ដោយ ស៊ឺន ចែងចើន
នគរបាលវៀតណាមស្រុកផ្នោដាច់នៃខេត្តព្រះត្រពាំង ឬវៀតណាម ហៅថា ខេត្តត្រាវិញ បានចេញលិខិតកោះហៅយុវជនខ្មែរក្រោម ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺសាជាថ្មី ជុំវិញការចោទប្រកាន់ថា ប្រកបអាជីវកម្ម ដោយគ្មានលិខិតអនុញ្ញាត ។ តែយុវជនរូបនេះ ច្រានចោលចំពោះការចោទនេះ ដោយចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថា ជាការសងសឹកនឹងលោក ដោយសារតែហ៊ានបញ្ចេញមតិទាមទារសិទ្ធិជាជនជាតិដើម ។

យុវជនខ្មែរក្រោម តោ ហ្វាងចឿង ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅព្រឹកថ្ងៃអង្គារ៍ ទី ២៤ ខែវិច្ឆិកា ថា លោកទទួលបានលិខិតកោះហៅ ពីអាជ្ញាធរវៀតណាម ស្រុកផ្នោដាច់ ដែលយួនប្តូរទៅជាស្រុកកូវង៉ាង (Cầu Ngang) បង្គាប់ឲ្យលោកចូលខ្លួនទៅបំភ្លឺ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅចំពោះមុខលោកស្រី យឿង ធីត្រុកឡិន (Dương Thị Trúc Linh) អនុប្រធាននាយកដ្ឋាននគរបាល ទទួលបន្ទុក គ្រប់គ្រងផ្នែករដ្ឋបាល និងសណ្តាប់ធ្នាប់សង្គមនៃអធិការដ្ឋាននគរបាលស្រុកផ្នោដាច់ ដើម្បីដោះស្រាយ ការរបើកអាជីវកម្ម ដោយគ្មានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ។
យុវជន តោ ហ្វាងចឿង ឲ្យដឹងបន្ថែមថា លោក នឹងចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អាជ្ញាធរ បើទោះបីជាលោកនៅមិនទាន់ដឹងច្បាស់ ពីគោលបំណងនៃលិខិតកោះហៅរបស់អាជ្ញាធរវៀតណាមក្ដី ។ ប៉ុន្តែ លោកថា ការកោះហៅទៅសួរនាំរបស់អាជ្ញាធរយួន នាពេលកន្លងមក ពួកគេតែងតែសួរនាំលោក ពាក់ព័ន្ធ នឹងរឿងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅក្រៅប្រទេស ។
យ៉ាងណាក៏ដោយ ការកោះហៅឲ្យបង្ហាញខ្លួន នៅចំពោះមុខសមត្ថកិច្ចនេះ ធ្វើឡើងបន្ទាប់ពីយុវជនខ្មែរក្រោមរូបនោះ បានបង្ហោះវីដេអូ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ប្រកាសចែកសៀវភៅ «សិទ្ធិជនជាតិដើម» ទាំងពីរភាសា គឺភាសាខ្មែរ និងវៀតណាម ដល់ពលរដ្ឋខ្មែរក្រោមទូទៅ ដោយឥតគិតថ្លៃ ។ សៀវភៅ ស្ដីពីសិទ្ធិជនជាតិដើមនេះ ត្រូវបានអង្គការសហប្រជាជាតិ អនុម័តសេចក្តីប្រកាស ស្តីពីការទទួលស្គាល់សិទ្ធិជនជាតិដើម កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៤៤ ប្រទេសបោះឆ្នោតគាំទ្រ ក្នុងនោះ ប្រទេសវៀតណាមជាប្រទេសហត្ថលេខីមួយ បានគ្រាំទ្រលើសេចក្តីអនុម័តនេះដែរ ។ សេចក្តីប្រកាស ជាសាកលនេះ បានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ជនជាតិដើមភាគតិចទាំងអស់ ទាំងស្ត្រី និងបុរស នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពិភពលោក ដោយមិនមានការរើសអើងអ្វីទាំងអស់ ។

