ដោយ គឹម សាវតា
អង្គការ សមាគម ខ្មែរកម្ពុជាក្រោម បានរួមគ្នាប្រារព្ធពិធីរំឭកខួប ៧៤ ឆ្នាំ ទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមត្រួតត្រា(៤ មិថុនា ១៩៤៩- ៤ មិថុនា ២០២៣) និងពិធីបុណ្យសង្ឃទានឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាណក្ខន្ទព្រះមហាវីរសមណៈ ថ្វាយព្រះវិញ្ញាណក្ខន្ទ ព្រះមហាវីរក្សត្រ និងដួងវិញ្ញាណក្ខន្ទវីរបុរស នារីស្នេហាជាតិ នៅវត្តសាមគ្គីរង្សី ដែលត្រូវបានគេស្គាល់ថា វត្តកម្ពុជាក្រោម ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ជើញ ចូលរួមពីព្រះសង្ឃ ពលរដ្ឋខ្មែរក្រោម និងប្រជាពលរដ្ឋខ្មែរប្រមាណ ជាង ២០០ អង្គ និងនាក់ ។

លោក សឺន យឿង ប្រធានគណៈកម្មការរៀបចំពិធី បានមានប្រសាសន៍ក្នុងអង្គពិធីថា កាលដើមឡើយ ដែនដីកម្ពុជាក្រោមមិនមែនប្រទេស ឬ ដែនដីដែលនៅដាច់ដោយឡែកពីកម្ពុជានោះទេ ពោលគឺជាចំណែកមួយនៃទឹកដីព្រះរាជាណាចក្រកម្ពុជា ហើយក៏ទឹកដី ដែលព្រះមហាក្សត្រខ្មែរដំបូងបង្អស់ បានឡើងសោយរាជ្យ គឺព្រះនាង លីវ យី ឬ ហៅថាព្រះនាងសោមា តែជាអកុសល នៅពេលដែលរដ្ឋកាបារាំង ដាក់អាណានិគមលើទឹកដីកម្ពុជា បារាំងបានលួចកាត់ទឹកដីកម្ពុជាក្រោម ឬហៅថា កូសាំងស៊ីនឱ្យនៅក្រោមការគ្រប់គ្រងរបស់យួន ចាប់ពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៩៤៩ ដោយមិនបានសួរនាំ ឬប្រាប់ដំណឹងដល់ខ្មែរជាម្ចាស់ទឹកដីនោះទេ ។ លោកបន្តថា បន្ទាប់ពីត្រួតត្រាលើទឹកដីកម្ពុជាក្រោមបន្តពីបារាំង សោកនាដកម្មបានកើតឡើងជាបន្តបន្ទាប់ មកលើពលរដ្ឋខ្មែរក្រោមជាម្ចាស់ទឹកដី ។ លោកថា បើទោះជារយៈពេល ៧៤ ឆ្នាំ ដែលបារាំង កាត់ទឹកដីកម្ពុជាក្រោម ឱ្យស្ថិតក្រោមការត្រួតត្រារបស់វៀតណាម ពលរដ្ឋខ្មែរក្រោមមិនដែលចាត់ទុកថា កម្ពុជាក្រោមជាទឹកដីរបស់ប្រទេសវៀតណាមឡើយ ពោលគឺនៅតែជាទឹកដីរបស់កម្ពុជា ដោយព្យាយាមរក្សាអត្តសញ្ញាណ ទំនៀមទម្លាប់ ប្រពៃណីក្នុងនាមជាខ្មែរ ។ លោកថា បើទោះជានៅឆ្នាំ ១៩៤៩ កម្ពុជាក្រោមត្រូវបានត្រួតត្រាដោយវៀតណាមក្តី ប៉ុន្តែ ការរៀបចំផ្សេងៗ គឺរដ្ឋាភិបាលកម្ពុជានៅគ្រប់គ្រងនៅឡើយ ដូចជាវិស័យសិក្សាធិការ និងសាសនាជាដើម លុះដល់ឆ្នាំ ១៩៧៩ ទំនាក់ទំនងទាំងអស់នេះ ត្រូវបានបញ្ចប់បន្ទាប់ពីរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ឡើងកាន់អំណាចលើដែនដីកម្ពុជាក្រោម ។

មន្ត្រីសម្របសម្រួល នៃ លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម លោក គឹម ស៊ីសំណា ក៏បានលើកឡើងពីស្ថានភាពខ្មែរក្រោម ថា នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជាកាលបរិច្ឆេទ ដែលបក្សកុម្មុយនិស្តយៀកណាម បានរំដោះទាំងស្រុងចេញពីសង្គ្រាមរវាងអាមេរិកកាំង និងវៀតណាមនៅកម្ពុជាក្រោម (យៀកណាមខាងត្បូង) គឺជាកំណើតមួយដ៏សោកនាដកម្ម