់ដៃម្ខាង និងស្នាមរបួសជាំពេញខ្លួន ។ ហេតុការណ៍ ដែលឈានទៅដល់ការវាយធ្វើទារុណកម្មនេះ ដោយសារតែក្រុមសន្តិសុខវៀតណាម យកលេសថា ប្ដីប្រពន្ធជនរងគ្រោះឈ្លោះប្រកែកគ្នា នៅក្នុងម៉ោងបំរាមគោចរ ចន្លោះពីម៉ោង ៦ យប់ដល់ ៦ ព្រឹក ។
គួរកត់សំគាល់ថា នៅប្រទេសវៀតណាម ជារឿយៗ ត្រូវបានក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ តែងចេញផ្សាយរបាយការណ៍ជាបន្តបន្ទាប់ ស្តីពីស្ថានភាពការធ្វើទារុណកម្មអ្នកទោស នៅតាមពន្ធនាគារ ក្នុងប្រទេសកុម្មុយនិសមួយនេះ ។ របាយការណ៍របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនោះ រកឃើញថា អ្នកទោស នៅក្នុងប្រទេសវៀតណាម ត្រូវគេវាយធ្វើបាប ធ្វើទារុណកម្មតាមរួបភាពផ្សេងៗ ដូចជា ឃុំអ្នកទោសក្នុងគុកងងឹត ដាក់ឃុំឃាំងអ្នកទោសក្នុងបន្ទប់ចង្អៀត គ្មានអនាម័យ អំពើទារុណកម្មអ្នកទោស និងអ្នកទោស ពោល គឺមន្រ្តីពន្ធនាគារបើកដៃឲ្យអ្នកទោសគ្រប់គ្រងអ្នកទោសដូចគ្នានៅតាមបន្ទប់ និងតាមអគារពន្ធនាគារ ជាដើម ។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានរកឃើញដែរថា ឆ្នាំគុកបានវាយធ្វើបាបអ្នកទោសដែរ រីឯនគរបាល នៅតាមមូលដ្ឋាន ក៏បានវាយធ្វើទារុណកម្មជនសង្ស័យ ដើម្បីបង្ខំយកចម្លើយសារភាពមុនបញ្ជូនទៅតុលាការ ។ ក្រៅពីនេះ ក៏មានអំពើទារុណកម្មផ្សេងៗ ទៀត នៅក្នុងពន្ធនាគារដែរ ដូចជាវាយដំច្រំទាត់ ធាក់ និងទះកំផ្លៀង ជាដើម ៕