យុវជន តោ ហ្វាងចឿង ដែលត្រូវអាជ្ញាធរវៀតណាម បន្តបង្ខំឲ្យបង់ពិន័យរាប់រយដុល្លារនោះ អះអាងថា លោកមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីការិយាល័យផែនការ និងហិរញ្ញវត្ថុ នៃស្រុកផ្នោដាច់ឲ្យប្រកបមុខរបរលក់ដូរ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន មិនទទួលស្គាល់ ហើយទាមទារឲ្យលោកបង់ប្រាក់ចំនួន ១០ លានដុង ឬស្មើនឹងប្រាំរយដុល្លារទើប ទើបពួកគេចេញលិខិតអនុញ្ញាតមួយច្បាប់ទៀត ដើម្បីអាចបើកអាជីវកម្មលក់ហ្គាសស្របច្បាប់ ។ ទោះបីយ៉ាងណា យុវជន តោ ហ្វាងចឿង បញ្ជាក់ថា នេះជាលេសសងសឹកលោករបស់អាជ្ញាធរវៀតណាម តែប៉ុណ្ណោះ ពីព្រោះតែកន្លងមក លោកហ៊ានបញ្ចេញមតិ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិខ្មែរក្រោម ជាជនជាតិដើមម្ចាស់ស្រុក និងចែកចាយព័ត៌មាន ពីប្រវត្តិសាស្ត្រកម្ពុជាក្រោម ។
នេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរវៀតណាម ពិន័យយុវជន តោ ហ្វាងចឿង ។ កាលពី ខែមិថុនា អាជ្ញាធរវៀតណាម បានពិន័យយុវជននេះ ចំនួនបីរយដុល្លារ ករណីប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការបាត់បង់ទឹកដីកម្ពុជាក្រោម ក្នុងខួបបាត់បង់ទឹកដីលើកទី ៧១ ឆ្នាំ ។ ក្រោយការចែកចាយព័ត៌មាននេះ ភ្លាមអាជ្ញាធរបានផ្ញើលិខិតកោះហៅ យុវជន តោ ហ្វាងចឿង ទៅជួបដោយបញ្ចុះបញ្ចូលលោក ឲ្យធ្វើជាភ្នាក់ងារសម្ងាត់វៀតណាម ដើម្បីតាមដានខ្មែរក្រោមណា ដែលហ៊ានរិះគន់អាជ្ញាធរវៀតណាម ប៉ុន្តែ លោកបានបដិសេធទើបអាជ្ញាធរវៀតណាមសម្រេចពិន័យ ។ យុវជន តោ ហ្វាងចឿង បានបដិសេធមិនសងប្រាក់ពិន័យនោះទេ ដោយសារតែលោកគ្មានប្រាក់ ដើម្បីបង់ដោយសារតែលោកជួបប្រទះបញ្ហាជីវភាពបណ្ដាលមកពីវិបត្តិជំងឺ Covid-19 ។ យុវជន តោ ហ្វាងចឿង បានសុំពន្យារពេល មិនសងប្រាក់ពិន័យ មកទល់សព្វថ្ងៃនេះ ។

អាជ្ញាធរវៀតណាម បានចាប់ផ្ដើមរឹតបណ្ដឹងសេរីភាពខ្មែរក្រោមខ្លាំងឡើងវិញម្ដងទៀតនៅឆ្នាំ ២០២០ នេះ ។ បើតាមរបាយការណ៍ របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា និងសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បង្ហាញថា នៅក្នុងឆ្នាំ ២០២០ នេះ មានសកម្មជនខ្មែរក្រោម មិនតិចជាង ១០ នាក់ទេ ដែលត្រូវបានអាជ្ញាធរវៀតណាម កោះហៅទៅសួរចម្លើយជាបន្តបន្ទាប់ និងពិន័យប្រាក់ជាទម្ងន់ ដោយសារតែពួកគេប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិជុំវិញប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយការរឹបអូសយកដីធ្លី និងការចាប់ខ្លួនឃុំខ្លួន ឬដាក់ពន្ធនាគារ ៕