ដែលបក្សកុម្មុយនិស្តយៀកណាម បានចូលគ្រប់គ្រងជនជាតិដើមខ្មែរក្រោម ដោយរដ្ឋាភិបាលវៀតណាមខាងត្បូង និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម រហូតដល់បច្ចុប្បន្ននេះ។ ស្ថានភាពសិទ្ធិមនុស្សជនជាតិដើមខ្មែរក្រោម នៅលើដែនដីកំណើត មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយការរំលោភបំពានសិទ្ធិមនុស្សជាមូលដ្ឋាន ពីសំណាក់រដ្ឋាភិបាលនៃបក្សកុម្មុយនិស្តវៀតណាម បន្តបន្ទាប់សាជាថ្មីទៀត។
នៅក្នុងអំឡុងឆ្នាំ ១៩៧៥ នោះ ព្រះសង្ឃដែលជាអ្នកដឹកនាំព្រះពុទ្ធសាសនាខ្មែរក្រោម ទាំងពីរគណៈ គឺគណៈថេរវាទ និងគណៈខេមរនិកាយ ត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ចាប់ដាក់គុក និងធ្វើទារុណកម្ម ។ ក្រោយមកព្រះពុទ្ធសាសនាខ្មែរក្រោមទាំងពីរគណៈខាងលើ ត្រូវបានរដ្ឋាភិបាលវៀតណាមរំលាយ រួចបានបង្កើតទៅជាពុទ្ធសាសនាគណៈមហានិកាយជំនួសវិញ។ ចំពោះខ្មែរក្រោម ដែលជាបញ្ញវន្ត ឬអ្នកបម្រើការក្នុងរបបសាធារណរដ្ឋត្រូវចាប់ដាក់គុកទាំងអស់ ។
ក្រៅពីការរំលោភសិទ្ធិមនុស្ស មកលើព្រះសង្ឃពុទ្ធសាសនាខ្មែរក្រោម អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្នុងរបបគ្រប់គ្រងរបស់វៀតណាម គឺ គោលនយោបាយដីធ្លីរបស់វៀតណាម តាំងពីរបបគ្រប់គ្រងរបស់ ង៉ោ ឌិញយីម ដល់ ង្វៀង យ៉ាំងធីវ ហើយតរហូតមកដល់សម័យកុម្មុយនិស្ត ឡេ យ្វឹង (Lê Duẩn) និង ង្វៀង យ៉ាំងលិញ (Nguyễn Văn Linh) ក្នុងរបបនីមួយៗ គេតែងតែអនុវត្តផែនការកែទម្រង់ដីធ្លី ។ បន្ថែមពីលើនោះ រាស្ត្រខ្មែរទាំងអស់រស់នៅក្រោមការគ្រប់គ្រង រឹតបន្តឹង ធ្វើទុក្ខបុកម្នេញគ្រប់ពេល អ្វីៗ ទាំងអស់ គឺត្រូវបានបាត់បង់នៅពេលនោះ ដូចជាអក្សរសាស្ត្រ វប្បធម៌ សាសនា សិទ្ធិសេរីភាព និងសិទ្ធិជាម្ចាស់វាសនាខ្លួនឯង ។ ព្រះសង្ឃត្រូវពួកកុម្មុយនិស្តវៀតណាម ចាប់ផ្សឹកអូសចេញពីវត្តអារាមយកទៅដាក់គុកស្ទើតែគ្រប់វត្តទូទាំងប្រទេស ហើយមិនអនុញ្ញាតឲ្យរៀនអក្សរសាស្ត្រខ្មែរ ជាពិសេស គឺភូមិវិទ្យា និងប្រវត្តិវិទ្យារបស់ខ្មែរ គឺមិនឲ្យរៀន និងមិនឲ្យអានជាដាច់ខាត ។ ចំណុចទាំងនេះ បានធ្វើឲ្យកូនខ្មែរអ្នក ដែលមានមនសិការស្នេហាជាតិ ឧត្តមគតិជាតិ មិនអាចស៊ូទ្រាំ និងនៅស្ងៀម ចំពោះទង្វើរំលោភសិទ្ធិមនុស្សអស់ទាំងនេះបាន ពួកគាត់ក៏បានសម្រេចចិត្តធ្វើការតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពជាបន្តបន្ទាប់ ដូចជា ព្រឹត្តិការណ៍ក្រោកប៉ះបោរ ៣០ មិថុនា នៅស្រុកជ្រោយញ ខេត្តឃ្លាំង ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ ព្រឹត្តិការណ៍ KC50 ប្រឆាំងមហិច្ឆតាលុបបំបាត់ពូជសាសន៍ខ្មែរ នៅកម្ពុជាក្រោម ព្រឹត្តិការណ៍៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ស្នើសុំឲ្យរដ្ឋាភិបាលវៀតណាម បើកសេរីភាពដល់ខ្មែរក្រោម បានប្រារព្ធពិធីបុណ្យកឋិនទានរយៈពេល ១ ខែពេញតាមពុទ្ធានុញ្ញាត បន្ទាប់ពីរដ្ឋាភិបាលវៀតណាម ឱ្យប្រារព្ធតែមួយថ្ងៃ ជាដើម។

លោក គឹម ស៊ីសំណា ក៏បានលើកពីទឡ្ហីករណ៍ បញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ដែលលមានដូចជា ៖
១. មាត្រា ៣ នៃច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ របស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង បានបញ្ជាក់ថា ក្នុងករណីលក្ខន្តិកៈ នៃ ប្រទេសវៀតណាម ត្រូវបានកែប្រែ លក្ខន្តិកៈទឹកដីកូសាំងស៊ីន ត្រូវទុកជាកម្មវត្ថុ នៃ ការសើរើឡើងវិញ ដូចមានចែងក្នុងមាត្រា ៧៥ ជំពូក ៨ នៃរដ្ឋធម្មនុញ្ញ សហភាពបារាំង ។
២. ព្រះមហាក្សត្រខ្មែរ និងប្រជារាស្ត្រខ្មែរមិនដែលបោះបង់ចោលនូវសិទ្ធិរបស់ខ្លួន នៅលើទឹកដីកូសាំងស៊ីននោះទេ ។ ព្រះមហាក្សត្រខ្មែរ និងប្រជារាស្ត្រខ្មែរបានតវ៉ាជាបន្តបន្ទាប់ ប្រឆាំងនឹងការកាន់ទឹកដីកូសាំងស៊ីន ទាំងជាមួយអធិរាជអណ្ណាម និងប្រទេសបារាំង នៅក្នុងពេលដែលបារាំង នៅឥណ្ឌូចិន និងនៅពេលដែលបារាំងបានប្រគល់កូសាំងស៊ីន ទៅឱ្យអធិរាជបាវដាយ ។
៣. តាមគោលការណ៍ នៃអង្គការសហប្រជាជាតិ អធិបតេយ្យនៃទឹកដីមួយមិនត្រូវបានផ្ទេរឡើយ ដរាបណាពលរដ្ឋ ដែលរក្សាទុកអធិបតេយ្យភាពនេះ មិនបានបោះបង់ចោលដោយជាក់លាក់នូវសិទ្ធិរបស់ខ្លួនទេនោះ ។
៤. ពេលបារាំងចូលមកដល់ដែនដីកូសាំងស៊ីន កាលនោះកម្ពុជា និងកម្ពុជាក្រោម មិនទាន់មានគំនូសបន្ទាត់ព្រំដែននៅឡើយ ហើយនៅពេលដែលបារាំងបានធ្វើអាណានិគមមកលើដែនដីកម្ពុជាក្រោម បារាំងបានគូសផែនទីជាឯកតោភាគី ពេលនោះកម្ពុជាក៏មិនបានផ្តល់ការយល់ព្រមពីការគូសផែនទីនោះដែរ ។ មាត្រា ២៥០ និង ៣៥៤ នៃបញ្ជីលំដាប់សំណួរនៃច្បាប់អន្តរជាតិទូទៅដាក់នៅចំពោះមុខសមាគមនៃបណ្តាប្រជាជាតិ បានបញ្ជាក់ថា «ព្រំដែនរបស់រដ្ឋមួយអាចត្រូវបានកំណត់ លុះត្រាតែមានការយល់ព្រមពីសាមីខ្លួន» ។
៥. ពលរដ្ឋខ្មែរក្រោម ដែលមានតំណាងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម មិនដែលបោះបង់ចោលនូវសិទ្ធិរបស់យើងឡើយ ហើយបាន និងកំពុងធ្វើការយ៉ាងសកម្មនៅលើឆាកអន្តរជាតិ ទាំងអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប អង្គការក្នុងតំបន់ អង្គការអន្តរជាតិនានា និងអង្គការតំបន់អាស៊ាន ដើម្បីតស៊ូមតិក្នុងការទាមទារសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនឯង ពីអាណានិគមវៀតណាម ។ រីឯអង្គការ សមាគមខ្មែរកម្ពុជាក្រោម ជាច្រើនទៀត ក៏បានមូលជុំគ្នាប្រារព្ធពិធីរំឭកខួបអានុស្សាវរីយ៍ដ៏ជូរចត់នេះជារៀងរាល់ឆ្នាំ ដើម្បីជាការចងចាំដល់បច្ឆាជន និងបញ្ជាក់ដល់ពិភពលោកឲ្យបានជ្រាបច្បាស់ថា ខ្មែរគឺជាម្ចាស់ទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោមនេះ ដោយពិតប្រាកដ ។
ជាមួយគ្នានេះ លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងក្នុងអង្គពិធីនោះ ថា កម្ពុជាក្រោមបន្ទាប់ពីត្រូវបានបារាំងប្រគល់ឱ្យនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ខ្មែរក្រោមត្រូវរងគ្រោះ នៅក្នុង ៣ សម័យកាល ដែលក្នុងរយៈពេលទាំង ៣ សម័យកាលនោះ ខ្មែរក្រោមទទួលរងការគាបសង្កត់ និងធ្វើទុក្ខបុកម្នេញដូចគ្នា ដោយគ្រាន់តែថា មានសម័យកាលគ្រប់គ្រងដោយមេដឹកនាំខ្លះទទួលរងគ្រោះតិច និងសម័យកាលខ្លះរងគ្រោះច្រើន ។ ការណ៍នេះ ទើបខ្មែរក្រោមក្នុងសម័យនោះ បាននាំគ្នាតស៊ូដោយបង្កើតជាសមាគម ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។ បន្ទាប់ពីបង្កើតហើយ គឺបានរួមគ្នា ដើម្បីបង្កើតទៅជាសហព័ន្ធខ្មែរកម្ពុជាក្រោម។ លោកបន្តថា ក្រោយពីសហព័ន្ធខ្មែរកម្ពុជាក្រោមបង្កើតមក រហូតមកដល់ពេលនេះ គឺជិត ៤០ ឆ្នាំហើយ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានគេស្គាល់ និងបានចូលជាសមាជិកអង្គការ សមាគមលំដាប់អន្តរជាតិធំៗ ជាបន្តបន្ទាប់ ដើម្បីទាមទារសិទ្ធិ សេរីភាពជូនពលរដ្ឋខ្មែរក្រោម ។

ក្នុងពិធីដែលភាគច្រើន ជាពលរដ្ឋខ្មែរដែលមានដើមកំណើត នៅដែនដីកម្ពុជាក្រោមចូលរួមនេះ ក៏មានផងដែរពលរដ្ឋខ្មែរដែលមិនមានដើមកំណើត នៅដែនដីសណ្ដទន្លេមេគង្គមួយនេះ ចូលរួម ។ លី រចនា ស្ត្រីវ័យជាង ២០ ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តតាកែវ ក៏បានចូលរួមក្នុងពិធីនេះផងដែរ។ កញ្ញា បានប្រាប់សារព័ត៌មានព្រៃនគរ ថា មួយរយៈចុងក្រោយនេះ កញ្ញាបានតាមដានព័ត៌មាន ស្តីអំពីកម្ពុជាក្រោម ហើយបានមកចូលរួមពិធីរំឭកខួប ៧៤ ឆ្នាំទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឱ្យវៀតណាមត្រួតត្រានេះ ។ កញ្ញាឱ្យដឹងថា ក្រោយពីបានតាមដានព័ត៌មានទាក់ទងនឹងខ្មែរក្រោមហើយ កញ្ញាមានចិត្តអាណិតពលរដ្ឋខ្មែរក្រោម ដែលជាឈាមជ័ររបស់ខ្លួនខ្លាំងណាស់ ហើយកញ្ញាប្តេជ្ញាថា នឹងជួយដល់កិច្ចការងារផ្សេងៗ ដែលបម្រើដល់ផលប្រយោជន៍ខ្មែរក្រោម តាមដែលអាចធ្វើទៅបាន។
តាមទិន្នន័យឆ្នាំ ១៩៩៩ ពលរដ្ឋខ្មែរក្រោមប្រមាណជា ៨,២៤០,០០០ នាក់ កំពុងរស់នៅលើផ្ទៃដីកម្ពុជាក្រោម ទំហំ ៦៨,៩៦៥ គីឡូម៉ែត្រក្រឡា ក្នុងដែនរដ្ឋបាលចំនួន ២១ ខេត្ត និងក្រុង។
ការប្រារព្ធពិធីរំឭកខួប ៧៤ ឆ្នាំទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមត្រួតត្រាមិនមែនមានតែ នៅក្នុងវត្តសាមគ្គីរង្សី ក្នុងដែនដីប្រទេសកម្ពុជានោះទេ គឺពិធីនេះ ក៏មាននៅតាមបណ្ដាប្រទេស ដែលមានពលរដ្ឋខ្មែរក្រោមរស់នៅដែរ។ តែជាអកុសលពលរដ្ឋខ្មែរក្រោម ដែលប្រារព្ធពិធីនេះ នៅដែនដីកម្ពុជាក្រោម នៅតែត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញដោយមានការរំខានតាមរូបភាពផ្សេងៗ ៕